អាជ្ញាធរ និងក្រុមហ៊ុនយួន ឃុបឃិតគ្នាបន្លំឯកសារយកដីរបស់ពលរដ្ឋខ្មែរក្រោម នៅខេត្តក្រមួនស
ដោយ ស៊ឺន ចែងចើន
ពលរដ្ឋខ្មែរក្រោម នៅស្រុកភ្នំដី (Hòn Đất) ខេត្តក្រមួនស ចោទអាជ្ញាធរវៀតណាម និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តនេះ ថា បានឃុបឃិតជាមួយឈ្មួញលួចធ្វើប្លង់កម្មសិទ្ធិដីធ្លី រំលោភយកដីលំនៅឋាន ដែលកំពុងរស់នៅ និងអាស្រ័យផល តាំងពីដូនតារបស់ពួកគាត់មក ។
យោងតាមគណនីហ្វេសប៊ុក (Facebook) របស់ប្រជាពលរដ្ឋខ្មែរក្រោម ដែលរងគ្រោះ ពីការរំលោភយកដី បានបង្ហោះវីដេអូ អមដោយសារផង នៅព្រឹកថ្ងៃទី ១០ ខែតវិច្ឆិកា ឆ្នាំ ២០២២ នេះ លើកឡើងថា អាជ្ញាធរវៀតណាម នៅស្រុកភ្នំដី បញ្ជូនកម្លាំងសមត្ថកិច្ចចម្រុះច្រើននាក់ប្រដាប់ដោយដំបង និងក្រុមជនអន្ធពាលផង មកចាប់ម្តាយ និងប្អួនរបស់ខ្លួន នាំយកទៅការិយាល័យនគរបាលស្រុក ។ ម្ចាស់គណនីហ្វេសប៊ុកដដែល ក៏បានបង្ហោះនូវរូបភាព នៃ អំពើហិង្សាបង្កឡើងដោយអាជ្ញាធរ និងក្រុមជើងកាងវៀតណាម មកលើពលរដ្ឋខ្មែរក្រោម ជាជនរងគ្រោះផង ។
បើតាមក្រុមគ្រួសារជនរងគ្រោះ អះអាងថា ពួកគេធ្លាប់ប្តឹងផ្តល់ក្រុមហ៊ុនវៀតណាម ឈ្មោះមេគង្គ (Công Ty Cổ Phần Đầu Tư Xây Dựng – Khoáng Sản Mê Kông) ដែលធ្វើអាជីវកម្មរ៉ែសំណង់ និងកិនថ្ម ទៅតាមផ្លូវតុលាការជាង ២ ឆ្នាំមកហើយ ប៉ន្តែ តុលាការវៀតណាម នៅខេត្តក្រមួនស មិនបានចាត់ការលើពាក្យបណ្តឹង ដើម្បីរកដំណោះស្រាយជូនពួកគាត់ឡើយ ។
ក្រុមគ្រួសារជនរងគ្រោះ អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ច ឲ្យជួយពន្លឿនដោះស្រាយរឿងបញ្ហាដីធ្លី និងត្រូវអនុវត្តឲ្យមានមានភាពស្មើគ្នា ខណៈជម្លោះដីធ្លីរបស់ពួកគាត់កន្លងមកនេះ តុលាការចាត់ការ ទៅលើតែខាងក្រុមឈ្មួញអ្នកមានអំណាច ។