សេចក្ដីបំភ្លឺ​ស្ដីពី​ការ​បំភ្លៃ​ប្រវត្តិ​ទង់ជាតិ​កម្ពុជា​ក្រោម​

354

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០១៧ លោក ថាច់ សេដ្ឋា ជា​នាយក​ប្រតិបត្តិ នៃ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​ខុសពី​ការពិត អំពី​ប្រវត្តិ​ទង់ជាតិ​កម្ពុជា​ក្រោម បានធ្វើ​ឲ្យ​មតិសាធារណៈ​មានការ​យល់ច្រឡំ ។ ការ​ថ្លែង នេះ​បាន​ធ្វើឡើង នៅក្នុង​បរិវេណ​វត្ត​ចាស់ នាទី​ក្រុងភ្នំពេញ ក្នុង​ពិធី​បុណ្យខួប ៦៨ ឆ្នាំ នៃ ទិវា​កម្ពុជា​ក្រោម​នៅក្រោម​នឹម​អាណានិគម​យួន ។​

ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​
ទង់ជាតិ​ខ្មែរ​កម្ពុជា​ក្រោម​

​ថ្លែង​នៅ​ចំពោះមុខ​ក្រុម​យុវនារី​ដែល​តុបតែង​ខ្លួន​បង្ហាញ នូវ​អត្តសញ្ញាណ​ខ្មែរក្រោម តាមរយៈ​ការយក​ទង់ជាតិ​កម្ពុជា​ក្រោម​មក​ធ្វើជា​ពានា និង​ក្រុម​អ្នកចូលរួម​ដែល​យក​ទង់ ជាតិ​មក​បិទ​នៅលើ​ផ្ទាល់​នោះ លោក ថាច់ សេដ្ឋា បាន​មានប្រសាសន៍​ខុសពី​ការពិត​ថា ទង់ ដែលមាន​ឆ្នូត​បណ្ដោយ ៣ ពណ៌ គឺ ខៀវ លឿង និង​ក្រហម ដែល​ប្រជាជាតិ​ខ្មែរក្រោម នៅ​ជុំវិញ​ពិភពលោក​ចាត់ទុកថា ជា​ទង់ជាតិ​របស់ខ្លួន​នោះ បាន​បង្កើតឡើង​នៅ​ឆ្នាំ ២០០២ ពេលដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូលរួម​ប្រណាំងទូក ង អន្តរជាតិ មួយ នៅ​ទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋអាមេរិក ។ លោក​ថា ការបង្កើត​ទង់ជាតិ កម្ពុជា​ក្រោម នាពេលនោះ គឺធ្វើឡើង​ទាំង​តក់ក្រហល់​គ្មាន​ការព្រាង​ទុក ដើម្បី​បំពេញ តាម​សំណូមពរ​របស់ គណៈកម្មការ​សហព័ន្ធ​កីឡា​ទូក ង អន្តរជាតិ (IDBF) ថា ឲ្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យក​ទង់ជាតិ និង​ភ្លេងជាតិ​របស់ខ្លួន​មក​គោរព ពេលដែល​ក្រុម ទូក ង របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានទទួល​ជ័យជំនះ ។ លោក ថាច់ សេដ្ឋា បន្តថា ពេល​ទូក ង ខ្មែរក្រោម​បានឈ្នះ គ្មានអ្វី​ធ្វើជា​ទង់ជាតិ​នឹង​គេ ក៏​នាំគ្នា​យក​ទង់​ពុទ្ធសាសនា ត្រឹម ៣ ពណ៌​ខាងលើ ធ្វើជា​ទង់ជាតិ​របស់ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​មួយគ្រា​យករួចខ្លួន តែ​បុ​ណ្ណោះ ។ ក្រៅពីនេះ លោក ថាច់ សេដ្ឋា បាន​ថ្លែងថា ទង់ជាតិ​កម្ពុជា​ក្រោម គឺជា​ទង់ ជ័យ មិនមែន​ទង់ជាតិ​ទេ ។​

​អ្វីដែល លោក ថាច់ សេដ្ឋា បាន​ថ្លែង​នោះ វា​ជាការ​បំភាន់ និង​បំភ្លៃ​ទាំងស្រុង ព្រោះ ការបង្កើត​ទង់ជាតិ​កម្ពុជា​ក្រោម និង​ការ​ប្រណាំងទូក​អន្តរជាតិ នៅ​ទីក្រុង Philadelphia មិនមែន​នៅក្នុង​ឆ្នាំ ២០០២ ដូច​អ្វីដែល​លោក ថាច់ សេដ្ឋា បាន​ថ្លែង​នោះទេ ។ តាមពិត សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ប្រណាំងទូក ង អន្តរជាតិ នៅ​ទីក្រុង Philadelphia រយៈពេល ៥ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ១ ដល់ទី ៥ ខែសីហា ឆ្នាំ ២០០១ បន្ទាប់ពី​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​ពេញអង្គ​នៃ​អង្គការ UNPO ១៥ ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ ពេល​អង្គការ UNPO ទទួល សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជា សមាជិក​របស់ខ្លួន​នោះ ទង់ជាតិ​កម្ពុជា​ក្រោម​ក៏បាន​អង្គការ នេះ​ទទួលស្គាល់​ជា​ផ្លូវការ​ផងដែរ ហើយ​គេ​បាន​យក​ទង់ជាតិ​កម្ពុជា​ក្រោម​ទៅ​ដាក់តាំង​នៅក្នុង​ការិយាល័យ​អង្គការ UNPO នាទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ជាមួយនឹង​ទង់ជាតិ​របស់​សមាជិក​ដទៃទៀត ។​

​ទង់ជាតិ​កម្ពុជា​ក្រោម​បាន​សភា​កម្ពុជា​ក្រោម យកមកប្រើ​ជា​ផ្លូវការ​ចាប់តាំងពី​ឆ្នាំ ១៩៨៥ មក​ម្លេះ ហើយ​ក្រោយមក នៅក្នុង​មហា​សន្ន​បាត​សកល​លើក​ទី ៥ របស់​ខ្មែរ កម្ពុជា​ក្រោម ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ថៃ្ង​ទី ៣ និង ៤ ខែ សីហា ឆាំ្ន ១៩៩៦ នៅ​ប្រទេស កាណាដា ក្នុង​ការប្ដូរឈ្មោះ​ពី “​សភា​កម្ពុជា​ក្រោម​” ទៅជា “​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​” នោះ មហាសន្និបាត​ដែលមាន​ប្រតិភូ​ខ្មែរក្រោម​មកពី​ជុំវិញ​ពិភពលោក បានអនុម័ត​ជា​ផ្លូវ ការយក​ទង់ ខៀវ លឿង ក្រហម ធ្វើជា​និមិត្តរូប​ជាតិខ្មែរ​នៅ​ដែនដី​កម្ពុជា​ក្រោម រហូត មក​មកដល់ សព្វថ្ងៃ ។​

​ចំពោះ​មតិ​ដែល លោក ថាច់ សេដ្ឋា បាន​ថ្លែងថា ទង់ជាតិ​កម្ពុជា​ក្រោម គឺជា​ទង់ ជ័យ មិនមែនជា​ទង់ជាតិ​នោះ យើងខ្ញុំ​សូមបញ្ជាក់ថា មូលហេតុ​ដែល​យើង​ចាត់ទុក ទង់ ខៀវ លឿង ក្រហម ថា​ជា​ទង់ជាតិ​កម្ពុជា​ក្រោម នោះ ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សំអាង​លើ​ហេតុផល ៥ យ៉ាង គឺ​៖

ទី ១៖ មានការ​អនុម័ត​ដោយ​តំណាង​ខ្មែរក្រោម​ជុំវិញ​ពិភពលោក នៅក្នុង​មហា សន្និបាត​សកល​របស់​ខ្មែរ​កម្ពុជា​ក្រោម ។

​ទី ២៖ មានការ​ទទួលស្គាល់​ពី​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង ហៅ​កាត់ ជា​ភាសា​អង់គ្លេស​ថា (UNPO) បាន​ទទួលស្គាល់ថា ទង់ជាតិ​កម្ពុជា​ក្រោម ជា​និមិត្តរូប​នៃ ជាតិខ្មែរ នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ទី ៣៖ មានការ​គាំទ្រ​ពី​អតីតព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​មាន​ព្រះបន្ទូល​ជាមួយនឹង លោក សឺ​ង ទួន ជា​អតីត​ប្រធាន​ប្រតិបត្តិ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បច្ចុប្បន្ន នៅ​ព្រះ បរមរាជវាំង នាទី​ក្រុងភ្នំពេញ កាលពី​ឆ្នាំ ២០០០ ពេលដែល​ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល គាល់​ព្រះអង្គ​ដើម្បី​ធ្វើ​សេចក្ដី​រាយ ការណ៍​អំពី​សកម្មភាព​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

​ចំណុច​នេះ លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​មាន​ប្រ សាសន៍​ថា អតីតព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ បាន​សព្វ​ព្រះ​រាជហទ័យ​ចំពោះ​គោលការណ៍​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង និង​ការបង្កើត​ចេញ​ជា​ទង់ជាតិ​ដាច់ដោយឡែក សម្រាប់​ប្រជាជាតិ​ខ្មែរក្រោម ។​

 

​ទី ៤៖ មានការ​ទទួលយក និង​មោទនភាព​ចំពោះ​ទង់ជាតិ​របស់ខ្លួន​ពី​សំណាក់​ប្រជា ជាតិខ្មែរ​ក្រោម​នៅ​ជុំវិញ​ពិភពលោក ទាំង​នៅក្រៅ​ប្រទេស និង​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​ទី ៥៖ រដ្ឋាភិបាល​បក្ស​កុ​ម្មុនិ​ស្ត​យួន​សព្វថ្ងៃ បាន​ទទួលស្គាល់ថា ទង់ជាតិ​កម្ពុជា​ក្រោម គឺជា​ទង់ជាតិ​របស់​ខ្មែរក្រោម ដោយ​តំណាង​យួន​បាន​ឆ្លើយតប​នឹង​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​នៅក្នុង​អង្គការ​សហ ប្រជាជាតិ ពេលដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដាក់ ពាក្យ​សុំចូល​ជា​សមាជិក​អ្នកផ្ដល់យោបល់​របស់​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង សង្គមកិច្ច​របស់ អង្គ​សហប្រជាជាតិ (ECOSOC) ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​បំបែក​រដ្ឋ​នៅក្នុង​ប្រទេស​វៀតណាម ព្រោះ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ទង់ ជាតិ​របស់ខ្លួន ។​

​សព្វថ្ងៃ ទោះបី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កំពុងតែធ្វើការ​តស៊ូ​នៅក្រៅ​ប្រទេស និង ជនជាតិដើម​ខ្មែរ ក្រោម​នៅ​កម្ពុជា​ក្រោម កំពុងតែ​ឋិត​នៅក្រោម​នឹម​អាណានិគម​យួន​យ៉ាងណាក៏ដោយ តែ​ពលរដ្ឋ​ខ្មែរ ក្រោម​គ្រប់រូប​តែមាន​មោទនភាព​ចំពោះ​ទង់ជាតិ​របស់ខ្លួន ព្រោះ​ទង់ជាតិ​កម្ពុជា​ក្រោម​នេះហើយ ជា​និមិត្ត​រូបតំណាង​ខ្មែរក្រោម​បានធ្វើ​ឲ្យ​ពិភពលោក ស្គាល់​ខ្មែរក្រោម​ជា​នរណា និង​ដែនដី​កម្ពុជា​ក្រោម​នៅ​កន្លែង​ណា ។ ម្យ៉ាងទៀត ព្រះសង្ឃ និង​យុវជន​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ ទោះបី​នៅ ក្រោម​នឹម​អាណានិគម​យួន យ៉ាងណាក៏ដោយ ក៏​ហ៊ាន​លើក​ទង់ជាតិ​កម្ពុជា​ក្រោម​ឡើង​តាម​គ្រប់រូប​ភាពមិន​ត​ត់​ស្លុត នឹង​ការគំរាមកំហែង​ពី​យួន​ឡើយ ដោយសារ​អ្នក​ទាំងនោះ មាន​មោទនភាព​ចំពោះ​ទង់ ជាតិ​របស់ខ្លួន ។​

​គ្រប់​ជាតិ​សាសន៍​ទាំងអស់​នៅលើ​លោក​នេះ តែងតែមាន​ទង់ជាតិ​របស់ខ្លួន ។ ប្រជាជាតិ​ខ្លះ​បាន​បង្កើត​ទង់ជាតិ​របស់ខ្លួន​មុនពេល​ប្រទេស​របស់ខ្លួន​បានទទួល​ឯករាជ្យ និង​ប្រជាជាតិ​ខ្លះទៀត​បង្កើត​ទង់ជាតិ​ក្រោយ​បាន​ឯករាជ្យ ។ ដូចជា ប្រទេស​ឥស្រា​អែល ទង់ជាតិ​របស់គេ​បាន​រចនា និង​បង្កើត ឡើង​នៅក្នុង​ឆ្នាំ ១៨៩១ រហូតដល់​ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ១៩៤៨ ទើប​រដ្ឋាភិបាល​របស់​គេ​បាន អនុម័ត​ជា​ផ្លូវការ ក្រោយពី​ការប្រកាស​ឯករាជ្យ​បាន ៦ ខែ ។ មានន័យថា ពលរដ្ឋ​ឥស្រា​អែល​ទម្រាំ​ង​តែ​បាន​ប្រើ​ទង់ជាតិ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​របស់ខ្លួន ពួកគេ​បាន​បង្កើត​ទង់ជាតិ​ធ្វើជា​និមិត្តរូប​នៃ​ការ តស៊ូ​របស់ខ្លួន​អស់​រយៈពេល ៥៧ ឆ្នាំ ។​

​យោងតាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានបញ្ជាក់​អំពី​អត្ថន័យ​របស់​ទង់ជាតិ​កម្ពុជា​ក្រោម​យ៉ាងនេះ​ថា ទង់ជាតិ​កម្ពុជា​ក្រោម មាន​បី​ឆ្នូត ដែលមាន​ទំហំ​ស្មើគ្នា និង​មាន​ពណ៌​ផ្សេងគ្នា ហើយ​មាន​ខ្នាត​ទទឹង ២ ភាគ ៣ បណ្តោយ ៣ ភាគ ៣ ។​

  • ឆ្នូត​ពណ៌​ខៀវ​នៅ​ខាងលើ ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​ដែលជា​សិទ្ធិ​ខ្ពស់​ជាងគេ​បំផុត ។​
  • ឆ្នូត​ពណ៌​លឿង​នៅ​ចំ​កណ្តាល ជា​និមិត្តរូប​នៃ​ជាតិ​សាសន៍​របស់​ខ្មែរក្រោម ដែល​ស្រឡាញ់​សន្តិភាព​និង​យុត្តិធម៌ ។​
  • ​ពណ៌​ក្រហម​នៅ​ខាងក្រោម ជា​និមិត្តរូប នៃ​វីរភាព អង់អាច​ក្លាហាន របស់​វីរជន ខ្មែរក្រោម ដែល​ហ៊ាន​បូជាជីវិត​ខ្លួន​ដើម្បី​ជាតិរស់ ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​តស៊ូ​របស់​ខ្មែរក្រោម​នៅ​ជុំវិញ​ពិភព ដែលមាន​មូលដ្ឋាន​ក្រៅ ប្រទេស ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​ស្វែងរក​សិទ្ធិ​សម្រេច វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពលរដ្ឋ​ខ្មែរក្រោម​ជា​ជនជាតិដើម​នៃ​ដែនដី​កម្ពុជា​ក្រោម សព្វ ថ្ងៃ ៕

Comments are closed.