សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងរៀបចំសាខានៅ Long Beach និង San Bernardino នៃរដ្ឋ California
ដោយ ស៊ឺន ចែងចើន l VOKK
ប្រធានតំបន់ភាគខាងលិចសហរដ្ឋអាមេរិក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋកាលីហ្វ័រញ៉ា ភាគខាងត្បូង សហរដ្ឋអាមេរិក គ្រោងនឹងរៀបចំចងក្រង នូវរចនាសម្ព័ន្ធ នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡងបិច និង ទីក្រុងសាន់បើណាឌីណូ ឡើងវិញ នៅថ្ងៃសៅរ៍ និងអាទិត្យ ទី ២៧ និង ២៨ ខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ ។
យោងតាមសេចក្ដីជូនដំណឹងមួយរបស់ លោក ថាច់ តង ប្រធានតំបន់ភាគខាងលិចសហរដ្ឋ អាមេរិកនៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ថា ពិធីនេះធ្វើឡើង ដើម្បីពង្រឹង និងពង្រីក សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងស្មារតីស្នេហាជាតិ គាំទ្រនូវចលនា តស៊ូ ដោយអហិង្សា របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកំពុងតែតស៊ូ លើឆាកអន្តរជាតិ ដើម្បីទាមទារសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងពីនឹមអាណានិគមយួន សព្វថ្ងៃ ។
កិច្ចប្រជុំនេះ ក៏បានអញ្ជើញ គណៈកម្មការនាយកនៃសហព័ន្ធខ្មែរកម្ពុជាក្រោមមួយចំនួនអង្គ និង រូបចូលរួម ផងដែរ ។ គណៈកម្មការនាយកនឹងចូលរួមរួមមាន លោក ប្រាក់ សេរីវុឌ្ឍ ជាប្រធានប្រតិបត្តិ លោក ត្រឹង ម៉ាន់រិន ជាប្រធានផែនការ លោក ម៉ៅ មុនី ជាអនុប្រធាន លោក សឺង ហួរ អគ្គលេខាធិការ ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ប្រធាននាយកដ្ឋានព័ត៌មាន និង លោក សឺង សម្រេច ជាទីប្រឹក្សា ។ ក្រៅពីនេះ ក៏មានគណៈកម្មការសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose ដឹកនាំដោយ លោក ថាច់ ជូន និង សមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម មួយចំនួនទៀតនៅក្នុងតំបន់មួយនេះ ចូលរួម ផងដែរ ។