ខ្មែរក្រោមនៅហូឡង់ ប្រារព្ធខួប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃទី ២៨ ខែមិថុនា កន្លងទៅនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រទេសហូឡង់ បានប្រារព្ធកម្មវិធីខួប ៦៥ ឆ្នាំ នៃទិវា ០៤ មិថុនា ដើម្បីរំឭកដល់ថ្ងៃបារាំងកាត់ដែនដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ប្រគល់វៀតណាមធ្វើអាណានិគមបន្តលើពលរដ្ឋខ្មែរក្រោម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ពិធីនេះ មានការចូលរួមជាអធិបតី ពី លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិសហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសកាណាដា និង ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្សី មកពីប្រ ទេសកម្ពុជា ។ ក្រៅពីនេះ ក៏មានការចូលរួមពីពលរដ្ឋខ្មែរក្រោមនៅប្រទេសហូឡង់ ដែលជាអតីតជនរង គ្រោះដោយរបបបក្សកុម្មុយនិស្តវៀតណាមធ្វើទុក្ខបុកម្នេញ ដែរ ។ អ្នកទាំងនេះរួមមាន លោក លី សឿង អតីតព្រះសង្ឃវត្តទឹកប្រៃ នៃខេត្តឃ្លាំង និង លោក លី ហ្វាង អតីតសមណសិស្សសាលាបាលីខេត្តឃ្លាំង ដែលត្រូវបានវៀតណាមចាប់ដាក់គុក ពី ២ ទៅ ៤ ឆ្នាំ ព្រោះបានធ្វើបាតុកម្មនៅខេត្តឃ្លាំង កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ដើម្បីទាមទារឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម នៅកម្ពុជាក្រោម ។


លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងទៅកាន់អ្នកគាំទ្រអំពីមូលហេតុ ដែលនាំ ឲ្យមានការបាត់បង់ដែនដីកម្ពុជាក្រោមទៅវៀតណាមថា ការបាត់បង់ដែនដីកម្ពុជាក្រោមនេះ គឺមាន ឯកសារច្បាស់លាស់ បញ្ជាក់ពីនាយរដ្ឋមន្ត្រីបារាំងបានចុះហត្ថលេខាកាត់ដីកូស័ងស៊ីន ឬ ដែនដីកម្ពុជា ក្រោមឲ្យវៀតណាម កាលពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ ដូច្នេះហើយ សហព័ន្ធខ្មែរកម្ពុជាក្រោម រំឭកទិវានេះ ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយដឹងថា ដែនដីកម្ពុជាក្រោមមួយភាគធំ ត្រូវបានបាត់បង់ធ្លាក់ទៅ ក្រោមការត្រួតត្រារបស់វៀតណាម និងមួយភាគធំទៀតបានបាត់បង់ទៅខាងប្រទេសថៃ ហើយឲ្យ កូនខ្មែរជំនាន់ក្រោយនៅប្រទេសកម្ពុជា ចេះការពារកុំឲ្យបាត់បង់ទឹកដីនៅសេសសល់ សព្វថ្ងៃ ។
(សំឡេង)
ក្រៅពីថ្លែងអំពីមូលហេតុដែលនាំឲ្យបាត់បង់ដែនដីកម្ពុជាក្រោម លោក ថាច់ ង៉ុក ថាច់ ក៏បានបញ្ជាក់អំពី ដំណើរការតស៊ូរបស់របស់សហព័ន្ធខ្មែរកម្ពុជាក្រោមដល់សមាជិករបស់ខ្លួនឲ្យបានជ្រាបជាព័ត៌មាន ផង ដែរ ។
សូមបញ្ជាក់ថា នៅក្នុងខែមិថុនា ឆ្នាំនេះ សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមប្រទេសនានា ក្នុងពិភពលោក បានប្រារព្ធពិធី បុណ្យរំឭកខួបបាត់បង់ដែនដីកម្ពុជាក្រោម ជាបន្តបន្ទាប់ ។ កម្មវិធីនេះ ពួកគេធ្វើឡើង ដើម្បីផ្ដល់ឱកាសដល់សហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងជម្រាបអ្នកគាំទ្រឲ្យយល់អំពីសកម្ម ភាព និងផែនការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែធ្វើការតស៊ូ មតិដោយសន្តិវិធីនៅឆាកអន្តរជាតិ ដើម្បីជម្រុញឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោមម្ចាស់ស្រុក នៅកម្ពុជាក្រោម ផង និង ដើម្បីរំឭកឲ្យពលរដ្ឋខ្មែរទូទៅជំនាន់នេះ ដឹងអំពីប្រវត្តិនៃការបាត់បង់ទឹកដីកម្ពុជាក្រោមឲ្យទៅវៀតណាម ផង ។
ក្លាយជារដ្ឋចំណុះវៀតណាម៖
កាលពី ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) ប្រធានាធិបតី នៃប្រទេសបារាំង បានប្រកាសច្បាប់ លេខ ៤៩-៧៣៣ ប្រគល់ដែនដីកូស័ងស៊ីន ឬ ដែនដីកម្ពុជាក្រោម ឲ្យក្លាយទីជារដ្ឋចំណុះ វៀតណាម ។
ខាងក្រោមនេះ ជាសេចក្តីទាំងស្រុង នៃសេចក្ដីប្រកាសច្បាប់ លេខ ៤៩-៧៣៣ ដែលប្រធានាធិបតីបារាំងឈ្មោះ វ៉ែនសង់ អូរិយោល (Vincent Auriol) បានប្រកាសឲ្យកម្ពុជាក្រោម ឋិតនៅក្រោមរដ្ឋចំណុះវៀតណាម៖
“យោងតាមមតិពីរដ្ឋសភា នៃសហភាពបារាំងសែស, រដ្ឋសភានិងក្រុមប្រឹក្សា នៃសាធារណរដ្ឋបារាំង បានសម្រេច ហើយអនុមតិដោយរដ្ឋសភានៃសាធារណរដ្ឋបារាំងប្រធានាធិបតី នៃសាធារណរដ្ឋប្រកាស ច្បាប់ដូចតទៅ នេះ៖
មាត្រា ១ – ក្នុងក្របខណ្ឌមាត្រា ៦០ នៃសាធារណរដ្ឋបារាំងសែស និងតាមមតិរបស់សភាកូស័ងស៊ីន នាសម័យប្រជុំថ្ងៃទី ២៣ ខែមេសា ឆ្នាំ ១៩៤៩ លក្ខន្តិកៈទឹកដីកូស័ងស៊ិនត្រូវបានកែប្រែតាមមាត្រាដូចខាងក្រោម៖
មាត្រា ២ – ទឹកដីកូស័ងស៊ីន ត្រូវបានតភ្ជាប់ទៅជារដ្ឋចំណុះរបស់យួន យោងតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ១៩៤៨ និងសេចក្តីប្រកាសរបស់រដ្ឋាភិបាលបារាំង ចុះថ្ងៃទី ១៩ ខែសីហា ឆ្នាំ ១៩៤៨ ។ ទឹកដីកូស័ងស៊ីនឈប់ស្ថិត នៅក្នុងលក្ខន្តិកៈ ជាទឹកដីឯនាយសមុទ្រ របស់បារាំងទៀតហើយ ។
មាត្រា ៣ – ក្នុងករណីដែលលក្ខន្តិកៈស្រុកយួនត្រូវកែប្រែលក្ខន្តិកៈ កូស័ងស៊ីន ត្រូវចាត់ទុកជាកម្មវត្ថុ នៃការ សម្រេចចិត្តរបស់សភាខាងលើដូចបាន ចែងនៅក្នុងមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ ( ជំពូក ៨ នៃសភាបារាំងសែស ) ។
ច្បាប់នេះនឹងត្រូវបានអនុវត្តដូចជាច្បាប់រដ្ឋ ។
ធ្វើនៅទូលូ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩
ហត្ថលេខា
វែនសង់ អូរិយ៉ូល( ប្រធានាធិបតី)
ហត្ថលេខា
ហង់រី កឿយ (នាយករដ្ឋមន្ត្រី)
ហត្ថលេខា
ប៉ូលកូស ផ្លរ៉េ (រដ្ឋមន្ត្រីទឹកដីបារាំងឯនាយសមុទ្រ) ។”
ក្រោយពេលបារាំង បានកាត់ដែនដីកម្ពុជាក្រោម ឲ្យវៀតណាមគ្រប់គ្រងមក ដែនដីកម្ពុជាក្រោម ត្រូវបាន រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាមប្ដូរឈ្មោះទៅជាភាសាយួនថា “ណាមបូ” ដែលមានន័យជាភាសាខ្មែរ “ភាគខាងត្បូង” និង “ពលរដ្ឋខ្មែរក្រោម” វិញ ត្រូវបានរបបសាធារណរដ្ឋវៀតណាមមុនឆ្នាំ ១៩៧៥ ហៅថា “ងើយវៀតហ្គកមៀង” ដែលមានន័យថា “ពលរដ្ឋវៀតណាមកំណើតកម្ពុជា” ហើយក្រោយឆ្នាំ ១៩៧៥ របបកុម្មុយនិស្តវៀតណាមហៅថា “ខ្មែរណាមបូ” ដែលមានន័យថា “ខ្មែរភាគខាងត្បូង” ហើយរដ្ឋាភិបាល មួយនេះបានចាត់ទុក “ខ្មែរក្រោម” ជាជនជាតិភាគតិចមួយ ក្នុងចំណោមជនជាតិភាគតិចទាំង ៥៣ នៅក្នុងប្រទេសវៀតណាម ។
វៀតណាមកាន់កាប់ដែនដីកម្ពុជាក្រោមមុនបារាំងចុះហត្ថលេខា៖
ទោះបីទឹកខ្មៅដែលបានសរសេរលើលិខិតរបស់រដ្ឋាភិបាលបារាំងបញ្ជាក់ពីការកាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាមហាក់នៅមិនទាន់ស្ងួតនៅឡើយ តែមន្ត្រីវៀតណាមអះអាងថា ដែនដីកម្ពុជាក្រោមជាទឹកដី របស់វៀតណាមយូរហើយ និងថារឿងនេះគ្មានអ្វីជាភស្តុតាងឡើយ ។
យោងតាមអត្ថបទដែលបានចុះផ្សាយ នៅលើគេហទំព័រវិទ្យុអាស៊ីសេរីជាខេមរភាសា កាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០១៤ លោក ត្រឹង វ៉ាំង ថុង (Tran Van Thong ) អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំ ប្រទេសកម្ពុជា បានបញ្ជាក់ថា ៖
“បារាំងមិនបានកាត់ទឹកដីកម្ពុជាក្រោមឲ្យវៀតណាមទេ តែកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមតាំងពីយូរយារណាស់មកហើយ ។ ព័ត៌មានបាត់បង់ទឹកដី គ្មានអ្វីជាមូលដ្ឋានទេ គ្មានអ្វីជាភស្តុតាងទេ” ។
ទាមទារឲ្យទទួលស្គាល់ជាជនជាតិដើម និងការពិតប្រវត្តិសាស្ត្រ៖
សហព័ន្ធខ្មែរកម្ពុជាក្រោម ជាអង្គការសិទ្ធិមនុស្សអន្តរជាតិមួយរបស់ខ្មែរក្រោម ដែលមានមូលដ្ឋាននៅ អាមេរិក និងមានសាខានៅជុំវិញពិភពលោក បានទាមទារឲ្យរដ្ឋាភិបាលវៀតណាមទទួលស្គាល់ខ្មែរក្រោម ថាជនជាតិដើម និងឲ្យទទួលស្គាល់ការពិតប្រវត្តិសាស្ត្រ នៃដែនដីកម្ពុជាក្រោម ។ នេះបើតាមការលើក ឡើងរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកាអចិន្ត្រៃយ៍ នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិ ដើម (UNPFII) នៅទីក្រុង New York កាលពីខែឧសភា កន្លងទៅនេះ ។ នៅក្នុងវេទិកានេះ វៀតណាម រងប្រតិកម្មវាយប្រហារយ៉ាងខ្លាំងពីអង្គការសិទ្ធិមនុស្ស ដែលធ្វើការផ្នែកជនជាតិដើមនៅអាស៊ី ចំពោះពាក្យ នៅក្នុងសេចក្ដីថ្លែងការណ៍របស់វៀតណាមហៅក្រុមជនជាតិ ម៉ុងតៃញ៉ា និង ខ្មែរក្រោម ថាជនជាតិភាគតិច ខណៈដែលវេទិកាមួយនេះ ជាវេទិកាសម្រាប់ជនជាតិដើម ៕
Comments are closed.