ខ្មែរក្រោម​ខំតស៊ូ​មតិ​ ឲ្យ​មាន​សិទ្ធិស្វ័យសម្រេច​ដោយខ្លួនឯង​ លើទឹក​ដី​កម្ពុជាក្រោម

0 246

ដោយ សុខ ខេមរា | VOA

ក្រុម​អ្នកតស៊ូ​មតិ​ខ្មែរ​កម្ពុជាក្រោម​ បាន​បន្ត​ការ​តស៊ូ​មតិ​របស់​ខ្លួន​នៅ​លើឆាកអន្តរជាតិ​ នៅក្នុង​ពេល​ពួកគេ​ប្រុងប្រៀប​រៀបចំ​សន្និសីទ​ធំ​មួយ​ក្នុង​ប្រទេស​ហូ​ឡង់​ ដើម្បី​ស្វែងរក​ការ​គាំទ្រ​ឲ្យ​មាន​សិទ្ធិស្វ័យសម្រេច​លើ​ជោគវាសនា​ដោយខ្លួនឯង​និង​សេរីភាព​ ហើយ​ នឹង​ការគោរព​សិទ្ធិពល​រដ្ឋ​ខ្មែរក្រោម​ដែល​រស់នៅ​លើទឹក​ដីខ្មែរ​ដែល​បារាំង​កាត់​ឲ្យ​ទៅ​ វៀតណាម​គ្រប់គ្រង​កាលពី​ឆ្នាំ១៩៤៩​។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ អ.ស.ប
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីស្ថានទូតសហរដ្ឋអាមេរិក​ប្រចាំ អ.ស.ប

ក្រុម​មេដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​ថ្លែង​នៅ​សប្តាហ៍​នេះ​ថា​ ពលរដ្ឋខ្មែរ​ក្រោម​ ដែល​រស់នៅ​ជុំវិញ​ពិភពលោក​និង​ក្រុម​អ្នកជំនាញ​នានា​ នឹង​ជួប​ប្រជុំ​គ្នា​នៅក្នុង​ទីក្រុង​ ឡា​អេ​ ប្រទេស​ហូ​ឡង់​នៅដើម​ខែមិថុនា​ឆ្នាំ២០១៩ខាងមុខ​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ ពិភពលោក​លើក​ទី២​ ដែល​ផ្តោត​លើ​ «សិទ្ធិ​ខ្មែរក្រោម​ក្នុង​ការសម្រេច​ជោគវាសនា​ ដោយខ្លួនឯង‍​» ក្នុង​ពេល​ជាមួយគ្នា​ដែល​មានការ​ប្រារព្ធ​ខួប​លើក​ទី៧០​ នៃ​ការបាត់បង់​ ទឹកដី​កម្ពុជាក្រោម​។ ការ​បន្ត​កិច្ចប្រឹងប្រែង​តស៊ូ​មតិ​លើឆាកអន្តរជាតិ​ គឺ​ដើម្បី​ធ្វើឲ្យ​មាន​សេរីភាព​ និង​ការគោរព​សិទ្ធិពល​រដ្ឋ​ខ្មែរក្រោម​នៅ​លើទឹក​ដី​កម្ពុជាក្រោម​ដែល​បារាំង​ បាន​កាត់​ឲ្យ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​កាលពី៧០ឆ្នាំមុន​ផង​ដែរ​។

ក្នុង​ដំណើរ​ទស្សនកិច្ច​មកកាន់​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​នេះ​ ដើម្បី​ជួប​ប្រជុំ​ជា​ មួយ​ក្រុម​មន្ត្រី​ក្រសួង​ការបរទេស​ និង​ទីភ្នាក់ងារ​អន្តរ​សាសនា​អាមេរិក​ដើម្បី​បន្ត​ការ​ តស៊ូ​មតិ​ និង​ជម្រាប​ពី​ស្ថានភាព​សិទ្ធិមនុស្ស​ និង​ សេរីភាព​សាសនា​របស់​ពលរដ្ឋខ្មែរ​ក្រោម​ផង​នោះ​ លោក​ ប្រាក់​ សេរី​វុឌ្ឍ​ ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បាន​ថ្លែង​ ប្រាប់​ VOA​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា​ ការ​តស៊ូ​មតិ​លើឆាកអន្តរជាតិ​នេះ​គឺ​ធ្វើឡើង​ តាមច្បាប់​និង​បែប​អហិង្សា​។

«ហើយ​យើង​ក៏​មិន​ចង់​ធ្វើអ្វី​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​បងប្អូន​ខ្មែរក្រោម​ដែរ​ យើង​ធ្វើតាម​ រយៈ​ការទូត​អន្តរជាតិ​ តាមផ្លូវ​ច្បាប់អន្តរជាតិ​ដោយសន្តិវិធី‍​»។

លោក ប្រាក់ សេរីវុឌ្ឍន៍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ប្រាក់ សេរីវុឌ្ឍន៍ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម

លោក​ ប្រាក់​ សេរី​វុឌ្ឍ​បាន​អះអាង​ថា​អ្វី​ដែល​លោក​ធ្វើ​ចលនា​លើឆាកអន្តរជាតិ​គឺ​ដើម្បី​ ឲ្យ​ពលរដ្ឋខ្មែរ​ក្រោម​ និង​ពលរដ្ឋខ្មែរ​ បាន​យល់​ពី​សិទ្ធិ​របស់​ខ្លួន​ ហើយ​ហ៊ាន​ចូលរួម​តវ៉ា​ និង​ទាមទារ​ការបាត់បង់​ទឹកដី​និង​សិទ្ធិ​ផ្សេង​ៗ ជាពិសេស​ការសម្រេច​ជោគវាសនា​ ដោយខ្លួនឯង​ដូច​នៅក្នុង​ប្រទេស​ជាច្រើន​ រួម​ទាំង​ប្រទេស​ ទីម័រខាងកើត​ ដែល​បាន​ ទាមទារ​ឯករាជ្យ​ពី​ឥណ្ឌូ​នេ​ស៊ី​ ហើយ​ត្រូវ​អន្តរជាតិ​គាំទ្រ​។លោក​ បាន​ដកស្រង់​សម្តី​ របស់​ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ​ម្នាក់​ដែល​លោក​មិន​ប្រាប់​ឈ្មោះ​ពេញ​ហើយ​បាន​ចូលរួម​ជា​វាគ្មិន​កាលពី​សន្និសីទ​កន្លងទៅ​មក​បញ្ជាក់​អំពី​ក្តី​សង្ឃឹមលើ​ការ​ទាមទារ​ ទឹកដី​កម្ពុជាក្រោម​ថា​៖

«គាត់​ថា​ប្រទេស​កម្ពុជា​ដូចជា​អ្នកទិញ​ឡាន​មួយ​ថ្មី​ចេស​ គឺ០​ ម៉ៃ​ល (Zero​ mile​) ហើយ​ បារាំង​ហ្នឹង​ជា​អ្នកខ្ចី​ឡាន​ខ្មែរ​យក​ទៅ​បើក​ ពេល​បើក​រួចហើយ​ក្នុង​ឆ្នាំ១៩៤៩​ មិន​សង​ មក​ខ្មែរ​ឬកម្ពុជា​ជា​ម្ចាស់​វិញ​ទេ​ តែ​យក​ឡាន​ទៅ​លក់​ឲ្យ​យួន​ (វៀតណាម​)។ រដ្ឋាភិបាល​ ខ្មែរ​ និង​ប្រជាពលរដ្ឋ​ខ្មែរ​មិនដែល​បាន​ចុះហត្ថលេខា​លក់​ឡាន​ឲ្យ​យួន​ឬប្រគល់​ឡាន​ ហ្នឹង​ឲ្យ​យួន​ទេ​ គឺថា​បារាំង​យក​ទៅ​ដោយ​រំលោភច្បាប់​។ ឥឡូវ​វា​ចង់៧០ឆ្នាំ​ហើយ​បើ​ គិត​តាមច្បាប់​ ឡាន​ទោះបី​យួន​យក​ទៅ​ប្រើ៧០ឆ្នាំ​ក៏ដោយ​ប៉ុន្តែ​ឈ្មោះ​ឡាន​ហ្នឹង​ នៅតែ​ជា​ឡាន​របស់​ខ្មែរ​ តែ​គាត់​គ្រាន់តែ​វា​ស្តាយ​ប៉ុណ្ណេះ​ ឡាន​កាលពី​គេ​យក​ទៅ​នៅ​ថ្មី​ ០ ម៉ៃ​ បើក​តិចតួច​នៅ​ប្រើការ​កើត​ តែ​ដល់​ប្រើ​អស់​រយៈពេល៧០ឆ្នាំ​ក្រែងលោ​ម៉ាស៊ីន​ វា​ពុក​ ទំ​រាំ​បាន​វិញ​ហ្នឹង​វា​ពុក​ បានន័យ​ថា​ខ្មែរ​នឹង​រលាយ​អស់ពូជ​សាសន៍‍​»។

លោក​ទទូច​ថា​អាជ្ញាធរ​វៀតណាម​ត្រូវ​បញ្ឈប់​នូវ​អ្វី​ដែល​លោក​បាន​ចោទប្រកាន់​ថា​ មានការ​រិត​ត្បិត​សេរីភាព​សាសនា​ ការរំលោភ​សិទ្ធិ​ខ្មែរ​កម្ពុជាក្រោម​។

«រឿង​នេះ​សម្រេច​នៅ​លើ​រដ្ឋាភិបាល​វៀតណាម​។ បើ​រដ្ឋាភិបាល​វៀតណាម​ចង់​រស់នៅ​ ជាមួយ​បងប្អូន​ខ្មែរក្រោម​ដូច​ជនជាតិ​ដទៃ​គ្រប់​សាសន៍​ដែល​មក​រស់នៅ​សហរដ្ឋ​ អាមេរិក​ ហើយ​អាច​រស់នៅ​សុខដុមរមនា​នឹងគ្នា​ រដ្ឋាភិបាល​វៀតណាម​ត្រូវ​ផ្តល់​ សេរីភាព​ សមភាព​ វា​មិនបាន​ស្មើគ្នា១០០​ ភាគរយ​ តែ​ក៏​ប្រហែល​នៅ​អាមេរិក​ ដែល​យើង​ជា​ជនភៀសខ្លួន​គ្រប់​សាសន៍​មក​នៅ​បាន​នោះ​។ ការណ៍​នោះ​វា​អាច​មើល​មុខ​គ្នា​ បាន​សុខ​យូរអង្វែង​ តែបើ​វៀតណាម​ចាត់ទុក​យើង​ថា​ជា​ទាសករ​ ធ្វើបាប​យើង​ស្រេច​ តែ​ចិត្ត​ (នោះ​មិន​អាច​ទៅរួច​ទេ​) គឺ​ ទីណា​មានការ​ជិះជាន់​ ទីនោះ​ មានការ​រើបម្រះ‍​»។

លោក​ ត្រាន់​ ម៉ា​នរិន្ទ​ ប្រធាន​ផែនការ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ដែល​មាន​មូលដ្ឋាន​នៅ​ សហរដ្ឋអាមេរិក​បាន​អះអាង​ថា​នៅ​ឯសន្និសីទ​ក្នុង​ទីក្រុង​ឡា​អេ​ ដែល​ជាទី​ស្នាក់​ការ​ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៅ​ទីនោះ​ នឹង​មានការ​ពិភាក្សា​គ្នា​ស៊ីជម្រៅ​ទៅលើ​ ការសម្រេច​វាសនា​ដោយខ្លួនឯង​របស់​ខ្មែរក្រោម​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​លើ​ ទឹកដី​ខ្មែរ​ ដែល​វៀតណាម​កំពុង​កាន់កាប់​។

«ចប់​ពី​ហ្នឹង​ទៅ​យើង​នឹង​ប្រមូល​នូវ​គំនិត​របស់​អស់លោក​វាគ្មិន​ដែល​ជា​អ្នកជំនាញ​ការ​ ខាង​ជនជាតិ​ដើម​ ខាង​ការសម្រេច​វាសនា​ខ្លួន​ហ្នឹង​ យើង​ប្រមូល​គំនិត​ កន្លែងណា​ល្អ​ កន្លែងណា​យើង​អាច​ធ្វើ​ទៅ​បាន​ យើង​នឹង​សិក្សា‍​»។

លោក ត្រឹន ម៉ាន់រិន្ទ ប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ត្រឹន ម៉ាន់រិន្ទ ប្រធានផែនការសហព័ន្ធខ្មែរកម្ពុជាក្រោម

លោក​បាន​អះអាង​ថា​ ដែន​ដី​ប៉ា​ពួ​ខាងលិច​( West​ Papua​ ) នៃ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ ដាក់​ញត្តិ​ទៅកាន់​អង្គការសហប្រជាជាតិ​ ដើម្បី​សម្រេច​ជោគវាសនា​ដោយខ្លួនឯង​ ដែល​លោក​ថា​នេះ​ជា​រឿង​ពិសេស​ណាស់​។

«សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជាក្រោម​នៅ​វៀតណាម​ មាន​សិទ្ធិ​សម្រេចវាសនា​ខ្លួន​ដោយខ្លួនឯង​ ឲ្យ​ប្រជាពលរដ្ឋ​យើង​មាន​សិទ្ធិ​ហ្នឹង​ មិនមែន​សហព័ន្ធ​ទេ​ ហើយ​សម្រេច​យ៉ាងណា​គឺ​ស្ថិតនៅ​លើ​ប្រជាពលរដ្ឋ​ មិនមែន​ សហព័ន្ធ​ទេ​។ រូបមន្ត​សម្រេច​មាន២ឬ៣​។ទី១​ គឺ​សុខចិត្ត​នៅ​ដូចជា​សភាពការណ៍​ សព្វថ្ងៃ​អីចឹង​។ ទី២​ ជា​រដ្ឋ​ស័្វយ័​ត។ ទី៣​ គឺ​ផ្តាច់​ខ្លួន​ជារ​ដ្ឋ​ឯករាជ្យ​រឿង​ហ្នឹងហើយ​ដែល​ ថាស​ម្រេច​វាសនា​ខ្លួន​ដោយខ្លួនឯង​ ដែល​មាត្រា​ទី៣នៅ​(ក្នុង​ច្បាប់​)ជនជាតិ​ដើម​ហ្នឹង​គេ​បាន​និយាយ​ច្បាស់​ក្នុង​រឿង​ហ្នឹង​។ ហើយ​បែរមក​រឿង​កម្ពុជាក្រោម​វិញ​គឺថា​ទិសដៅ​ របស់​យួន​សព្វថ្ងៃ​ហ្នឹង​គឺ​គេ​ចង់​លុបបំបាត់​ខ្មែរ​កម្ពុជាក្រោម​ ខ្មែរយើង​នៅ​ឯកម្ពុជាក្រោម​ គោលដៅ​គេ​វែងឆ្ងាយ‍​»។

ទឹកដី​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​ទំហំ៨៩០០០គីឡូម៉ែត្រ​ការ៉េ​ត្រូវ​បារាំង​កាត់​ឲ្យ​ទៅ​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​វៀតណាម​កាលពី​ថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ១៩៤៩​ ហើយ​ បច្ចុប្បន្ន​នេះ​ មាន​ពលរដ្ឋខ្មែរ​ក្រោម​រាប់​លាន​នាក់​កំពុង​រស់នៅ​ទីនោះ​ ដែល​ក្រុម​អ្នក​ តស៊ូ​មតិ​បាន​ចោទប្រកាន់​ថា​ពលរដ្ឋ​ជាច្រើន​ទទួលរង​ការ​កៀបសង្កត់​ផ្នែក​សាសនា​ ដូចជា​មិន​ឲ្យ​ខ្មែ​រក្រោមប្រ​ត្តិ​បត្តិ​តាម​ព្រះពុទ្ធ​សាសនា​គណៈ​ថេរវាទ​ និង​គ្មាន​ការរៀបចំ​ ប្រព័ន្ធ​សាសនា​ដែល​ខ្មែរក្រោម​ទទួលយក​បាន​ គ្មាន​ត្រា​ជា​ភាសាខ្មែរ​ មិន​អនុ​ញាត​ឲ្យ​ មានការ​ជ្រើសរើស​ព្រះចៅ​អធិការ​វត្ត​ដោយខ្លួនឯង​ តែ​ត្រូវ​តែងតាំង​ពី​អាជ្ញាធរ​វិញ​ មិន​ឲ្យ​មានការ​និយាយ​ភាសាខ្មែរ​នៅ​តាម​កន្លែង​ធ្វើការងារ​ គ្មាន​ថ្ងៃឈប់​សម្រាក​នៅពេល​ បុ​ណ្យ​ធំៗ​ និង​ការ​រិត​ត្បិត​លើ​បញ្ហា​ផ្សេង​ៗទៀត​។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ Human​ Rights​ Watch​ ក្នុង​របាយការណ៍​សិទ្ធិមនុស្ស​ឆ្នាំ​ ២០១៨​ និង​សេចក្តី​ប្រកាស​ព័ត៌មាន​ថ្មី​ៗនេះ​បាន​អះអាង​ពី​ការ​កើតមាន​ការរំលោភ​ សិទ្ធិមនុស្ស​យ៉ាងធ្ងន់ធ្ងរ​ក្នុង​ប្រទេស​វៀតណាម​រួម​ទាំង​ការចោទប្រកាន់​និង​ចាប់​ឃុំ​ ខ្លួន​ក្រុម​ជំទាស់​ផង​ដែរ​។ អង្គការ​នេះ​បាន​អំពាវនាវ​ ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​ ឲ្យ​មានការ​ផ្លាស់​ប្តូរ​និង​សុំ​ឲ្យ​សហភាព​អឺរ៉ុប​ផ្អាក​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​រហូត​ទាល់​ តែ​បញ្ហា​គោរព​សិទ្ធិមនុស្ស​បាន​ប្រសើរ​ឡើង​។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)
លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ Human Rights Watch ក្នុង​ពេល​ផ្ដល់​បទ​សម្ភាស កាលពី​ខែ​កញ្ញា ជាមួយVOA នៅ​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ។ (អូន ឆេងប៉រ/VOA)

លោក​ ហ្វៀ​ល រ៉​ប៊ឺ​តសុន​ (Phil​ Robertson​) នាយករង​អង្គការ​សិទ្ធិមនុស្ស​ Human​ Rights​ Watch​ ប្រចាំ​តំបន់​អាស៊ី​បាន​ថ្លែង​ថា​អាជ្ញាធរ​វៀតណាម​ព្យាយាម​គ្រប់គ្រង​យ៉ាង​តឹង​រឹង​លើ​ពលរដ្ឋខ្មែរ​ក្រោម​ដោយសារតែ​ការសង្ស័យ​ខ្លាំងពេក​។

«ពលរដ្ឋខ្មែរ​កម្ពុជាក្រោម​មិន​អាច​គេច​ផុត​ពី​ការ​តាមដាន​ និង​ការគ្រប់គ្រង​របស់​ រដ្ឋាភិបាល​វៀតណាម​ទេ​។ លោកអ្នក​ដឹង​ទេ​ រឿង​នេះ​គឺជា​ការ​តាមដាន​ទាំង​បំពាន​ ខ្លាំង​ណាស់​។ នេះ​ជា​កិច្ចប្រឹងប្រែង​គ្រប់គ្រង​ពលរដ្ឋខ្មែរ​ក្រោម​ ជា​កិច្ចប្រឹងប្រែង​យាយី​ ដល់​មេដឹកនាំ​ខ្មែរក្រោម​ទាំងឡាយ​ និង​ព្យាយាម​បង្ខំឲ្យ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម​ ធ្វើតាម​បទដ្ឋាន​ដែល​មាន​ក្នុង​ប្រទេស​វៀតណាម‍​»។

លោក​ថា​ការ​ព្យាយាម​គ្រប់គ្រង​ពលរដ្ឋខ្មែរ​ក្រោម​យ៉ាង​តឹង​រឹង​ទៅលើ​សាសនា​និង​ សង្គម​រស់នៅ​របស់​ពួកគេ​គឺជា​ការរំលោភ​សិទ្ធិ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ខ្មែរ​ ក្រោម​យ៉ាង​ខ្លាំង​។

«អ្វី​ដែល​សំខាន់​នោះ​គឺ​អាច​ថា​រដ្ឋាភិបាល​វៀតណាម​ត្រូវ​ផ្តល់​ភា​ពស័្វយ័​តកម្រិត​ជាក់​ លាក់​មួយ​ដល់​ខ្មែរក្រោម​ដើម្បី​គ្រប់គ្រង​កិច្ចការ​របស់​គេ​ដោយខ្លួនឯង‍​»។

លោក​ថា​ វៀតណាម​គួរតែ​ឲ្យ​ខ្មែរក្រោម​គ្រប់គ្រង​សាសនា​ដោយខ្លួនឯង​ គ្រប់គ្រង​ វត្តអារាម​ដោយខ្លួន​គេ​ អាច​បង្រៀន​ភាសាខ្មែរ​ ជាជាង​ភាសា​វៀតណាម​ ឬក៏​មាន​ ជម្រើស​ជា​ភាសាខ្មែរ​ ហើយនឹង​គ្មាន​ការ​ជ្រៀតជ្រែក​ទៅលើ​កិច្ចការ​និង​សិទ្ធិ​របស់​ ពលរដ្ឋខ្មែរ​ក្រោម​ ជាពិសេស​នោះ​អាជ្ញាធរ​វៀតណាម​ត្រូវ​បញ្ចប់​ការរំលោភ​សេរីភាព​ នៃ​ការ​បញ្ចេញមតិ​ និង​ សេរីភាព​នៃ​ការ​ជួប​ប្រជុំ​ ដែល​ត្រូវ​បាន​រិត​ត្បិត​ដល់​ពលរដ្ឋខ្មែរ​ក្រោម​៕

Leave A Reply

Your email address will not be published.