បុណ្យ​សែនដូនតា​កុំ​ភ្លេច​កម្ពុជា​ក្រោម​ជាទី​កំណើត​របស់​យើង​

268

នៅក្នុង​ឱកាស​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភពលោក កំពុងតែ​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ត្រៀម​ប្រារព្ធ​ពិធីបុណ្យ​សែន ដូនតា នៅ​ថ្ងៃទី ២២ និង ២៣ ខែកញ្ញា ខាងមុខនេះ ពី​ប្រទេស​កាណាដា ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុ​ក ថាច់ បានចេញ​សារលិខិត​មួយច្បាប់​ក្រោម​ចំណងជើង​ថា “​បុណ្យ​សែនដូនតា​កុំ​ភ្លេច​កម្ពុជា​ក្រោម​ជាទី​កំណើត​របស់​យើង​” ដើម្បី​ដាស់​ស្មារតី​ខ្មែរក្រោម​គ្រប់រូប​ឲ្យ​ងាក​មកជួយ​គិតគូរ​បញ្ហា​កម្ពុជា​ក្រោម​របស់ខ្លួន ។​

លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម ។

​ខាងក្រោម​ជា​ខ្លឹមសារ​ដើម​នៃ​សារលិខិត​នេះ ៖

“​នៅ​ថ្ងៃទី ២២ និង ២៣ ខែកញ្ញា ខាងមុខនេះ ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី បុណ្យ “​សែនដូនតា​” ជា​ពិធីបុណ្យ​ប្រពៃណីជាតិ​ដ៏​ធំ​មួយ​ដែល​មានមក​តាំងពី​បុរាណកាល ។ ពិធីបុណ្យ​នេះ ធ្វើឡើង ដើម្បី​ឧទ្ទិស កុសល​ដល់​បុព្វការី​ជន​របស់ខ្លួន ក្នុងនោះ មាន​មាតាបិតា​ជីដូន​ជីតា និង​វីរបុរស​ជាតិ​គ្រប់​ស្រទាប់​ដែល បាន​បូជាជីវិត ដើម្បី បុព្វហេតុ​ជាតិ និង​សាសនា​នៅ​កម្ពុជា​ក្រោម ។ ក្រៅពី​ប្រារព្ធ​ពិធី​សាសនកិច្ច​ដើម្បី​សម្ដែង​នូវ​កតញ្ញូ តា​ធម៌​ចំពោះ​បុព្វការី​ជន  ខ្មែរ ក្រោម​គ្រប់រូប​ក៏​ត្រូវមាន​ភារកិច្ច​ដ៏​សំខាន់​មួយទៀត គឺ​ការការពារ និង​ថែរក្សា​វប្បធម៌​ជាតិ ខ្មែរ​ឲ្យ​បាន​គង់វង្ស​ផង​ទៀត ទើប​សក្តិ សមជា​អ្នក​បន្តវេន​បុព្វបុរស​របស់ខ្លួន​ដែល​បាន​ខំ​ពុះពារ​ទុក​កេរ​មរតក​មក​ឲ្យ ។

​ឆ្លៀត​ក្នុងឱកាស​បុណ្យ “​សែនដូនតា​” តាងនាម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​អំពាវនាវ​ដល់​ព​ល​រដ្ឋ​ខ្មែរក្រោម ជាពិសេស សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទូទាំង​ពិភពលោក នូវ​ចំណុច​មួយចំនួន​ដូច​ច​ខាងក្រោម​ថា​៖​    ​

  • ខ្មែរក្រោម​គ្រប់រូប​មិនត្រូវ​ប្តូរ​ទិសដៅ​ការតស៊ូ “​ដំណើរ​ឆ្ពោះទៅកាន់​មាតុភូមិ​កម្ពុជា​ក្រោម​” ដោយ​ស្ថានភាព នយោបាយ នៅ​ប្រទេស​កម្ពុជា​ឡើយ ។​
  • សេរីភាព ត្រូវ​កើតចេញពី​ញើស​ឈាម​ខ្មែរក្រោម​ពិតៗ មិនកើត​ឡើង​ដោយ​ឯងៗ​នោះឡើយ មិន​ថា នៅ​កម្ពុជា​ក្រោម ឬ នៅ​ប្រទេស​ណា​នោះទេ  ។​
  • រដ្ឋាភិបាល​យួន​គ្រប់​ជំនាន់​បាន​បង្ក​ឲ្យ​មាន​បញ្ហា​នៅ​កម្ពុជា ដើម្បី​ប្តូរ​ទិសដៅ​ការតស៊ូ​ស្វែងរក “​សិទ្ធិ​សម្រេច វាសនា​ខ្លួន ដោយ​ខ្លួនឯង​” របស់​ខ្មែរក្រោម​យើង ។

យុទ្ធសាស្ត្រ​នេះ យួន​បានទទួល​លទ្ធផល ២ គឺ បង្វែរ​ទិសដៅ​ខ្មែរក្រោម និង គ្រប់គ្រង​ប្រទេស​កម្ពុជា បច្ចុប្បន្ន ។  អាស្រ័យ ហេតុនេះ រឿង “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​”  នៅ​កម្ពុជា​ក្រោម   ពលរដ្ឋ​ខ្មែរក្រោម ជា​អ្នក​ដោះ ស្រាយ ហើយ​បងប្អូន ខ្មែរ​ជា​អ្នក​ជួយ ។ រីឯ​បញ្ហា​ប្រទេស​កម្ពុជា ខ្មែរ​ជា​អ្នក​ឈរ​មុខ ហើយ​ខ្មែរក្រោម​ជា​អ្នក​ជួយ​ដើម្បី ជៀសវាង​ចូលក្នុង អន្ទាក់​យួន ។​

សព្វថ្ងៃ យួន​សប្បាយ​ចិត្តនឹង​ស្ថាន​ការ​នយោបាយ​នៅ​ប្រទេស​កម្ពុជា ដែល​អាចជួយ​ធ្វើ​ឲ្យ​ខ្មែរក្រោម​មួយចំនួន​គិត រឿង ប្រទេស កម្ពុជា ធំ​ជាង​រឿង​កម្ពុជា​ក្រោម​របស់ខ្លួន ។

​ខ្មែរក្រោម​នៅក្នុង​ស្រុក​ត្រូវការ​សេរីភាព រក្សា​វប្បធម៌​ទំនៀម​ទំលាប ប្រពៃណី នេះ​ជា​គោលជំហរ​របស់​សហព័ន្ធ និង កាតព្វកិច្ច របស់​កូន​ខ្មែរក្រោម​គ្រប់ៗ​រូប ។ ដើម្បី​សម្ដែង​នូវ​កាត​ញ្ញូ​តា​ធម៌​ចំពោះ​បុព្វការី​ជន សូម​សមាជិក​នៃ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម និង ពលរដ្ឋ​ខ្មែរក្រោម​នៅ​គ្រប់ទិសទី​ក្នុង​ពិភពលោក ងាក​មក​គិតគូរ​ដល់​បញ្ហា​កម្ពុជា​ក្រោម​របស់ យើង​វិញ ដើម្បី​ប្រជាជាតិ​យើង បាន​ស្គាល់​ពន្លឺ “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” នៅលើ​ទឹកដី​កម្ពុជា​ក្រោម នាពេល​អនាគត ខាងមុខនេះ ។​

​ក្នុងឱកាស​បុណ្យ​សែនដូនតា​ប្រពៃណីជាតិ​នេះ  សូម​សេរីភាព និង​សេចក្តីសុខ កើតមាន​មាន​ដល់​បងប្អូន​ជនរួមជាតិ គ្រប់ ពេលវេលា​ហោង​” ៕

Comments are closed.