ខ្មែរកម្ពុជាក្រោម នៅអូស្ត្រាលីធ្វើបាតុកម្មតវ៉ាទាក់ទងនឹងសិទ្ធិមនុស្ស
ដោយ ថាច់ ប្រីជា គឿន | សារព័ត៌មាន ព្រៃនគរ
ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមនៅប្រទេសអូស្ត្រលី នៅថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០១៣ បាននាំគ្នាចេញធ្វើ បាតុកម្ម ដើម្បីជម្រុញឲ្យរដ្ឋាភិបាលវៀតណាមដោះលែងព្រះសង្ឃនៅខេត្តឃ្លាំង ដែលទើបតែត្រូវបានអាជ្ញាវៀត ណាម ចាប់ផ្សឹក និងដាក់គុក កាលពីខែឧសភា កន្លងទៅនេះ ។
នៅទីក្រុង Canberra ប្រទេសអូស្ត្រាលីថ្ងៃនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានផ្តួចផ្តើមឲ្យមានជាបាតុកម្មមួយ ដែលមានមនុស្សចូលរួមប្រមាណជា ២៣០ នាក់ មកពីរដ្ឋនានា ក្នុងប្រទេសអូស្ត្រាលី ។
នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា នេះ បន្ទាប់ពីការធ្វើបាតុកម្មរយៈពេល ១ ម៉ោង ក្រុមអ្នកគាំទ្រខ្មែរក្រោម បានដង្ហែក្បួននាំញត្តិ ទៅកាន់ស្ថានទូតនានា រួមទាំងស្ថានទូតខ្មែរប្រចាំនៅអូស្ត្រាលី និងសភាប្រទេសអូស្ត្រាលីផងដែរ ។
នៅម៉ោងប្រមាណជា ១០:៣០ នាទីព្រឹក ម៉ោងក្នុងប្រទេសអូស្ត្រាលី ទីក្រុង Canberra លោក លឹម ថា តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំប្រទេសអូស្ត្រាលី និងនូវែលស្សេឡង់បានរៀបរាប់អំពីគោលសេចក្តីសំខាន់ៗក្នុងញត្តិ ដែលមានចំនួន ១៣ ទំព័រ ដូចជាការទាមទារឲ្យវៀតណាម ប្រគល់ខ្មែរកម្ពុជាក្រោមដែលបានបាត់ខ្លួន និង ដោះលែងព្រះសង្ឃខ្មែរក្រោមឲ្យមានសេរីភាព ។ នៅក្នុងញត្តិនោះ ក៏បង្ហាញផងដែរនូវការមិនសុខចិត្តចំពោះទង្វើរបស់រដ្ឋាភិបាលវៀតណាម ដោយលើកឡើងថា វៀតណាមបានបំពានលើសិទ្ធិ សេរីភាពរបស់ខ្មែរកម្ពុជាក្រោម ។
សូមជម្រាបថាបាតុកម្ម និងការដាក់ញត្តិនៅអូស្ត្រាលីនេះ ធ្វើឡើងស្របគ្នានឹងខួប ៦៤ ឆ្នាំ នៃទិវាបារាំងកាត់ដែនដីកម្ពុជាក្រោម ឬ កូស័ងស៊ីន ឲ្យទៅវៀតណាមកាន់កាប់ ក្នុងឆ្នាំ ១៩៤៩ ។ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី មិនបានទទួលយកញតិ ដែលបានដាក់ជូននោះទេ ៕