ដោយ សឺង សម្រេច | ថ្ងៃទី ២ ខែសីហា ឆ្នាំ ២០១៣
ប្រាំថ្ងៃក្រោយពេលបោះឆ្នោតជាតិ ដើម្បីជ្រើសរើសអ្នកតំណាងរាស្ត្រ អាណត្តិទី ៥ នៅ កម្ពុជា ប្រទេសដែលតែងជួបវិបត្តិនយោបាយក្រោយរាល់ការបោះឆ្នោត ម្ភៃឆ្នាំក្រោយនេះ ស្ថានភាពទួទៅហាក់ ដូចជានៅធ្ងន់កណ្តុកនៅឡើយ ។ ជាខ្មែរក្រោម ខ្ញុំបានទូរសព្ទទៅស្ទាបស្ទង់មតិខ្មែរខ្លះៗនៅកម្ពុជាក្រោម ជនដែលកំពុងរស់នៅក្រោមការត្រួតត្រាបរទេសបាន ឆ្លើយថា គេលើកដៃបួងសួងបន់ព្រះសំពះទេវតា សុំឲ្យស្រុកខ្មែរបានរួចផុតពីវិបត្តិដែលនាំ ឲ្យមានមហន្តរាយ ដើម្បីគ្រាន់ពួកគាត់បានរត់មកសុំជ្រកកោន ផង ពេលពួកយួនអុកឡុក ពួកគាត់ខ្លាំងទ្រាំលែងបាន ។ ប៉ុន្តែពួកគាត់ក៏បន់ស្រន់ដែរ ថាបើទោះជាដោះ ស្រាយយ៉ាង ណាយ៉ាងណីក្តី សុំកុំឲ្យតែចាញ់បោកយួនបានហើយ !…។

ធ្វើខ្លួនជា “អ្នកចាញ់ដ៏ល្អ” ឬជា “អ្នកឈ្នះដ៏ល្អ”
ដូច្នេះក្នុងនាមជាខ្មែរក្រោមដែលរស់នៅក្រៅព្រំដែនកម្ពុជា យើងខ្ញុំមិនមានភារកិច្ចអ្វី ដែលត្រូវចូល ដៃចូលជើងជាមួយគណបក្សប្រជាជន ឬគណបក្សសង្គ្រោះជាតិឡើយ ពោល គឺសាកល្បងមើលស្ថាន ការណ៍ តាមចក្ខុបញ្ញា និងប្រើសុភនិច្ឆ័យដើម្បីសេចក្តីសុខសាន្តនៃ បងប្អូនរួមលោហិតតែប៉ុណ្ណោះ ។
នៅពេលនេះ យើងកំពុងតែមកដល់ចំណុចមួយ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ចេញមុខបង្ហាញនូវភាពទន់ភ្លន់ជាលើកដំបូង ក្រោយថេរវេលាដ៏យួរទទួលស្គាល់លទ្ធផលដែលគណ កម្មការជាតិបានប្រកាសជាបណ្តោះអាសន្នថា គណបក្សប្រជា ជនបាន ៦៨ អាសនៈ ក្នុងចំណោម អាសនៈ រដ្ឋសភាដែលមានចំនួនទាំងអស់ ១២៣ អាសនៈ ។ មិនតែប៉ុណ្ណោះ លោកនាយក រដ្ឋមន្ត្រី កម្ពុជាអស់ជាងម្ភៃឆ្នាំ ដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិ បានចាត់ទុកថាជាបុរសខ្លាំង បានបង្ហាញ នូវឆន្ទៈព្រមទទួលនូវសំណើររបស់លោក សមរង្សី ជាប្រធានគណបក្សសង្គ្រោះជាតិ ដែលលទ្ធផល បណ្តោះ អាសន្នរបស់ គ.ជ.ប. បង្ហាញថា បានទទួល ៥៥ អាសនៈ អំពីការបង្កើតគណកម្មការចម្រុះមួយ ដែលមានអ្នកតំណាងបក្សទាំងពីរ គ.ជ.ប. តំណាងអង្គការសង្គមស៊ីវិល និងតំណាងអង្គ ការសហប្រ ជាជាតិចូលរួមផង ដើម្បីធ្វើការសើរើពិនិត្យឡើងវិញ លើភាពមិនប្រក្រតីនានា ដែលកើត មានមុន ក្រោយ និងពេលកំពុងបោះឆ្នោត ។ មូលហេតុនៃសេចក្តី ស្នើសុំបង្កើតគណកម្មការចម្រុះនេះ គឺ ដោយគណ បក្សសង្គ្រោះជាតិយល់ឃើញថា ប្រសិនបើការសើរើពិនិត្យធ្វើបានដោយសុក្រិត នោះអាសនៈ ដែល គណបក្សប្រឆាំងទទួលបាន អាចកើនឡើងច្រើនជា ៨០ អាសនៈ ឯណោះ ។ ទោះជាយ៉ាងណាក្តី នៅពេលដែលលោកនាយករដ្ឋមន្ត្រីក្នុងអំណាចបានទទួលយល់ព្រម បង្កើតគណកម្មការ ចម្រុះទៅហើយ នោះ គឺហាក់ដូចជាមានន័យថា ដោយភាគច្រើន លោកអាចនឹងយល់ព្រមទទួលស្គាល់លទ្ធផលថ្មី ដែលផ្តល់ដោយគណកម្មការពិសេសនេះ ក្រោយពីការងារស៊ើបអង្កេតបានប្រព្រឹត្តទៅដោយត្រឹមត្រូវល្មម ទទួលយកបាន ។ មកទល់ ពេលនេះហើយ ទោះជាថាគណកម្មការជាតិទទួលបន្ទុកការបោះ ឆ្នោតពុំទាន់ បានបង្ហាញ នូវឆន្ទៈរបស់ខ្លួនឲ្យច្បាស់លាស់ ក្នុងការដាក់ខ្លួនចូលរួមជាមួយគណកម្មការចម្រុះក្តី ក៏ យើង នៅសង្កេតឃើញថា សមាជិកនៃគណបក្សប្រជា ជនខ្លះៗ ដែលបានធ្លាប់ជាអ្នកឈ្នះ រៀងៗរហូតមក ហាក់ដូចជាដាក់ចិត្តដាក់កាយតាមមេកោយពុំទាន់បាននៅឡើយ ។ រីឯ អ្នកគាំទ្រនិងបោះឆ្នោត ជូនបក្ស ប្រឆាំង ដែលហាក់ដូចជាបាន “ឆ្អែតដល់ក” និងរដ្ឋាភិបាល កាន់អំណាចសព្វថ្ងៃ ចំនួនច្រើនបាន ប្រកាន់ ឥរិយាបថដាច់ខាតមិនចរចារដែរ ។ ក្នុងស្ថាន ភាពដ៏គួរឲ្យព្រួយបារម្ភ ថាអ្វីនឹងអាចកើតឡើងនេះ ប្រជា ពលរដ្ឋខ្មែរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏មិនខុសពីនៅកម្ពុជាក្រោមដែរ គឹមិនចង់បានអ្វីក្រៅ ពីបាន សេចក្តីសុខ សន្តិភាព មិនចង់ឲ្យសិទ្ធិសេរីភាពរបស់ខ្លួនត្រូវអ្នកកាន់ អំណាចជាន់ឈ្លី ហើយជា ពិសេស ចង់ឲ្យមាតុភូមិខ្លួនមាននូវឯករាជ្យ ជៀសផុតពីការរុករានទន្ទ្រាន ពីជនប្រទេសជិតខាងគឺជា បំណងដ៏សម រម្យ ដែលអ្នកដឹកនាំខ្មែរគ្រប់និន្នាការគួរតែយល់ ហើយបំពេញជូន ពលរដ្ឋឲ្យបាន ។
វិលត្រឡប់មកការបោះឆ្នោត គ្មានអ្នកណាដឹងលទ្ធផលច្បាស់ជាងគណបក្សទាំងពីរទេ ប៉ុន្តែបើ និយាយឲ្យចំ គឺគណបក្សប្រជាជនកាន់អំណាចអាចដឹងច្បាស់ជាងគេ ថាអ្នកណាជាអ្នកឈ្នះពិត ប្រាកដ ។ ចំពោះគណបក្សសង្គ្រោះជាតិវិញ ក៏គួរតែយល់ថា ទោះជាលទ្ធផលក្រោយការសើរើពិនិត្យ ឃើញថា នឹងត្រូវមានតួនាទីរៀបចំរដ្ឋាភិបាលក្តី ក៏នឹងគេចមិនរួចពីធ្វើសហការជាមួយគណបក្សប្រជាជន ជាពិសេស ក្នុងវិស័យការពារជាតិ មន្ត្រីរាជការគ្រប់ក្រសួង និងតាមខេត្តនានា ដែលកំពុងបំពេញការងារ មួយ ចំនួនធំ ដែលគួរតែ ជៀសពីការកាច់កុងប្រទង់ប្រទាញគ្នាទៅវិញទៅមក ។
ហើយប្រសិនបើថ្នាក់ដឹកនាំជាតិមានបំណងល្អចំពោះប្រជាពលរដ្ឋខ្មែរ ការងារនេះ អាចធ្វើបានតែ ក្នុង មួយប៉ប្រិចភ្នែក គឺតាំងចិត្តជា “អ្នកចាញ់” ឬ “អ្នកឈ្នះ” ដ៏ល្អ ដោយអ្នក ដឹងខ្លួនថាចាញ់មាន សេចក្តី ក្លាហានទទួលស្គាល់ការពិត ហើយអ្នកឈ្នះមិនប្រើអកប្បកិរិយា ចំអកឡកឡឺយឌឺដងសងសឹក ដោយប្រ ការណាមួយ ។
ធម្មតាអ្នកកីឡា តែងប្រកួតដោយប្រើបច្ចេកទ្ទេសនិងល្បិចស្នៀតពេញទំហឹង មាន រហូតដល់ ឈ្លោះវាយតប់គ្នាក៏មាន។ នៅពេលដែលមានការសង្ស័យថា អាជ្ញាកណ្តាលផ្លុំ កញ្ចែខុសទំនង គណៈ កម្មការ ត្រួតពិនិត្យតែងយកវីដេអូមកចាក់ពិនិត្យមើលសារឡើងវិញ ដើម្បីរកយុត្តិធម៌ ។ ទោះជា យ៉ាង ណា ក៏ដោយ ក្រោយការសើរើពិនិត្យត្រឹមត្រូវ លទ្ធផលដ៏ យុត្តិធម៌តែងនាំគូប្រកួតចាប់ដៃគ្នា អ្នកចាញ់ជួយ អបអរអ្នកឈ្នះ អ្នកឈ្នះជួយលួងលោម លើកទឹកចិត្តអ្នកចាញ់យ៉ាងរាក់ទាក់ ។
ទោះជាដីកីឡាដ្ឋានសម្រាប់យុវជនហាត់កីឡាត្រូវគេលក់ ឬផ្ទេរទៅនៅទីឆ្ងាយៗ ហើយសកម្ម ភាព ហ្វឹកហាត់កីឡានៅប្រទេសកម្ពុជាហាក់ដូចជាពុំសូវឃើញមានដូចសម័យសង្គមរាស្ត្រនិយមក្តី ក៏ យើង នៅតែសង្ឃឹមថា ថ្នាក់ដឹកនាំខ្មែរនៅតែមានទឹកចិត្តជាអ្នកកីឡា ព្រោះយើងធ្លាប់បានឃើញរូបថត លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន លេងបាល់ទាត់ ក្នុងពេល កន្លងមកដែរ៕ ជយោ ជាតិខ្មែរ !