ជីវប្រវត្តិ​សង្ខេប លោកស្រី ព្រំ យ៉ាង អតីត​នាយិកា​ប្រតិបត្តិ អង្គការ​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម

0 418

តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក​នៃ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ នេះ បាន​ចូលរួម​ពិធី​បូជាសពអ្នកស្រី ព្រំ យ៉ាង អតីត​នាយិកា​ប្រតិបត្តិ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សំបួរមាស ជាយ​ទីក្រុង​ភ្នំពេញ ។

អ្នកស្រី ព្រំ យ៉ាង ដែលមាន​ដើមកំណើត​ជា​ខ្មែរក្រោម និង​ជា​អតីត​នាយិកា​ប្រតិបត្តិ អង្គការ​ស្ដ្រី​ខ្មែរ​កម្ពុជា​ក្រោម បានទទួល​មរណភាព ក្នុង​ជន្មាយុ ៨០ ឆ្នាំ នៅ​រសៀល​ថ្ងៃ​សុក្រ ទី ១ ខែមីនា ឆ្នាំ ២០១៩ ដោយ​ជរាពាធ ។

អ្នកស្រី ព្រំ យ៉ាង ត្រូវបាន​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា បាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​នាយិកា​ប្រតិបត្តិ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ចាប់តាំងពី​ឆ្នាំ ២០០០ ។ នៅ​ឆ្នាំ ២០១៧ ដោយមាន​វ័យ​កាន់តែ​ចាស់ជរា​ទៅ និង​សុខភាព​ក៏​ទ្រុឌទ្រោម​ខ្លាំង អ្នកស្រី ព្រំ យ៉ាង ក៏​សម្រេច​ធ្វើលិខិត​សុំលាលែង​ពី​នាយិកា​ប្រតិបត្តិ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ។

នៅក្នុង​ឱកាស​នេះ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើ​យក​ជីវប្រវត្តិ​សង្ខេប របស់អ្នកស្រី ព្រំ យ៉ាង ដោយរៀបរាប់អំពី​ដំណើរ​ឆាកជីវិតនៃការតស៊ូ និង​ការបម្រើ​ការងារ​សង្គម​ជាតិ​ផ្សេងៗ របស់អ្នកស្រី មក​ជម្រាបជូន​លោកអ្នក​បាន​ជ្រាប​ជា​ព័ត៌មាន ដែលមាន​ខ្លឹមសារ ដូចតទៅ​៖

តំណាងក្រុមអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ចូលរួម​ពិធី​បូជាសព​លោកស្រី ព្រំ យ៉ាង អតីត​នាយិកា​ប្រតិបត្តិ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សំបួ​សមាស ជាយក្រុងភ្នំពេញ នា​ព្រឹក​ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ ។ រូបថតៈ ស៊ឺន ចែងចើន
តំណាងក្រុមអង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ចូលរួម​ពិធី​បូជាសព​លោកស្រី ព្រំ យ៉ាង អតីត​នាយិកា​ប្រតិបត្តិ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម នៅ​វត្ត​សំបួ​សមាស ជាយក្រុងភ្នំពេញ នា​ព្រឹក​ថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០១៩ ។ រូបថតៈ ស៊ឺន ចែងចើន

​អ្នកស្រី ព្រំ យ៉ាង បានទទួល​អនិច្ចកម្ម កាលពី​ថ្ងៃ​សុក្រ ៩ រោច ខែ មាឃ ឆ្នាំ ច សំ​រិ​ទ្ធិ​ស័ក ពុទ្ធសករាជ ២៥៦២ ត្រូវ នឹង​ថ្ងៃទី ១ ខែមីនា គ្រិស្តសករាជ ២០១៩ ក្នុង​ជន្មាយុ ៨០ ឆ្នាំ ដោយ​ជរាពាធ ។​

អ្នកស្រី ព្រំ យ៉ាង កើត​នៅ​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំថោះ ១៩៤០ នៅ​ភូមិ​ស្លែង​ថ្មី ឃុំ​ចុង​ព្រៃ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ។​

អ្នកស្រី ព្រំ យ៉ាង បាន​មាន​និស្ស័យ​មក​ចាប់បដិសន្ធិ កើត​ក្នុង​ត្រកូល​កសិករ​មធ្យម ដោយមាន​លោកឪពុក​នាម គឹម កិច្ច (​ជា​គ្រូ​វិប្បស្សនា​) អ្នក​ម្តាយ​នាម ថាច់ ធី​ឃឹ​ង មុខរ​បរជាកសិករ និង​លក់ដូរ ។​

អ្នកស្រី ព្រំ យ៉ាង មាន​បងប្អូន​បង្កើត​ចំនួន ៧ នាក់​៖

  • ទី ១. ព្រំ យ៉ាង ​ ​ភេទ​ស្រី​
  • ទី ២. គឹម យឿ​ង ​ ​ភេទ​ប្រុស ​(​ស្លាប់​)
  • ទី ៣. កិច្ច សោ​ភ័​ណ្ឌ ​ ​ភេទ​ប្រុស ​(​សព្វថ្ងៃ​រស់នៅ​ភូមិ​ភ្នា​ត ២ រាជធានី​ភ្នំពេញ​)
  • ទី ៤. គឹម សា​រ៉ែ​ម ​ ​ភេទ​ស្រី ​(​សព្វថ្ងៃ​រស់នៅ​ភូមិ​ស្លែង​ថ្មី កម្ពុជា​ក្រោម​)
  • ទី ៥. គឹម សារ៉ាន់ ​ ​ភេទ​ស្រី ​(​សព្វថ្ងៃ​រស់នៅ​ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ​)
  • ទី ៦. គឹម ម៉ា​រី​ន ​ ​ភេទ​ស្រី ​(​សព្វថ្ងៃ​រស់នៅ​កម្ពុជា​ក្រោម​)
  • ទី ៧. គឹម តារា ​ ​ភេទ​ប្រុស ​(​ស្លាប់​នៅ​អាមេរិក​)

អ្នកស្រី ព្រំ យ៉ាង បានរស់នៅ​ក្នុង​ត្រកូល​មួយ​ប្រកបដោយ​សុខសាន្ត ដល់​គ្រប់​អាយុ ៧ ឆ្នាំ ឪពុកម្តាយ​ប្រកបដោយ​ព្រហ្ម​វិហារធម៌ បាន​បញ្ជូន​កូនស្រី​ឈ្មោះ ព្រំ យ៉ាង ឲ្យ​ទៅ​រៀន​ភាសា​ខ្មែរ ក្នុង​វត្ត​កោះ​កែវ​មុនី​សម្បាណ (​ស្លែង​ថ្មី​) ។ អ្នកស្រី ព្រំ យ៉ាង បាន​ប្រឡង​ជាប់​ថ្នាក់​ទី ៥ ក្នុង​វត្ត​ស្លែង​ថ្មី​នា​ឆ្នាំ ១៩៥០ ។ បន្ទាប់មក​លោកនាយក​សាលា​ភាសា​ខ្មែរ បាន​បញ្ជូន​អ្នកស្រី ព្រំ យ៉ាង ឡើងទៅ​រៀន​នៅ​សាលា​ភាសា​ខ្មែរ​ឈ្មោះ “​ពោធិ​” ស្ថិតនៅក្នុង​វត្ត​ពោធិ​សាល​រាជ (​កំពង់​) ទី​រួម​ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ។ នៅ​ឆ្នាំ ១៩៥៣ សាលា​ភាសា​ខ្មែរ​ឈ្មោះ “​ពោធិ​” ត្រូវបាន​រដ្ឋអំណាច​វៀ​ត​ណា​ម​ជំនាន់​បាវ​ដៃ គំរាម​គំហែង​ធ្វើទុក្ខបុកម្នេញ មិន​ឲ្យ​ព្រះសង្ឃ និង​កុលបុត្រ​ខ្មែរក្រោម រៀន​ភាសា​ខ្មែរ និង​បង្ខំ​ឲ្យ​បិទ​សាលា​ពោធិ​តែម្តង ។​

​ក្រោយពី​បាន​បិទ​សា​លាភ​សា​ខ្មែរ​ឈ្មោះ “​ពោធិ​” នៅ​វត្ត​ពោធិ​សាល​រាជ (​កំពង់​) អ្នកស្រី ព្រំ យ៉ាង មានចិត្ត​មុះ​មុត បាន​ឡើងមក​ភ្នំពេញ ដើម្បី​តស៊ូ​បន្ត​ការសិក្សា​ភាសា​ខ្មែរ​បន្ថែមទៀត ។ រហូតដល់​អាយុ ២០ ឆ្នាំ អ្នកស្រី ព្រំ យ៉ាង មាន​និស្ស័យ​គូព្រេង​ជាមួយ​បុរស​ម្នាក់​ឈ្មោះ គឹម អ៊ុង មាន​ស្រុកកំណើត​នៅ​ភូមិ​ចុង​ព្រៃ ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង​កម្ពុជា​ក្រោម និង​បាន​ចុះទៅ​រៀប​អាពាហ៍ពិពាហ៍ នៅ​ស្រុកកំណើត ។ ក្រោយពី​រៀប​អាពាហ៍ពិពាហ៍​រួចមក ក៏​ឡើងមក​ភ្នំពេញ​កសាង​គ្រួសារ​មួយ​មាន​ភាពសុខសាន្ត ដ៏​ត្រជាក់ត្រជុំ ជាមួយ នឹង​ផ្ទះល្វែង ៥ ជាន់​ទល់មុខ​បុរី​កីឡា ។​

អ្នកស្រី ព្រំ យ៉ាង និង​ស្វាមី គឹម អ៊ុង មានកូន​ចំនួន ៥ នាក់ ក្នុងនោះ​ស្រី ៣ នាក់ ប្រុស ២ នាក់​៖

  • កូន​ទី ១. អ៊ុង សមិទ្ធិ ​ ​ភេទ​ស្រី ​(​សព្វថ្ងៃ​រស់នៅ​ប្រទេស​បារាំង​)
  • កូន​ទី ២. អ៊ុង ថា​រី ​ ​ភេទ​ស្រី ​(​ស្លាប់​)
  • កូន​ទី ៣. អ៊ុង ប្រុស ​ ​ភេទ​ប្រុស ​(​ស្លាប់​)
  • កូន​ទី ៤. អ៊ុង រតនា​សម្បត្តិ ​ភេទ​ប្រុស ​(​សព្វថ្ងៃ​កំពុង​រស់នៅ​ភ្នំពេញ​)
  • កូន​ទី ៥. អ៊ុង ប្រា​សា ហៅ មុំ ​ភេទ​ស្រី ​(​សព្វថ្ងៃ​រស់នៅ​ប្រទេស​បារាំង​)
  • និង​មាន​ចៅប្រុស​ម្នាក់​ឈ្មោះ អ៊ុង តុលា (​សព្វថ្ងៃ​កំពុង​រស់នៅ​ជាមួយ​លោកយាយ ព្រំ យ៉ាង​)

អ្នកស្រី ព្រំ យ៉ាង និង​ស្វាមី ព្រមទាំង​កូន ៥ នាក់ បាន​រស់នៅក្នុង​ក្រុងភ្នំពេញ​មាន​សេចក្តីសុខក្សេមក្សាន្ត ។ អ្នកស្រី ព្រំ យ៉ាង បានធ្វើការ​ក្នុង​អង្គភាព​រដ្ឋ​ករ​ទឹក​ស្វ័យ​ត​ភ្នំពេញ ក្នុង​ទសវត្សរ៍ ៦០-៧០ ។ ចំណែក​ស្វាមី​របស់អ្នកស្រី​ ចូល​បម្រើ​ការងារ​ក្នុង​ក្រសួងការពារជាតិ មាន​ឋានៈ​ជា​អនុសេនីយ៍ទោ កាន់​ផ្នែក​កុង​តាប់ បើកប្រាក់​បៀវត្សរ៍​ឲ្យ​ទាហាន​តេ​ហ្វ​ក​ម៉ៃ​ហ្វ​ក​របស់លោកតា​ប្រមុខ សឺ​ង ង៉ុ​កថា​ញ់ ។​

​ដល់​ខែ ៣ ឆ្នាំ ១៩៧៥ ប្រទេស​កម្ពុ​ជាមាន​សង្គ្រាម​កើតឡើង កងទ័ព ប៉ុល ពត បាន​បាញ់​គ្រាប់​ផ្លោងចូល​ក្រុងភ្នំពេញ ធ្វើ​ឲ្យ​ស្ថានភាព​ប្រទេសជាតិ​កាន់តែ​តឹងតែង ។ ពេលនោះ លោក គឹម អ៊ុង ប្រាប់​ទៅ​ភរិយា​ថា សភាព​កា​រស​ង្គ្រ​ម​មិន​ស្រួល​ទេ ។ ដូច្នេះ អូន​រៀប​ចំនាំ​កូន ៥ នាក់​ទៅ​ស្រុកកំណើត​បណ្តោះអាសន្ន​សិន ចាំមើល​ប្រទេសជាតិ សុខសាន្តត្រាណ ចាំ​នាំ​កូន​ឡើង​មកវិញ ។ ដោយ​បានឮ​សម្តី​ស្វាមី​ប្រាប់​ដូច្នោះ​ហើយ អ្នកស្រី ព្រំ យ៉ាង ក៏បាន​នាំ​កូន​ទៅ​ស្រុកកំណើត​បាន​ប្រហែល​ជាង ៥ ទៅ ៦ ខែ ស្រាប់តែ​កម្លាំង ប៉ុល ពត រំដោះ ១៧ មេសា ឆ្នាំ ១៩៧៥ និង​កាន់កាប់​ទីក្រុង​ភ្នំពេញ ធ្វើ​ឲ្យ​ភរិយា​បែក​ស្វាមី កូន​ព្រាត់​ឪពុក អ្នកស្រី ខាំមាត់សង្កត់ចិត្ត ទ្រាំ​ចិញ្ចឹម​កូន​ក្នុងសម័យ​ឆ្នាំ ១៩៧៦-៧៧-៧៨ ជា​សម័យកាល​មួយ​រស់នៅ​ដោយ​ពិបាក និង​កម្សត់​ខ្លាំងណាស់ ។ អ្នកស្រី ព្រំ យ៉ាង ខិតខំ​ធ្វើស្រែ និង​លក់ដូរ​បន្តិចបន្តួច ដើម្បី​ចិញ្ចឹម​កូន​ទាំង ៥ នាក់ ដោយ​ដើរតួ​ជា​ឪពុក​ផង ជា​ម្តាយ​ផង ។ ក្រោយមក គាត់​ចាប់​មុខរបរ​ថ្មី​មួយទៀត គឺ​ជិះ​កង់​ដើរ​លក់​សិ​ក្ខូ​បក​រណ៍ មាន​ជាអាទិ៍ សៀវភៅធម៌ ភាសាបាលី ប៊ិក និង​សម្ភារៈ​សិក្សា​ផ្សេងៗ ជាច្រើន​ទៀត នៅតាម​វត្ត​អារាម​ក្នុងស្រុក​ថ្កូវ ស្រុក​ផ្នោ​ដាច់ ។​ល​។ គួរ​បញ្ជាក់ថា ក្នុងការ​ជិះ​កង់​ដើរ​លក់​ពី​វត្ត​មួយ​ទៅ​វត្ត​មួយ​ឆ្ងាយ​ពីគ្នា​នោះ គឺ​អ្នកស្រី ព្រំ យ៉ាង ពឹង​អាស្រ័យ​បាយ​ថ្ងៃត្រង់​នៅ​វត្ត​ណា ដែល​អ្នកស្រី​ទៅ​លក់​ដល់​វត្ត​នោះ ពោលគឺ​ចំពេល​ព្រះសង្ឃ​ឆាន់​ត្រង់​រួច ព្រះចៅអធិការ​តេង​តែ​ហៅ អ្នកស្រី ព្រំ យ៉ាង មក​ពិសា​របាយ ។ ម្យ៉ាងវិញទៀត មានពេលខ្លះ​កង់​ខូច​ទៅផ្ទះ​មិន​រួច ក៏​សុំ​វត្ត​សម្រាក ១ យប់ ប៉ុន្តែ ក្នុង​ង​ចិត្ត​នឹក​បារម្ភ​ដល់​កូន​នៅឯ​ផ្ទះ កាលនោះ មានកូន​ស្រី​ច្បង​ឈ្មោះ អ៊ុង សមិទ្ធិ ជា​អ្នក​នៅ​មើលថែ​ប្អូន​តូចៗ ។​

​អ្នកស្រី ព្រំ យ៉ាង ដេក​រំពឹង​រង់ចាំ​មើល​ស្វាមី ដូច​កូន​មើលផ្លូវ​ម្តាយ​មកពីផ្សារ​អ៊ីចឹង គឺ​ចាប់ពី ១ នាទី ១ ម៉ោង ១ ថ្ងៃ ១ ខែ ១ ឆ្នាំ រ​ហុត​ដល់​ឆ្នាំ ១៩៧៩ បាន​រំដោះ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ៧ ខែមក្ករា ឆ្នាំ ១៩៧៩ ។ អ្នកស្រី ព្រំ យ៉ាង បាន​ឡើងមក​ភ្នំពេញ ដើម្បី​រក​ស្វាមី និង​ស៊ើប​សួរដំណឹង តែ​រក​មិនឃើញ និង​ឮដំណឹង​ពី​ស្វាមី​ទាល់តែសោះ រ​ហុត​ដល់​ឆ្នាំ ១៩៨៣ អ្នកស្រី ព្រំ យ៉ាង បាន​នាំ​កូន​ឡើងមក​ភ្នំពេញ សំដៅ​មករក​ផ្ទះ​របស់ខ្លួន ដែល​ធ្លាប់​រស់នៅ ដើម្បី​រស់នៅ​បន្ត ។ ប៉ុន្តែ វាសនា​អភ័ព្វ​ផ្ទះ​របស់​អ្នកស្រី ត្រូវបាន​គេ​ចូលមក​នៅមុន​អស់ហើយ នៅសល់តែ​ជាន់​លើ​បង្អស់ ក៏​សម្រេចចិត្ត​នាំ​កួន និង​ជញ្ជូន​អ៊ី​វ៉ាន​ទៅ​រស់នៅ​ជាន់​ទី ៥ តែម្តង និង​បន្ត​ប្រកបមុខរបរ​លក់​សៀវភៅ ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ រហូតដល់​ឆ្នាំ ១៩៩៥ ក៏​ប្តូរ​ផ្ទះ​ពី​បូរី​កីឡា មក​រស់នៅ​ស្ទឹងមានជ័យ​រហូតដល់​ស​ព្វ​ថ្ងៃ ។​

​ការចូល​បម្រើ​ការងារ​សង្គម​ខ្មែរក្រោម​

​អ្នកស្រី ព្រំ យ៉ាង ក្រោយពី​បាន​ឡើងមក​ភ្នំពេញ​ហើយ ។ នៅ​ឆ្នាំ ១៩៩៨ អ្នកស្រី បាន​ស្ម​គ្រ​ចិត្ត​ចូល​បម្រើ​ការងារ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។ ក្រោយមក លោក យន្ត ថា​រូ ជា​ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​កិច្ចប្រជុំ​មួយ ស្តី​ពិ​គម្រោង​បង្កើត​អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ។ ជា​លទ្ធផល​នៅក្នុង​អង្គប្រជុំ​នោះ តំណាង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុ​ជាជាង ១០ អង្គ​ក​ការ មូលមតិ​គ្នា​សម្រេច​ថា នឹង​រៀបចំ​បង្កើត​សមាគម​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ហើយ​ក្នុងពេល​ជាមួយគ្នា​នោះ អង្គប្រជុំ​ក៏បាន​សម្រេច​ជ្រើសតាំង​អ្នកស្រី ព្រំ យ៉ាង ធ្វើជា​នាយិកា​ប្រតិបត្តិ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ចាប់តាំងពី​ឆ្នាំ ២០០០ នោះមក ។ នៅ​ឆ្នាំ ២០០២ ក្រោម​ការដឹកនាំ​របស់​អ្នកស្រី ព្រំ យ៉ាង អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម បានទទួល​ព្រះរាជ​អំណោយ​ពី​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ចំនួន ២០០០ ដុល្លា​រ៍ សម្រាប់​បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​កាត់ដេរ ដល់​ស្ត្រី​ខ្មែរក្រោម រយៈពេល ៦ ខែ ។​

​សមាគម​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម បាន​សហការ​ជាមួយ​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន​ទៀត ធ្វើការ​ដើម្បី​លើកកម្ពស់​សិទ្ធិ​ស្ត្រី និង​ជំរុញ​លើកទឹកចិត្ត​ឲ្យ​ចូលរួម កិច្ចការងារ​សង្គម​ខ្មែរក្រោម ។ អ្នកស្រី ព្រំ យ៉ាង បាន​បម្រើការ​សង្គម​ខ្មែរក្រោម​យ៉ាងសកម្ម និង​ធ្លាប់បាន​ចូលរួម​កម្មវិធី​ជាច្រើន ដូចជា ចូលគាល់​ព្រះមហាក្សត្រ ចូលរួម​កម្មវិធី​បុណ្យរាប់បាត្រ​ព្រះសង្ឃ រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី ៤ មិថុនា ឆ្នាំ ១៩៤៩ ដែលជា​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ឬ​ទិវា​កម្ពុជា​ក្រោម ឋិត​នៅក្រោម​រដ្ឋ​ចំណុះ​វៀតណាម និង​កម្មវិធី​កិច្ចប្រជុំ​ប្រចាំខែ​របស់​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ។​ល​។​

​អ្នកស្រី ព្រំ យ៉ាង បាន​ខិតខំ​ប្រឹងប្រែង ធ្វើ​ឲ្យ​សមាគម​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម មានឈ្មោះ​ល្បី​រន្ទឺ​ទាំង​នៅក្នុង​ប្រទេស និង​ក្រៅប្រទេស ។ នៅ​ឆ្នាំ ២០១៧ អ្នកស្រី​មាន​វ័យ​កាន់តែ​ចាស់ជរា​ទៅ ឯ​សុខភាព​ក៏​ទ្រុឌទ្រោម ដូច្នេះហើយ អ្នកស្រី​ក៏​សម្រេច​ធ្វើលិខិត​សុំលាលែង​ពី​នាយិកា​ប្រតិបត្តិ អង្គការ​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម ។​

​អ្នកស្រី ព្រំ យ៉ាង មាន​ស្នាដៃ​បម្រើ​ការងារ​សង្គម​យ៉ាង​ច្រើន​សម្រាប់​ជាតិ ទាំង​នៅ​កម្ពុជា និង​នៅ​កម្ពុជា​ក្រោម ។​

​ឧបាសិកា ព្រំ យ៉ាង ក៏បាន​កសាង​បុណ្យ នៅក្នុង​ពុទ្ធសាសនា​ជាច្រើន​ដែរ ៕

Leave A Reply

Your email address will not be published.