បេក្ខសមណ​សិស្ស​-​សិស្ស ៣២៧ អង្គ និង​នាក់ នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​

0 648
ដោយ គឹម សាវតា
ព្រះសង្ឃ និង​សិស្សានុសិស្ស សរុប ៣២៧ អង្គ និង​នាក់ បាន​ចូលរួម​ប្រឡង ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី ២ និង ទី ៣ ឬថ្នាក់​បាលី​ទី ២ និង ទី ៣ ប្រចាំឆ្នាំ ២០២១ នា​សម័យ​ប្រឡង​ផ្នែក​ពុទ្ធិក​សិក្សា ថ្នាក់​ស្រុក ។ កម្មវិធី​ប្រឡង​នេះ ធ្វើឡើង បន្ទាប់ពី​បេក្ខ​សមណ​សិស្ស​-សិស្ស រៀន​ផ្នែក​ពុទ្ធិក​សិក្សា ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរក្រោម នៅ​ថ្នាក់​ស្រុក តម្រូវឲ្យ​សិក្សា​រយៈពេល ៩ ខែ គឺ​ចាប់ពី​ថ្ងៃ ១ រោច​ខែវិសាខ រហូតដល់​ខែបុស្ស នៃ​ចន្ទគតិ​រៀងរាល់​ឆ្នាំ ។
បេក្ខសមណ​សិស្ស​-​សិស្ស ៣២៧ អង្គ និង​នាក់ នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ឆ្នាំទី​ ១ និង ទី ២ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap
បេក្ខសមណ​សិស្ស​-​សិស្ស ៣២៧ អង្គ និង​នាក់ នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ ឆ្នាំទី​ ១ និង ទី ២ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap

សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហា​ជាតិ នៅ​ស្រុក​ថ្កូវ​នៃ​ខេត្ត​ព្រះ​ត្រពាំង ដែនដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​សុក្រ ទី ១ ខែមករា បាន​ចាត់តាំង​ពិធី​ប្រឡង​បញ្ចប់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ​ឆ្នាំ​ទី ២ និង ទី ៣ ឬ​ថ្នាក់​បាលី​ទី ២ និង ទី ៣ នៅ​មណ្ឌល​ប្រឡង​នៅ​វត្ត​ពោធិព្រឹក្ស​គិរីវង្ស ហៅ​ស្វាយ​សៀម​ចាស់ ដែលជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​ប្រលង​រួម​ថ្នាក់ស្រុក ក្នុងស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង ។​

​បេក្ខសមណ​សិស្ស​-​សិស្ស នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋម​ភូមិ ឬ​ថ្នាក់​ពុទ្ធិក​អនុវិទ្យាល័យ​ទី ២ និង​ទី ៣ នៅ​ទូទាំង​ស្រុក​ថ្កូវ ដែល​បាន​និមន្ត​មក​សិក្សា នៅតាម​វត្ត​អារាម​នានា ក្នុងស្រុក​មួយ​នេះ និង​គណៈមេប្រយោគ គ្រូបង្រៀន គណៈកម្មការ​វត្ត បានមក​ជួបជុំគ្នា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ទូទាំង​ស្រុក ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​សុក្រ ៣ រោច ដល់​ថ្ងៃអាទិត្យ ៥ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវ នឹង​ថ្ងៃទី ១ ខែមករា ដល់​ថ្ងៃទី ៣ ខែមករា គ្រិស្តសករាជ ២០២០ ។​

​បេក្ខសមណ​សិស្ស និង​សិស្សានុសិស្ស ដែល​ចូលរួម​ប្រឡង​ប្រចាំឆ្នាំ ២០២១ នៅ​ទូទាំង​ស្រុក​ថ្កូវ​នេះ មាន​សមណ​សិស្ស​សុ​រប​ចំនួន ១៦២ អង្គ និង សិស្សានុសិស្ស​ចំនួន ១៦៥ រូប ។​

​ព្រះ​តេ​ព្រះ​ជ​គុណ ថាច់ ថា​យ​យៀង ចៅអធិការ​វត្ត​វត្ត​ពោធិព្រឹក្ស​គិរីវង្ស (​ស្វាយ​សៀម​ចាស់​) មាន​ថេរ​ដីកា​ថា ការប្រឡង​នេះ គឺ​ព្រះសង្ឃ គណៈកម្មការ និង​ពុទ្ធបរិស័ទ ត្រូវ​រៀបចំ​រយៈពេល​ជិត ២ ខែ​មកហើយ តែ​ទោះជា​យ៉ាងណា ព្រះអង្គ​អះអាងថា មិន​មានការ​ហត់នឿយ​នោះទេ ដោយសារតែ​ការស្រលាញ់​អក្សរសាស្ត្រ​របស់ខ្លួន ។​

​ព្រះ​តេជ​ព្រះ គុណ ថាច់ ថា​យ​យៀង «​ការ​ហត់នឿយ​ហ្នឹង គី​យើង​អត់​សោកស្តាយ​ទេ ដោយ​អាស្រ័យ ការស្រលាញ់​អក្សរសាស្ត្រ​ខ្លួន​យើង ហើយ​ការចាត់​តាំងរបស់​មន្ត្រី​សង្ឃ​ស្រុក​ប្រគល់​មក​ឲ្យ​ផង​នេះ ហេតុដូច្នេះ ខ្ញុំព្រះករុណា អាត្មាភាព​ក៏មាន​ការសប្បាយរីករាយ​» ។​

​យុវតី គឹម ធី​ង៉ុ​ក​សុភា ដែលជា​បេ​ក្ខ​សិស្ស​មួយរូប ដែល​មកពី​វត្ត​ចូឡាមណី​ចេ​ត្តិ​យ លើកឡើងថា កញ្ញា​ចូលមក​សិក្សា​អក្សរសាស្ត្រ​ខ្មែរ គឺ​ចូលមក​បន្ត​ពី​បុព្វបុរស ឬ​អ្នកប្រាជ្ញ​ពី​បុរាណ​បាន​បន្សល់ទុក​ឲ្យ​មកដល់​ឥឡូវ ។​

​យុវតី គឹម ធី​ង៉ុ​ក​សុភា «​នាង​ខ្ញុំ​យល់ឃើញថា តម្លៃ​អក្សរសាស្ត្រ​ខ្មែរ​យើង បច្ចុប្បន្ន​លោក​មានការ​តម្កើង​ឡើង ពិសេស​ជា​ប្រការ​មួយ​យ៉ាង​អស្ចារ្យ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវតែ​ថែរក្សា ព្រោះថា​អក្សរសាស្ត្រ​ខ្មែរ​ឥឡូវនេះ មានការ​សាបសូន្យ​បន្តបន្ទាប់​» ។​

​អ្នកគ្រូ​បង្រៀន​មួយរូប ឈ្មោះ ដា​នី បង្រៀន​នៅ​វត្ត​ចូឡាមណី​ចេ​ត្តិ​យ លើកឡើងថា ពេលដែល​រៀនអក្សរ​សាស្ដ្រ​ខ្មែរ គឺមាន​ប្រយោជន៍​ច្រើន ទី ១ អាចយ​ល់ពី​ប្រវត្តិ​នៃ​អក្សរសាស្ត្រ ទី ២ គឺអាច​យល់​ពី​ពុទ្ធសាសនា ហើយ​បាន​បង្រៀន​ទៅ​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​បាន​ចេះ​កាន់តែច្រើន ។​

​អ្នកគ្រូ ដា​នី «​ពីមុន​ទៅ មានការ​ទំនុកបម្រុង​ពី​ឪពុក ម្ដាយ ក៏បាន​ចូលរៀន​នៅក្នុង​វត្ត ហើយ​ក៏បាន​ចូលរៀន នៅក្នុង​វត្ត ហើយ​បាន​សិក្សា​ពុទ្ធិក​មធ្យមសិក្សា​ផង ជាពិសេស​ខាង​ផ្នែក​ពុទ្ធសាសនា ហើយ​ក្រោយមកទៀត ពេល​បាន​រៀន​ចប់​ថ្នាក់​គឺ​បាន​ក្លាយជា​គ្រូបង្រៀន​ម្នាក់​» ​។​

​ព្រះតេជព្រះគុណ ថាច់ ញឹក អនុប្រធាន​ប្រចាំការ សាលា​អនុគណ​ស្រុក​ថ្កូវ មាន​ថេរ​ដីកា​រថា រាល់ថ្ងៃនេះ គឺ​មិន​ខ្លាច​នោះឡើយ នូវ​ការបាត់បង់​អក្សរសាស្ត្រ​ខ្មែរ ហើយ​សាលា​គណ​ស្រុក​ថ្កូវ គឹ​មាន​គៅ​ដៅ​ក្នុង​ឆ្នាំ​ថ្មី​ធ្វើ យ៉ាងណា​ឲ្យ​វត្ត​ទូទាំង​ស្រុក​ថ្កូវ មាន​សលា​ពុទ្ធិកសិក្សា​គ្រប់ៗ វត្ត ។​

​ព្រះតេជព្រះគុណ ថាច់ ញឹក «​យើង​រាល់គ្នា​បច្ចុប្បន្នភាព ជាពិសេស​គឺ​ស្រុក​ថ្កូវ មិន​ខ្លាច​ទេ​ដើម​ឬ​ស្សី​ចាស់​ងាប់ ប៉ុន្តែ ខ្លាច​បំផុត​គឺ​ទំពាំង​ថ្មី​មិន​ព្រម​ដុះ តែ​បច្ចុប្បន្ន​ទំពាំង​ថ្មី កំពុងតែ​ដុះ កំពុងតែ​រីក​រាល​ដុះដាល​យ៉ាង​ល្អ​»​ ។​

​តាម​តួលេខ​របស់​សាលា​អនុគណ​ស្រុក​ថ្កូវ ឆ្នាំ​កន្លងទៅ​មាន ៣១ វត្ត ក្នុងចំណោម ៣៧ វត្ត​ខ្មែរ​នៅក្នុង​ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង បាន​បើក​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា ។ បើតាម​ព្រះ​តេជគុណ ថាច់ ថា​យ​យៀង នេះ​ជា​ឆ្នាំ​ដំបូង​ហើយ ដែល វត្ត​ពោធិព្រឹក្ស​គិរីវង្ស ហៅ​វត្ត​ស្វាយ​សៀម​ចាស់ ត្រូវបាន​អនុញ្ញាតិ​ឲ្យ​រៀបចំ​ការប្រឡង ។​

​សូមបញ្ជាក់ថា នេះ​ជា​កម្មវិធីសិក្សា​ផ្នែក​ពុទ្ធចក្រ​ជា​ភាសា​ខ្មែរ និង​បាលី ត្រូវ​បើក​សាលា នៅតាម​វត្ត​អារាម​នានា ក្នុង​ខេត្ត​ព្រះ​ត្រពាំង ចាប់ពី​ថ្ងៃ ១ រោច ខែវិសាខ ដើម​ពុទ្ធសករាជ ជា​រៀងរាល់ឆ្នាំ ។ ការសិក្សា​ផ្ដោតលើ​ធម៌អាថ៌​វិន័យ នៅក្នុង​ពុទ្ធសាសនា អក្សរសាស្ត្រ​ផ្នែក​ភាសាបាលី អក្សរសាស្ត្រ​ផ្នែក​ភាសា​ខ្មែរ និង វិជ្ជា​ផ្លូវលោក​មួយចំនួន ដូចជា គណិត​វិជ្ជា និង ភាសា​អង់គ្លេស ជាដើម ៕

Leave A Reply

Your email address will not be published.