កម្មវិធីសិក្សាថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិទី ៣ នៅវត្តសំរោងឯក ខេត្តព្រះត្រពាំង
អត្ថបទ និងរូបថតផ្ដល់ដោយពលរដ្ឋ ពីកម្ពុជាក្រោម
ថ្វីត្បិតតែប្រជាជន និងព្រះសង្ឃខ្មែរក្រោម រស់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម ដែលជាប្រទេសកុម្មយនិស្ត ក៏ពិតមែន ។ ប៉ុន្តែ ព្រះសង្ឃ និងប្រជាជនខ្មែរក្រោម នៅតែថែរក្សាអត្តសញ្ញាណជាតិរបស់ខ្លួន ដូចជា វប្បធម៌ ប្រពៃណី ភាសា អក្សរសាស្រ្ត និងព្រះពុទ្ធសាសនា បានយ៉ាងខ្ជាប់ខ្ជួន ។
វត្តសំរោងឯក ជាវត្តព្រះពុទ្ធសាសនាខ្មែរមួយ បានកសាងនៅ គ.ស ៦៤២ និងស្ថាបនាឡើងវិញ នៅក្នុងឆ្នាំ គ.ស ១៨៥០ ។ វត្តនេះ ឋិតនៅភូមិសំរោងឯក អនុសង្កាត់ទី ៦ សង្កាត់ទី ៧ ក្រុងត្រាវិញ ខេត្តព្រះត្រពាំង ។
ក្នុងចំណោម ១៤៣ វត្ដ នៅទូទាំងខេត្តព្រះត្រពាំង វត្តសំរោងឯកជាវត្តមួយ ដែលមានវ័យចំណាស់ជាងគេ ឈរលំដាប់ទី ៤ បន្ទាប់ពីវត្តសម្បួរង្សី (សម្បួរ-៣៧៣) វត្តកោះកែវសិរី (កោះ-៦១៣) និងវត្តបិដកត្យារាម (ក្នុងស្រុក-៦១៤) ។
វត្តសំរោងឯក មិនត្រឹមតែជាកន្លែងសម្រាប់ពុទ្ធបរិស័ទជួបជុំគ្នា និងគោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសិក្សាអប់រំដល់ព្រះសង្ឃ និងកូនចៅខ្មែរក្រោម ទៀតផង ។
ដូចវត្តអារាមនានា នៅដែនដីកម្ពុជាក្រោមដែរ វត្តសំរោងឯក ក៏បានបើកសាលាពុទ្ធិកសិក្សា សម្រាប់ព្រះសង្ឃខ្មែរក្រោមនិមន្តមកសិក្សារៀនសូត្រភាសាបាលី ភាសាខ្មែរ និងភាសាបរទេសជាដើម ។ បច្ចបុប្បន្ន វត្តសំរោងឯក បានបើកសាលាពុទ្ធិកមធ្យមសិក្សាទុតិយភូមិទី ៣ ឬថ្នាក់គរុកោសល្យទី ៣ សម្រប់សមណសិស្ស-សិស្ស ដែលនិមន្តមកពីវត្តអារាមផ្សេងៗ ក្នុងខេត្តព្រះត្រពាំង និងបណ្តាខេត្តដទៃៗ ទៀត នៅដែនដីកម្ពុជាក្រោម មកសិក្សាទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ដើម្បីបន្តវេនថែរក្សា និងលើកកម្ពស់ការសិក្សាអក្សរសាស្ត្រជាតិខ្មែរ ។
ជាទូទៅកម្មវិធីរៀនផ្នែកពុទ្ធិកសិក្សា នៅកម្ពុជាក្រោម ទាំងនៅថ្នាក់ស្រុក និងថ្នាក់ខេត្ត តម្រូវឲ្យសិក្សារយៈពេល ៩ ខែ គឺចាប់ពីថ្ងៃ ១ រោចខែវិសាខ រហូតដល់ខែបុស្ស នៃចន្ទគតិរៀងរាល់ឆ្នាំ ។
បើតាមការឲ្យដឹងពីព្រះសង្ឃ ដែលជាគ្រូបង្រៀនថា វិញ្ញាសា ដែលសមណសិស្ស បានសិក្សានៅក្នុងថ្នាក់ពុទ្ធិកមធ្យមសិក្សាទុតិយភូមិឆ្នាំទី ៣ មានចំនួន ១០ វិញ្ញាសា គឺសរសេរតាមអាន ព្រះបាតិមោក្ខ បរមាធិប្បាយ សាសនាសកលលោក កំណាព្យខ្មែរ ភាសាខ្មែរ សម្ព័ន្ធ មង្គលត្ថទីបនី អង់គ្លេស គណិតវិទ្យា ។ ចំណែកកម្មវិធីសិក្សាភាសាអង់គ្លេសរៀន ៣ ម៉ោងក្នុងមួយសបា្តហ៍ ។ រីឯសមណសិស្ស ដែលនិមន្តមកសិក្សា នៅសាលាបាលីវត្តសំរោងឯក គឺសុទ្ធសឹងតែមានស្រុកកំណើតផ្សេងៗ ពីគ្នា មានជាអាទិ៍និមន្តមកពីខេត្តមាត់ជ្រូក ខេត្តពលលាវ ខេត្តទឹកខ្មៅ និងខេត្តឃ្លាំងជាដើម ។
សមណសិស្សមួយអង្គ កំពុងសិក្សានៅវត្តសំរោងឯក ឲ្យដឹងថា ព្រះអង្គមានឱកាសនិមន្តមកសិក្សា នៅខេត្តព្រះត្រពាំងនេះ គឺអាស្រ័យដោយការជួយឧបត្ថម្ភ ពីពុទ្ធបរិស័ទចំណុះជើងវត្តរបស់ព្រះអង្គផ្ទាល់ មានដូចជា សិក្ខូបករណ៍ និងបច្ច័យ ៤ ។ ចំណែកចង្ហាន់បិណ្ឌបាតវិញ គឺទំនុកបម្រុង ដោយពុទ្ធបរិស័ទចំណុះជើងវត្តសំរោងឯក ។
ព្រះអង្គបន្តថា សមណនិស្សិតភាគច្រើន ដែលនិមន្តទៅសិក្សាថ្នាក់ពុទ្ធិកសិក្សា នៅតាមវត្តអារាមនានា និងនៅតាមបណ្តាខេត្តផ្សេងទៀត មិនបានទទួលការឧបត្ថម្ភបច្ច័យ ឬថវិកា ពីរដ្ឋាភិបាលវៀតណាមឡើយ ។ ដូច្នេះ ព្រះសង្ឃខ្មែរក្រោមពឹងផ្អែកតែទៅលើចង្ហាន់បិណ្ឌបាត និងបច្ច័យ ដែលជាការចូលរួមជ្រោមជ្រែងឧបត្តម្ភ និងគាំទ្រពីពុទ្ធបរិស័ទចំណុះជើងវត្ត ដែលខ្លួនកំពុងសិក្សាតែប៉ុណ្ណោះ ។
សមណសិស្សអង្គនេះដដែលបានបញ្ជាក់ទៀតថា សម្បីតែគ្រូបង្រៀនខ្មែរក្រោម ជាព្រះសង្ឃក្តី ជាគ្រហស្ថក្តី ដែលបានមកបង្រៀនសមណសិស្ស នៅតាមវត្តអារាមនានា នៅដែនដីកម្ពុជាក្រោម គឺគ្មានប្រាក់ខែឡើយ ។ ពួកគាត់សុទ្ធតែជាអ្នកស្មគ្រចិត្តបន្តវេនគ្នា ពីជំនាន់មួយទៅជំនាន់មួយមកបង្រៀន ដើម្បីយកតែបុណ្យកុសលប៉ុណ្ណោះ ។ លើសពីនេះ សមណសិស្សអង្គនេះ ក៏មានបំណង ចង់ទៅបន្តការសិក្សា នៅឯបរទេសផងដែរ មានដូចជាប្រទេសកម្ពុជា ថៃ ភូម្មា ឥណ្ឌា និងសហរដ្ឋអាមេរិកជាដើម នៅពេលព្រះអង្គបញ្ចប់ការសិក្សាថ្នាក់ពុទិ្ធកមធ្យមសិក្សាទុតិយភូមិ នៅវត្តសំរោងឯកនេះ ។
មហច្ឆិតារបស់សមណសិស្សភាគច្រើន ដែលចង់ក្រេបជញ្ជក់ចំណេះដឹង និងជំនាញផ្សេងៗ ពីការរៀននៅបរទេស គឺគោលបំណងតែមួយគត់ ក្រោយពេលបញ្ចប់ការសិក្សា នឹងត្រឡប់មកបម្រើមាតុភូមិដ៏កម្សត់របស់ខ្លួនវិញ ។
បើទោះជាជួបឧបសគ្គ កង្វះខាតថវិកា និងឧបករណ៍សិក្សាក្តី ក៏ព្រះសង្ឃខ្មែរក្រោមគ្រប់ព្រះអង្គ នៅតែបន្តប្តេជ្ញាចិត្តខិតខំសិក្សា ភាសា អក្សរសាស្រ្ត និងអត្តសញ្ញាណជាតិរបស់ខ្លួន ដើម្បីទៅថ្ងៃអនាគត់ក្លាយខ្លួនជាអ្នកបន្តវេនផ្តល់ចំណេះដឹងដល់ការសិក្សាអប់រំរបស់កូនចៅខ្មែរក្រោម ។ ជាពិសេសពង្រឹងវិស័យអប់រំផ្នែកពុទ្ធចក្រ និងចំណេះដឹងទូទៅសម្រាប់ប្រជាជាតិខ្មែរក្រោម ៕