អាជ្ញាធរវៀតណាមដោះលែងអ្នកភូមិព្រៃជាប់ ៤ រូប
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
អ្នកភូមិព្រៃជាប់ នៃខេត្តឃ្លាំង ៤ រូប ត្រូវបានអាជ្ញាធរវៀតណាមដោះលែងចេញពីពន្ធនាគារវិញហើយ បន្ទាប់ពីពួក គេ បាន ជាប់ នៅក្នុង ពន្ធនាគារ អស់រយៈពេលជាងមួយឆ្នាំរួចមក តាមសាលក្រមដែលតុលា ការបក្សកុម្មុយនិស្ត វៀតណាមបានប្រកាស កាលពីខែកញ្ញា ឆ្នាំ ២០១៣ ។

ប្រភពព័ត៌មាន ពី លោក ចៅ រៀប ប្រធានសភាព្រឹទ្ធាចារ្យ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមាន មូលដ្ឋាននៅ សហរដ្ឋ អាមេរិក បានបញ្ជាក់ប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម នៅថ្ងៃទី ១៧ ខែមិថុនា ថា អាជ្ញាធរវៀតណាមបាន ដោះលែងអ្នកភូមិព្រៃជាប់ ៤ រូប រួចហើយ ។ ការដោះលែងនេះ បន្ទាប់ពីអ្នកទាំង ៤ រូបនេះ បានជាប់គុកអស់រយៈ ពេល ១ ឆ្នាំ តាមសាលក្រមរបស់តុលាការសម្រេចកាលពីខែកញ្ញា ឆ្នាំ ២០១៣ កន្លងទៅនេះ ។
សូមបញ្ជាក់ថា នៅថ្ងៃ ២៥ ខែកញ្ញា ឆ្នាំ ២០១៣ តុលាការសាលាដំបូងខេត្តឃ្លាំង នៃបក្សកុម្មុយនិស្តវៀតណាម បានប្រកាសសាលក្រមឲ្យអ្នកភូមិព្រៃជាប់ ៥ នាក់ ដែលជាប់ទាក់ទិននឹងករណីព្រះតេជ ព្រះគុណ លី ចិន្ដា នៃ វត្តព្រៃជាប់ ឲ្យជាប់ពន្ធនាគារម្នាក់ៗ ពី ១០ ខែទៅ ១ ឆ្នាំ ពីបទ “បង្កអសន្តិសុខទីសាធារណៈ” តាមមាត្រា ២៤៥ នៃច្បាប់ព្រហ្ម ទណ្ឌរបស់ប្រទេសវៀតណាម ។
កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៣ មានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថា អាជ្ញាធរវៀតណាមបាន បញ្ជាឲ្យកង កម្លាំង សន្តិសុខរបស់ខ្លួនទៅគោះជញ្ជាំងកុដិ ព្រះតេជព្រះគុណ លី ចិន្ដា នៅវត្តព្រៃជាប់ ហើយចាប់ព្រះអង្គដាក់ ចូលបាវ រួចដាក់ឡើងឡានយកទៅធ្វើទារុណកម្មនៅសាលាស្រុកជ្រោយញរ ។ មុនការចាប់ ព្រះតេជព្រះគុណ លី ចិន្ដា មានសេចក្ដីរាយការណ៍ថា ពុទ្ធបរិស័ទជាច្រើននៅក្នុងចំណុះជើង វត្តបាននាំគ្នាមកប្រមូលផ្ដុំក្នុងវត្តបាតុកម្ម ជំទាស់នឹងអាជ្ញាធរ វៀតណាមដែលចូលមកវត្តចាប់ព្រះសង្ឃ ។ ក្នុងព្រឹត្តិការណ៍នេះ ព្រះសង្ឃ និងពុទ្ធបរិស័ទ ជាច្រើនរូបត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ និង ក្រោយមកត្រូវ បានដោះលែងមកវិញ បន្ទាប់ពីពួកសួរចម្លើយរួច ។ បន្ទាប់ពីបាត់ខ្លួនអស់រយៈពេល ៥ ខែ ក្រោយ ពីព្រឹត្តិការណ៍នេះ អ្នកភូមិព្រៃជាប់ ៤ រូប ត្រូវបានគេឃើញបង្ហាញមុខ នៅក្នុង វង់ក្រចកសេះ នៃតុលាការ បក្សកុម្មុយនិស្តវៀតណាម នៅក្នុងខេត្តឃ្លាំង ។ អ្នកភូមិព្រៃជាប់ទាំង ៥ រូប ដែលត្រូវតុលាការសម្រេចប្រកាសសាលក្រមឲ្យជាប់គុកនោះ រួមមាន ៖
ទី ១ អ្នកស្រី លី ធីយន់ ជាប់គុក ១ ឆ្នាំ, ទី ២ អ្នកស្រី ឡឹម ធីឡង ១ ឆ្នាំ, ទី ៣ លោក លី មិញហាយ ១១ ខែ, ទី ៤ លោក តាំង ផល្លា ១០ ខែ និង ទី ៥ អ្នកស្រី លី ធី សាប៊ុត ត្រូវកាត់ទោសកំបាំងមុខព្រោះគាត់បានភៀសខ្លួនចេញក្រៅស្រុក ។
សព្វថ្ងៃ អ្នកស្រី លី ធី សាប៊ុត និងអ្នកភូមិព្រៃជាប់ជាប់មួយចំនួនទៀត ព្រមទាំង លោក លី ចិន្ដា អតីត ព្រះសង្ឃ វត្តព្រៃជាប់ ដែលត្រូវបានអាជ្ញាធរវៀតណាមធ្វើទារុណកម្មកាលពី ខែឧសភា ឆ្នាំ ២០១៣ កំពុងតែសុំសិទ្ធិជ្រក កោននៅក្នងការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀស ខ្លួន (UNHCR) នៅទីក្រុង បាងកក ប្រទេសថៃ ។
ក្រោយពីព្រឹត្តិការណ៍នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើបាតុកម្មមុខស្ថានទូតវៀតណាមទូទាំងពិភពលោក ដើម្បី ទាម ទារឲ្យវៀតណាមដោះលែងអ្នកទាំងនេះ ឲ្យមានសេរីភាពឡើងវិញ ។ ម្យ៉ាងទៀត ក្រសួងការបរទេស សហរដ្ឋ អាមេរិក ទទួលបន្ទុកសេរីភាពសាសនាអន្តរជាតិ និងអង្គការឃ្លាំមើលសិទ្ធិ មនុស្ស (Human Rights Watch) បាន ចេញ របាយការណ៍ស្ដីពីបញ្ហានេះជាបន្តបន្ទាប់ ផងដែរ ៕