សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត រង​ការ​កោះហៅ​ទៅ​សួរនាំ ករណី​ចែកចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​

0 421

ដោយ ស៊ឺន ចែងចើន

យុវជន​ខ្មែរក្រោម​ម្នាក់ទៀត​ហើយ ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​វៀតណាម ស្រុក​ផ្នោ​ដាច់​នៃ​ខេត្ត​ព្រះត្រពាំង កោះហៅ​ទៅ​សាកសួរ ជុំវិញ​ការ​បង្ហោះ​សារ និង​ចែករំលែក​ព័ត៌មាន​បន្ត តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ។ យុវជន តោ ហ្វាង ចឿង (To Hoang Chuong​) ឲ្យដឹង​ថា នៅ​វេលា​ម៉ោង ១ រសៀល ថ្ងៃទី ៨ មិថុនា នេះ លោក នឹង​ចូល​ទៅ​បំភ្លឺ នៅ​ចំពោះ​អាជ្ញាធរ​វៀតណាម ដែល​ចោទ​រូបលោក​ថា បង្ហោះ​ឯកសារ​ក្លែងក្លាយ និង​លិខិត​មួយ​ច្បាប់​ខុសពី​ប្រវត្តិសាស្ត្រ​ពិត​របស់​ប្រទេស​វៀតណាម ។

លិខិត​កោះហៅ​យុវជន តោ ហ្វាង ចឿង ទៅ​សួរនាំ ករណី​ចែកចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​
លិខិត​កោះហៅ​យុវជន តោ ហ្វាង ចឿង ទៅ​សួរនាំ ករណី​ចែកចាយ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​

លោក តោ ហ្វាង ចឿង នៅ​ភូមិ​មេ​រង​ថ្មី ឃុំ​មេ​រង​ថ្មី ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះត្រពាំង នៃ​ដែនដី​កម្ពុជាក្រោម កាលពី​ថ្ងៃទី ៣១ ខែឧសភា បាន​បង្ហោះ​ឯកសារ​មួយ​ច្បាប់ ដោយ​លើកឡើង​ថា ជា​លិខិត​របស់​លោក ហូ ជី​មិញ ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ផ្ញើ​ជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ ។

យោង​តាម​លិខិត​នោះ លោក ហូ ជី​មិញ បាន​សរសេរ​ថា «ដែនដី​កម្ពុជាក្រោម​នេះ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង និង​ជា​កម្មសិទ្ធិ​របស់​ប្រជាជាតិ​ខ្មែរក្រោម» ។ លិខិត​ដដែល​នោះ បាន​បញ្ជាក់​ថា «ជាមួយ នឹង​ការពិត​នោះ ជនជាតិ​វៀតណាម ដែល​រស់នៅ​លើទឹក​ដី​កម្ពុជាក្រោម គ្រាន់តែ​ជា​អ្នក​ស្នាក់អាស្រ័យ​ប៉ុណ្ណោះ គ្មាន​សិទ្ធិ​សម្រេច​អ្វី​ឡើយ ទាក់ទង នឹង​អធិបតេយ្យ​ភាព និង​សិទ្ធិ​ធ្វើជា​ម្ចាស់ការ នៅ​លើទឹក​ដី​នេះ» ។

លិខិត​អះអាងថា សរសេរដោយដៃលោក ហូ ជី​មិញ ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ផ្ញើ​ជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ ។
លិខិត​អះអាងថា សរសេរដោយដៃលោក ហូ ជី​មិញ ជា​ប្រធាន​រដ្ឋ​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ផ្ញើ​ជូន​ប្រជាជាតិ​ខ្មែរក្រោម នៅ​ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ១៩៤៥ ។

ជុំវិញ​ករណីនេះ​ដែរ ទំព័រ​ហ្វ​សប៊ុ​កមួយ​ឈ្មោះ Vì Dân Phục Vụ បាន​ចេញ​សេចក្តី​បំភ្លឺ និង​បដិសេធន៍​នូវ​អ្វី​ដែល​ហៅថា លិខិត​របស់​លោក លោក ហូ ជី​មិញ ផ្ញើ​ជូន​ប្រជាជន​ខ្មែរក្រោម ដែល​លោក លោក តោ ហ្វាង ចឿង ​បាន​បង្ហោះ នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក ថា​ជា​ព័ត៌មាន​មិន​ពិត ។ ទំព័រ​ហ្វ​សប៊ុ​កដ​ដែល​នេះ បាន​ធ្វើការវិភាគ ដោយ​យោង​តាម​ព្រឹត្តិ​ការណ៍​ចំនួន ៣ (ភ្ជាប់​រូបភាព Screenshot ខាងក្រោម ) មក​បញ្ជាក់​ថា មិនមែន​ជា​លិខិត​របស់​លោក ហូ ជី​មិញ ឡើយ ។

គួរ​ជម្រាប​ជូន​ថា ករណី​កោះហៅ​ពលរដ្ឋខ្មែរ​ក្រោម លោក តោ ហ្វាង ចឿង ទៅ​សួរនាំ​នេះ មិនមែន​ជា​ករណី​លើកទីមួយ​នោះ​ទេ ជា​រឿយ​ៗ អាជ្ញាធរ​វៀតណាម តែងតែ​កោះហៅ​រូបលោក​ទៅ​សួរចម្លើយ​ជាបន្តបន្ទាប់ ព្រោះតែ​លោក​ហ៊ាន​បញ្ចេញមតិ​ពាក​ព័ន្ធ នឹង​រឿង​ខ្មែរក្រោម នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​អាជ្ញាធរ​វៀតណាម ក៏​ចោទ​លោក​ពី​បទ ប្រឆាំង នឹង​រដ្ឋ​ភិបាល ឬមាន​ទំនាក់ទំនង នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ដែល​មាន​មូលដ្ឋាន នៅ​ក្រៅប្រទេស ៕

​សេចក្តី​បំភ្លឺ និង​បដិសេធ​ន៍ ដោយទំព័រហ្វេសប៊ុកឈ្មោះ Vì Dân Phục Vụ

Leave A Reply

Your email address will not be published.