សន្និបាត​ប្រចាំឆ្នាំ និង​ជ្រើសរើស​ប្រធាន​ថ្មី របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម

0 621

ដោយ ស៊ឺន ចែងចើន| VOKK

លេខាធិការដ្ឋាន ដែលជា​បណ្តុំ​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​នៅ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី ១១ ខែកុម្ភៈ នេះ បានរៀបចំ​សន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ ២០១៧ ប្ដូរ​វេន​ប្រធាន​លេខាធិការដ្ឋាន និង​លើក​ផែនការ​ឆ្នាំ ២០១៨ ។​

​អង្គសន្និបាត ប្រព្រឹត្តទៅ​ពេញ​មួយ​ព្រឹក​របស់​លេខាធិការដ្ឋាន ធ្វើឡើង​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ស្ថិតនៅ​សហគមន៍​បុរី​ព្រៃនគរ ភូមិ​គោក​ឃ្លាំង សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​មានការ​និមន្ត និង​អ​ញ្ចើ​ញ​ចូលរួម​របស់​ព្រះសង្ឃ ពលរដ្ឋ​ខ្មែរក្រោម សមាជិក សមាជិកា ថ្នាក់ដឹកនាំ និង​តំណាង​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ទាំង ១២ ដែលជា​សមាជិក​របស់​លេខាធិការដ្ឋាន ប្រមាណ ៥០ អង្គ និង​រូប ។​

​នេះ​ជា​លើក​ទី ៧ ហើយ ដែល​លេខាធិការដ្ឋាន​នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា បានរៀបចំ​ឲ្យ​មាន​សន្និបាត​ឡើង បន្ទាប់ពី​ស្ថាប័ន​មួយ​នេះ ត្រូវបាន​បង្កើតឡើង នៅ​ចុងឆ្នាំ​២០១១ ។ សន្និបាត​ប្រចាំ​ឆ្នាំនេះ បានធ្វើការ​បូកសរុប​សមិទ្ធផល ដែល​បានធ្វើ​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅ ការកែទម្រង់​គោលនយោបាយ​មួយចំនួន និង​រៀបចំ​គម្រោង​ផែនការ សម្រាប់​អនុវត្ត​ឆ្នាំ ២០១៨ ដោយ​ក្នុងនោះ ក៏មាន​ពង្រីក​ការទំនាក់ទំនង​ប្រទេស​ក្នុង​តំបន់ និង​អន្តរជាតិ​បន្ថែមទៀត ។​

លោក សឺ​ន ជុំ​ជួន ប្រធាន​​លេខាធិការដ្ឋានអាណត្តិចាស់ ឡើងរាយការណ៍សកម្មភាពការងារឆ្នាំ ២០១៧ ជូនអង្គសន្និបាត ។ រូបថតៈ ស៊ឺន ចែងចើន
លោក សឺ​ន ជុំ​ជួន ប្រធាន​​លេខាធិការដ្ឋានអាណត្តិចាស់ ឡើងរាយការណ៍សកម្មភាពការងារឆ្នាំ ២០១៧ ជូនអង្គសន្និបាត ។ រូបថតៈ ស៊ឺន ចែងចើន

​លោក សឺ​ន ជុំ​ជួន ជា​ប្រធាន​លេខាធិការដ្ឋាន ដែល​ផុត​អាណត្តិ បាន​ឡើង​ធ្វើ​របាយការណ៍ ស្តីពី​សកម្មភាព​ឆ្នាំ ២០១៧ ដែល​ដឹកនាំ​ដោយ​រូបលោក ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងទៅនេះ ។ លោក​បានលើកឡើង តាមរយៈ​របាយការណ៍​រូបភាព​ថា ក្នុង​ឆ្នាំ ២០១៧ កន្លងមកនេះ លេខាធិការដ្ឋាន​សម្រេច​បាន​សមិទ្ធផល​ជាច្រើន រួមមាន សកម្មភាព​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​, ការបើក​វគ្គ​បណ្តុះបណ្តាល ស្តីពី​សិទ្ធិមនុស្ស ការតស៊ូ​មតិ ដល់​ពលរដ្ឋ​ខ្មែរក្រោម នៅ​ខេត្តតាកែវ ខេត្ត​ពោធិ៍​សាត ខេត្តសៀមរាប​, ការចែករំលែក​បទពិសោធ​ន៍​ទាក់ទិន នឹង​បញ្ហា​ប្រឈម​របស់​ខ្មែរក្រោម ទៅដល់​អង្គការ​ជាតិ និង​អន្តរជាតិ​, ការតស៊ូ​មតិ និង​កិច្ច​អន្តរាគមន៍​ទៅលើ​ករណី​ព្រះតេជព្រះគុណ មាស វិចិត្រ និង​ករណី​ភាពស្របច្បាប់​របស់​ខ្មែរក្រោម នៅ​ខេត្តសៀមរាប​, សកម្មភាព​បញ្ហា​របស់​ខ្មែរក្រោម តា​រយៈ​សារព័ត៌មាន មាន​ជាអាទិ៍​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​របាយការណ៍​ស្រាវជ្រាវ​បញ្ហា​របស់​ខ្មែរក្រោម នៅ​កម្ពុជា​, កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ជា​ដៃគូ​, កិច្ចការ​វប្បធម៌ និង​សង្គមកិច្ច ដោយបាន​ចុះទៅ​សួរសុខទុក្ខ លោកស្រី ព្រំ យ៉ាង អតីត​នាយិកា អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម រៃអង្គាស​ថវិកា សម្រាប់​ទូក ង ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ ចូលរួម​ពិធីបុណ្យ​ផ្សេងៗ ជួយ​រៃអង្គាស​ថវិកា ជូន​ដល់​ព្រះសង្ឃ​ខ្មែរក្រោម ដែល​រងគ្រោះ​ជាប់ពន្ធនាគា​រ ចូលរួម​ពិធី​ប្រគេន​អាហារូបករណ៍​របស់​ស​ម្ព័​ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​, ការចូលរួម​សកម្មភាព​ការងារ​សង្គម មានដូចជា ចូលរួម និង​រៀបចំ​ពិធី​ខួប​ព្រះតេជព្រះគុណ អ៊ាង សុខ​ធឿន ដែល​សុគត​ដោយ​អា​ថ៍កំ​បាំង ទិវា ៤ មិថុនា ទិវា​ជនជាតិដើម ចូល​រួ​ក​សិក្ខាសាលា កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ភ្ជាប់​ជាមួយ​កម្ពុជា​ក្រោម ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ។​ល​។​

​លោក​ក៏បាន​បញ្ជាក់ដែរថា ចំពោះ​សកម្មភាព​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ ជាពិសេស​នៅ​ប្រទេស​ចិន គឺ​លោក​បាន​អញ្ជើញ​ទៅដោយ​ផ្ទាល់ ដើម្បី​ធ្វើ​បទ​បង្ហាញ​អំពី​បញ្ហា​របស់​ខ្មែរក្រោម ដល់​ក្រុម​សាស្ត្រាចារ្យ នៅក្នុង​សាកលវិទ្យាល័យ​មួយ​របស់​ចិន ដែល​សាលា​នេះ មាន​តួនាទី​ផ្សព្វផ្សាយ​នូវ​វប្បធម៌ និង​អា​រិ​យ​ធម៌​របស់​ក្រុម​ជនជាតិ នៅ​តំបន់​អាស៊ី ។​

​បន្ទាប់ពី​អង្គសន្និបាត បាន​ស្តាប់​នូវ​របាយការណ៍​របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នានា​បាន​ឡើង​ធ្វើ​សេចក្ដីរាយការណ៍ ស្តីពី​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​របស់ខ្លួន ដើម្បី​ជម្រាប​ដល់​អ្នកចូលរួម​សន្និបាត​បាន​ជ្រាប​រួចមក ។ លោក តាំង សារៈ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា បានប្រកាស​តែងតាំង​លោក ប៊ុន មុនី ហៅ ថាច់ ឡែ​ន ជា​ប្រធាន​លេខាធិការដ្ឋាន​អាណត្តិ​ទី ៧ សម្រាប់​ឆ្នាំ ២០១៨ ។

ភ្លាមៗ ក្រោយ​ប្រកាស​ឲ្យ​ចូលកាន់​តំណែង ប្រធាន​លេខាធិការដ្ឋាន​អាណត្តិ​ថ្មី​រូបនេះ បាន​ឡើង​ប្តេជ្ញាចិត្ត​ថា នឹង​បំពេញភារកិច្ច​របស់ខ្លួន​ឲ្យ​កាន់តែ​សកម្ម និង​បន្ត​រាល់​សកម្មភាព​ការងារ ឬ​គម្រោង​ផែនការ​ណា ដែល​មិនទាន់​សម្រេច​ពី​ប្រធាន​ចាស់ និង​យកមកអនុវត្ត​នៅក្នុង​ឆ្នាំ​ខាងមុខ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម និងជាប្រធាន​លេខាធិការដ្ឋាន​ ជាប់ឆ្នោតអាណត្តិ​ថ្មី ។ រូបថតៈ ស៊ឺន ចែងចើន
លោក ប៊ុន មុនី ប្រធាន​មិត្តសមាគម​ខ្មែរ​កម្ពុជាក្រោម និងជាប្រធាន​លេខាធិការដ្ឋាន​ ជាប់ឆ្នោតអាណត្តិ​ថ្មី ។ រូបថតៈ ស៊ឺន ចែងចើន

អង្គសន្និបាត បាន​បន្ត​កិច្ចពិភាក្សា ដោយ​ផ្តោតទៅលើ​ការកែទម្រង់​គោលនយោបាយ​មួយចំនួន ការដាក់​ទិសដៅ​សម្រាប់​ឆ្នាំ ២០១៨ ការបង្កើត​ផែនការ​រួម​សម្រាប់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ ។ ក្រៅពីនេះ សន្និបាត​ក៏បាន​លើកឡើង ពី​ការ​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ និង​មធ្យោបាយ​ដើម្បី​ស្វែងរក​មូលនិធិ​ទ្រទ្រង់​ទាំងនោះ​ផង ។ បន្ថែម​ពីលើ​នេះ សន្និបាត នឹងធ្វើ​ការផ្លាស់ប្ដូរ​រ​ច​នា​សម្ព័ន្ធ​ការងារ ការពង្រឹង​សមត្ថភាព​សមាជិក​សកម្ម ដែលមាន​ស្រាប់ និង​ការលើកទឹកចិត្ត​ឲ្យ​ព្រះសង្ឃ និង​និស្សិត​ខ្មែរក្រោម ដែលមាន​សមត្ថភាព​ចូលរួម​ឲ្យ​បាន​ច្រើន​ក្នុង​សកម្មភាព​ការងារ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។

​លើស​ពីនេះ ផែនការ​សកម្មភាព សម្រាប់​នៅ​កម្ពុជា​ក្រោម លេខាធិការដ្ឋាន នឹង​បន្ត​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ទាន់សភាពការណ៍ សម្រាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រង​ការរំលោភ​សិទ្ធិ ការធ្វើ​ទុក​បុក​ម្នេញ និង​បញ្ហា​ផ្សេងៗ ទៀត ដែល​ខ្មែរក្រោម​កំពុង​ប្រឈម ។ ចំណែក នៅ​កម្ពុជា​វិញ លេខាធិការដ្ឋាន នឹង​បន្ត​ដោះស្រាយ​បញ្ហាលំបាក ដែល​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​ជួបប្រទះ និង​បន្ត​ស្វែងរ​កិច្ច​អន្តរាគមន៍ ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់​ភាពស្របច្បាប់ ដល់​ពលរដ្ឋ​ខ្មែរក្រោម នៅពេល​ពួកគាត់​ឡើងមក​រស់នៅ​ប្រទេស​កម្ពុជា ។​

​គួរ​ជម្រាបជូន​ថា លេខាធិការដ្ឋាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម តែង​ធ្វើ​ពិធី​ប្តូរ​វេន​ប្រធាន​មួយឆ្នាំ​ម្តង ដោយ​ធ្វើការ​ជ្រើសរើស​ប្រធាន​មួយរូប មកពី​អង្គការ សមាគម ឬ​ស្ថាប័ន​ជា​សមាជិក មកកាន់​តំណែង ជា​ប្រធាន​លេខាធិការដ្ឋាន ។ នៅ​ឆ្នាំ ២០១៧ លោក សឺ​ន ជុំ​ជួន ប្រធាន​បណ្តាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​នាយក​កម្មវិធី​នៃ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ត្រូវបាន​ជ្រើសតាំង​ជា​ប្រធាន​លេខាធិការដ្ឋាន សម្រាប់​អាណត្តិ​ទី ៦ ។​

​សូម​បញ្ជាក់ដែរថា លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជា​ស្ថាប័ន​មួយ​បង្កើតឡើង ដើម្បី​ទទួលបន្ទុក​ចាត់ចែង​ការងារ​រួម​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មធ្យោបាយ​យ​បម្រើ​ឲ្យ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំងអស់ ធ្វើការ​ដោយ​ឈរលើ​គោលនយោបាយ​ខ្មែរ​កម្ពុជា​ក្រោម​រួម​តែមួយ ។​

​លេខាធិការដ្ឋាន​នេះ បាន​បង្កើតឡើង កាលពី​ឆ្នាំ ២០១១ ដោយមាន​ការចូលរួម​របស់​អង្គការ សមាគម និង​ស្ថាប័ន​ចំនួន ១១ ។ ស្ថាប័ន ដែលជា​តំណាង​របស់​ពលរដ្ឋ​ខ្មែរក្រោម មាន​មូលដ្ឋាន នៅ​ព្រះរាជាណាចក្រ​កម្ពុជា ទាំងនោះ​រួមមាន ៖

  • ១ សមាគម​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​
  • ២ សម្ព័ន្ធ​សមណ​និស្សិត​-​និស្សិត​ខ្មែរ​កម្ពុជា​ក្រោម​
  • ៣ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម​
  • ៤ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង អភិវឌ្ឍន៍​
  • ៥ សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​
  • ៦ មូលនិធិ​សម្រាប់​អ្នកក្រីក្រ​
  • ៧ អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​អភិវឌ្ឍន៍​
  • ៨ មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម​
  • ៩ កម្មវិធី​បណ្ដាញ​យុវជន​ខ្មែរ​កម្ពុជា​ក្រោម​
  • ១០ សារព័ត៌មាន​ព្រៃនគរ​
  • ១១ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម​

រូបភាពខ្លះៗ នៃអង្គសន្និបាត​ប្រចាំឆ្នាំ​របស់​លេខាធិការដ្ឋាន​​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។ រូបថតៈ ស៊ឺន ចែងចើន

Leave A Reply

Your email address will not be published.