អតីតសមណបាតុករ នៃព្រឹត្តិការណ៍ ៨ កុម្ភ: នៅខេត្តឃ្លាំង នៅតែបន្តការតស៊ូ ដើម្បីមាតុភូមិកម្ពុជាក្រោម
ដោយ លី ឈូន
នៅថ្ងៃ ៨ កុម្ភៈ ២០២០ នេះ ជាខួប ១៤ ឆ្នាំ នៃព្រឹត្តិការណ៍ ៨ កុម្ភៈ ដែលសមណសិស្សសាលាបាលីខេត្តឃ្លាំង បានធ្វើបាតុកម្ម ទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិខ្មែរក្រោមកាលពីឆ្នាំ ២០០៧ ។ អតីតព្រះសង្ឃ ដែលធ្លាប់បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានលើកឡើងថា ខ្លួននៅតែបន្តការតស៊ូដើម្បីជាតិមាតុភូមិកម្ពុជាក្រោម ដដែល ។ បន្ទាប់ពីការបះបោរបាតុកម្ម អាជ្ញាធរវៀតណាមបានចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោម ចំនួន ៥ អង្គ ដាក់ពន្ធនាគារអស់រយៈពេល ៤ ឆ្នាំ និងចាប់ផ្សឹកជាង ១០ អង្គទៀត ដាក់ឃុំឃាំងក្នុងផ្ទះអស់ជាច្រើនខែ/ឆ្នាំ ហើយព្រះសង្ឃជាច្រើនអង្គទៀតត្រូវភៀសខ្លួន ចេញពីដែនដីកំណើត ។ ព្រះសង្ឃទាំង ៥ អង្គ ដែលត្រូវរងទារុណកម្មក្នុងពន្ធនាគាររយៈពេល ៤ ឆ្នាំ និងអ្នកផ្សេងទៀត ដែលសព្វថ្ងៃកំពុងនីរទេសនៅក្រៅប្រទេសនោះ ខ្លះក៏បានលាចាកសិក្ខាបទ មានគ្រួសារ និងអង្គខ្លះ នៅជាសង្ឃនៅឡើយ ។ សកម្មជនទាំងនោះ បានប្ដេជ្ញាថា នឹងបន្តការតស៊ូតទៅទៀត ដើម្បីសិទ្ធិសេរីភាពជាតិមាតុភូមិកម្ពុជាក្រោម ។

ប្រធានសមាគមខ្មែរកម្ពុជាក្រោម នៅប្រទេសហូឡង់ គឺ លោក លី សឿង លោកជាអតីតព្រះពហុសូត្រវត្តទឹកប្រៃ ក្នុងស្រុកអណ្ដូងទឹក ខេត្តឃ្លាំង ។ ក្រោយព្រឹត្តិការណ៍បាតុកម្មថ្ងៃ ៨ កុម្ភៈ ឆ្នាំ ២០០៧ នៅទីរួមខេត្តឃ្លាំង លោកត្រូវអាជ្ញាធរវៀតណាមចាប់ដាក់ពន្ធនាគារអស់ ៤ ឆ្នាំ ព្រោះតែលោកជាអ្នកគៀងគរព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរក្រោមឲ្យចូលរួមបាតុកម្មនេះ ។
បរុសវ័យ ៤០ ឆ្នាំប្លៃ មាឌនៅតែស្គម មិនស្គម ធាត់មិនធាត់ដដែល កម្ពស់សមសួនដំណើររហ័ស រហួន សម្ដីញាប់ ៗ ម៉ាត់ប្រៃ លោក លី សឿង ធ្វើការបណ្ដើរខំសរសេរសារតបវិទ្យុសំឡេងម្ពុជាក្រោម និងសារព័ត៌មានព្រៃនគរ បណ្ដើរ ថា សព្វថ្ងៃ ទោះលោករស់នៅប្រទេសហូឡង់ ដែមានសិទ្ធិសេរីភាពពេញបរិបូណ៌ក៏ដោយ ក៏លោកនៅតែដក់ជាប់នូវទុក្ខព្រួយ ព្រោះនឹករឮកឪពុកម្ដាយ បងប្អូន និងមាតុភូមិកម្ពុជាក្រោម ដែលត្រូវរងញ៉ាំញីសង្កត់សង្កិនពីរបបកុម្មុយនីស្តវៀតណាម គ្មានស្រាកស្រាន្ត ។
លោកលី សឿង៖ «ខ្ញុំតែងតែឈឺចាប់ជារៀងពេលវេលា ពេលឃើញជាតិខ្មែរក្រោម ត្រូវយួនគៀបសង្កត់ បំបិទ សិទ្ធិសេរីភាព មាតុភូមិកម្ពុជាក្រោម ជាទីស្រឡាញ់យើងទាំងអស់គ្នា ត្រូវយួនកេងយកផលប្រយោជន៍ សម្រាប់ជាតិសាសន៍គេ ។ ដោយសារតែស្រឡាញ់យុតិធម៌ ចង់បានសិទ្ធិសេរីភាព ទើបខ្ញុំត្រូវឃ្លាតឆ្ងាយ ពីអ្នកម្តាយ-លោកឪពុក វង្សត្រកូល ក្រុមគ្រួសារ និងមាតុភូមិខ្មែរក្រោម តែចំពោះបញ្ហទាំងអស់នេះ ខ្ញុំបានត្រៀមរួចរាល់ហើយកាលពីឆាំ្ន ២០០៧ ១- គឺជាប់គុក ២- រត់ចោលស្រុក ៣- ស្លាប់ជិវិតជូនជាតិ ធាតុជូនគ្រួសារ ។ ពេលនេះទៀត ខ្ញុំនៅតែសម្រេចចិត្ត លះបង់ជិវិតដេម្បី ជួយជាតិ មាតុភូមិកម្ពុជាក្រោម យើងទាំងអស់គ្នា ដដែល » ។
មានអារម្មណ៍មិនខុសប្លែកពីលោកលី សៀងប៉ុន្មានដែរ សមណបាតុករខ្មែរក្រោមមួយព្រះអង្គទៀត គឺព្រះភិក្ខុ គឹម មឿន ព្រះអង្គត្រូវអាជ្ញាធរវៀតណាម ចាប់ដាក់ពន្ធនាគារអស់ ៤ ឆ្នាំដែរ ក្រោយព្រឹត្តិការណ៍បាតុកម្មថ្ងៃ ៨ កុម្ភៈ ឆ្នាំ ២០០៧ នៅទីរួមខេត្តឃ្លាំង ។
ក្រោយព្រឹត្តិការណ៍បាតុកម្មថ្ងៃ ៨ កុម្ភៈឆ្នាំ ២០០៧ ដែលគេល្បីពេញបណ្ដាញផ្សព្វផ្សាយ ចំពោះបាតុករពីរព្រះអង្គរនៃវត្តសេរីតាសេក ស្រុកជ្រោយ ខេត្តឃ្លាំង ដែលក្រាញ់ននៀល ពួនសម្ងំមិនព្រមបើកទ្វារព្រះវិហារវត្តសិរីតាសេកឲ្យអាជ្ញាធវៀតណាម ចូលចាប់ខ្លួនបានដោយស្រួល នោះគឺព្រះភិក្ខុ ថាច់ ឌើ និង ព្រះភិក្ខុ គឹម មឿន ។

ព្រះភិក្ខុគឹម មឿន ឲ្យដឹងថា បើព្រះអង្គមិនបង្ខំចិត្ត រត់ចោលស្រុកទៅរស់នៅអាមេរិកទេ ជីវិតតស៊ូដើម្បីជាតិមាតុភូមិរបស់ព្រះអង្គត្រូវស្លាប់ហើយ មិនអាចបន្តសម្មភាពបានដូចសព្វថ្ងៃនេះទេ ព្រោះមានដំបៅប៉ុណ្ណេះហើយ អាជ្ញាធវៀតណាម នឹងចាក់ឲ្យព្រះអង្គឈឺគ្មានល្ហែ ។
ព្រះភិក្ខុគឹម មឿន៖ «ពេលនៅក្នុងគុកហ្នឹង អាត្មាបានគិតអស់ហើយ គឺថាពេលចេញពីគុកទៅនៅមិនសុខជាមួយពួកវាទេ ។ អាត្មាដូចលោកមានដឹងស្រាប់ហើយ អាត្មាហ្នឹងអ្នករត់ឯកសារអី អីចឹងង ពួកវាមិនចូលចិត្តទេ អ្នករត់ឯកសារ ផ្សព្វផ្សាយ បំផុសបំផុលអីចឹង យើងនៅមិនសុខជាមួយវាទេ អីចឹងបានជាអាត្មាសម្រេចចិត្តថា ត្រូវតែរត់ចេញពីស្រុក ។ ហើយទីពីរ ទៀតអាត្មាក៏មិនស្ដាយស្រណោះ មិនតូចចិត្តនឹងការជាប់គុកហ្នឹងដែរ ព្រោះជាតិជួយយើងច្រើនណាស់មកហើយ យើងត្រូវសងគុណជាតិ ជួយជាតិប៉ុណ្ណឹង ក៏នៅមិនទាន់គ្រប់ឡើយ ទេ» ។
ការលើកឡើងមកនេះ ស្របក្នុងឱកាសដែលអ្នកតស៊ូខ្មែរក្រោម តាមភូមិស្ថាន និងតាមទីវត្តអារាមខ្លះ បានរំឭកស្ងាត់ ៗ និងតាមបណ្ដាញព័ត៌មានសង្គមជាច្រើន រំឭកទៅដល់ព្រឹត្តិការណ៍ ៨ កុម្ភៈឆ្នាំ ២០០៧ ដែលសមណសិស្សសាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីទីរួមខេត្តឃ្លាំង និងព្រះសង្ឃ ពុទ្ធបរិស័ទខ្មែរក្រោម ប្រមាណជា ២០០ អង្គ និងរូប នាំគ្នាលើកទង់ព័ណ៌ ខៀវ លឿង ក្រហម (ទង់ជាតិខ្មែរក្រោម) ស្រែកតវ៉ានៅមុខមន្ទីរនគរបាលខេត្តឃ្លាំង និងផ្ញើញត្តិទៅគណៈកម្មាធិការជនជាតិដើម្បីទាមទារសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរក្រោមម្ចាស់ស្រុកនៃដែនដីកម្ពុជាក្រោម ។
បំភ្លឺនឹងការលើកឡើងទាំងនេះ អតីតសមណបាតុករ ថ្ងៃ ៨ កុម្ភៈ ២០០៧ មួយរូបទៀត គឺ លោក ទ្រីវ បូរា សព្វថ្ងៃលោកនៅអាមេរិក លោកថា នេះបាតុកម្មអហិង្សាប្រវត្តិសាស្ត្រលើកទី ១ ហើយសម្រាប់ខ្មែរក្រោម ដែលចាប់តាំងពីរបបកុម្មុយនិស្តុវៀតណាម ឡើងកាន់អំណាចទាំងស្រុងនៅវៀតណាម ខាងត្បូងពី ឆ្នាំ ១៩៧៥ មក ។
លោក ទ្រីវ បូរា បន្តថា បាតុកម្មនេះ កើតឡើងដោយអាស្រ័យអាជ្ញាធរវៀតណាម គាបសង្កត់ពលរដ្ឋខ្មែរក្រោមខ្លាំងពេក ដូចជាករណីបង្ខំឱ្យពុទ្ធបរិស័ទខ្មែរ នៅខេត្តឃ្លាំងទាំងមូលធ្វើកឋិនទានតែមួយថ្ងៃ ដែលផ្ទុយពីពុទ្ធានុញ្ញាតិ ឲ្យធ្វើបាន ២៩ ក្នុងថ្ងៃណាមួយក៏បាន គិតចាប់ពីថ្ងៃ ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្តិកជារៀងរាល់ឆ្នាំ រីឯខេត្តខ្លះទៀតឲ្យធ្វើកឋិនទាន តែពេលថ្ងៃមិនឲ្យមានកម្មវិធីពេលយប់ជាដើម ។
លោក បូរា បន្ថែមទៀតថា ក៏ដូចជាករណីចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោម ៣ ព្រះអង្គ នៅខេត្តព្រះត្រពាំង ព្រោះតែព្រះសង្ឃទាំងនោះចែកផ្សព្វផ្សាយស្ងាត់ ៗ នូវសៀវភៅព្រឹត្តិបត្រកម្ពុជាក្រោម ថាសស៊ីឌីចម្រៀងជាតិនិយមខ្មែរក្រោម ដែលផលិតដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ហើយនឹងករណីអាជ្ញាធរវៀតណាម បង្ខំឲ្យបោះចោលនូវត្រាតាមវត្តខ្មែរដែលឆ្លាក់ជាអក្សរខ្មែរ ដោយឱ្យប្រើត្រាអក្សរវៀតណាមវិញ ជាដើម ។
លោក ទ្រីវ បូរា៖ «ទាមទារកុំឲ្យហៅព្រះសង្ឃ ហៅអន្ទិត ដែលទើបតែសឹកចេញទៅសួរចម្លើយ ហ្នឹងទី ១ ។ ទី ២ គឺសូមឲ្យ មានការបើកបង្រៀនអក្សរសាស្ត្រខ្មែរ ឲ្យបានទូលំទូលាយនៅកម្ពុជាក្រោម។ ទី ៣ គឺសូមកុំឲ្យរដ្ឋាភិបាលនឹងដាក់បញ្ចូល រវាងសាសនាខ្មែរចូលទៅនឹងសាសនាយួន ។ ទី ៤ សូមឲ្យសងដី ស្រែ ចំការ ដីវត្តអារាម របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលអាជ្ញាធរ ឬ អ្នកមានអំណាចបំពានយកនោះមកម្ចាស់ដើមវិញ ។ ទី ៥5សូមឲ្យដោះលែងព្រះសង្ឃដែលសាលាគណខេត្តព្រះត្រពាំងចាប់ខ្លួនហ្នឹងចាប់ខ្លួនមកវិញ ។ ទី ៦ គឺនៅក្នុងខេត្តឃ្លាំងទាំងមូលនឹងត្រូវសងមកវិញអំពីការធ្វើបុណ្យកឋិនហ្នឹងឱ្យបានគ្រប់ចំនួន ២៩ ថ្ងៃ តាមពុទ្ធប្បញ្ញត្តិ ។ និងចំណុចទី ៧ គឺទាមទារឲ្យរដ្ឋាភិបាលនឹងត្រូវអនុញ្ញាតិប្រើប្រាស់ត្រាតាមវត្តខ្មែរក្រោម ដែលមានឆ្លាក់ជាអក្សរខ្មែរយើង ដូចដើមវិញ » ។
ចំណែកប្រធានយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំនៅកម្ពុជា និងជាអតីតសមណបាតុករថ្ងៃ ៨ កុម្ភៈឆ្នាំ ២០០៧ លោកគឹម ស៊ីសំណា លើកឡើងថា បាតុកម្មថ្ងៃ ៨ កុម្ភៈឆ្នាំ ២០០៧ ពិតមែនតែទទួលបានផលជាអវិជ្ជមាន ក្នុងនេះមានបាតុករត្រូវជាប់ពន្ធនាគារ ត្រូវចាប់ឃុំឃាំងក្នុងផ្ទះអស់ច្រើនខែ ឆ្នាំ និងត្រូវចំណាំឃ្លាំមើល ពីសំណាក់អាជ្ញាធរវៀតណាមរហូតដល់ពេលនេះ ហើយនិងត្រូវរត់ចោលស្រុកជាដើម ។
តែផលវិជ្ជមាន គឺបាតុករទាំងនោះ បានបន្សល់ទុកនូវគំរូតស៊ូ ដល់យុវជនខ្មែរក្រោមសម័យនេះ រីឯសាលាសិក្សាក៏បានបន្ថែម ដូចជាវិទ្យាស្ថានពុទ្ធសាសនាខ្មែរក្រោមនៅទីក្រុងព្រែកឫស្សី ដែលវៀតណាមដាក់ឈ្មោះថ្មីថា កឹង ធើ (Can tho) និងសាលាបាលីខ្មែរ នៅខេត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មីថា ត្រា វិញ (Tra vinh) ជាដើម ។ ហើយនិងពិសេសជាងនេះទៅទៀតគឺពុទ្ធបរិស័ទខ្មែរក្រោមបានទទួលមកវិញនូវការប្រតិបត្តិបុណ្យកឋិនទានពេញលេញ ២៩ ថ្ងៃតាមពុទ្ធានុញ្ញាតិ។
លោកគឹម ស៊ីសំណា៖ «ចំពោះអ្នកដែលធ្លាប់ត្រូវរងការគំរាមកំហែងពីមុន រហូតមកដល់ពេលនេះ ខ្ញុំគិតថាអាស្មារតីភ័យ តក់ស្លុតនឹងវាសាបរលាបអស់ហើយអីចឹងទៅ ឯអ្នកជំនាន់ក្រោយដទៃដទៃផ្សេងទៀត ក៏អាស្រ័យទៅនឹងការប្រតិបត្តិជំនឿសាសនាតាមទំនៀមទម្លាប់ វប្បធម៌អក្សរសាស្ត្រជាតិឯងហ្នឹងក៏បានគង់វង្សមកជាប់រហូតដលសព្វថ្ងៃ» ។
ជុំវិញព្រឹត្តិការណ៍បាតុកម្មថ្ងៃ ៨ កុម្ភៈ នេះដែរ អតីតព្រះសង្ឃខ្មែរក្រោម ៤ ព្រះអង្គផ្សេងទៀត ក៏ត្រូវអាជ្ញាធរវៀតណាខេត្តព្រះត្រពាំង ចាប់ផ្សឹក ព្រោះចែកចាយសៀវភៅប្រតិបត្តិ និងស៊ីឌីចម្រៀងស្នេហាជាតិ ដែលផលិតដោយសហព័ន្ធខ្មែរកម្ពុជាក្រោម ។ អតីតព្រះសង្ឃទាំង ៤ ព្រះអង្គនោះ គឺ ទី ១. ថាច់ ធន់ ទី ២. សឺន លំអាន ទី ៣. ថាច់ លីភោ និងទី ៤. សឺន ចែងចើន ។
ក្រោយព្រឹត្តិការណ៍បាតុកម្មថ្ងៃ ៨ កុម្ភៈ ឆ្នាំ ២០០៧ សមណបាតុករចំនួន ៥ ព្រះអង្គត្រូវអាជ្ញាធរវៀតណាមខេត្តឃ្លាំង ចាប់ផ្សឹកដាក់ពន្ធនាគារមាន ៖ ទី ១. ភិក្ខុ គឹម មឿន គង់នៅវត្តសិរីសេក ទី ២. ភិក្ខុ លី សឿង ទី ៣. ភិក្ខុ ថាច់ ធឿន គង់នៅវត្តទឹកប្រៃ ទី ៤. ភិក្ខុ លី ហ្វាង គង់នៅវត្តេពោធិសំរោង (៤ អង្គនេះ នៅខេត្តឃ្ឡាំង) និង ទី ៥. ភិក្ខុ យ៉ាញ់តោន គង់នៅវត្តក្បាលក្រពើ ក្នុងខេត្តភលលាវ ។
ចំណែកព្រះសង្ឃនៅខេត្តឃ្លាំង ដែលត្រូវចាប់ផ្សឹក ហើយជាប់ឃុំខ្លួនក្នុងផ្ទះរួមមាន ៦ អង្គគឺ ១. ភិក្ខុ ថាច់ ឌើ គង់នៅវត្តសិរីសេក ទី ២. ភិក្ខុ លី ថាញ់ ស៊ូយ គង់នៅវត្តទឺកប្រៃ ទី ៣. ភិក្ខុ ថាច់ ស្វឹងេហៀង ទី ៤. ភិក្ខុ តាំង ធេន ទាំងពីរអង្គនេះ គង់នៅវត្តសិរីតាម៉ើន ទី ៥. ភិក្ខុ លី នៅ គង់នៅវត្តពាមបួន ទី ៦. ភិក្ខុ លី តឹងផុង ។ នៅមានព្រះសង្ឃជាច្រើអង្គទៀតមិនហ៊ានប្រាប់ឈ្មោះ ដែលត្រូវចាប់ផ្សឹក ព្រោះព្រឹត្តិការណ៍បាតុកម្មថ្ងៃ ៨ កុម្ភៈ ឆ្នាំ ២០០៧ នេះ។
ចំណែករឿងរ៉ាវកម្ពុជាវិញ នៅថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ ២០០៧ ភិក្ ខុអៀង សុខធឿនមានស្រុកកំណើតនៅខេត្តឃ្លាំង ត្រូវឃាតករអាករសម្លាប់នៅក្នុងវត្តទ្រនំជ្រឹង ខេត្តកណ្ដាល បន្ទាប់ពីព្រះអង្គចូលរួមបាតុតុកម្ មនៅខាងមុខស្ថានទូតវៀតណាម នៅទីក្រុងភ្នំពេញ ទាមទារឲ្យដោះលែងព្រះសង្ឃខ្មែរក្រោម ដែលជាប់ពន្ធនាគារនៅវៀតណាចំនួន ៥ ព្រះអង្គ ៕