ប្រពៃណី​បុណ្យ​សែនដូនតា​នៅ​កម្ពុជា​ក្រោម​

121

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ ១៤ និង ១៥ រោច ខែភទ្របទ និង ១ កើត​ខែអស្សុជ ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា ក្រោម តែងតែ​ប្រារព្ធ​ពិធីបុណ្យ​សែនដូនតា​រយៈពេល ៣ ថ្ងៃ នៅតាម​ផ្ទះ និង​វត្ត​អារាម ។​

ខ្មែរក្រោមនៅចំណុះជើងវត្តលាវចន្ទស្សារាម (ដីក្រហម) ស្រុកថ្កូវ  ខេត្តព្រះត្រពាំង ដង្ហែបាតបត្តបូរជំវិញព្រះវិហារ នៅពេលព្រឹកព្រលឹម ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ។
ខ្មែរក្រោមនៅចំណុះជើងវត្តលាវចន្ទស្សារាម (ដីក្រហម) ស្រុកថ្កូវ ខេត្តព្រះត្រពាំង ដង្ហែបាតបត្តបូរជំវិញព្រះវិហារ នៅពេលព្រឹកព្រលឹម ដើម្បីវេរប្រគេនដល់ព្រះសង្ឃ ។

​ពាក្យ “​សែនដូនតា​” មានន័យថា  ការដាក់​ភោជនាហារ​សំបូងសង្រូង ឬ ដាក់​ក្រយា​បូជា ហើយ​ពោល​ពាក្យ​អំពាវនាវ​ឧទ្ទិស​ចំពោះ​ជីដូន​ជីតា​មាតាបិតា​របស់ខ្លួន​ដែល​បាន​ស្លាប់ទៅ ។

​ពិធីបុណ្យ “​សែនដូនតា​” កើតឡើង​តាម​ជំនឿ​របស់​អ្នកស្រុក​តាំងពី​បុរាណកាល​មក  ដោយ​មនុស្ស​ខ្មែរ នៅ​កម្ពុជា​ក្រោម មានជំនឿថា ក្រៅពី​ភព​មនុស្ស​នេះ ក៏មាន​ភព​ដទៃ​មួយទៀត​ជា​អរូប​មានតែ​វិញ្ញាណ ហើយ​ជឿថា មនុស្ស​ស្លាប់ទៅ​តែ​រូប​កាយ រីឯ​ចិត្ត និង​វិញ្ញាណ​វិញ​មិនបាន​ស្លាប់​ទេ ។ ហេតុនេះ ទើប ប្រពៃណី “​សែន​” នៅតែ​ជា​តម្រូវ​ការចាំបាច់​មិនអាច​ខ្វះ​បាន​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ កម្ពុជា​ក្រោម  ដើម្បី​សម្ដែង​កតញ្ញូតាធម៌​ចំពោះ​បុព្វការី​ជន​ដែល​បាន​ស្លាប់ទៅ និង​ដើម្បី​សុំ​សេចក្ដីសុខ ចម្រើន​ដល់​ខ្លួន ។ ការ “​សែន​” នេះ ក្នុង​គោលបំណង​ឧទ្ទិស​ដល់​ជន​ទាំងពីរ​ជំពូក រួមមាន អ្នក​ដែល បាន​ស្លាប់ទៅ​ត្រូវជា​សាច់សាលោហិត​របស់ខ្លួន និង​ជន​ដែលមាន​ស្នាដៃ​ក្នុងការ​ស្ថាបនា និង​ការពារជាតិ សាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម ។​

​វត្ត​អារាម​ជា​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​កម្ពុជា​ក្រោម  បានជា​រាល់​កម្មវិធី​បុណ្យ​ផ្សេងៗ គេ​តែងតែ​ចាត់ តាំងនៅ​ក្នុង​វត្ត ។ បច្ចុប្បន្ន  ពិធីបុណ្យ​នេះ ពលរដ្ឋ​ខ្មែរក្រោម​បាននាំគ្នា​យក​ចង្ហាន់​ទៅ​វត្ត​ប្រគេន ព្រះសង្ឃ និង​និមន្ត​ព្រះសង្ឃ​មក​ទទួល​ភត្ត​នៅផ្ទះ ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​របស់ខ្លួន ។ ក្រៅពីនេះ “​សែន​” ជា​ពិធី​មួយ​ដែល​ខ្មែរក្រោម​គោរព​មុន​ការគោរព​ព្រះពុទ្ធសាសនា​នោះ ក៏​នៅតែ​ត្រូវបាន ពួកគេ​ប្រកាន់យក​នៅឡើយ ។

​ប្រភព​នៃ​បុណ្យ​សែនដូនតា​៖

​ប្រពៃណី “​បុណ្យ​សែនដូនតា​” នៅ​កម្ពុជា​ក្រោម មានមក​តាំងពី​បុរាណកាល មុន​លទ្ធិ​ពុទ្ធសាសនា ផ្សព្វផ្សាយ​ចូល​ដែនដី​កម្ពុជា​ក្រោម ។ រឿងនិទាន​នៃ​ពិធីបុណ្យ​សែនដូនតា​បាន​បញ្ជាក់ថា​៖

​កម្ពុជា​ក្រោម​ជា​តំបន់​វាល​ទំ​ទាប​ទឹក​លិច​ខួប​រដូវវស្សា  ហើយ​ពលរដ្ឋ​ខ្មែរក្រោម​ជា​អ្នកធ្វើ​ស្រែចម្ការ ។ ពួកគេ ចាប់ផ្ដើម​សាប​សំណាប​នៅក្នុង​ខែវិសាខ លុះដល់​ខែអាសាឍ  ខែស្រាព​ណ៍ និង ដើមខែ​ភទ្របទ ចាប់ផ្ដើម​ដកសំណាប​ស្ទូង  ។  មកដល់ពេលនេះ ការដក​ស្ទូង​ក៏​ជិត​បានសម្រេច​ដែរ ហើយ​ជា​រដូវ ភ្លៀងរលឹម​ផង និង​មាន​ទឹកជំនន់​ផង  ។ ក្រោយពី​ភ្លៀងរលឹម ពលរដ្ឋ​ខ្មែរក្រោម​តែងតែ​នាំគ្នា​ធ្វើដំណើរ ដោយ​ទូក​កាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ ដើម្បី​សួរសុខទុក្ខ និង​យក​ជំនូន មាន នំ បង្អែម ចម្អាប ជាដើម ទៅជូន​ជីដូន​ជីតា ម្ដាយ​ឪពុក ចាស់ជរា​ដែល​នៅ​ទី​ឆ្ងាយ ។  អ្នកខ្លះ​បាន​ជួប​ញាតិ របស់ខ្លួន  អ្នក​ខ្លះទៀត​មិនបាន​ជួប​ទេ ព្រោះ​ជីដូន​ជីតា និង​ម្ដាយ​ឪពុក​បាន​ស្លាប់​បាត់ទៅហើយ  ព្រោះ​ខំ​តែ រវល់​ធ្វើ​ការមិន​បានដឹង ។​

​ក្រោយមក អ្នក​ដែល​ញ​តិ​របស់ខ្លួន​បាន​ស្លាប់​ទៅហើយនោះ បាន​ណាត់គ្នា​នៅតាម​ភូមិ​ស្រុក​ដើម្បី​ធ្វើ​ពិធី បុណ្យ​រំឭក​គុណ​ដល់​ញាតិ​របស់ខ្លួន ។ បន្ទាប់ពី​មាន​វត្ត​អារាម​ពុទ្ធសាសនា  ពួកគេ​បាន​ចូលទៅ​វត្ត​ដើម្បី​ធ្វើ ពិធីបុណ្យ​សែនដូនតា និង​ដាក់​បិណ្ឌ រយៈពេល កន្លះ​ខែ ចាប់ពី​ថ្ងៃ ១ រោច​ខែភទ្របទ ដល​ថ្ងៃ ១ កើត​ខែអស្សុជ រៀងរាល់ឆ្នាំ ។​

ពិធី​កិច្ច​របស់​បុណ្យ​សែនដូនតា​៖

​ពិធី “​បុណ្យ​ដែន​ដូនតា​”  ចែកចេញជា​ពិធី​កិច្ច​មាន​ពីរបែប​ខុសគ្នា  ។ ទីមួយ ជា​ពិធី “​សែនដូនតា​” គេប្រារព្ធ​នៅផ្ទះ និង​ទី​ពីរ ជា​ពិធី “​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​” គេ​ធ្វើ​នៅ​វត្ត ។ “​សែនដូនតា​” ជា​ពិធី​កម្ម ទាក់ទង​នឹង​ជំនឿ​របស់​អ្នកស្រុក  ។ ចំណែក “​ដាក់​បិណ្ឌ និង​ភ្ជុំបិណ្ឌ​” ជា​ពិធី​កម្ម​ជំនឿ​ទាក់ទង​ នឹង ពុទ្ធសាសនា ។​

សព្វថ្ងៃ នៅ​កម្ពុជា​ក្រោម ជំនឿ​ទាំងពីរ​បែបនេះ គឺ “​សែនដូនតា និង ភ្ជុំបិណ្ឌ​” ត្រូវបាន​អ្នកប្រាជ្ញ​ខ្មែរ​និយម និង​សាសនានិយម ផ្សារភ្ជាប់​ចូលគ្នា​ឲ្យ​ទៅជា​កម្មវិធី​បុណ្យ​តែមួយ​ហៅថា “​បុណ្យ​សែនដូនតា​” ។ សម្រាប់ អ្នកស្រុក​ហៅ​បុណ្យ​នេះ​ថា “​បុណ្យ​ដូនតា​” ។

​សព្វថ្ងៃ ពិធី “​បុណ្យ​សែនដូនតា​” នៅ​កម្ពុជា​ក្រោម ប្រារព្ធ​រយៈពេល ១៦ ថ្ងៃ​រៀងរាល់ឆ្នាំ ដោយមាន​ពិធី​កិច្ច ធំ ៤ យ៉ាង គឺ​៖

  • ​ទីមួយ ពិធី​ដាក់​បាយបិណ្ឌ​
  • ​ទី​ពីរ ពិធី​សែនដូនតា​
  • ​ទី​បី ពិធី​ភ្ជុំបិណ្ឌ​
  • ​ទី​បួន ពិធី​ជូន​ដូនតា​

១/ ពិធី​ដាក់​បាយបិណ្ឌ​៖

​ប្រារព្ធ​នៅ​វត្ត​រៀងរាល់ឆ្នាំ រយៈពេល ១៣ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ ១ រោច ដល់​ថ្ងៃទី ១៣ រោច​ខែភទ្របទ ។ ពិធី​នេះ គណៈកម្មការ​វត្ត​ចំណុះជើងវត្ត​នីមួយៗ​នៅ​កម្ពុជា​ក្រោម  បានរៀបចំ​ជា​ក្រុម ឬ ជា​វេន​នីមួយៗ​ទៅ តាម​ភូមិ​នៅក្នុង​ចំណុះជើងវត្ត ដើម្បី​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ប្រចាំថ្ងៃ​ក្នុង​មួយថ្ងៃ​មួយ​វេន ។ រយៈពេល ១៣ ថ្ងៃនេះ រៀងរាល់​ពេលព្រឹក ម៉ោង ៤  គេ​តែងតែ​ឮ​សំឡេង​បរាភវ​សូត្រ​ដែល​ព្រះសង្ឃ​ស្មូ​ធ្យ​ឮសូរ រហ៊ឹម​ឆ្លង​ពី​វត្ត​មួយ​ទៅ​វត្ត​មួយ ។ ពេលព្រឹក​ព្រលឹម ក្រុម​វេន​ប្រចាំថ្ងៃ បានមក​វត្ត​ជុំគ្នា​យក​បាយបត្តបូរ វេរ​ប្រគេន​ព្រះសង្ឃ​នៅ​ព្រះវិហារ បន្ទាប់ពី​ព្រះសង្ឃ​ធ្វើ​កិច្ច​វត្ត​ចំពោះ​ព្រះ​រតនត្រ័យ និង​សូធ្យ​បរាភវ​សូត្រ ចប់​រួចមក ។ បន្ទាប់ពី​វេរ​បាយបត្តបូរ​ប្រគេន​ព្រះសង្ឃ  ក្រុម​តំណាង​វេន​ក៏បាន​យក​បាយបត្តបូរ​ទៅ​រៀប នៅ​សាលាឆាន់​ទី​ដែល​ព្រះសង្ឃ​ទទួល​ភត្ត​ជាមួយនឹង​បាយទឹក​នំចំណី​ផ្សេងទៀត សម្រាប់​ព្រះសង្ឃ ឆាន់​នៅពេល​ព្រឹក ។ ក្រៅពី​រៀបចំ​អាហារ​ប្រគេន​ព្រះសង្ឃ​ពេលព្រឹក  ទាយក​ខ្លះ​ក៏បាន​យក​បាយបិណ្ឌ ទៅ​ដាក់​នៅតាម​ចៃដី តាម​មុម​ព្រះវិហារ និង​ក្រោម​ដើមឈើ​ជាដើម នៅពេល​ព្រលឹម​ដើម្បី​អធ្យាស្រ័យ ដល់​ពួក​ប្រេត ។ ពេល​ថ្ងៃត្រង់ ក្រុម​វេន​ដដែល​បាន​បន្ត​យក​ចង្ហាន់​មក​រៀប​នៅ​សាលាឆាន់​រួមគ្នា  វេរ ប្រគេន​ដល់​ព្រះ​ភិក្ខុសង្ឃ ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​ដល់​បុព្វការី​ជន​របស់ខ្លួន​ដែល​បាន​ស្លាប់ទៅ និង នៅ​ពេលយប់​បាននាំគ្នា​មក​វត្ត​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះ​បរិត្ត និង​សម្ដែងធម៌​ទេសនា ជាដើម ។

​អ្វី​ទៅជា​បាយបត្តបូរ ? យោងតាម​វចនានុក្រម​ខ្មែរ បាយបត្តបូរ មានន័យថា “​បាយ​បំពេញ​បាត្រ (​បាយ​រាប់បាត្រ​) ឬ បាយ​សម្រាប់​បំពេញ​បាត្រ គឺ​បាយ​ដែល​ទាយក គេ​យក​បម្រុង​នឹង​ថែម​ក្រែង​ភិក្ខុសង្ឃ​ខ្វះខាត​ឆាន់​មិន​គ្រាន់ ។ ហៅ​ម្យ៉ាង​ថា បាយបិតបូរ “​បាយ​សម្រាប់​បំពេញ​ផល​ឲ្យ​ប្រេត​” គឺ​បាយ​ដែល​ទាយក​ប្រគេន​ភិក្ខុសង្ឃ ហើយ​ឧទ្ទិសផលបុណ្យ​ជូនទៅ​បុគ្គល​ដែល​ចែក​ឋាន​ទៅកាន់​បរលោក​ហើយ​” ។

ប្រភព​នៃ​ពិធី​ដាក់​បាយបិណ្ឌ និង​ភ្ជុំបិណ្ឌ​៖

“​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​” ជា​ពាក្យ​មួយ​សម្រាប់​និយាយ​សំដៅលើ​ពិធីបុណ្យ​ផ្លូវការ​មួយ​នៅក្នុង​ប្រ ទេស​កម្ពុជា ដែល​មានចែង​នៅក្នុង​សៀវភៅ “​ទ្វាទសមាស​” តែ​នៅ​កម្ពុជា​ក្រោម ពាក្យ​នេះ គ្រាន់តែ​សំដៅ លើ​ពិធី​កិច្ច​មួយ​នៅក្នុង​ពិធី “​បុណ្យ​សែនដូនតា​” ជា​ផ្លូវការ​នៅ​កម្ពុជា​ក្រោម តែប៉ុណ្ណោះ ។ ពាក្យ “​កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​” នេះ គ្រាន់តែ​ជា​ពិធី​មួយ​ដែល​បាន​បង្កើតឡើង​នៅពេល​ក្រោយ​ភ្ជាប់​ជាមួយនឹង “​បុណ្យ​សែន ដូនតា​” ដែល​ខ្មែរក្រោម​មានមក​តាំងពី​បុរាណកាល​មក បន្ទាប់ពី​ពុទ្ធសាសនា​បាន​ផ្សាយ​ចូលដល់​ដែនដី កម្ពុជា​ក្រោម ។

ដើមកំណើត “​បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ​” នេះ បុព្វបុរស​ខ្មែរ​នៅ​ប្រទេស​កម្ពុជា ធ្វើឡើង​ដោយ យោងតាម​ក្នុង​គម្ពីរ​តិរោកុឌ្ឌសូត្រ បាន​បរិយាយ​ថា ព្រះបាទ​ពិម្ពិសារ មាន​ពួក​ញាតិ​មួយក្រុម​បាន បំពេញ​ទាន           មិន​បរិសុទ្ធ គឺ “​ស៊ី​បាយ​មុន​លោក​” លុះ​ចាក​លោក​ទៅកាន់​លោក​ខាងមុខ ក៏​កើ​តទៅ ជា​ប្រេត ។ លុះ ដល់​ព្រះ​សម្ពុទ្ធ​ព្រះនាម កក្កស​ន្ធោ បាន​ត្រាស់ដឹង​ឡើង​ក្នុង​លោក ពួក​ប្រេត ទាំងនោះ​ទៅ សួរ​ព្រះអង្គ​ថា “​ចុះ​យើងខ្ញុំ​កាលណា​បាន​អាហារ​បរិភោគ ?” ព្រះពុទ្ធ​ត្រាស់​ថា “​ចាំ​សួរ​ព្រះពុទ្ធ​ជាន់ ក្រោយ​ចុះ ក្នុង​សាសនា តថាគត​អ្នក​ទាំងឡាយ​មិនត្រូវ​បាន​អាហារ​បរិភោគ​ទេ​” ។ លុះដល់​ព្រះពុទ្ធ​ព្រះ នាម កោ​នាគ​មនោ បានត្រាស់ដឹង ពួក​ប្រេត​ទាំង នោះ​នាំគ្នា​ទៅ​សួរ​ទៀត ។ ព្រះពុទ្ធ​ព្រះនាម កោ​នាគ​មនោ ក៏​ត្រាស់​ប្រាប់ ដូច​ព្រះ ពុទ្ធ​មុន​ទៀត ។ ពេល​ព្រះពុទ្ធ ព្រះនាម កស្ស​បោ បាន​ត្រាស់ដឹង ក៏មាន​ហេតុ​ដូចគ្នា ។ ទើប​មកដល់​ព្រះ សម្ពុទ្ធ​ព្រះនាម​សមណ​គោ​ត្ដម ព្រះអង្គ​ទ្រង់​ត្រាស់​ថា “​ចាំមើល ព្រះបាទ ពិម្ពិសារ​ជា ញាតិ របស់​អ្នក​ទាំង ឡាយ​ទ្រង់​ឱ្យទាន​ដល់​តថាគត នោះ​នឹង​ញាំ​ង​អាហារ​ឱ្យ​សម្រេច ដល់​អ្នក​ទាំងឡាយ​” ។ លុះ​ព្រះបាទ ពិម្ពិសារ បាន​ថ្វាយ​ទាន​ជាដំបូង ហើយ​មិន​ផ្សាយ​ទៅឱ្យ​ពួក ញាតិ ក៏​ស្រាប់តែ​ពួក ប្រេត​ជា​ញាតិ​ទាំង ឡាយ​នោះ យំ​ស្រែក​ទ្រហឹង​ក្នុងពេល​រាត្រី​នោះ ។ ព្រះបាទ ពិម្ពិសារ ស្ដេចយាង​ទៅកាន់​វត្ដ​វេឡុវ័ន ហើយ ទូល​សួរ​ព្រះពុទ្ធ ព្រះអង្គ​ត្រាស់​ថា “​ពួក​ប្រេត​ជា​ញាតិ របស់ ព្រះអង្គ​នាំគ្នា​យំទារ​អាហារ ព្រោះ​ពួក​ប្រេត ទាំងនោះ​ត្រូវបាន​អាហារ បរិភោគ​ក្នុង​សាសនា​តថាគត​” ។ ប៉ុន្ដែ​ព្រះអង្គ​បានធ្វើ​បុណ្យ​ហើយ​មិនបាន​ផ្សាយ​ផល​ទៅឱ្យ ។ ពេល​ព្រះអង្គ​បាន ជ្រាប​ហើយ ក៏​ចាត់ចែង​ធ្វើ បុណ្យ​បញ្ជូនទៅឱ្យ ។ ពួក​ប្រេត​ទាំងនោះ​ក៏បាន​ទទួលផល​ក្នុងពេលនោះ​ហើយ ។​

២/ ពិធី​សែនដូនតា​៖

​ពិធី​សែនដូនតា​” រៀបចំ​នៅ​ថ្ងៃ ១៤ រោច ខែភទ្របទ ។ ពិធី​នេះ នៅពេល​ព្រឹក​រហូតដល់​ថ្ងៃត្រង់ ពលរដ្ឋ​ខ្មែរក្រោម បាន​និមន្ត​ព្រះសង្ឃ​មក​ទទួល​ភត្ត​នៅផ្ទះ​គ្រប់ៗ​ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់ ញាតិ​កា​របស់ខ្លួន​តាមបែប​ពុទ្ធ​សាសនានិយម ។ ក្រោយពេល​ចប់​កិច្ច​ពុទ្ធសាសនា  នៅតាម​ផ្ទះ​មាន​រៀបចំ​ជា​ស្ពក​សំណែន​ម្ហូបចំណី​ទៀនធូប​ផ្សេងៗ ហើយ​ធ្វើ​ពិធី​សំបូងសង្រូង​ដល់​ព្រលឹង​ញាតិ​ដែល​បាន​ស្លាប់ ទៅហើយ ។ បន្ទាប់មក ពួកគេ​ក៏បាន​យក​ស្ពក​សំណែន​ទៅ​ដាក់​សែន​នៅ​ខាងក្រៅ​ផ្ទះ ហើយក៏​នាំគ្នា អញ្ជើញ​ពួក​ខ្មោច​ប្រេត​ទាំងឡាយ​មក​សេពសោយ​តាម​សប្បាយ ហើយ​បួងសួង​សុំ​សេចក្ដីសុខ​ចម្រើន ឲ្យ​កើតមាន​ដល់​គ្រួសារ​ពួកគេ ។  ដោយ​វត្ត​អារាម​ជាឃ្លាំង​ផ្ទុក​វប្បធម៌​ខ្មែរ​នោះ  នៅ​រាត្រី​ថ្ងៃ ១៤ រោច ខែភទ្របទ  នៅតាម​វត្ត​អារាម​នានា​ទូទាំង​ដែនដី​កម្ពុជា​ក្រោម ក៏មាន​កម្មវិធី​ប្រគុំ​តន្ត្រី​សម្រាប់​យុវជន ច្រៀង​រាំ​កម្សាន្ត​ផងដែរ បន្ទាប់ពី​ព្រះសង្ឃ​សម្ដែង​ព្រះ​បរិត្ត និង​ទេសនា​រួចមក ។

៣/ ពិធី​ភ្ជុំបិណ្ឌ​៖

​ពិធី​ភ្ជុំបិណ្ឌ​” ប្រារព្ធ​នៅ​ថ្ងៃ​ក្នុង​វត្ត នា​ថ្ងៃ ១៥ រោច ដាច់​ខែភទ្របទ  ដោយ​ពុទ្ធបរិស័ទ​ទាំងអស់ នៅក្នុង ចំណុះជើងវត្ត​បានមក​វត្ត​ធ្វើបុណ្យ​រួមគ្នា​តែមួយ​ថ្ងៃ ដើម្បី​ដារ​បង្សុកូល​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ដែល បាន​ស្លាប់ទៅ ។

៤/ ពិធី​ជូន​ដូនតា​៖

​ពិធី​ជូន​ដូនតា​” រៀបចំ​នៅ​ថ្ងៃ ៣ កើត ខែអស្សុជ គឺ ៣ ថ្ងៃ បន្ទាប់​ពីថ្ងៃ​ភ្ជុំបិណ្ឌ ។ ពិធី​នេះ នៅតាម​ផ្ទះ​នីមួយៗ គេ​ធ្វើជា​សំពៅ​ដោយ​ដើម​ចេក ប្រវែង​ប្រមាណ ៥ ទៅ ៧ ចំអាម ។ នៅលើ​សំពៅ នោះ  គេ​បាន​រចនា​ជា​រូប​មនុស្ស​ចែវ​ទូក ដោយ​ស្រទបចេក  និង​មាន​ដោត​ទង់ក្រពើ​ក្រដាស​អម​ជាមួយ ផងដែរ ។  ស្បៀង​បម្រុង​សម្រាប់​ដូនតា​ចេញដំណើរ​តាមផ្លូវ​ទឹក​ទៅ​ឆ្ងាយ​មិនអាច​ខាន​បានឡើយ  ដោយ កូនចៅ​បាន​ដោះ​បាយ ៤ ចាន​តូចៗ ដាក់​នៅលើ​សំពៅ ហើយ​បាន​ដួស​មុខម្ហូប​គ្រប់មុខ​បន្តិចៗ ដាក់ចូល​ចានបាយ ព្រមទាំង​មាន​ដាក់​អម្បិល  អង្ក នំ និង​សណ្ដែក​ជាដើម ទៅជា​មួយ​ផងដែរ ។ ក្រោយពី​ពិធី​សំបូងសង្រូង កូនចៅ​ក៏បាន​យក​សំពៅ​ទៅ​បណ្ដែត​ចោល​នៅតាម​ព្រែក  ទន្លេ និង ស្ទឹង ជាដើម​ជូន​ដូនតា​ទៅ​ស្រុក​វិញ ។ មកដល់​ត្រឹមណេះ ជា​កិច្ច​ឆ្លង​ពិធីបុណ្យ​សែនដូនតា ៕

Comments are closed.