អូស្ត្រាលីប្រារព្ធសប្តាហ៍ប្រជាពលរដ្ឋជនជាតិដើមអូស្ត្រាលីលើកទី ៥០
ប្រារព្ធសប្តាហ៍ប្រជាពលរដ្ឋជនជាតិដើមអូស្ត្រាលីលើកទី៥០ នៅទូទាំងប្រទេសអូស្ត្រាលីនាសប្តាហ៍នេះ នឹងឆ្លុះបញ្ចាំងអំពីការទទួលស្គាល់សិទ្ធិជាម្ចាស់ទឹកដីរបស់ជនជាតិដើមអូស្ត្រាលី។

ដើម្បីអបអរសប្តាហ៍ប្រជាពលរដ្ឋជនជាតិដើមអូស្ត្រាលីឆ្នាំនេះ នឹងមានកម្មវិធីវប្បធម៌មួយចំនួន ដូចជាកម្មវិធីផ្តល់រង្វាន់, ការលើកទង់និម្មិតរូប, សុន្ទរកថា, ការតាំងពិព័រណ៍ និងកម្មវិធីតាមសាលារៀនជាដើម ។
កាលពីឆ្នាំ ១៩៦៣ សហគមន៍ជនជាតិនៅតំបន់ Yirrkala ក្នុងភាគខាងជើងអូស្ត្រាលីបានដាក់ញត្តិ បានទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលី ទទួលស្គាល់សិទ្ធិជាម្ចាស់ទឹកដីរបស់ជនជាតិដើមទាំងនោះ ។
ញត្តិទាមទារដែលចារនៅលើសំបកឈើនោះ គឺជាឯកសារតាមបែបប្រពៃណីដំបូងបំផុត ដែលច្បាប់អូស្ត្រាលីបានទទួលស្គាល់។
បណ្ឌិត Tom Calma មកពី អង្គការ Reconciliation Australia ដែលជាអង្គការដើម្បីផ្សះផ្សារគ្នាដោយសាររឿងពីអតីតកាលនិងដើម្បីរឹតចំណងទំនាក់ទំនងរវាងពលរដ្ឋជនជាតិដើមអូស្ត្រាលី និងប្រជាពលរដ្ឋទាំងអស់របស់អូស្ត្រាលី មានប្រសាសន៍ថា ការទទួលស្គាល់ញត្តិនៅឆ្នាំ ១៩៦៣ គឺជាការបើកទំព័រប្រវត្តិសាស្ត្រមួយទាក់ទងនឹងសិទ្ធិមិនភាពជាម្ចាស់ដីតាមទំនៀមទម្លាប់ប្រពៃណីពលរដ្ឋជនជាតិដើម ៕