ភាគហ៊ុន​ក្រុមហ៊ុន Asiana ធ្លាក់​ថ្លៃ ក្រោយ​ជួប​គ្រោះថ្នាក់

0 260

ភាគហ៊ុន​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Asiana របស់​ប្រទេស​កូរ៉េខាងត្បូង បាន​ធ្លាក់ចុះ ៦,៤ ភាគរយ​កាលពី​ថ្ងៃ ចន្ទ ទី ០៨ ខែកក្កដា ម្សិលមិញ​នេះ បន្ទាប់ពី​យន្តហោះ​មួយ​ក្នុងចំណោម​យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​នេះ​បាន ជួបប្រទះ​នឹង​គ្រោះថ្នាក់​នៅ​អាកាសយានដ្ឋាន សាន​ហ្វ្រា​ន​ស៊ី​ស្កូ កាលពី​ថ្ងៃ​សៅរ៍ ទី ០៦ ខែកក្កដា នេះ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ពីរ​នាក់​បាត់​បង់ជីវិត និង ១៨២ នាក់​រងរបួស ។​

យន្ត​ហោះ ប៊ូ​អ៊ីង 777 របស់​ក្រុម​ហ៊ុន Asiana ដេក​នៅកន្លែង​ធ្លាក់​ពេល​ចុះចត​ ដោយ​ឆេះ​ខ្លោច​លើ​ខ្នង​នៅក្នុង​ព្រ​លាន​យន្ត​ហោះសានហ្វ្រានស៊ី​ស្កូ។ AFP
យន្ត​ហោះ ប៊ូ​អ៊ីង 777 របស់​ក្រុម​ហ៊ុន Asiana ដេក​នៅកន្លែង​ធ្លាក់​ពេល​ចុះចត​ ដោយ​ឆេះ​ខ្លោច​លើ​ខ្នង​នៅក្នុង​ព្រ​លាន​យន្ត​ហោះសានហ្វ្រានស៊ី​ស្កូ។ AFP

​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​មានតម្លៃ ៤.៧៩០​វ៉ុ​ន (៤,១៥ ដុល្លារ​) ក្នុង​មួយ​ហ៊ុន នៅ​ម៉ោង​ជួញដូរ​ពេល​រសៀល ។​

​ក្រុមការងារ​ស៊ើបអង្កេត កំពុង​ស្វែងរក​មូលហេតុ​នៃ​គ្រោះថ្នាក់​យន្តហោះ​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ​ដែល​បានធ្វើ​ឲ្យ​សិស្សសាលា​ជនជាតិ​ចិន​ពីរ​នាក់​បាត់​បង់ជីវិត រួមទាំង​កំហុស​របស់​អ្នកបើកបរ​យន្តហោះ​ផង ។​
​ទោះជា​មានការ​ធ្លាក់ចុះ​ខ្លាំង​នៃ​តម្លៃ​ភាគហ៊ុន​ក្តី ក៏​លោក Bae Sung-Young អ្នកវិភាគ​ប្រចាំ​ក្រុមហ៊ុន Hyu-ndai Securities ថ្លែងថា សោកនាដកម្ម​នេះ ទំនងជា​មិនមាន​ផលប៉ះពាល់​រយៈពេល​យូរ​មកលើ​ក្រុមហ៊ុន​នេះ​ទេ ។​

​សូមបញ្ជាក់ថា យន្តហោះ​ដឹក​អ្នកដំណើរ​ម៉ាក ប៊ូ​អ៊ីង 777 របស់​ក្រុមហ៊ុន​អាកាសចរណ៍ Asiana បាន​ធ្លាក់ និង​ផ្ទុះ​ឆេះ​កាលពី​ថ្ងៃ​សៅរ៍ ខណៈ​យន្តហោះ​នេះ​បាន​ចុះចត​ខុសផ្លូវ​រត់​នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ​សាន​ហ្វ្រា​ន​ស៊ី​ស្កូ​សហរដ្ឋអាមេរិក ដោយ​សម្លាប់​មនុស្ស​ពីរ​នាក់ និង ១៨១ នាក់​ទៀត​បាន​រងរបួស ។​

​ក្រុម​អ្នកស៊ើប​អង្កេត​បាន​និយាយថា ពួកគេ​មិនអាច​ផ្តល់​ការពន្យល់​ចំពោះ​ការធ្លាក់​របស់​ជើងហោះហើរ ២១៤ នេះ​ដែល​ផ្ទុក​មនុស្ស​ចំនួន ៣០៧ នាក់ ក្នុងនោះ មាន​អ្នកដំណើរ ២៩១ នាក់ និង​ក្រុម​យានិក ១៦ នាក់ នៅពេល​វា​បាន​ហោះ​ចេញពី​ទីក្រុង​សេ​អ៊ូ​ល កូរ៉េខាងត្បូង បានទេ ។​

​ក្នុង​សេចក្ដី ថ្លែងការណ៍​ក្រុមហ៊ុន​អាកាសចរណ៍ Asiana បាន​និយាយថា ក្នុងចំណោម​អ្នក​នៅលើ​យន្តហោះ​មាន​ពលរដ្ឋ​កូរ៉េ​ចំនួន ៧៧ នាក់ ចិន​១៤១ នាក់ អាមេរិក ៦១ នាក់ និង​ជប៉ុន​ម្នាក់ ។​
​មន្ទីរពេទ្យ​ទូទៅ​ក្នុង​ក្រុង​សាន​ហ្វ្រា​ន​ស៊ី​ស្កូ​បាន​និយាយថា ខ្លួន​កំពុង​ព្យាបាល​អ្នកជំងឺ​ចំនួន ៣៤ នាក់ ដោយ​ក្នុងនោះ​៥ នាក់​ស្ថិតក្នុង​សភាព​ធ្ងន់ ៕ PN/ AFP/BP

Leave A Reply

Your email address will not be published.