អង្គការ សមាគមខ្មែរកម្ពុជាក្រោម នឹងប្រារព្ធពិធីអបអរទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ ធ្នូ
ដោយ ស៊ឺន ចែងចើន|សារព័ត៌មាន ព្រៃនគរ
អង្គការ-សមាគមខ្មែរកម្ពុជាក្រោម ដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា នឹងរៀបចំប្រារព្ធខួបលើកទី ៦៨ នៃទិវាសិទ្ធិមនុស្សអន្ដរជាតិ ១០ ធ្នូ នៅព្រឹកស្អែកនេះ ។
ពិធីអបអរទិវាសិទ្ធិមនុស្សអន្ដរជាតិនេះ នឹងធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតនៅសហគមន៍បូរីព្រៃនគរ ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលតាមគម្រោង នឹងមានអ្នកចូលរួមប្រមាណ ២០០ នាក់ ។ នេះបើយោងតាមលិខិតប្រកាសព័ត៌មានមួយច្បាប់ ដែលវិទ្យុសំឡេងកម្ពុជាក្រោម ទទួលបាននៅថ្ងៃសុក្រនេះ ។

ក្នុងលិខិតរបស់សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ចុះថ្ងៃទី ០៨ ខែធ្នូ បានបញ្ជាក់ថា ប្រធានបទនៃពិធីអបអរសាទរខួបលើកទី ៦៨ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំនេះ គឺ «ខ្មែរក្រោមត្រូវតែទទួលស្គាល់តាមផ្លូវស្របច្បាប់ជាពលរដ្ឋខ្មែរ តាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ»។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះ បានបញ្ជាក់ទៀតថា ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះ គឺដើម្បីជំរុញឲ្យមានការគោរពសិទ្ធិមនុស្សខ្មែរក្រោម រួមបញ្ចូលការផ្សព្វផ្សាយនូវសិទ្ធិរបស់ជនជាតិដើម សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់សញ្ជាតិកម្ពុជា និងបទដ្ឋានច្បាប់ផ្សេងៗ ដែលពាក់ព័ន្ធ ។
ក្នុងលិខិតសង្កត់ធ្ងន់ថា ប្រជាពលរដ្ឋខ្មែរក្រោម ដែលបានចូលរួមពិធីនឹះ នឹងទទួលប័ត៌មានសំខាន់ៗ ទាក់ទង នឹងការយល់ដឹងពីសិទ្ធិ និងសារៈសំខាន់នៃការទទួលបានភាពស្របច្បាប់ជាប្រជាពលរដ្ឋខ្មែរ ។ ស្វែងរកដំណោះស្រាយវិជ្ជាមាន និងលើកទឹកចិត្តឲ្យមានការការពារសិទ្ធិរបស់ខ្មែរក្រោម ។ ជំរុញឲ្យមានការអនុវត្តច្បាប់ និងបទដ្ឋាននានា ដែលពាក់ពន្ធ នឹងសិទ្ធិជាប្រជាពលរដ្ឋកម្ពុជា ។
នាយកប្រតិបត្តិសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ លោក សឺង យឿង បានអំពាវនាវដល់ព្រះសង្ឃ និងពលដ្ឋខ្មែរក្រោម និមន្ត និងអញ្ជើញចូលរួមកម្មវិធីដ៏មានសារៈសំខាន់នេះ ឲ្យបានច្រើនកុះករ ៕
Comments are closed.