អំពីកម្ពុជាក្រោម
ដោយសារលេខនេះ សារព័ត៌មាន ព្រៃនគរ បានលើកឡើងជុំវិញរាជសកម្មភាពរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ទាក់ទិននឹងខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ទើបយើងខ្ញុំ សូមលើកយកប្រវត្តិសង្ខេបនៃដែនដីកម្ពុជាក្រោម មកចុះផ្សាយដើម្បីពលរដ្ឋខ្មែរបានជ្រាប ថា ខ្មែរក្រោមជានរណា និងដែនដីកម្ពុជាក្រោមនៅទីណា ។
កម្ពុជាក្រោម ជាអតីតទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃប្រទេសកម្ពុជា ។ បច្ចុប្បន្ន ជាចំណែកមួយស្ថិតនៅភាគខាងត្បូងនៃប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម ។
កម្ពុជាក្រោមត្រូវបានអាណានិគម បារាំង ដាក់ឲ្យនៅក្រោមរដ្ឋចំណុះវៀតណាម ក្រោមច្បាប់អាណានិគម លេខ ៤៩-៧៣៣ ចុះថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ នៅ ទីក្រុង Toulon ប្រទេសបារាំង ។ កាលពីសម័យដើម កម្ពុជាក្រោម គេហៅថា កម្ពុជាទឹកលិច ឬ កម្ពុជាក្រោម (កម្ពុជាប៉ែកខាងក្រោម) ហើយគេអាចហៅបានម្យ៉ាងទៀតថា ដែនដីសណ្ដទន្លេមេគង្គ (Mekong Delta) ។
សម័យអាណានិគមបារាំង ត្រួត ត្រាឥណ្ដូចិន កម្ពុជាក្រោម ត្រូវបានបារាំងហៅថា Basse Cochinchine (កូស័ងស៊ីនក្រោម) ។ កម្ពុជាក្រោម ឬ ដែនកូស័ងស៊ីន សម័យបារាំង មានផ្ទៃដី ៦៨.៩៦៥ គីឡូម៉ែត្រក្រឡា ។
ព្រៃនគរ ជាទីក្រុងដ៏សំខាន់ និងជាទីប្រជុំកិច្ចការ នៃរដ្ឋការធំនៅក្នុងដែន កម្ពុជាក្រោម និងជាអតីតកំពង់ផែពាណិជ្ជកម្មដ៏សំខាន់មួយនៃអាណាចក្រខ្មែរ មុនពេលជនជាតិយួនភៀសខ្លួនមករស់នៅក្នុងអំឡុងសតវត្សរ៍ ទី ១៧ ។ ក្រោយពីរបបសាធារណរដ្ឋវៀតណាម ដែលមានសហរដ្ឋ អាមេរិកគាំទ្រត្រូវ បានដួលរលំនាថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទីក្រុងព្រៃនគរ ត្រូវបានបក្សកុម្មុយនិស្ត វៀតណាម ប្តូរឈ្មោះជាភាសាយួនថា ទីក្រុងហូជីម៉ិញ (Thành phố Hồ Chí Minh) ដើម្បីរំឮកដល់ឈ្មោះមេដឹកនាំបក្សកុម្មុយនិស្តយួន ហូ ជី ម៉ិញ ។ បច្ចុប្បន្ន ព្រៃនគរ ជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេ និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងអប់រំ ដ៏សំខាន់របស់ប្រទេសបក្សកុម្មុយនិស្តសាធារណរដ្ឋសង្គមនិយមវៀតណាម ។

នៅឆ្នាំ ១៦២៣ ព្រះបាទ ជ័យជេដ្ឋាទី ២ នៃកម្ពុជា (១៦១៨-១៦២៨) បានអនុញ្ញាត ឲ្យជនភៀសខ្លួនយួនដែលកំពុងតែរត់គេចពីសង្គ្រាម ទ្រិញ-ង្វៀន នៅវៀតណាមដើម្បីតាំងទីនៅតំបន់ព្រៃនគរ និងកង្កើតផ្ទះប្រពៃណីនៅព្រៃនគរ ។ រលកនៃនិគមជនយួនកើនឡើង ដែលព្រះរាជាណាចក្រខ្មែរ បានចុះខ្សោយដោយសារសង្គ្រាមជាមួយប្រទេសសៀម ដែលមិនអាចទប់ស្កាត់បាន ដែលបានធ្វើយួនូបនីយកម្មតំបន់នោះយ៉ាងយឺតៗ ។ គ្រានោះ ព្រៃនគរបានប្រែក្លាយត្រូវបានគេស្គាល់ថា សៃហ្គន (Sai Gon) ។
ចាប់ពីឆ្នាំ ១៨៦២ ដល់ ១៩៥៤ ដែនដីកម្ពុជាក្រោម ត្រូវបានឋិតនៅក្រោមអាណានិគមបារាំង ហៅថាតំបន់ អាណានិគមកូស័ងស៊ីន (Colony of Cochinchina ) ។
ឆ្នាំ ១៨៧៦ រដ្ឋាភិបាលបារាំង បានបែងចែកដែនកម្ពុជាក្រោម ចេញជា ៤ តំបន់រដ្ឋបាលធំៗ ហៅថា circons cription administrative ក្នុងតំបន់នីមួយៗ ត្រូវបានបែងចែកចេញជានិគម តូចៗ (arrondissement ) ដូចខាងក្រោម៖
• តំបន់ព្រៃនគរ (Sai Gon) មាន ៥ និគម ។
• តំបន់មេស (My Tho) មាន ៤ និគម
• តំបន់លង់ហោរ (Vinh Long) មាន ៤ និគម ។
• តំបន់បាសាក់ (Ba Sac) មាន ៦ និគម ។
ថ្ងៃទី ៨ ខែមីនា ឆ្នាំ ១៩៤៩ប្រធាននាធិបតិបារាំង Vincent Auriol និងអធិរាជយួន បាវ ដាយ (Bao Dai Nguyen Vinh Thuy) បានចុះកិច្ចព្រមព្រៀងមួយហៅថា កិច្ចព្រមព្រៀង Elysee ក្នុងនោះបារាំងយល់ព្រមប្រគល់កម្ពុជាក្រោម( Cochinchine) ទៅឲ្យយួនហើយយួនព្រមបង្កើតរដ្ឋាភិបាលយៀកណាមមួយ នៅក្នុងក្រុមសហភាពបារាំងហៅថារដ្ឋយៀកណាម( Quoc Gia Viet Nam) ។ បារាំងសង្ឃឹមថាការប្រគល់កម្ពុជាក្រោមទៅឲ្យស្តេច បាវ ដាយ គេអាចនឹងរក្សានូវឥទ្ធិពលរបស់ខ្លួនបានយូរអង្វែងជ នៅកូស័ងស៊ីនតទៅទៀត ។
ថ្ងៃទី ២៥ ខែមេសា ឆ្នាំ១៩៤៩ សម្តេច នរោត្តម សីហនុ នៃរដ្ឋាភិបាលកម្ពុជា បានបញ្ជូនប្រតិភូមួយក្រុម ដឹកនាំដោយឯកឧត្តម សឺន សាន ទៅទីក្រុងប៉ារីស ដើម្បីជំទាស់នឹងសហភាពបារាំងឲ្យផ្អាកការសម្រេចចិត្តរបស់រដ្ឋសភាបារាំង ដែលបានយល់ព្រមប្រ គល់កម្ពុជាក្រោម ឲ្យទៅយៀកណាមនោះ ។ តែការតវ៉ានោះ មិនត្រូវបាន រដ្ឋាភិបាលបារាំងធ្វើតាមឡើយ ។
ដោយមានគោលបំណងចង់ជួយបារាំង ក្នុងការបង្កឥទ្ធិពលរបស់ខ្លួននៅឥណ្តូចិនលោក Abbott ជាឯកអគ្គ រដ្ឋទូតអាមេរិកកាំង ប្រចាំនៅព្រៃនគរបានស្នើឲ្យក្រសួងការបរទេសនៅវ៉ាស៊ីនតោនធ្វើសេចក្តីប្រកាសមួយ ក្នុងន័យលើកទឹកចិត្តរដ្ឋាភិបាល បាវ ដាយ ។
ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ១៩៤៩ ប្រធានាធិបតីបារាំង Vincent Auriol បានចុះហត្ថលេខា ប្រគល់កម្ពុជាក្រោមឲ្យទៅរដ្ឋាភិបាល បាវ ដាយ ។
ខាងក្រោមនេះ គឺជាខ្លឹមសារច្បាប់ក្នុងការប្រគល់កម្ពុជាក្រោមឲ្យទៅ បាវ ដាយ ដែលប្រែជាភាសាខ្មែរក្រៅផ្លូវការ៖
ច្បាប់លេខ ៤៩ ៧៣៣ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩
យោងតាមមតិពីសភា នៃសហភាពបារាំងរដ្ឋសភា និងក្រុមប្រឹក្សានៃសាធារណរដ្ឋបារាំង បានសម្រេច រដ្ឋសភានៃសាធារណរដ្ឋបារាំងបានអនុ ម័ត ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង ប្រកាសច្បាប់ដូចតទៅនេះ៖
មាត្រា ១ ក្នុងក្របខណ្ឌមាត្រា ៦០ នៃរដ្ឋធម្មនុញ្ញសាធារណរដ្ឋបារាំង និងតាមមតិរបស់ សភាកូសាំងស៊ីន នាសម័យប្រជុំកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ១៩៤៩ លក្ខន្តិកៈ ទឹកដីកូសាំងស៊ីន បានត្រូវកែប្រែតាមមាត្រា ដូចមានចែងខាងក្រោម ។
មាត្រា ២ ទឹកដីកូសាំងស៊ីនត្រូវបានភ្ជាប់ ទៅជារដ្ឋចំណុះវៀតណាម យោងតាមសេចក្តីប្រកាសរួមកាលពីថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ១៩៤៨ និងសេចក្តីប្រកាសរបស់រដ្ឋាភិបាល បារាំងកាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ១៩៤៨ ។ ទឹកដីកូស័ងស៊ីនឈប់ស្ថិតនៅក្នុងលក្ខន្តិកៈ ជាទឹកដីឯនាយសមុទ្រ របស់បារាំងទៀតហើយ ។
មាត្រា ៣ ក្នុងករណីដែល លក្ខន្តិកៈ ប្រទេសវៀតណាមត្រូវកែប្រែលក្ខន្តិកៈ កូស័ងស៊ីន នឹងត្រូវបានទុកជាកម្មវត្ថុនៃការសម្រេចរបស់សភាខាងលើ ដូចមានចែងក្នុងមាត្រា ៧៥ នៃរដ្ឋធម្មនុញ្ញ (ជំពូក VIII:សភាបារាំង)។
ច្បាប់នេះនឹងត្រូវបានអនុវត្តដូចជាច្បាប់ រដ្ឋ ។
ធ្វើនៅទូឡុង ថ្ងៃទី ០៤ ខែមិថុនាឆ្នាំ ១៩៤៩
ហត្ថលេខា
(Vincent Auriol)
ប្រធានាធិបតី
(Henri Queuille)
នាយករដ្ឋមន្ត្រី
(Paul Coste-Floret)
រដ្ឋមន្ត្រីទឹកដីបារាំងឯនាយសមុទ្រ
ក្រោយពីថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ១៩៤៩ ពលរដ្ឋខ្មែរក្រោម ត្រូវបានរស់បានរួចផុតពីអាណានិគមបារាំង់តែបែរ ផ្លាស់មក នៅក្រោមនឹមអាណានិគមយួនសេរីវិញ ។ ពេលនោះ វៀតណាមបែងចេកចេញជាពីរភាគ ពីខ្សែស្របទី ១៧ មកខាងត្បូង ដឹកនាំដោយរដ្ឋាភិ បាលសាធារណរដ្ឋវៀតណាម ដែលមានអាមេរិកជំនួយ និងពីខ្សែស្របទី ១៧ ទៅខាងជើងដឹកនាំដោយរដ្ឋាភិ បាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ពួកកុម្មុយនិស្តដែលមាន ហូ ជី មិញ ជាមេដឹកនាំ ។
ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ក្រុមកុម្មុយនិស្តបានយកជ័យជំនះលើ រដ្ឋាភិបាល សាធារណរដ្ឋវៀតណាម ខាងត្បូង ហើយបានចូលកាន់កាន់ដែនដីកម្ពុជាក្រោមបន្តពីយូនសេរី ។ ចាប់តាំងពីពេលនោះមក វាសនាខ្មែរក្រោម ត្រូវឃ្លាតឆ្ងាយពីកម្ពុជាបន្តិចម្ដងៗរហូតដល់សព្វថ្ងៃ ។
បច្ចុប្បន្ន ខ្មែរក្រោម មានសហព័ន្ធខ្មែរកម្ពុជាក្រោម (Khmers Kampuchea—Krom Federation ) ជាសមាជិក នៃអង្គការប្រជាជាតិគ្មានតំណាង ( UNPO ) និងជាសមាជិក នៃវេទិកាអចិន្ត្រៃយ៍ស្ដីពីជនជាតិដើមនៅអង្គការសហប្រជាជាតិ (UNPFII) ហើយបានថ្លែងការណ៍ រៀងរាល់ឆ្នាំ ជម្រាបដល់អង្គការសហប្រជាជាតិ អំពីករណីវៀតណាម រំលោភសិទ្ធិខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ៕