កម្ពុជាក្រោមសិទ្ធិមនុស្ស អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម មួយអង្គ ដោយមិនទាន់បញ្ជាក់អំពីមូលហេតុ By សារព័ត៌មាន ព្រៃនគរ On Sep 3, 2021 0 166 Share ដោយ កញ្ញា ខាន់ លក្ខិណា & កញ្ញា ឆន រស្មី | VOD Khmer អង្គការខ្មែរកម្ពុជាក្រោមមួយ បានអះអាងថា អាជ្ញាធរកម្ពុជា បានឃាត់ព្រះកាយព្រះសង្ឃខ្មែរក្រោម មួយអង្គ ព្រះនាម ប៉ាង សុដា ដែលជាព្រះចៅអធិការវត្ត វង្គត់បុរីភ្នំពេញ (ហៅវត្តភ្នំពេញថ្មី) ស្ថិតនៅភូមិដូនបុស ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម កាលពីម្សិលមិញ ដោយមិនទាន់បញ្ជាក់ពីមូលហេតុ ។ ព្រះតេជព្រះគុណ ប៉ាង សុដា និមន្តចូលរួមពិធីចងដៃព្រះចៅអធិការ ព្រះពហុស្សូតឆ្វេង-ស្តាំ និងតែងតាំងគណៈកម្មការថ្មី ដើម្បីមើលខុសត្រូវក្នុងវត្តសាមគ្គីរង្សី កាលពីថ្ងៃ ១៤ មិថុនា ២០១៥ ។ រូបៈ ស៊ឺន ចែងចើន ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការមិត្តសមាគមខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២១ ឱ្យដឹងថា សមត្ថកិច្ច និងមន្ត្រីសង្ឃខេត្តកំពង់ចាម ជាច្រើនអង្គ បានចាប់ព្រះកាយព្រះអង្គ ប៉ាង សុដា យ៉ាងតក់ក្រហល់ និងមិនមានដីកា ហើយសូម្បីតែស្បែកជើងក៏គ្មានផងដែរ ។ ចំណែកព្រះសង្ឃក្នុងវត្ត គណៈកម្មការវត្ត ក៏ត្រូវបានសមត្ថកិច្ចដកហូតទូរសព្ទទាំងអស់ ដើម្បីលុបរូប ឬវីដេអូដែលថត អំពីទិដ្ឋភាពនៃការចាប់ព្រះកាយព្រះអង្គ ប៉ាង សុដា ថែមទៀតផង ។ សេចក្តីប្រកាសព័ត៌មានបន្តថា លើសពីនេះ បន្ទាប់ពីនាំខ្លួនព្រះអង្គ ប៉ាង សុដា ទៅ គឺកុដិរបស់ព្រះអង្គ ត្រូវបានសមត្ថកិច្ចចូលទៅឆែកឆេរ និងបានដាក់បម្រាមមិនឱ្យអ្នកណាចូលជិតឡើយ ខណៈជុំវិញបរិវេណវត្តត្រូវបានសមត្ថកិច្ចពង្រាយកម្លាំងយ៉ាងតឹងរ៉ឹងថែមទៀតផង ។ ចំណែក ប្រធានលេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម លោក ប៊ុន មុនី បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ប្រសិនបើព្រះសង្ឃ ប៉ាង សុដា បានធ្វើខុស គួរតែអនុវត្តទៅតាមវិន័យសង្ឃ មិនមែនមកនាំព្រះកាយព្រះអង្គទៅដោយមិនបានបង្ហាញដីកា និងមិនប្រាប់ពីមូលហេតុដូច្នេះឡើយ ។ លោកបន្តថា៖ «បើតាមខ្ញុំដឹង អាជ្ញាធរមកសាកសួរ ៣ ដង សកម្មភាពធំៗ! ហើយកាលពីខែមុន សកម្មភាពស្រដៀងគ្នាហ្នឹងម្ដងដែរ ប៉ុន្តែ មិនឈានទៅដល់ការចាប់ខ្លួន គ្រាន់តែមានព័ត៌មានមិនប្រក្រតី ហើយអាជ្ញាធរគេមកសាកសួរក៏ចាកចេញទៅ ។ ប៉ុន្តែ ម្សិលមិញ ថ្ងៃដែលធ្វើសកម្មភាពខ្លាំងមែនទែន មើលទៅដូចជាគ្មានច្បាប់ទម្លាប់ទេ ។ សមត្ថកិច្ចមកច្រើន ទាំងសមត្ថកិច្ចឃុំ ស្រុក និងខេត្ត ជាដើម» ។ លោកបន្ថែមថា៖ «ខ្ញុំមានសេចក្ដីសោកស្ដាយយ៉ាងខ្លាំង ចំពោះទង្វើដែលអាជ្ញាធរបានធ្វើទៅលើព្រះសង្ឃ ប៉ាង សុដា កាលពីម្សិលមិញ ។ ប៉ុន្តែអ្វី ដែលសំខាន់ជាងនេះ រូបខ្ញុំ និងក្រុមគ្រួសារមិនទាន់ដឹងថា គាត់ស្ថិតនៅកន្លែងណានៅឡើយ ។ អ៊ីចឹង បើសិនជារឿងទោសកំហុសអីក៏ដោយ ក៏ត្រូវឱ្យយើងខ្ញុំ និងក្រុមគ្រួសារបានដឹងដែរ» ។ លោក ប៊ុន មុនី ចាត់ទុកការចាប់ព្រះកាយព្រះតេជគុណ ប៉ាង សុដា កាលពីម្សិលមិញ មិនមែនពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទឡើយ ប៉ុន្តែ វាជារឿងនយោបាយច្រើនជាង ។ លោកថា កន្លងមក ព្រះអង្គលោកធ្វើសកម្មភាពការងារច្រើន ដូចជា ជួយដល់ពលរដ្ឋខ្មែរក្រោម ជាដើម ។ លើសពីនេះ កន្លងមក ព្រះអង្គធ្លាប់ទាក់ទងអ្នកនយោបាយមួយចំនួនរបស់អតីតគណបក្សប្រឆាំងផងដែរ ។ លោកថា៖ «តាមធាតុពិត រឿងស្ត្រីគ្រាន់តែជាលេសទេ! ប៉ុន្តែ ចាប់ព្រះកាយព្រះអង្គ ពាក់ព័ន្ធនឹងផ្នែកនយោបាយច្រើនជាង ។ ហើយក្នុងហ្នឹងប្រហែលជាមានពាក់ព័ន្ធជាមួយនឹងអតីតគណបក្សប្រឆាំងតែម្ដង ។ គាត់ជាព្រះសង្ឃ ដែលចូលចិត្តធ្វើការងារសង្គម ហើយគាត់មានកម្មវិធី មានការចែកអំណោយជូនទៅដល់ជនរងគ្រោះកូវីដ-១៩ ទាំងនៅកម្ពុជា ទាំងនៅកម្ពុជាក្រោមក៏គាត់ជួយ ជាពិសេសកន្លែងណាមានបញ្ហាកើតឡើង ច្រើនតែមានវត្ត មានគាត់» ។ អធិការនគរបាលស្រុកចំការលើ លោក ប៉ែន ទៀងចំរើន សុំមិនធ្វើអត្ថាធិប្បាយឡើយ ដោយថា លោកជាប់រវល់ធ្វើរបាយការណ៍ឱ្យខាងស្នងការខេត្ត ។ វីអូឌី ក៏មិនទាន់អាចទាក់ទងស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល បាននៅឡើយដែរ ខណៈស្នងការរងនគរបាលខេត្តកំពង់ចាម លោក មិន សុគន្ធវិប៊ុល សុំមិនធ្វើអត្ថាធិប្បាយ ដោយបង្វែសំណួរនេះឱ្យទៅសួរលោក ហេង វុទ្ធី ស្នងការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ដែលជាអ្នកចុះអនុវត្តនីតិវិធីនេះ ។ ប៉ុន្តែ លោក ហេង វុទ្ធី បានបដិសេធឆ្លើយតប ដោយឱ្យសួរទៅស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល វិញ ។ ចំណែកអ្នកនាំពាក្យក្រសួងធម្មការ និងកិច្ចការសាសនា លោក សេង សុមុនី នៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាតើការឃាត់ព្រះកាយព្រះសង្ឃ ប៉ាង សុដា ក្រោមការចោទពីបទអ្វីនោះ ។ ប៉ុន្តែ លោកថា ព្រះអង្គ ប៉ាង សុដា ត្រូវបានខាងមន្ទីរធម្មការខេត្តផ្សឹករួចហើយ និងបានប្រគល់ខ្លួនទៅឱ្យខាងតុលាការចាត់ការតាមនីតិវិធីច្បាប់ ។ លោក សេង សុមុនី បញ្ជាក់ថា៖ «ការងារនេះ ជាការងារពាក់ព័ន្ធនឹងតុលាការ អ៊ីចឹងសមត្ថកិច្ចតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធ លោកបានអនុវត្តតាមនីតិវិធីរបស់លោក ។ ដោយឡែក ខាងមន្រ្តីសង្ឃ ខ្ញុំទទួលបានពីមន្ត្រីជំនាញរបស់យើង ខេត្តលោកបានរាយការណ៍ថា សមត្ថកិច្ចសង្ឃបានអនុវត្តនីតិវិធីសាសនា ហើយប្រគល់ជូនតាមនីតិវិធីទៅខាងតុលាការ ។ ហើយការងារបន្ទាប់ ជាការងាររបស់តុលាការ ។ ឥលូវនេះ មិនទាន់ជម្រាបបានទេ រង់ចាំតុលាការលោកអនុវត្តនីតិវិធីរបស់លោកសិន ។ បើយើងរាយការណ៍ទៅ មិនទាន់ដឹងមូលហេតុជាក់ស្ដែង ហើយលទ្ធផលជាក់ស្ដែង ថាតើតុលាការលោកអនុវត្តតាមនីតិវិធីណា ផ្ទុយគ្នានីតិវិធីអ៊ីចឹង» ៕ 0 166 Share FacebookTwitterGoogle+ReddItWhatsAppPinterestEmailLinkedinTelegram