សមត្ថកិច្ចកម្ពុជារកមិនទាន់ឃើញមន្រ្តីនគរបាលបាញ់សម្លាប់ខ្មែរក្រោម
ដោយ យាង សុធារិន្ទ
សមត្ថកិច្ចកម្ពុជាមិនទាន់រកឃើញនៅឡើយទេមន្រ្តីនគរបាលដែលជាឃាតកបាញ់សម្លាប់ ពលរដ្ឋខ្មែរក្រោមនៅខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែ កញ្ញា ឆ្នាំ ២០២០ ។ សមត្ថកិច្ចថាកំពុងតាមដានស្វែងរកចាប់ខ្លួនឃាតក ខណៈមេធាវីនិងក្រុមគ្រួសារជនរងគ្រោះ ជំរុញសមត្ថកិច្ចជួយចាប់ឃាតកឱ្យបានឆាប់រហ័សដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះ ។

ពន្លឺនៃយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរក្រោមដែលត្រូវបានមន្រ្តីនគរបាលជាអ្នកជិតខាងបាញ់ សម្លាប់ហាក់នៅឆ្ងាយនៅឡើយ បើទោះជាឃាតកត្រូវបានគេស្គាល់មុខមាត់និងអត្តសញ្ញាណ ជាច្រើនរួចហើយក្តី ។
គួររម្លឹកថា ពលរដ្ឋខ្មែរក្រោម លោក សុខ សុធន ហៅ កេន អាយុ ៣៤ មុខរបរជាជាងកាត់សក់ ត្រូវបានជនដៃដល់ដែលជាមន្រ្តីនគរបាលបាញ់ ចំនួនមួយគ្រាប់ចំដើមទ្រូងបណ្តាលឱ្យស្លាប់ ភ្លាមៗនៅហ្នឹងកន្លែង វេលាម៉ោង ១០ យប់ ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២០ នៅក្នុងសង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយការបាញ់ប្រហារនោះ ជនដៃដល់បាន ឡើងជិះម៉ូតូគេចខ្លួនបាត់ស្រមោលរហូតដល់សព្វថ្ងៃ ។
ជនដៃដល់ត្រូវបានគេដឹងថាមានឈ្មោះ លី ថារិយ ។ ក្រោយការបាញ់ប្រហាររួច រូបថតជនដៃ ដល់ដែលមានពាក់ឯកសណ្ឋានជាកងកម្លាំងនគរបាលជាតិ និងមានឋានន្តរជាអនុសេនីយ៍ទោ ឬសក្តិ២ ត្រូវបានលាតត្រដាងនៅលើបណ្តាញសង្គមផងដែរ ។
ភរិយាលោក សុខ សុធន គឺអ្នកស្រី ឆាយ សុខម៉េង អាយុ៤០ឆ្នាំ ។ អ្នកស្រីបានថ្លែងកាលពី ថ្ងៃទី ១៥ ខែមករា ថា មិនទទួលបានដំណឹងអ្វីពីសមត្ថកិច្ចនោះឡើយ ហើយសមត្ថកិច្ចក៏មិន ដែលបានមកសួរនាំអ្នកស្រីពីរឿងរ៉ាវទាក់ទងឃាតកម្មលើប្តីអ្នកស្រីនោះដែរ ។ អ្នកស្រីឱ្យដឹង ថាបានប្តឹងអំពីករណីឃាតកម្មនេះទៅកាន់តុលាការរួចហើយ និងកំពុងរង់ចាំដំណឹងពី តុលាការ ។
ទាក់ទងនឹងជីវភាពប្រចាំថ្ងៃវិញ អ្នកស្រីថាត្រូវរ៉ាប់រងតែម្នាក់ឯង ។
អ្នកស្រី ឆាយ សុខម៉េង «ជីវភាពពិបាក រកមួយថ្ងៃហូបមួយថ្ងៃ បើខ្ញុំអត់រក អត់មានអីឱ្យថ្លៃផ្ទះគេ ។ (សំណួរ៖ ហើយកូនចៅបានរៀនសូត្រឬទេ?) ខ្ញុំឱ្យរៀនសាលាទួលគោក ។ (សំណួរ៖ តាំងពីប្តីស្លាប់មុខរ បររកស៊ីកាត់សក់យ៉ាងម៉េចដែរ?) ។ កាត់សក់ជាងនៅធម្មតា តែវាថយចុះ» ។
លោក សុខ សុធន ដែលត្រូវឃាតកបាញ់សម្លាប់មានឪពុកម្តាយជាខ្មែរមកពីខេត្តឃ្លាំង ដែនដីកម្ពុជាក្រោម ប៉ុន្តែលោកមានកំណើតកើតជានៅក្នុងប្រទេសកម្ពុជា ។

លោកមានមុខរបរជាជាងកាត់សក់និងបានជួលផ្ទះគេបើកហាងកាត់សក់មួយកន្លែងនៅក្នុង ខណ្ឌទូលគោក ហើយលោកត្រូវបានជនល្មើសបាញ់សម្លាប់នៅខាងមុខហាងកាត់សក់របស់ លោកតែម្តង ។
ជុំវិញករណីឃាតកម្មនេះ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បាន ថ្លែងប្រាប់សារព័ត៌មានព្រៃនគរនៅថ្ងៃទី១៥ ខែ មករា ថា សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជន ល្មើសបាននៅឡើយ ។
លោក ឆាយ គឹមខឿន បញ្ជាក់ថា ៖ «ខ្ញុំសូមបញ្ជាក់ ដោយសារខ្ញុំជាអ្នកនាំពាក្យ បើចង់បញ្ជាក់ អំពីលទ្ធផលស៊ើបអង្កេតច្បាស់ ទាល់តែទាក់ទងទៅខាងអង្គភាពស៊ើបអង្កេត ខ្ញុំគ្រាន់តែបញ្ជាក់ បានអញ្ចេះទេ ដល់ថ្ងៃនេះមិនទាន់ចាប់ឃាតកបាននៅឡើយទេ ហើយមន្រ្តីនគរបាលយុត្តិធម៌កំ ពុងបន្តតាមស្វែងរក តែបើចង់សួរលំអិតច្បាស់ សូមទាក់ទងទៅស្នងការរាជធានីភ្នំពេញ ពីព្រោះ គេកាន់ករណីស៊ើបអង្កេតហ្នឹង តែបើសួរជាព័ត៌មានទេ ខ្ញុំបញ្ជាក់បានប៉ុណ្ណឹង» ។
ជនដៃដល់គឺជាមន្រ្តីនគរបាលនៃសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ហើយជនដៃដល់ក៏ត្រូវបាន បណ្តេញចេញពីក្របខណ្ឌនគរបាលជាតិផងដែរ ។ នេះជាការបញ្ជាក់របស់លោក ឆាយ គឹមខឿន ។
ចំណែកអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បញ្ជាក់បន្ថែមនៅថ្ងៃទី ១៥ ខែ មករា ថា ក្រុមសមត្ថកិច្ចជំនាញកំពុងតែរកឃាតកនៅឡើយ ។ លោកអះអាងថា ក្រុមជំនាញមិនដែលបោះបង់ករណីឃាតកម្មនេះចោលនោះទេ ។
លោកថា ៖ «ខ្ញុំយល់ថារយៈពេលយូរតែការងារអីក៏ដោយយើងអត់ដែលបោះបង់ចោលទេ គ្រប់ ជំនាញទាំងអស់យើងតែងសហការគ្នាដើម្បីតាម ព្រោះធម្មតាការប្រព្រឹត្តបទល្មើស ជនល្មើស តែងគេចពីសមត្ថកិច្ច ហើយសមត្ថកិច្ចវិញក៏ព្យាយាមតាមរកឱ្យបានឆាប់ដែរ មិនមែនមានការ ព្រងើយកន្តើយណាមួយទេ ។ យើងស្រាវជ្រាវតែយើងអត់ទាន់ដល់ដំណាក់កាលមួយរកឃើញ នៅឡើយទេ» ។ សំណួរ ៖ ឯកឧត្តម តើមានតំរុយអីខ្លះៗទេ ទាក់ទងនឹងជនល្មើស ? «ខ្ញុំអត់ចង់បរិយាយលើការ ងារអស់នេះច្រើនទេព្រោះជាការងារជំនាញ ពេលខ្លះសារព័ត៌មានគាត់សួរហួសពីដែនកំណត់ ។ ពេលខ្លះ ចំណុចអស់នេះហើយវាបែកក្នុងការអនុវត្តវិធានការ អ៊ីចឹងខ្ញុំសុំអត់និយាយពីបញ្ហាអស់ នេះទេ ទុកឱ្យសមត្ថកិច្ចធ្វើការតាមភាពជាក់ស្តែងរបស់គាត់» ។

គួរបញ្ជាក់ថា លេខាធិការដ្ឋាន នៃអង្គការ សមាគមខ្មែរកម្ពុជាក្រោមប្រចាំនៅកម្ពុជា កាលពី ខែតុលា ឆ្នាំ ២០២០ ក៏បានចេញសេចក្តីថ្លែងការណ៍អំពាវនាវឱ្យសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ ដែលបានបាញ់សម្លាប់លោក សុខ សុធន មកផ្តន្ទាទោសទៅតាមច្បាប់ ។
លោក សឺន ជុំជួន ដែលជាមេធាវីរបស់គ្រួសារជនរងគ្រោះ បានឱ្យដឹងថា សំណុំរឿងពាក់ព័ន្ធ ករណីឃាតកម្មលើពលរដ្ឋខ្មែរក្រោមនេះ កំពុងស្ថិតក្នុងដៃរបស់ចៅក្រមស៊ើបសួរ នៃសាលា ដំបូងរាជធានីភ្នំពេញ ។ លោកសង្ឃឹមថា ឃាតកនឹងត្រូវបានចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។ ក្នុងពេលជាមួយគ្នា មេធាវីរូបនេះ ក៏សម្តែងការព្រួយបារម្ភពីជីវភាពរស់នៅរបស់គ្រួសារជន រងគ្រោះផងដែរ ។
លោករៀបរាប់ថា ៖ «យើងនៅមានការព្រួយបារម្ភទាក់ទងទៅនឹងស្ថានភាពនៃការរស់នៅរបស់ ភរិយានិងកូនៗនៃជនរងគ្រោះដែលជាជាងកាត់សក់ត្រូវបានគេបាញ់សម្លាប់ហ្នឹង ។ ការរស់នៅ របស់គាត់ក្នុងស្ថានភាពកំពុងតែមានភាពលំបាកហើយកូនៗ តូចៗ នៅឡើយធ្វើឱ្យប្រឈមទៅ នឹងស្ថានភាពលំបាករបស់គាត់ ។ យើងក៏អំពាវនាវជាបន្ថែមទៅដល់សមត្ថកិច្ច ជាពិសេសខាង តុលាការពន្លឿននីតិវិធីឱ្យបានលឿនហើយតាមចាប់ជនដែលប្រព្រឹត្តឱ្យបានកាន់តែឆាប់ដើម្បី មកផ្តន្ទាទោសហើយសំណងរដ្ឋប្បវេណីទៅដល់ក្រុមគ្រួសារនៃជនរងគ្រោះដើម្បីគាត់បាន ទទួលនូវយុត្តិធម៌» ។
ជនរងគ្រោះលោក សុខ សុធន និង ភរិយាមានកូនចំនួន ៤ នាក់នៅក្នុងបន្ទុក ។ ក្រោយពីបាត់ បង់ស្វាមីដែលជាបង្គោលដ៏រឹងមាំនៅក្នុងគ្រួសារ អ្នកស្រី សុខម៉េង ដែលជាភរិយា ត្រូវទទួល រ៉ាប់រងមើលថែទាំចិញ្ចឹមបីបាច់កូនស្រីទាំង ៤ ដែលមានអាយុចន្លោះពី១ឆ្នាំ ដល់ ១១ ឆ្នាំតែម្នាក់ ឯង។
អ្នកស្រី សុខម៉េង ទទួចថា ៖ «ខ្ញុំចង់សំណូមពរសមត្ថកិច្ចឱ្យតាមដានរឿងប្តីខ្ញុំផង ហើយរាល់ថ្ងៃ អត់មានអ្នកណាមកសួរនាំខ្ញុំសូម្បីតែបន្តិចទេ ។ ដំណឹងអីក៏អត់មានឆ្លើយឱ្យយើង អត់មានប្រាប់ ថាអញ្ចេះអញ្ចោះអ៊ីចឹង ។ សូមសំណូមពរតុលាការរកយុត្តិធម៌ឱ្យគ្រួសារខ្ញុំផង ព្រោះខ្ញុំជាកូន កំព្រា អត់មានឪពុកម្តាយ ហើយខ្ញុំត្រូវចិញ្ចឹមកូនដល់ទៅ ៤ សូមតុលាការជួយរកយុត្តិធម៌ឱ្យខ្ញុំ ផង» ៕