លោក ត្រឹម បេ ជា​ប្រធាន​ក្រុមប្រឹក្សា​ធនាគារ Sacombank ត្រូវ​តុលាការ​វៀតណាម​ចាប់ខ្លួន​

349

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ

លោក ត្រឹម បេ ដែល​ពលរដ្ឋ​ខ្មែរក្រោម​ទូទៅ​ស្គាល់​ថា ជា​សេដ្ឋី​ខ្មែរក្រោម មាន​ដើមកំណើត​នៅ​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ធនាគារ Sacombank នោះ ទើបតែ​ត្រូវ​នគរបាល​វៀតណាម​ចាប់ខ្លួន នៅ​ថ្ងៃទី ១ ខែសីហា ម្សិលមិញ​នេះ ។

លោក ត្រាំ បេ​ អតីត​អនុប្រធាន​ធនាគា​ឯកជន​ ​Sacombank ធ្វើគារវកិច្ចក្នុងពិធីសាសនា ជាមួយមន្រ្តីសង្ឃ ខេត្តព្រះត្រពាំង នាពេលកន្លងមក ។
លោក ត្រាំ បេ​ អតីត​អនុប្រធាន​ធនាគា​ឯកជន​ ​Sacombank ធ្វើគារវកិច្ចក្នុងពិធីសាសនា ជាមួយមន្រ្តីសង្ឃ ខេត្តព្រះត្រពាំង នាពេលកន្លងមក ។

​ព័ត៌មាន​ដែល​បានចេញ​ផ្សាយ​ដោយ​នាយកដ្ឋាន​នគរបាល​នៃ​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃទី ១ ខែសីហា បាន​បញ្ជាក់ថា អយ្យការ​កំពូល​នៃ​រដ្ឋាភិបាល​យួន​បានអនុម័ត​ជា​ផ្លូវការ​ហើយ លើ​សេចក្ដីសម្រេច និង​បទបញ្ជា​របស់​ភ្នាក់ងារនគរបាល​ស៊ើបអង្កេត​របស់​យួន ក្នុងការ​ថ្កោលទោស និង​ចាប់ខ្លួន​ជា​បណ្ដោះអាសន្ន លោក ត្រឹម បេ ជា​ប្រធាន​ក្រុមប្រឹក្សា ធនាគារ Sacombank និង​លោក ផាង វី ខាង (Phan Huy Khang) ជា​ក្រុម​សមាជិក​នៃ​អគ្គនាយក​ធនាគារ Sacombank ។​

មុន​ការចាប់ខ្លួន លោក ត្រឹម បេ មួយថ្ងៃ នៅ​ថ្ងៃទី ៣១ ខែកក្កដា ក្រសួង​នគរបាល​យួន​បានចេញ​សេចក្ដីសម្រេច​ថ្កោលទោស​ជនជាប់ចោទ​ចំនួន ២៥ នាក់​អំពី​បទ “​ចេតនា​បំពាន​លើ​បទបញ្ញត្តិ​របស់​រដ្ឋ លើ​ការគ្រប់គ្រង​សេដ្ឋកិច្ច ដែល​បង្កឱ្យមាន​ផលវិបាក​ជា​ទម្ងន់​” និង​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ចំនួន ១៦ រូប ។

​សូមបញ្ជាក់ថា ពលរដ្ឋ​ខ្មែរក្រោម​ទូទៅ​ស្គាល់ លោក ត្រឹម បេ ថា ជា​សេដ្ឋី ដែលមាន​កំណើត​ជា​ខ្មែរក្រោម នៅ​ភូមិប​ង្រៃ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង តែ​លោក​មានផ្ទះ​នៅ​ទីក្រុង​ព្រៃនគរ ។ តែបើ​យោងតាម​គេហទំព័រ​វេទិកា​ពាណិជ្ជកម្ម (Diễn Đàn Doanh Nghiệp ) វៀតណាម​បាន​រាយការណ៍​យោង​​តាម​អត្តសញ្ញាណ​បណ្ណ​របស់លោក​បានបញ្ជាក់​ថា លោក ត្រឹម បេ (Trầm Bê) កើត​ឆ្នាំ ១៩៥៩ អាយុ ៥៨ ឆ្នាំ ជា​ជន​ជាតិចិន (Dân tộc: Hoa) សញ្ជាតិ​វៀតណាម (Quốc tịch: Việt Nam) កើត​នៅ​ខេត្ត​ព្រះ​ត្រពាំង ៕

Comments are closed.