បុណ្យចេញវស្សានៅកម្ពុជាក្រោម
ដោយ ភិក្ខុ នាថសីលោ ត្រឹង ថាច់យុង
ថ្ងៃពេញបូណ៌មី ខែអស្សុជ ជារៀងរាល់ឆ្នាំ ពុទ្ធបរិស័ទទូទាំងពិភពលោកចំណាំបានថាជាថ្ងៃព្រះភិក្ខុសង្ឃចេញវស្សា ។ បណ្តាបុណ្យពុទ្ធសាសនាទាំងអស់ដែលមានបុណ្យវិសាខបូជា និងមាឃបូជាជាដើម បុណ្យចេញវស្សានេះក៏រាប់ថាជាបុណ្យមួយមានសារៈសំខាន់ណាស់ដែរ ។ ដែលហៅថា បុណ្យចេញវស្សា នេះ គឺជាពាក្យបញ្ញត្តិហៅទៅតាមការចាត់ចែងឲ្យមានជាកម្មវិធីស្រដៀងគ្នានឹងបុណ្យផ្សេងៗ ទៀតដែរ ដូចជាការប្រគេនភត្តចំពោះព្រះសង្ឃ, កិច្ចនមស្ការព្រះរតនត្រៃ, ធ្វើឧបោសថសីល, ចម្រើនព្រះបរិត្ត, ធម្មទេសនា, ធម្មសាកច្ឆា, ចម្រើនភាវនាជាដើម ខុសប្លែកតែត្រង់មានការធ្វើបវារណាកម្មរបស់ភិក្ខុសង្ឃ ជំនួសឧបោសថកម្មប៉ុណ្ណោះ, ត្រង់នេះបើយើងហៅដោយប្រារព្ធយកបវារណាកម្ម ឲ្យត្រឹមត្រង់ទៅតាមព្រះវិន័យនោះ ត្រូវហៅថា “ថ្ងៃបវារណា” ដូចបទបាលីក្នុងព្រះវិនយបិដក គម្ពីរមហាវគ្គថា “អជ្ជ បវារណា” ជាគ្រឿងអាង ។

ទន្ទឹមនឹងនោះ ថ្ងៃ ១៥ កើតខែអស្សុជនៃចន្ទគតិកាលនេះ ក៏ជាថ្ងៃអស្សុជ ឬអស្សយុជបូជាដែលពុទ្ធបរិស័ទនៅទីខ្លះនាំគ្នាបូជាព្រះពុទ្ធបរមគ្រូដោយអាមិសបូជាដោយបានរៀបមធុបាយាស ផ្កាភ្ញី ធូប ទៀន និងគ្រឿងក្រអូបជាដើម, ចំណែកឯធម្មបូជាដោយការរក្សាឧបោសថ ធម្មសាកច្ឆា ធម្មទេសនា ភាវនាកម្មដ្ឋាន ចម្រើនវិបស្សនាជាដើម ដើម្បីរំឭកដល់ថ្ងៃនក្ខត្តឫក្សដ៏ឧត្តម ដែលព្រះសម្មាសម្ពុទ្ធទ្រង់យាងចុះចាកឋានតាវត្តឹង្សក្រោយពីទ្រង់ចាំវស្សាទី ៧ នៅទីនោះ ដើម្បីសម្តែងអភិធម្មបិដកប្រោសព្រះពុទ្ធមាតា និងពពួកទេព ។ ដោយហេតុនោះបានជាពុទ្ធបរិស័ទចាត់ចែងបុណ្យចេញវស្សាមានរបៀបរៀបរយរុងរឿងហ៊ឹកហ៊ាក់ ។
ចំណែកនៅកម្ពុជាក្រោម, ពុទ្ធបរិស័ទខ្មែរក្រោមក៏បានរៀបចំបុណ្យចេញវស្សានេះយ៉ាងអ៊ឹកធឹក ខ្លះនាំគ្នារៀបចំវេចនំតាំងពីថ្ងៃ ១៣ កើត និងថ្ងៃកោរបម្រុងនឹងយកទៅវត្ត មានទាំងអន្សមជ្រូក អន្សមចេក អន្សមដូង នំគម នំចាក់អំបែង…គឺមានទាំងបង្អែមនិងចំអាបប្រណីតវិសេស, បេះទាំងផ្កាភ្ញី ទៀន ធូប ជាគ្រឿងត្រៃតរនបូជា ។

ទន្ទឹមនឹងនោះ ពុទ្ធបរិស័ទក៏មិនភ្លេចវេចទេយ្យទាន ធ្វើជារង្វាន់សម្រាប់សមណសិស្សានុស្សិស្សសាលាពុទ្ធិកសិក្សា ប្រឡងឆមាសឡើយ ព្រោះថាវត្តនីមួយ ៗ ដែលមានបើកសាលាពុទ្ធិកសិក្សា ចាប់តាំងពីពុទ្ធិកមធ្យមសិក្សាបឋមភូមិដែលរួមមានទាំងអស់ ៤ ថ្នាក់ គឺថ្នាក់បាលី ទី ១, ទី ២, ទី ៣ និងទី ៤ គឺថ្នាក់បាលីរង, ចំណែកឯពុទ្ធិកមធ្យមសិក្សាទុតិយភូមិ រួមមាន ៣ ថ្នាក់, សរុបទាំងអស់មាន ៧ ថ្នាក់ដែលតម្រូវឲ្យរៀន ៧ ឆ្នាំទើបចប់សព្វគ្រប់, នេះនិយាយចំពោះតែខេត្តព្រះត្រពាំងមួយប៉ុណ្ណោះ ខេត្តនានាមានបើកសាលាពុទ្ធិកសិក្សាខ្លះ មិនមានខ្លះ ឯកម្មវិធីសិក្សាមិនដូចគ្នាទាំងស្រុងទេ មានខុសគ្នាដោយអន្លើ ហើយកម្មវិធីសិក្សាពុទ្ធិសិក្សា ៧ ឆ្នាំនេះមានតែនៅខេត្តព្រះត្រពាំង ។ ឯកាលបរិច្ឆេទដែលតម្រូវឲ្យចាប់ផ្តើមបើកបវេស្សនកាល គឺចាប់តាំងពី ៨ កើតខែវិសាខសម្រាប់មធ្យមសិក្សាបឋមភូមិ និង ១៥ កើតខែវិសាខសម្រាប់មធ្យមសិក្សាទុតិយភូមិ ហើយប្រឡងបញ្ចប់នៅពាក់កណ្តាលខែ ឬចុងខែបុស្ស ទៅតាមការកំណត់របស់គណៈកម្មការពុទ្ធិកសិក្សាស្រុកនីមួយ ៗ ចំពោះមធ្យមសិក្សាបឋមភូមិ ទី ១, ២, ៣ ។ ដើមខែមាឃ និងពាក់កណ្តាលខែមាឃគឺនៅថ្ងៃ ១២ និង ១៣ ១៤ រោចចំពោះមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ទី ១, ២ និងមធ្យមសិក្សាបឋមភូមិ ឆ្នាំទី ៤ (បាលីរង)ដោយចាត់តាំងមណ្ឌលប្រឡងរួមនៅវត្តណាមួយទូទាំងខេត្ត, ប៉ុន្តែសុទ្ធតែតម្រូវឲ្យប្រឡងឆមាសនៅពេលចេញវស្សាទាំងអស់ គឺបេក្ខជនប្រឡងត្រូវចូលបន្ទប់ប្រឡងនៅថ្ងៃ ១៣ កើត និងថ្ងៃកោរហើយប្រកាសលទ្ធផលប្រឡងនៅពេលរាត្រី ១៥ កើត (វត្តមួយចំនួនតិចទេដែលប្រកាសពេលថ្ងៃ) ក្នុងឱកាសបុណ្យចេញវស្សាជារៀងរាល់ឆ្នាំ ដែលមានពុទ្ធបរិស័ទទាំងក្មេងចាស់ចូលរួមយ៉ាងច្រើនកុះករដោយទឹកមុខញញឹមប្រិមប្រិយ ក្រោមស្នូរទះដៃកងរំពងអបអរសាទរចំពោះការតស៊ូសិក្សាអក្សរសាស្ត្រជាតិ និងសាសនារបស់ព្រះសង្ឃនិងយុវជនខ្មែរក្រោម ។ និយាយអំពីការរៀបចំវត្តវិញតាំងពីថ្ងៃកោរព្រះសង្ឃនាំគ្នាបោសច្រាសជម្រះទីលានវត្ត រោងឧបោសថកុដិ សាលា រោងរៀន សាលាឆទាន រោងភត្ត វច្ចកុដិ តម្កល់ទឹកងូត ទឹកប្រើប្រាស់ បង្ហូតទង់សាសនា ចងបដាបុណ្យ ។ មិនតែប៉ុណ្ណោះ នៅវត្តខ្លះមានទាំងសង់រានធ្វើសាលវេទិកាប្រកាសលទ្ធផលទៀតផង ។ នៅរសៀលពេញបូណ៌មីសូរសំឡេងភ្លេងពិណពាទ្យរនាតគង កងរំពងពេញភូមិស្រុកជាសញ្ញាប្រាប់ថាបុណ្យចេញវស្សាឈានមកដល់ និងពិធីប្រកាសលទ្ធផលប្រឡងរបស់សមណសិស្សានុសិស្សក៏មកជាមួយដែរ ធ្វើឲ្យពុទ្ធបរិស័ទខ្លះដែលកំពុងបំពេញកិច្ចការកសិកម្មនៅឯចម្ការស្រែ ខ្លះនៅគេហដ្ឋានខ្លះទៀតជាសិស្សសាលាកំពុងរៀននៅសាលាក្បែរវត្ត មានទឹកមុខញញឹមលបខ្សឹបប្រាប់គ្នីគ្នាថា យប់នេះបុណ្យចេញវស្សាព្រះសង្ឃប្រកាសលទ្ធផល (ស្រុកខ្លះនិយមហៅថា ព្រះសង្ឃហៅពិន្ទុ) យើងបានទៅវត្តសប្បាយចិត្តណាស់, ឯកសិករកម្នាក់ៗ មានចិត្តរំភើបរីករាយសប្បាយឥតឧបមាខំរូតរះម្នីម្នាប្រកបកិច្ចការងារដោយចិត្តទន្ទឹងឲ្យដល់យប់ឆាប់ ៗ នឹងអាលទៅវត្តមើលលោកហៅពិន្ទុ ។ ឯសមណសិស្សានុសិស្សវិញភ័យផង អរផងលាយឡំច្របូកច្របល់ខ្វល់រចល់ចិត្ត គិតគ្នេរពិន្ទុស្មានមិនដឹងជាបានលទ្ធផលផ្តល់ឲ្យខ្ពស់ឬទាបយ៉ាងណា ។

បើចោលខ្សែភ្នែកមើលទៅទិដ្ឋភាពទីវត្តនីមួយ ៗ នាពេលរសៀលនោះ គេឃើញមានភាពអូរអររម្យទមគួរឲ្យចាប់ចិត្តពេញមួយជីវិតអ្នករៀនបំភ្លេចមិនបាន ។ ពុទ្ធបរិស័ទក្មេងចាស់ខ្លះមកវត្តតាំងពីព្រលឹមវាល់ល្ងាច ខ្លះមិនទាំងចាំដល់យប់ផង ក៏នាំគ្នាមកវត្តដើររជយតាំងពីរសៀលព្រះអាទិត្យប៉ប្រះចុងព្រៃ ខ្លះដៃកាន់វង្វាន់ដែលវេចដោយក្រដាស ឬប្លាស្ទិចពណ៌ក្រហមយ៉ាងវិចិត្ត ខ្លះកាន់ទេយ្យធម៌ផ្សេង ៗ មកប្រគេនលោកគ្រូចៅអធិការ ឬលោកគ្រូអចិន្តេយ្យាចារ្យ ដើម្បីឲ្យគណៈកម្មការរៀបចំវង្វាន់ជារបៀបរៀបរយ ត្រៀមប្រគេនសមណសិស្សានុសិស្សនៅពេលប្រកាសលទ្ធផល គឺរង្វាន់មានគ្រប់ចំនួនសមណសិស្សានុសិស្សឥតខ្វះ ហើយបើសង្កេតទៅច្រើនតែឃើញមានរង្វាន់ពិសេសវិចិត្រប្រណីតជាងគេសម្រាប់យុវតីសិស្សព្រោះនឹកស្ងើចអស្ចារ្យចំពោះការខិតខំរបស់សិស្សស្រី ៗ ដែលខ្មីឃ្មាតឆ្លៀតរៀនទាំងសាលាសកលទាំងសាលាបាលី ។ ទន្ទឹមនឹងនោះ ក៏មានរង្វាន់ពិសេសសម្រាប់លេខជយលាភីពិសេសផងដែរ ។ មិនតែប៉ុណ្ណោះលោកគ្រូចៅអធិការ និងគណៈកម្មការវត្តនីមួយ តែងត្រៀមរង្វាន់ទឹកចិត្តសម្រាប់លោកគ្រូអ្នកគ្រូដែលលះបង់ពេលវេលាកិច្ចការងារធុរៈផ្ទាល់ខ្លួន មកវត្តបង្រៀនដោយស្ម័គ្រចិត្ត ។ ក្រោយពីចេញវស្សារួច នៅថ្ងៃមួយរោច លោកគ្រូចៅអធិការ និងលោកគ្រូអចិន្ត្រៃយ៍សាលា អនុញ្ញាតឲ្យសមណសិស្សានុសិស្សនិមន្តនិងអញ្ជើញទៅស្រុកកំណើតរយៈពេល ១ សប្តាហ៍ដើម្បីថ្វាយបង្គំព្រះឧបជ្ឈាយាចារ្យ និងសួរសុខទុក្ខ ញោម មាតា បិតា ញាតិសាលោហិត តាមបវេណីពុទ្ធសាសនា, លុះដល់ថ្ងៃ ៨ រោចអស្សុជវិលត្រឡប់មកវត្តរៀនជាបន្ត ។
ចំណុចដែលគណៈកម្មការពុទ្ធិកសិក្សានៅកម្ពុជាក្រោម និយមកំណត់កាលបរិច្ឆេទប្រឡងឆមាសក្នុងឱកាសបុណ្យចេញវស្សានេះ ជាចំណុចពិសេសមានអត្ថន័យជ្រាលជ្រៅណាស់សម្រាប់ខ្មែរក្រោមគឺ ; ទី ១ ដើម្បីទាក់ទាញពុទ្ធបរិស័ទដែលមិនទាន់មានសទ្ធា តែងតែព្រងើយកន្តើយនឹងសង្គមវត្តអារាម នឹងមានសទ្ធាមកវត្តអារាម, ទី ២ ដើម្បីលើកកម្ពស់កិត្តិយសផ្តល់ទឹកចិត្តដល់សិក្ខាកាមឲ្យរឹងរឹតតែស្រឡាញ់ការរៀនសូត្រ, ទី ៣ ជាឧបាយកាយបង្ហូរទឹកចិត្តស្នេហាវប្បធម៌ ស្នេហាអក្សរសាស្ត្រ ស្នេហាសាសនារបស់ជាតិ ឲ្យហូរជ្រួតជ្រាបដល់បេះដូងយុវជនខ្មែរក្រោម, ទី ៤ ដើម្បីបណ្តុះធម៌សាមគ្គីរវាងពុទ្ធបរិស័ទនិងព្រះសង្ឃ, ទី ៥ បណ្តុះស្មារតីជាតិនិយមកុំឲ្យខ្មែរភ្លេចខ្លួនជាខ្មែរ ។
តពីនេះ នឹងរៀបរាប់អំពីព្រះភិក្ខុសង្ឃបវារណាចេញវស្សា
ក្រោយអំពីចូលវស្សាគម្រប់ ៣ ខែ ទៅតាមពុទ្ធានុញ្ញាត គឺចាប់តាំងតាំងពីថ្ងៃ ១ រោចខែអាសាឍដល់ថ្ងៃ ១៥ កើតខែអស្សុជជាថ្ងៃភិក្ខុសង្ឃបវារណាចេញវស្សា សឹងមានព្រះពុទ្ធដីកាត្រាស់អនុញ្ញាតនៅក្នុងវិនយបិដក គម្ពីរមហាវគ្គ វស្សូបនាយិកក្ខន្ធកៈ និងបវារណក្ខន្ធកៈថា “អនុជានាមិ ភិក្ខវេ វស្សំ ឧបគន្តុ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុចូលវស្សា” ដោយមានកំណត់កាលបរិច្ឆេទដូច្នេះ “ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សាមានពីរ គឺថ្ងៃបុរិមិកាវស្សា ១ ថ្ងៃបច្ឆិមិកាវស្សា ១ ភិក្ខុគួរចូលបុរិមិកាវស្សាក្នុងថ្ងៃបន្ទាប់នៃថ្ងៃពេញបូណ៌មីខែអាសាធ (គឺថ្ងៃ១រោចខែអាសាធ) ភិក្ខុគួរចូលបច្ឆិមិកាវស្សាក្នុងថ្ងៃដែលកន្លងហួស ១ ខែអំពីថ្ងៃពេញបូណ៌មីខែអាសាធ (គឺថ្ងៃ១រោចខែស្រាពណ៍) ម្នាលភិក្ខុទាំងឡាយ ថ្ងៃចូលវស្សាមានតែពីរយ៉ាងនេះឯង” ។ ព្រះពុទ្ធទ្រង់ត្រាស់ពុទ្ធានុញ្ញាតបវារណាកម្មដល់ភិក្ខុសង្ឃថា “អនុជានាមិ ភិក្ខវេ វស្សំ វុដ្ឋានំ ភិក្ខូនំ តីហិ ឋានេហិ បវារេតុំ ទិដ្ឋេន វា សុតេន វា បរិសង្កាយ វា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុទាំងឡាយដែលនៅចាំវស្សារួចហើយបវារណា ដោយស្ថាន ៣ យ៉ាង គឺដោយឃើញក្តី ឮក្តី រង្កៀសក្តី” ។ របៀបវារណាគឺ “ត្រូវភិក្ខុដែលឆ្លាសប្រតិពលឲ្យសង្ឃដឹងថា បពិត្រព្រះសង្ឃដ៏ចម្រើន សូមព្រះសង្ឃស្តាប់ខ្ញុំ ថ្ងៃនេះជាថ្ងៃបវារណា” ។ បន្ទាប់មក “ត្រូវភិក្ខុជាថេរៈធ្វើឧត្តរាសង្គ ឆៀងស្មាម្ខាងអង្គុយច្រហោងផ្គងអញ្ជលីឡើងហើយនិយាយយ៉ាងនេះនឹងសង្ឃថា សង្ឃំ អាវុសោ បវារេមិ ទិដ្ឋេន វា សុតេន វា បរិសង្កាយ វា វទន្តុ មំ អាយស្មន្តោ អនុកម្បំ ឧបាទាយ បស្សន្តោ បដិករិស្សាមិ ទុតិយម្បិ…តតិយម្បិ… នែអវុសោ ខ្ញុំសូមបវារណានឹងសង្ឃដោយឃើញក្តី ឮក្តី រង្កៀសក្តីសូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញនឹងធ្វើតាម …ជាគម្រប់ពីរដង … ជាគម្រប់បីដង… ។ កិច្ចប៉ុណ្ណេះហៅថា បរវារណាកម្ម គឺព្រះភិក្ខុសង្ឃបវារណាចេញវស្សា ដែលពុទ្ធបរិស័ទនិយមហៅថា លោកចេញវស្សា, សីលចេញវស្សា ឬបុណ្យចេញវស្សា ។

ទស្សនៈក្នុងបវារណាកម្មចេញវស្សា
បើយើងសិក្សាទៅលើពាក្យថាបវារណាក្នុងវចនានុក្រមខ្មែរ នៃសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលមានសេចក្តីថា “ការបើកឱកាសឲ្យនិយាយ” ភ្ជាប់ទៅនឹងខ្លឹមសារនៃពាក្យបវារណាចេញវស្សារបស់ភិក្ខុសង្ឃ យើងឃើញថា បណ្តាសីលធម៌ទាំងអស់ក្នុងលោក នេះជាសីលធម៌សាសនា និងសីលធម៌សង្គមមួយដ៏ចាស់ទុំបំផុតហើយជាសីលធម៌កំពូលទៀតផង ក្នុងការគោរពសិទ្ធិនៃការបញ្ចេញមតិរិះគន់ដើម្បីស្ថាបនាបុគ្គល និងសង្គមសាសនា សង្គមជាតិឲ្យប្រសើរឡើង ដោយសេរីក្រោមល័ក្ខខ័ណ្ឌធម្មវិន័យគឺយកធម៌វិន័យជាធំ (ធម្មាធិបតេយ្យ) មិនយកបុគ្គលជាធំ (អត្តាធិបតេយ្យ) ឬបក្សពួកវណ្ណៈឬក៏អំណាចជាធំ (លោកាធិបតេយ្យ) ។ សមដូចព្រះពុទ្ធដីកាត្រាស់បញ្ជាក់ថា “បវារណានោះជាការអនុលោមដើម្បីពោលប្រដៅនូវគ្នានឹងគ្នា ជាការចេញចាកអាបត្តិ (ទោសកំហុស)ជាការធ្វើវិន័យឲ្យជាប្រធាន នឹងប្រាកដដល់អ្នកទាំងឡាយ” ។ សេចក្តីត្រង់នេះសឲ្យឃើញថាព្រះពុទ្ធសាសនា មានគោការណ៍រៀបចំសង្គមសង្ឃឲ្យឋិតនៅក្រោមធម៌វិន័យ មិនមែនឲ្យនៅក្រោមកណ្តាប់ដៃជនណាមួយឡើយ ។ កាលបើព្រះភិក្ខុសង្ឃទូទាំងសាសនមណ្ឌលគោរពធម៌វិន័យជាធំ (វិនយធម្មាធិតេយ្យ) មិនយកអ្វីផ្សេងជាធំហើយ សង្ឃនឹងមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ក្នុងការបញ្ចេញមតិ ក្នុងការអនុវត្តធម៌វិន័យដោយសមភាពក្នុងសង្គមដ៏ធំមួយនេះ ដោយមិនបាច់ខ្លាចញញើតនឹងការរើសអើងពូជសាសន៍ វណ្ណ ស័ក្តិ យសអំពីសំណាក់ភិក្ខុសង្ឃផងគ្នា ។ ព្រោះអ្វី ? ព្រោះថា សង្គមសង្ឃជាសង្គមមួយដែលមានព្រះភិក្ខុសង្ឃជាសមាជិកមកអំពីទិសទាំងបួនចម្រុះដោយពណ៌សម្បុរ ពូជពន្ធុ សាសនា គឺខ្លះមកពីសាសនាព្រាហ្មណ៍ ធ្លាប់ប្រកាន់ស្អិតលទ្ធិអហេតុកវាទខ្លះ អកិរិយវាទខ្លះ ហើយខ្លះទៀតធ្លាប់ជាចោរ ជាឃាតករក៏មាន… ឯខ្លះមកពីវណ្ណៈទាំងបួន គឺវណ្ណៈក្សត្រ ១, វណ្ណៈព្រាហ្មណ៍ ១, វណ្ណៈវេស្សៈ ១, វណ្ណៈសូទ្រៈ ១ ទន្ទឹមនឹងនោះមានទាំងពួកចណ្ឌាលមួយថែមទៀតជាគម្រប់ ៥ ; ចំពោះវណ្ណៈក្សត្រ មានទាំងស្តេច, អគ្គមហេសី និងរាជបុត្រា បុត្រី ព្រមទាំរាជវង្សានុវង្ស, វណ្ណៈព្រាហ្មណ៍ មានទាំងអាមាត្យ បុរោហិត រាជបណ្ឌិត សាស្ត្រាចារ្យ មេសាសនា ទស្សនវិទូ…, វណ្ណៈវេស្សៈមានទាំងសេដ្ឋី សេដ្ឋិនី គហបតី គហបតានី កុដុម្ពីក៍ ពាណិជករ…, វណ្ណៈសូទ្រៈមានអ្នកក្រលំបាកតោកយ៉ាក ជនអនាថា និងស្មូមយាចក, ចណ្ឌាលជាកុលសម្ព័ន្ធមួយដែលមានប្រភពចាកវណ្ណៈពីរផ្សំពន្ធុខុសគន្លងបវេណីនៃវណ្ណៈ ដែលគេមិនរាប់ចូលក្នុងវណ្ណៈទាំងបួនណាមួយ គឺគេចាត់ទុកថាអន់ជាសូទ្រៈទៅទៀត ។ យើងដឹងហើយថា តាំងពីបុរាណកាលដរាបមកដល់បច្ចុប្បន្នកាលនេះមនុស្សទាំង ៤ វណ្ណៈនេះ ជិះជាន់គ្នាមិនចេះចប់ ដោយអំណាច ដោយទ្រព្យ រើសអើងពូជសាស្ន ប្រកាន់វណ្ណៈ ដូចត្រីនៅរួមសមុទ្រមែន តែត្រីធំតែងស៊ីត្រី តូច មិនងាយនឹងមានធាតុអ្វីមួយអាចបញ្ចូលពួកគេឲ្យរលាយចូលគ្នាឲ្យរួមរស់នៅជាមួយគ្នាបានយ៉ាងសុខសាន្តសន្តិភាព ដូចជាធាតុធម្មវិន័យនេះឡើយ គឺកាលដែលពួកគេមានសទ្ធាចេញចាកត្រកូលរបស់ខ្លួនមកបួសក្នុងធម្មវិន័យនៃពុទ្ធសាសនាហើយ គេបានជម្រុះចោលអស្មិមានះដែលធ្លាប់តែប្រកាន់យ៉ាងផ្កាប់មុខជ្រប់ងោងទៅលើត្រកូលវណ្ណៈនោះ កាន់យកធម្មវិន័យយ៉ាងស៊ប់ស៊ាំហើយរួមរស់ក្នុងធម្មវិន័យដោយសមភាពក្នុងការប្រព្រឹត្តធម្មវិន័យ ប្រកបដោយសេរីភាពយ៉ាងពេញបរុបូណ៌ ។ នៅក្នុងខ្លួនរបស់គេពេលនោះនៅមានត្រឹមតែពាក្យហៅរួមគ្នាមួយម៉ាត់គត់គឺ ភិក្ខុ លែងមានធាតុក្សត្រ ព្រាហ្មណ៍ វៃស្យៈ សូទ្រៈ ចណ្ឌាលតទៅទៀត ហើយមានការចិញ្ចឹមជិវិតស្មើគ្នាដោយស្មងត្រាច់គោចរបិណ្ឌបាតតាមច្រកល្ហក ភូមិ ស្រុកជនបទ រាជធានី បានអាហារពីគ្រប់ដំបូលផ្ទះនៃវណ្ណៈទាំងឡាយ គឺព្រះសង្ឃលោកមានបាត្រជាឆ្នាំងបាយរួមគ្នា ប្រែថាឆ្នាំងបាយនៃមនុស្សគ្រប់វណ្ណៈគឺជាឆ្នាំងបាយរបស់ព្រះសង្ឃ មានវត្តជាលំនៅរួមគ្នា មានកុដិសាលា ឬ គល់ឈើជាផ្ទះរួមគ្នា មានធម៌ប្រព្រឹត្តស្មើគ្នាដោយសុខក្សេមក្សាន្ត មិនមានពៀរ មិនមានភ័យ ។ ត្រង់នេះសឲ្យឃើញកាន់តែច្បាស់ឥតសង្ស័យថា ធាតុគឺធម្មវិន័យនេះ ជាធាតុរម្លាយចោលនូវវណ្ណៈទាំងឡាយដែលជាប្រភពនៃលទ្ធិផ្តាច់ការ លទ្ធិកុម្មុយនីស្ត លទ្ធិអភិជន លទ្ធិមូលធននិយម លទ្ធិសក្តិភូមិ ឲ្យទៅជាលទ្ធិធម្មវិន័យឬលទ្ធិវិនយធម្មាធិបតេយ្យ ឬក៏លទ្ធិសង្ឃាធិបតេយ្យមុនគេក្នុងលោក បើគិតតាំងពីពេលព្រះបានត្រាស់មកឥឡូវ ២៦ សតវត្សរ៍ ឈានចូលឆ្នាំទី ៣ នៃសតវត្សរ៍ទី ២៧ ក្នុងឆ្នាំនេះហើយ ។ នាកាលណោះ ពិភពលោកនេះឋិតនៅក្នុងយុគងងឹតឈឹងមិនទាន់ឃើញពន្លឺនៃលទ្ធិប្រជាធិបតេយ្យនៅឡើយ តែព្រះពុទ្ធសាសនានៅពេលនោះបានឈានដល់ថ្នាក់កំពូលនៃសេរីភាពទៅហើយ នឹងបានជាមេធាតុបង្កើតពន្លឺលទ្ធិប្រជាធិបតេយ្យ ជាមេគំនិតបង្កើតសីលធម៌លុបបំបាត់ធាតុវណ្ណៈ, សមដូចសំនេរនៃព្រះធម្មបាល ខៀវ ជុំ ក្នុងសៀវភៅសកលចិន្តាជាស្នាព្រះហស្តដ៏ឆ្នើមរបស់ព្រះអង្គលោកថា “ព្រះពុទ្ធសាសនា, ជាសាសនាដំបូងដែលបានបង្រៀនឱយមនុស្សបញ្ឈប់នូវទង្វើជិះជាន់ប្រមាថមើលងាយគ្នា ព្រោះតែរឿងប្រកាន់ជាន់វណ្ណៈដោយសំអាងជាតិសាស្ន និងអំបូរវង្សត្រកូល ។ ល ។ ដែលគេបែងចែកនៅក្នុងលក្ខណៈផ្សេង ៗ គ្នា ប្រកបដោយកម្ពស់, ទំនាប, ទំហំ, តំណូច, តម្លៃ, តំហោក ។ ល ។ ព្រមគ្នានេះគេបានបង្កើតឲឱយមានធាតុមួយដែលមានឈ្មោះថា “សីលធម៌” ធាតុសីលធម៌នេះ គឺជាទិស, ជាទីកន្លែងសម្រាប់ណាត់ជួបគ្នារបស់មនុស្សទាំងឡាយ” ។ ដើម្បីឲ្យកាន់តែច្បាស់ថា ព្រះពុទ្ធសាសនាជាមេរៀនដំបូងនៃលទ្ធិប្រជាធិបតេយ្យ យើងគួរសើរើសិក្សាឡើងវិញនូវសង្ឃកម្មទាំងឡាយ ដែលមានចែងនៅក្នុងព្រះវិនយបិដក ដែលប្រៀបដូចជារដ្ឋធម្មនុញ្ញនៃប្រទេសនីមួយៗ ផ្នែកខាងអាណាចក្រ ដូចយ៉ាង កឋិនកម្ម ឧបសម្បទាកម្ម (ការបញ្ចូលសមាជិកសង្ឃថ្មី) និងបវារណាកម្មនេះជាដើម យើងនឹងឃើញបានថា សង្ឃកម្មរបស់ពុទ្ធសាសនាសុទ្ធតែយកធម៌និងវិន័យ (បើផ្លូវលោកគឺច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្ស) ជាប្រធាន ជាធំ ហើយមានសង្ឃជាមូលជាអ្នកសម្រេចកម្ម ដោយប្រគល់សេរីភាពក្នុងការបញ្ចេញមតិដល់ជំនុំសង្ឃ, លទ្ធផលទីបំផុតនៃសង្ឃកម្មត្រូវអនុម័តិដោយមតិសង្ឃក្រោមលក្ខខណ្ឌធម្មវិន័យ ។ ប្រសិនបើគ្មានធម្មវិន័យទេ សង្គមសង្ឃមុខតែវឹកវរចលាចលជាសង្គមលោកទៅទៀត ដូចបានបញ្ជាក់ហើយសង្គមសង្ឃគឺសង្គមចម្រុះពូជសាស្ន វណ្ណ ត្រកូល ម្ល៉ោះហើយបើគ្មានធម្មវិន័យជាគ្រឿងពន្លះចោលនូវធាតុទាំងនោះទេ សង្ឃមុខតែបែកពួក បក្ស បែកសាមគ្គីខ្ទេចខ្ទី មិនអាចនៅសល់បានដល់សព្វថ្ងៃនេះទេ ។ យុគណាសង្ឃមិនសូវគោរពតាមធម្មវិន័យ យុគនោះសង្ឃក៏បែកទៅជាមាននិកាយយ៉ាងច្រើនរាប់មិនអស់ មើលមិនយល់ ស្មានមិនដល់ ។ មួយទៀត បើគ្មានធម្មវិន័យបើកមុខទេ នឹងមានភិក្ខុជាសមាជិកសង្ឃអង្គណាមួយអាចហ៊ានប្រើសិទ្ធិរបស់ខ្លួនក្នុងការបញ្ចេញមតិរិះគន់ជនខិលខូច ព្រោះថាព្រះភិក្ខុសង្ឃខ្លះជាអតីតក្សត្រ បុរោហិត រាជបណ្ឌិត ឬកូនអ្នកមានទ្រព្យ ឬក៏ជាថេរៈមានវស្សាចាស់ទុំ ពុំនោះមានឥស្សរជនជាខ្នងបង្អែក, ដូចយ៉ាងការរិះគន់ឥតសំចៃរបស់ភិក្ខុសង្ឃចំពោះពួកឆព្វគ្គិយភិក្ខុជាដើម ដើម្បីស្ថាបនាតាមធម្មវិន័យលាងជម្រះកុំឲ្យប្រឡាក់ពុទ្ធសាសនា ។ ចំណុចត្រង់នេះទើបព្រះពុទ្ធទ្រង់ត្រាស់បង្គាប់ឲ្យភិក្ខុជាថេរៈ ត្រូវធ្វើជាគម្រូក្នុងការបវារណាបើកឱកាសសូមឲ្យសង្ឃជួយពិនិត្យមើលកំហុស ហើយជួយប្រាប់កំហុសនោះដោយអនុគ្រោះ (ធម្ម) ប្រសិនបើសង្ឃបានឃើញ បានឮ បានរង្កៀសថាខ្លួនពិតជាបានប្រព្រឹត្តខុស (វិន័យ) ដើម្បីបានឱកាសកែប្រែខ្លួនឲ្យបរិសុទ្ធឡើងវិញដូចបទថា “ត្រូវភិក្ខុជាថេរៈធ្វើឧត្តរាសង្គឆៀងស្មាម្ខាង អង្គុយច្រហោងផ្គងអញ្ញលីឡើងហើយនិយាយយ៉ាងនេះនឹងសង្ឃថា នែអវុសោ ខ្ញុំសូមបវារណានឹងសង្ឃដោយឃើញក្តី ឮក្តី រង្កៀសក្តី សូមលោកដ៏មានអាយុទាំងឡាយអាស្រ័យនូវសេចក្តីអនុគ្រោះ ហើយពោលចំពោះខ្ញុំ កាលបើខ្ញុំឃើញនឹងធ្វើតាម” ។ ប្រសិនបើមនុស្សនៃសង្គមលោកក្តី សង្គមសង្ឃក្តី មិនមានសិទ្ធិដើម្បីប្រើសេរីភាពរបស់ខ្លួនក្នុងការគិត ក្នុងការបញ្ចេញមតិ និង ក្នុងការធ្វើឲ្យពេញលេញទេ ហើយជនទូទៅមិនដាក់ចុះនូវមានះ ប្រកាន់គំនិតអាត្មានិយម ចចេស រឹងត្អឹង ទទឹងទិស មិនស្តាប់មតិយោបល់ និងមតិរិះគន់របស់អ្នកដទៃដោយសំអាងលើទ្រព្យ អំណាច យស ស័ក្តិ វណ្ណ វ័យ និងវិជ្ជា, សង្គមនោះនឹងមិនមានស្ថិរភាព មិនមានសុខសន្តិភាព សម្បូណ៌សប្បាយ មិនមានសាមគ្គីធម៌ឡើយ ហើយចុះចុះទន់ខ្សោយជាលំដាប់ ។ ព្រះសម្មាសម្ពុទ្ធទ្រង់យាងសំដែងធម៌អស់ ៤៥ វស្សាមិនមានគិតពីការនឿយព្រះកាយនោះ ទ្រង់ពុំមានប្រាថ្នាចង់បានប្រយោជន៍អ្វីមួយពីលោកជន ឬពុទ្ធជនឡើយ គឺទ្រង់មានពុទ្ធបំណងតែម្យ៉ាងគត់ ចង់ឲ្យសង្គមលោក និងសង្គមសង្ឃ ឬសាសនា រួមរស់ក្រោមដំបូលធម្មវិន័យ ដើម្បីសាមគ្គីភាពនៃមនុស្ស វឌ្ឍនភាពនៃលោក និងវឌ្ឍនភាពនៃសាសនា ដើម្បីសម្បូណ៌សប្បាយរុងរឿងនៃសត្វលោក ហើយមានមុខឆ្ពោះទៅរកការរំលត់ទុក្ខជាស្ថាពរ ។

ទំនៀមរបស់ភិក្ខុសង្ឃ គឺកាលដែលចេញវស្សារួចតែងទៅគាល់ព្រះសម្មាសម្ពុទ្ធដូចមានបទថា “ការដែលចូលទៅគាល់ព្រះមានព្រះភាគនុ៎ះ ជាទំនៀមរបស់ភិក្ខុទាំងឡាយដែលចាំវស្សារួចហើយ” ឯ “ការរីករាយជាមួយនឹងភិក្ខុជាអាគន្តុកនុ៎ះឯង ជាទំនៀមរបស់ព្រះពុទ្ធមានព្រះភាគទាំងឡាយ (គ្រប់ព្រះអង្គ)” គឺព្រះពុទ្ធគ្រប់ព្រះអង្គតែងមានព្រះពុទ្ធតម្រាស់សួរសុខទុក្ខដូច្នេះថា “ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយល្មមអត់ធន់សេចក្តីទុក្ខបានឬទេ ល្មមឲ្យឥរិយាបថប្រព្រឹត្តទៅស្រួលបានឬទេ អ្នកទាំងឡាយជាបុគ្គលព្រមព្រៀងគ្នា ស្រុសស្រួលគ្នា មិនទាស់ទែងគ្នានៅចាំវស្សាដោយសប្បាយហើយឬ មួយទៀតអ្នកទាំងឡាយមិនលំបាកដោយបិណ្ឌបាតទេឬ” ។ បើសិក្សាពិចារណាសេចក្តីត្រង់នេះ យើងគង់បានយល់ពីព្រះទ័យមហាករុណានៃព្រះសម្មាសម្ពុទ្ធខ្លះ ៗ មិនខានទេ, ទ្រង់មានព្រះទ័យចង់ឲ្យភិក្ខុសង្ឃ និងសត្វលោកបានសុខ បានស្រួល បានសាមគ្គី បានសប្បាយ បានសម្បូណ៌ មិនចង់ឃើញសត្វលោកមានទុក្ខព្រួយ ក្រលំបាក បែកបាក់ទាស់ទែងគ្នាឡើយ ។ ទ្រង់មានបំណងឲ្យភិក្ខុបានចាំវស្សានៅទីអាវាសជាទីសប្បាយ (អាវាសសប្បាយ ) កុំឲ្យមានអន្តរាយពីមនុស្ស ពីសត្វសាហាវ និងពីអមនុស្ស ព្រមទាំងគ្រោះធម្មជាតិ ចង់ឲ្យមនុស្សមានទីលំនៅត្រឹមត្រូវ មានប្រទេសជាតិបានឯករាជ្យ មានបដិរូប ប្រកបដោយសន្តិភាព វឌ្ឍនភាព ។ ចង់ឲ្យភិក្ខុសង្ឃនិងមនុស្សមានអាហារគ្រឿងបរិភោគ ឧបភោគគ្រប់គ្រាន់ (អាហារសប្បាយ) ។ ចង់ឲ្យភិក្ខុសង្ឃនិងមនុស្សសប្បាយរស់ក្នុងសីលធម៌ កល្យាណធម៌ សាមគ្គីធម៌ មេត្តាធម៌ សង្គហធម៌ សន្តិធម៌ អហិង្សធម៌ (ធម្មសប្បាយ) ។ ចង់ឲ្យភិក្ខុសង្ឃ និងមនុស្សរួមរស់ជាមិត្តមានឧបការដល់គ្នានឹងគ្នា (បុគ្គលសប្បាយ) ។ ប្រសិនបើភិក្ខុចាំវស្សានៅទីអាវាសណាមិនមានការសប្បាយទាំង ៤ នោះគ្រប់គ្រាន់ដោយសារមានការអន្តរាយកើតពីចោរ ពីសត្វសាហាវ ពីបិសាច ពីទឹកជន់ ពីទុរ្ភិក្ស…ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឃនិមន្តចៀសចេញទៅរកអាវាសផ្សេងដែលមានក្តីសប្បាយ មានឧបាសកជើងវត្តជាអ្នកមានសទ្ធាជ្រះថ្លាដើម្បីគង់នៅ ដោយមិនត្រូវអាបត្តិព្រោះដាច់វស្សាឡើយ ពុំនោះទេនឹងត្រូវមានអាបត្តិ, ដូចមានព្រះពុទ្ធតម្រាស់ថា ” ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ភិក្ខុទាំងឡាយចូលវស្សាហើយ ស្រាប់តែមានទឹកជន់មកលិចស្រុកជាទីគោចរ ។ ភិក្ខុទាំងឡាយ ក៏លំបាកដោយអាហារបិណ្ឌបាត ។ ភិក្ខុទាំងនោះត្រូវតាំងចិត្តថា អាវាសនេះឯងមានសេចក្តីអន្តរាយ ហើយចៀសចេញទៅចុះ ។ ភិក្ខុទាំងនោះដាច់វស្សា តែមិនត្រូវអាបត្តិទេ” ។
សេចក្តីដូចបានលើកមកប៉ុណ្ណេះ ក៏មានលក្ខណៈបរិបូណ៌ក្នុងការធ្វើនិទស្សន៍ឲ្យឃើញថា ព្រះពុទ្ធសាសនា ជាសាសនា គោរពសិទ្ធិមនុស្ស, សិទ្ធិសត្វលោក, សិទ្ធិបញ្ចេញមតិ ដោយផ្តល់សេរីភាពទាំងផ្នែកគំនិត ផ្នែកសម្តី និងទំវើយ៉ាងពេញលេញដល់សង្ឃសាវ័ក ដែលទុកជាមាគ៌ានិងជាពន្លឺសកលបំភ្លឺផ្លូវពិភពលោកនេះ ឲ្យឃើញផ្លូវសេរីភាពអស់រាប់ពាន់ឆ្នាំមកហើយ (សូមមើលមហាបរិនិព្វានសូត្រ ក្នុងគម្ពីរទីឃនិកាយបន្ថែមចុះដូចបទថា “នត្ថានន្ទ តថាគតស្ស ធម្មេសុ អាចរិយមុដ្ឋិ ម្នាលអានន្ទ កណ្តាប់ដៃនៃអាចារ្យ មិនមានក្នុងធម៌ទាំងឡាយ របស់តថាគតទេ” ជាដើម) ។
Comments are closed.