ជីវប្បវត្តិ លោក កៀង ភូមិន្ទ ជាសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម

0 44

ដោយ ថាច់ ប្រីជា គឿន | ព្រៃនគរ

លោក កៀង ភូមិន្ទ កើតថ្ងៃទី ៨ ខែមិថុនា ១៩៨៦ និង ស្លាប់នៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នៅភូមិស្វាយសៀមថ្មី ឃុំស្វាយសៀម ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ លោកជាសកម្មជនខ្មែរក្រោមឈានមុខនៅដែនដីកម្ពុជាក្រោម ចូលរួមក្នុងការតស៊ូមតិយ៉ាងសកម្ម ដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមនៅដែនដីកម្ពុជាក្រោម ។ ក្រៅពីនេះ លោកក៏ធ្លាប់បានបួសជាសង្ឃ និងធ្វើជាគ្រូបង្រៀនសាលាពុទ្ធិកសិក្សា នៅក្នុងវត្តស្វាយសៀមថ្មី ដើម្បីបណ្ដុះបណ្ដាលចំណេះវិជ្ជាដល់ព្រះសង្ឃ និងពលរដ្ឋនៅក្នុងភូមិស្រុក ទៀតផង ។
លោក កៀង ភូមិន្ទ ជាកូនរបស់ លោកតា កៀង អ៊ុក និង លោកយាយ ថាច់ ធី សែម រស់នៅក្នុងភូមិឃុំស្រុកខាងលើ ។ លោកមានបងប្អូនបង្កើត ៥ នាក់ គឺ៖
  • ទី ១ កៀង ធី សាង (ស្រី)
  • ទី ២ កៀង ធី ត្រុង (ស្រី)
  • ទី ៣ កៀង តារា (ប្រុស)
  • ទី ៤ កៀង ធី គន្ធី (ស្រី)
  • ទី ៥ កៀង ភូមិន្ទ ជាកូនពៅនៅក្នុងគ្រួសារ ។
លោកធ្លាប់សាងផ្នួសសិក្សាអក្សរសាស្ត្រខ្មែរ និងភាសាបាលីរហូតដល់ចប់ថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ឆ្នាំទី ៣ ឬ គរុកោសល្យ ទី ៣ និងបានលាចាកសិក្ខាបទឆ្នាំ ២០១១ ។ ពេលលាចាកសិក្ខាបទមកជាគ្រហស្ថ លោកបានធ្វើគ្រូបង្រៀនព្រះសង្ឃថ្នាក់ពុទ្ធិកសិក្សា ឬ សាលាបាលីនៅក្នុងវត្តស្វាយសៀមថ្មី និង ប្រកបអាជីពជាអ្នកថតរូប និងវីដេអូកម្មវិធីបុណ្យទានផ្សេងៗ នៅតាមផ្ទះ និងវត្តអារាម ។
នៅពេលថ្មីៗ នេះ លោកបានចូលរួមយ៉ាងសកម្មជាមួយនឹងក្រុមសកម្មជនតស៊ូមតិ ដើម្បីការពារ និងលើក កម្ពស់សិទ្ធិជនជាតិដើមខ្មែរក្រោមនៅដែនដីកម្ពុជាក្រោម ដូចជា ចូលរួមពិធីអបអរសាទរ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ, ទិវាសិទ្ធិជនជាតិដើម ១៣ កញ្ញា, និងទិវានារីអន្តរជាតិ ៨ មីនា និងពិធីដង្ហែរូបសំណាក ឧកញ៉ា សឺន គុយ ជាដើម ហើយមានពាក់អាវយឺតដែលមានសញ្ញាផែនទី និងទង់ជាតិកម្ពុជាក្រោម ដើម្បីបង្ហាញនូវអត្តសញ្ញាណខ្មែរក្រោម ។ លោកក៏ធ្លាប់បានអានសុន្ទរកថាតំណាងខ្មែរក្រោម នៅក្នុងពិធីអបអរសាទរខួបឆ្នាំ ១៥ ឆ្នាំ រំឭកថ្ងៃអង្គការសហប្រជាជាតិអនុម័តសេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម (UNDRIP) ដែលប្រារព្ធដោយសកម្មជនខ្មែរក្រោម នៅក្នុងខេត្តព្រះត្រពាំង កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ ផងដែរ ។ ក្រៅពីនេះ លោកបានចូលរួមយ៉ាងសកម្ម ក្នុងការចែករំលែកសៀវភៅឯកសាររបស់អង្គការសហប្រជាជាតិស្ដីពី សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនិស្ស និង សេចក្ដីប្រកាសស្ដីពីសិទ្ធិជនជាតិដើម ដល់ពលរដ្ឋខ្មែរក្រោមឲ្យបានអាន ដើម្បីបានយល់ និងចេះប្រើនូវសិទ្ធិរបស់ខ្លួន ។
នៅថ្ងៃចន្ទ ៦ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព. ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែមីនា គ. ស. ២០២៣ វេលា ម៉ោង ១០ យប់ លោកត្រូវគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅពេលដែលលោកកំពុងជិះម៉ូតូត្រឡប់មកពីថតរូប និងវីដេអូនៅក្នុងកម្មវិធីបុណ្យមួយនៅខេត្តព្រះត្រពាំង ។
មរណភាពរបស់ លោក កៀង ភូមិន្ទ ជាការបាត់បង់នូវកម្លាំងឈានមុខ នៃការតស៊ូមតិ ដើម្បីសិទ្ធិជនជាតិដើមខ្មែរក្រោម និងជាការបាត់ពន្លកគំនិត នៃ “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” របស់ខ្មែរក្រោមមួយ ដែលទើបតែដុះឡើងថ្មីៗ នៅលើទឹកដីកម្ពុជាក្រោម ។ ទោះបីរូបលោកបានស្លាប់ទៅហើយក្ដី តែស្មារតីស្នេហាជាតិ និងសកម្មភាពតស៊ូមតិរបស់លោក នឹងដាស់អស់ពលរដ្ឋខ្មែរក្រោមជាច្រើនទៀត ឲ្យភ្ញាក់ស្មារតី នាំគ្នាក្រោកឈរ ប្រើនូវសិទ្ធិរបស់ខ្លួនជាជនជាតិដើម នៃដែនដីកម្ពុជាក្រោម ជាក់ជាមិនខាន ។
ដោយអានិសង្ឃ ដែលបានកើតឡើងពីការសាងផ្នួស ការបង្រៀនព្រះសង្ឃនៅតាមវត្តអារាម ការតស៊ូមតិដើម្បីលើកកម្ពស់សិទ្ធិជនជាតិដើមនៅកម្ពុជាក្រោម និងសេចក្ដីល្អ ដែល លោក កៀង ភូមិន្ទ បានធ្វើទាំងអម្បាលម៉ាណ និងដោយអានិសង្សដែលកើតឡើងពីពិធីបុណ្យនាថ្ងៃនេះ សូមឧទ្ទិសជូនដល់ លោក កៀង ភូមិន្ទ បានទៅសោយសុខនៅក្នុងសុគតិភព កុំបីខានឡើយ ៕
Leave A Reply

Your email address will not be published.