ទិវា ៤ មិថុនា នៅប្រទេសស្វិស
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
នៅថ្ងៃសៅរ៍ទី ១៤ ខែមិថុនា នេះ សាខាសហព័ន្ធខ្មែកម្ពុជាក្រោម ប្រចាំប្រទេសស្វិស បានរៀបចំពិធីខួប ៦៥ ឆ្នាំ ថ្ងៃបារាំង កាត់ដែនដីកម្ពុជាក្រោមឲ្យវៀតណាម ឬ ថ្ងៃកម្ពុជាក្រោម ឋិតនៅក្រោមនឹមអាណានិគមយួន ។ ពិធីនេះ មានការចូលរួមពី លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

អ្នកស្រី ថាច់ សុភាព ប្រធានសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសស្វិស ដែលជាអ្នករៀបចំកម្មវិធីនេះ បានប្រាប់ វិទ្យុសំឡេងកម្ពុជាក្រោម នៅវេលាម៉ោង ៥ ព្រឹក ម៉ោងនៅប្រទេសស្វិស ថ្ងៃទី ១៤ ខែមិថុនា ខណៈដែលអ្នកស្រីកំពុងរៀប ចំកន្លែងប្រារព្ធកម្មវិធី មុនពេលជួបជុំផ្ញៀវ អំពីមូលហេតុដែលនាំឲ្យសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រារព្ធកម្មវិធីនេះ ថា ដោយពលរដ្ឋខ្មែរមិនសុខចិត្តនឹងបារាំងដែលបានកាត់ដែនដីកម្ពុជាក្រោមទៅឲ្យវៀតណាមគ្រប់គ្រង ។
ព្រោះបងប្អូនខ្មែរយើងទាំងអស់ មិនថាខ្មែរក្រោម មិនថាកណ្តាល មិនថាលើទេ កើតទុក្ខមិនសុខចិត្ត ដោយសារទឹកដីខ្មែរកម្ពុជាក្រោម ដែលត្រូវបារាំងប្រគល់ទៅឲ្យយួន។
អ្នកស្រី ថាច់ សុភាព បានបន្តទៀតថា ពិធីនេះ មានការចូលរួមជាអធិបតីពី លោក ថាច់ ង៉ុក ថាច់ ប្រធានសាខា សហព័ន្ធខ្មែរកម្ពុជាក្រោម និង ព្រះតេជព្រះគុណ សៀង សុវណ្ណរ៉ា ព្រះចៅអធិការវត្តសាមគ្គីរង្សី នៅទីក្រុងភ្នំពេញ ដែលត្រូវ បានសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំអ៊ឺរ៉ុប ធានាមកបំពេញទស្សនកិច្ច ផងដែរ ។
ក្នុងកម្មវិធីឆ្នាំនេះ យើងមានលោក ថាច់ វៀន លោក ថាច់ ង៉ុកថាច់ លោកអញ្ជើញមកចូលរួមកម្មវិធី និងព្រះអង្គ សៀង សុវណ្ណរ៉ា ដែលជាព្រះចៅអធិការវត្តសាមគ្គីរង្សី នៅប្រទេសខ្មែរ ក៏លោកបានអញ្ជើញមកដែរ។
ទាក់ទងកម្មវិធីខួប ៦៥ ឆ្នាំ នៃទិវា ៤ មិថុនា ឆ្នាំ ២០១៤ នេះ អ្នកស្រី ថាច់ សុភាព បានបញ្ជាក់ថា ឆ្នាំនេះ មានការផុស ផុលជាងរាល់ឆ្នាំ ដោយអ្នកស្រីសង្កេតឃើញ ពលរដ្ឋខ្មែរក្រោមនៅជុំវិញពិភពលោកបានប្រារព្ធកម្មវិធីមួយនេះនៅគ្រប់ទី កន្លែង ។ ម្យ៉ាងទៀតក្រុមយុវជនខ្មែរ និងខ្មែរក្រោមនៅក្នុងប្រទេសកម្ពុជា ក៏បាននាំគ្នាប្រារព្ធ និងបានលើកទង់ជាតិខ្មែរ ក្រោម គ្រប់គ្នាដើម្បីបង្ហាញឲ្យមតិជាតិ និងអន្តរជាតិបានស្គាល់អត្តសញ្ញាណខ្មែរក្រោម ។
ដូច្នេះ ឆ្នាំនេះ តាមដែលនាងខ្ញុំសង្កេតឃើញបងប្អូនខ្មែរយើង នៅប្រទេសខ្មែរផុសផុលខ្លាំងមែនទែន។ ជាពិសេសយុវជនគឺថា មិនថាក្រោម មិនថាកណ្តាល មិនថាលើទេ គាត់មានការភ្ញាក់រឭក ហើយគាត់ថា ទឹកដីកម្ពុជាក្រោម ២១ ខេត្ត ដែលរស់ក្រោមអាណានិគមយួន ធ្វើទុក្ខបុកម្នេញបងប្អូនខ្មែរយើង ដែលជាជនជាតិដើម នៅក្នុងភូមិកំណើតរបស់ខ្លួន។ ដូចថ្មីៗ នេះ ព្រះសង្ឃខ្មែរក្រោមយើងពីរព្រះអង្គ ដែលលោកគ្រាន់តែបង្ហាត់អក្សរជាតិខ្មែរ យួនបានគៀបសង្កត់ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ លោកត្រូវដាក់ពន្ធនាគារទៀត។ ដូច្នេះ គឺជាការមិនយុត្តិធម៌ទេ សម្រាប់បងប្អូនខ្មែរកម្ពុជាក្រោម ដែលជាជនជាតិដើមរស់នៅភូមិកំណើតរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រៅពីនៅប្រទេសស្វិសដែលប្រារព្ធខួប ៦៥ ឆ្នាំ នៅថ្ងៃនេះ ប្រទេសនានាមួយចំនួនក្នុងទ្វីបអ៊ឺរ៉ុប ដូចជា បារាំង អ៊ីតាលី និងហូឡង់ ក៏បានប្រារព្ធកម្មវិធីនេះ ជាបន្តបន្ទាប់ ដោយមានការចូលរួមថ្លែងការណ៍ពី លោក ថាច់ ង៉ុក ថាច់ ដើម្បីជម្រាបដល់អ្នកចូលរួមឲ្យបានជ្រាបអំពីសកម្មភាពជោគជ័យថ្មីៗរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងឆាក អន្តរជាតិ ។ នេះបើតាមការបញ្ជាក់របស់ អ្នកស្រី ថាច់ សុភាព ។
តាមសង្កេតរបស់នាងខ្ញុំឃើញថា នៅទ្វីបអឺរ៉ុបយើងហ្នឹង ឆ្នាំនេះយើងបានធ្វើនៅប្រទេសបារាំង ធ្វើរួចហើយ អាទិត្យកន្លងមក។ អាទិត្យទីពីរ សាខាសហព័ន្ធប្រចាំនៅប្រទេសស្វីស ក្នុងនាមនាងខ្ញុំប្រធានសាខាសហព័ន្ធប្រចាំប្រទេសស្វីស ថ្ងៃសៅរ៍នេះ យើងក៏ នឹងរៀបចំកម្មវិធីហ្នឹងដែរ ហើយទន្ទឹម នឹងពេលនេះ នៅប្រទេសអ៊ីតាលី ក៏គេរៀបចំកម្មវិធីជាមួយគ្នាដែរ ហើយនៅប្រទេសបារាំងខេត្តទូលូ ដែលបងប្អូនខ្មែរទាំងអស់ នៅទ្វីបអឺរ៉ុប បានជួបជុំគ្នានៅហ្នុង យើងធ្វើធំ តំណាងនៅទ្វីបអឺរ៉ុបហ្នឹងដែរ ហូឡង់រៀបចំកម្មវិធីក្រោយគេ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ប្រាប់ ទូរទស្សន៍ ព្រៃនគរ អនឡាញ (PTV) ពីប្រ ទេសអ៊ីតាលី នៅថ្ងៃទី ១៣ ខែមិថុនា មុនពេលលោកចេញដំណើរទៅប្រទេសស្វិសថា ដំណើររបស់លោកនៅអ៊ឺរ៉ុបលើក នេះ គឺដើម្បីជម្រាបដល់សកម្មជនសហព័ន្ធខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរឲ្យបានជ្រាបអំពីសកម្មភាពដែលសហព័ន្ធខ្មែរ កម្ពុជាក្រោម បានធ្វើរួចហើយ និងផែនដែលកំពុងនឹងធ្វើតទៅមុខ ដើម្បីនាំមក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ជូនពលរដ្ឋខ្មែរក្រោមនៅកម្ពុជាក្រោម ។
លោក ថាច់ ង៉ុក ថាច់ បានថ្លែងថា៖
ឥឡូវនេះ កំពុងតែនៅប្រទេសអ៊ីតាលី ហើយមានបេសកកម្ម មកប្រទេសទាំងឡាយនៅខាងអឺរ៉ុបហ្នឹង មានប្រទេសបារាំង ប្រទេសអ៊ីតាលី ប្រទេសស្វីស ប្រទេសហូឡង់ ទៅតាមទីប្រជុំជនដែលមានបងប្អូនខ្មែរ និងខ្មែរក្រោមរស់នៅ ដូចជានៅទីក្រុងទូលូ ទីក្រុងលីយ៉ង់…ជាដើម។ល។ ហើយ នឹងធ្វើដំណើរជាបន្តបន្ទាប់។ នៅក្នុងដំណើររបស់ខ្ញុំបាទ ខ្ញុំព្រះករុណានេះ គឺថាមកពាំនាំយកនូវព្រឹត្តិការណ៍ នូវការងារដែលសហព័ន្ធបានធ្វើកន្លងមកហើយ ក៏បានធ្វើអ្វីខ្លះ ហើយ នឹងផែនការណ៍ទៅមុខទៀត សហព័ន្ធ នឹងមានគម្រោងអ្វី សម្រាប់ជួយដល់បងប្អូន ដល់ព្រះសង្ឃខ្មែរក្រោមយើង នៅក្នុងស្រុក។
សូមបញ្ជាក់ថា ដែនដីកម្ពុជាក្រោម មាន ២១ ខេត្តក្រុង ត្រូវបានបារាំង កាត់ឲ្យវៀតណាមធ្វើអាណានិគមលើខ្មែរក្រោម ម្ចាស់ស្រុក នៅថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។ គិតមកដល់ឆ្នាំ ២០១៤ នេះ រយៈពេល ៦៥ ឆ្នាំ ហើយ ដែលខ្មែរក្រោម បានរស់ក្រោមនឹមត្រួតត្រារបស់របបយួន ដែលជាជនជាតិមួយមិនមែនជាជាតិសាសន៍របស់ខ្លួន ៕