កម្ពុជាចេញ ធនបត្រ ២០០០ រៀលថ្មី អបអរខួប ៦០ ឆ្នាំ នៃទិវាឯករាជ្យជាតិ
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ៦០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ និង ៩ វិច្ឆិកា ២០១៣ នេះ ក្រដាសប្រាក់រៀលថ្មី ប្រភេទ ២០០០ រៀល ឬ ធនបត្រអនុស្សាវរីយ៍ ត្រូវបានបោះពុម្ព និងប្រកាសឲ្យចេញចរាចរជាផ្លូវការហើយ នៅថ្ងៃសុក្រ ទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។

ធនបត្រគំរូប្រភេទ ២០០០ រៀលថ្មីនេះ មានព្រះបរមឆាយាលក្ខណ៍ ព្រះករុណាព្រះបរមរតនកោដ្ឋ នៅផ្នែកខាងមុខ ឯខាងខ្នង មានព្រះឆាយាលក្ខណ៍ព្រះអង្គ កាលគ្រាទ្រង់ធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យបរិបូណ៍ជូនប្រជាជាតិ មាតុភូមិរបស់ព្រះអង្គ កាលពីជាង ៦០ ឆ្នាំមុន ។
រដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសឱ្យប្រើប្រាស់ក្រដាសប្រាក់ប្រភេទ ២០០០ រៀល ថ្មីហើយ ដោយការប្រកាសនេះ ធ្វើឡើងដើម្បីអបអរសាទរ ឱកាសបុណ្យឯករាជ្យជាតិខួបទី ៦០ ឆ្នាំ ។

យោងតាមអនុក្រឹត្យ ស្តីពីការចេញផ្សាយធនប័ត្រ អនុស្សាវរីយ៍ប្រភេទ ២០០០រៀល ដែលរដ្ឋាភិបាល បានប្រកាសជាផ្លូវការ នៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ដោយ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជាបានសម្រេចដូចតទៅ៖ “អនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ ក្នុងទូទាំងព្រះ រាជាណាចក្រកម្ពុជា នូវធនប័ត្រ អនុស្សាវរីយ៍ប្រភេទ ២០០០ រៀល ទន្ទឹមនឹងបណ្ដាប្រភេទក្រដាសប្រាក់ ដែលត្រូវបានចេញផ្សាយរួចហើយ” ។
អនុក្រឹត្យដដែលបន្តថា ធនាគារជាតិនៃកម្ពុជា មានភារកិច្ច ចេញសេចក្តីប្រកាស ដើម្បីផ្សព្វផ្សាយ ពីលក្ខណៈសម្គាល់ នៃធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០ រៀលនេះ ។
រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា រដ្ឋមន្ត្រី រដ្ឋលេខា ធិការគ្រប់ក្រសួង ស្ថាប័ន និងអភិបាលរាជធានី-ខេត្ត ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ ធនាគារជាតិនៃកម្ពុជា ក៏បានចេញសេចក្តីប្រកាស អំពីការចរាចរក្រដាសប្រាក់ ២០០០ រៀលថ្មី ដោយបញ្ជាក់ពីលក្ខណៈ របស់ក្រដាសប្រាក់ ២០០០រៀល នេះផងដែរ ។
គួរបញ្ជាក់ថា នេះជាលើកទី ៣ ហើយ ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យចរាចរនូវក្រដាសប្រាក់ ប្រភេទថ្មី ដោយមានស្នាព្រះហស្ត ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ។ ដោយលើក ទី ១ គឺក្រដាសប្រាក់ ១០០០ រៀលថ្មី និងលើកទី ២ ក្រដាសប្រាក់ ១០ ម៉ឺនរៀល និងលើកទី ៣ ២០០០ រៀលនេះតែម្តង ៕