យុវជន​ខ្មែរក្រោម​ម្នាក់ រង​ការកោះហៅ​ឲ្យ​ចូល​បំភ្លឺ​សាជាថ្មី ករណីប្រកាសចែកសៀវភៅ «សិទ្ធិ​ជនជាតិដើម»

0 559

ដោយ ស៊ឺន ចែងចើន

​នគរបាល​វៀតណាម​ស្រុក​ផ្នោ​ដាច់​នៃ​ខេត្ត​ព្រះ​ត្រពាំង ឬ​វៀតណាម ហៅថា ខេត្ត​ត្រា​វិញ បានចេញ​លិខិត​កោះហៅ​យុវជន​ខ្មែរក្រោម ឲ្យ​ចូលខ្លួន​ទៅ​ឆ្លើយបំភ្លឺ​សាជាថ្មី ជុំវិញ​ការចោទប្រកាន់ថា ប្រកប​អាជីវកម្ម ដោយ​គ្មាន​លិខិតអនុញ្ញាត ។ តែ​យុវជន​រូបនេះ ច្រានចោល​ចំពោះ​ការ​ចោទ​នេះ ដោយ​ចាត់ទុក​ទង្វើ​របស់​អាជ្ញា​ធរ​នេះ ថា ជាការ​សងសឹក​នឹង​លោក ដោយសារតែ​ហ៊ាន​បញ្ចេញមតិ​ទាមទារ​សិទ្ធិ​ជា​ជនជាតិដើម ។​

យុវជន តោ ហ្វាង​ចឿង ដែល​អាជ្ញាធរ​វៀតណាម​ កោះហៅទៅបំភ្លឺ ដោយសារ​តែ​បង្ហោះ​វីដេអូអត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក ​រឿង​ប្រវត្តិសាស្ត្រ​កម្ពុជាក្រោម​ ។ រូបផ្តល់ឲ្យ
យុវជន តោ ហ្វាង​ចឿង ដែល​អាជ្ញាធរ​វៀតណាម​ កោះហៅទៅបំភ្លឺ ដោយសារ​តែ​បង្ហោះ​វីដេអូអត្ថាធិប្បាយ​តាម​បណ្ដាញ​សង្គមហ្វេសប៊ុក ​រឿង​ប្រវត្តិសាស្ត្រ​កម្ពុជាក្រោម​ ។ រូបផ្តល់ឲ្យ

​យុវជន​ខ្មែរក្រោម តោ ហ្វា​ង​ចឿ​ង ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ទី ២៤ ខែវិច្ឆិកា ថា លោក​ទទួលបាន​លិខិត​កោះហៅ ពី​អាជ្ញាធរ​វៀតណាម ស្រុក​ផ្នោ​ដាច់ ដែល​យួន​ប្តូរ​ទៅជា​ស្រុក​កូវ​ង៉ាង (Cầu Ngang) បង្គាប់​ឲ្យ​លោក​​ចូលខ្លួន​ទៅ​បំភ្លឺ​ នៅ​រសៀលថ្ងៃទី ២៦ ខែវិច្ឆិកា នៅ​ចំពោះ​មុខ​លោក​ស្រី យឿ​ង ធី​ត្រុ​កឡិន (Dương Thị Trúc Linh) អនុប្រធាននាយកដ្ឋាន​នគរបាល ទទួលបន្ទុក គ្រប់គ្រង​ផ្នែក​រដ្ឋបាល និង​សណ្តាប់ធ្នាប់​សង្គម​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ផ្នោ​ដាច់ ដើម្បី​ដោះស្រាយ ការ​របើក​អាជីវកម្ម ដោយ​គ្មាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម ។​

យុវជន តោ ហ្វា​ង​ចឿ​ង ឲ្យ​ដឹង​បន្ថែមថា លោក នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ការកោះហៅ​របស់​អាជ្ញា​ធរ បើទោះបីជា​លោក​នៅ​មិនទាន់​ដឹង​ច្បាស់ ពី​គោលបំណង​នៃ​លិខិត​កោះហៅ​របស់​អាជ្ញាធរ​វៀត​ណា​ម​ក្ដី ។ ប៉ុន្តែ លោក​ថា ការកោះហៅ​ទៅ​សួរនាំ​របស់​អាជ្ញាធរ​យួន នាពេល​កន្លងមក ពួកគេ​តែងតែ​សួរនាំ​លោក ពាក់ព័ន្ធ នឹង​រឿង​សកម្មភាព​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន នៅក្រៅ​ប្រទេស ។​

យ៉ាងណាក៏ដោយ ​ការកោះហៅ​ឲ្យ​បង្ហាញខ្លួន នៅ​ចំពោះ​មុខសមត្ថកិច្ច​នេះ ធ្វើឡើង​បន្ទាប់ពី​យុវជន​ខ្មែរក្រោម​រូបនោះ បាន​បង្ហោះ​វីដេអូ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ប្រកាស​ចែក​សៀវភៅ «​សិទ្ធិ​ជនជាតិដើម​» ទាំងពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​វៀតណាម ដល់​ពលរដ្ឋ​ខ្មែរក្រោម​ទូទៅ ដោយ​ឥតគិតថ្លៃ ។ សៀវភៅ ស្ដីពី​សិទ្ធិ​ជនជាតិដើម​នេះ ត្រូវបាន​អង្គការសហប្រជាជាតិ អនុម័ត​សេចក្តីប្រកាស ស្តីពី​ការទទួលស្គាល់​សិទ្ធិ​ជនជាតិដើម កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ ដោយមាន​រដ្ឋ​ជា​សមាជិក​អង្គការសហប្រជាជាតិ​ចំនួន ១៤៤ ប្រទេស​បោះឆ្នោត​គាំទ្រ ក្នុងនោះ ប្រទេស​វៀតណាម​ជា​ប្រទេស​ហត្ថលេខី​មួយ បាន​គ្រាំទ្រ​លើ​សេចក្តីអនុម័ត​នេះដែរ ។ សេចក្តីប្រកាស ជា​សាកល​នេះ បានទទួល​ស្គាល់​នូវ​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ជនជាតិ​ដើម​ភាគតិច​ទាំងអស់ ទាំង​ស្ត្រី និង​បុរស នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ក្នុង​ពិភពលោក ដោយ​មិនមាន​ការរើសអើង​អ្វី​ទាំងអស់ ។​

លិខិតកោះហៅទៅបំភ្លឺ
លិខិតកោះហៅទៅបំភ្លឺ

​យុវជន តោ ហ្វា​ង​ចឿ​ង ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម បន្ត​បង្ខំ​ឲ្យ​បង់ពិន័យ​រាប់រយ​ដុល្លារ​នោះ អះអាងថា លោក​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ ពី​ការិយាល័យផែនការ និងហិរញ្ញវត្ថុ នៃស្រុកផ្នោដាច់​ឲ្យ​ប្រកបមុខរបរ​លក់ដូរ ប៉ុន្តែ​អាជ្ញាធរ​មូលដ្ឋាន មិន​ទទួលស្គាល់ ហើយ​ទាមទារ​ឲ្យ​លោក​បង់ប្រាក់​ចំនួន ១០ លាន​ដុង ឬ​ស្មើនឹង​ប្រាំ​រយ​ដុល្លារ​ទើប ទើប​ពួកគេ​ចេញ​លិខិតអនុញ្ញាត​មួយច្បាប់​ទៀត ដើម្បី​អាចបើក​អាជីវកម្ម​លក់​ហ្គាសស្របច្បាប់ ។ ទោះបីយ៉ាងណា យុវជន តោ ហ្វា​ង​ចឿ​ង បញ្ជាក់ថា នេះ​ជា​លេស​សងសឹក​លោក​របស់​អា​ជ្ញា​ធរ​វៀតណាម តែប៉ុណ្ណោះ ពីព្រោះ​តែ​កន្លងមក លោក​ហ៊ាន​បញ្ចេញមតិ ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ខ្មែរក្រោម ជា​ជនជាតិដើម​ម្ចាស់​ស្រុក និង​ចែកចាយ​ព័ត៌មាន ពី​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម ។​

​នេះ​មិនមែនជា​លើកដំបូង​ទេ ដែល​អាជ្ញាធរ​វៀតណាម ពិន័យ​យុវជន តោ ហ្វា​ង​ចឿ​ង ។ កាលពី ខែមិថុនា អាជ្ញាធរ​វៀតណាម បាន​ពិន័យ​យុវជន​នេះ ចំនួន​បី​រយ​ដុល្លារ ករណី​ប្រើប្រាស់​បណ្ដាញ​សង្គម ចែកចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ក្នុង​ខួប​បាត់បង់​ទឹកដី​លើក​ទី ៧១ ឆ្នាំ ។ ក្រោយ​ការចែក​ចាយ​ព័ត៌មាន​នេះ ភ្លាម​អាជ្ញាធរ​បាន​ផ្ញើលិខិត​កោះហៅ យុវជន តោ ហ្វា​ង​ចឿ​ង ទៅ​ជួប​ដោយ​បញ្ចុះបញ្ចូល​លោក ឲ្យ​ធ្វើជា​ភ្នាក់ងារ​សម្ងាត់​វៀតណាម ដើម្បី​តាមដាន​ខ្មែរក្រោម​ណា ដែល​ហ៊ាន​រិះគន់​អាជ្ញាធរ​វៀតណាម ប៉ុន្តែ លោក​បាន​បដិសេធ​ទើប​អាជ្ញាធរ​វៀតណាម​សម្រេច​ពិន័យ ។ យុវជន តោ ហ្វា​ង​ចឿ​ង បាន​បដិសេធ​មិន​សង​ប្រាក់​ពិន័យ​នោះទេ ដោយសារតែ​លោក​គ្មាន​ប្រាក់ ដើម្បី​បង់​ដោយសារតែ​លោក​ជួបប្រទះ​បញ្ហា​ជីវភាព​បណ្ដាលមកពី​វិបត្តិ​ជំងឺ Covid-19 ។ យុវជន តោ ហ្វា​ង​ចឿ​ង បាន​សុំ​ពន្យារពេល មិន​សង​ប្រាក់​ពិន័យ មកទល់​សព្វថ្ងៃនេះ ។​

អាជ្ញាប័ណ្ណអនុញ្ញា​ធ្វើ​អាជីវកម្ម ចេញដោយការិយាល័យផែនការ និងហិរញ្ញវត្ថុ ស្រុកផ្នោដាច់ ដែល​យួន​ប្តូរ​ទៅជា​ស្រុក​កូវ​ង៉ាង (Cầu Ngang) នៃខេត្តព្រះត្រពាំង ។ រូបផ្តល់ឲ្យ
អាជ្ញាប័ណ្ណអនុញ្ញា​ធ្វើ​អាជីវកម្ម ចេញដោយការិយាល័យផែនការ និងហិរញ្ញវត្ថុ ស្រុកផ្នោដាច់ ដែល​យួន​ប្តូរ​ទៅជា​ស្រុក​កូវ​ង៉ាង (Cầu Ngang) នៃខេត្តព្រះត្រពាំង ។ រូបផ្តល់ឲ្យ

​អាជ្ញាធរ​វៀតណាម បានចាប់ផ្ដើម​រឹតបណ្ដឹង​សេរីភាព​ខ្មែរក្រោម​ខ្លាំង​ឡើងវិញ​ម្ដងទៀត​នៅ​ឆ្នាំ ២០២០ នេះ ។ បើតាម​របាយការណ៍ របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា និង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន នៅ​សហរដ្ឋអាមេរិក បង្ហាញថា នៅក្នុង​ឆ្នាំ ២០២០ នេះ មាន​សកម្មជន​ខ្មែរក្រោម មិនតិចជាង ១០ នាក់​ទេ ដែល​ត្រូវបាន​អាជ្ញាធរ​វៀតណាម កោះហៅ​ទៅ​សួរចម្លើយ​ជា​បន្តបន្ទាប់ និង​ពិន័យ​ប្រាក់​ជា​ទម្ងន់ ដោយសារតែ​ពួកគេ​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​បញ្ចេញមតិ​ជុំវិញ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ។ ក្រៅពីនេះ អាជ្ញាធរ​វៀតណាម ក៏បាន​ធ្វើទុក្ខបុកម្នេញ​ពលរដ្ឋ​ខ្មែរក្រោម ដោយ​ការ​រឹបអូស​យក​ដីធ្លី និង​ការចាប់ខ្លួន​ឃុំខ្លួន ឬ​ដាក់ពន្ធនាគារ ៕

Leave A Reply

Your email address will not be published.