សឺង វិចិត្រ l VOKK-នាថ្ងៃដំបូងនៃទស្សនកិច្ចបីថ្ងៃរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ថ្ងៃ ២៦ ខែធ្នូ ២០១៣ នេះ លោក ហ៊ុន សែន បានពិភាក្សាជាមួយនឹងលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន តឹង ដុង ។ មេដឹកនាំ ប្រទេសទាំងពីរនឹងធ្វើជាសាក្សីកិច្ចចុះហត្ថលេខាលើឯកសារសហការ ចំនួន ១០ ក្នុងនោះមាន សន្ធិសញ្ញាបត្យាប័ន ។

តាមកាសែតក្នុងស្រុករបស់បក្សកុម្មុយនិស្តយួន ក្នុងកិច្ចពិភាក្សាថ្ងៃដំបូងនេះ លោកនាយករដ្ឋមន្ត្រីនៃ ប្រទេសទាំងពីរ បាន បញ្ជាក់ជាថ្មីនូវគោលការណ៍ «មិនអនុញ្ញាតឲ្យកម្លាំងប្រឆាំងណាមួយប្រើប្រាស់ដែនដីប្រទេសនេះ ដើម្បីធ្វើឲ្យប៉ះ ពាល់ដល់ សន្តិភាព និងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ » ។
បច្ចុប្បន្ននេះ មានសកម្មជនជាច្រើន ជាពិសេសសកម្មជនការពារ និងទាមទារសិទ្ធិមនុស្សឲ្យប្រជាពលរដ្ឋខ្មែរក្រោម បាន ភៀស ខ្លួន មករស់នៅប្រទេសកម្ពុជា ពេលដែលត្រូវអាជ្ញាធរវៀតណាមធ្វើទុក្ខបុកម្នេញ ។ ជាមួយនឹងសន្ធិសញ្ញាបត្យាប័ន ជនភៀសខ្លួនទាំងអស់នេះ ត្រូវបានគេមើលឃើញថា នឹងត្រូវភាគីកម្ពុជា ចាប់ជូនឲ្យរដ្ឋាភិបាលវៀតណាម ។
កាលពីខែមិថុនា ឆ្នាំ ២០០៧ លោក ទឹម សាខន ជាអតីតព្រះចៅអធិការវត្តភ្នំឌិន ខេត្តតាកែវ ត្រូវសម្ដេចសង្ឃទេព វង្ស ចាប់ ផ្សឹក និងជូនទៅឲ្យវៀតណាមដាក់ពន្ធនាគារអស់ជិតមួយឆ្នាំ ទោះបី ពេលនោះ លោកជាប្រជាពលរដ្ឋរបស់នៃកម្ពុជា ហើយ គ្មានពាក់ព័ន្ធផ្លូវការអ្វីជាមួយវៀតណាមឡើយ ។
សន្ធិសញ្ញាបត្យាប័ននេះសម្រាប់តែចាប់អ្នកដែលប្រទេសវៀតណាមចាត់ទុកថា ជាអ្នកប្រឆាំង ឬ ពួកប្រតិកិរិយា ដែលកំពុង រស់ នៅលើ ទឹកដីកម្ពុជា ក្នុងនេះមានពលរដ្ឋខ្មែរក្រោមតែប៉ុណ្ណោះ ព្រោះមិនដែលឃើញមានជនជាតិណា ប្រើប្រាស់ដែន ដីវៀតណាមដើម្បីប្រឆាំងនឹងកម្ពុជាឡើយ ៕