ពិធី​ដារ​បង្សុកូល ឧទ្ទិស​កុសល ជូន​ដួង​វិញ្ញាណក្ខន្ធ លោក ទ្រឿ​ង ម៉ាលី ជា​ព្រឹទ្ធាចារ្យ​នយោបាយ​ជើងចាស់​កំណើត​ខ្មែរក្រោម​

0 207

ដោយ ស៊ឺន ចែងចើន
​តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី ២៦ ធ្នូ ២០១៨ នា​កុដិ​លេខ ១៧ (​កុដិ​ខ្មែរក្រោម​) នៃ​វត្ត​បទុម​វ​តី បានធ្វើ​ពិធី​ដារ​បង្សុកូល ឧទ្ទិស​កុសល ផល​បុណ្យ​ជូន​ដួង​វិញ្ញាណក្ខន្ធ លោក ទ្រឿ​ង មាលី ក្នុង​កិច្ច​គម្រប់​ខួប ៧ ថ្ងៃ នៃ​ការទទួល​មរណភាពរ​ប​ស់លោក ។​

​លោក ទ្រឿ​ង មាលី ដែលមាន​ដើមកំណើត​ជា​ខ្មែរក្រោម លោក​ជា​អតីត​នាយក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​បរម​រតន​កោដ្ឋ និង​ជា​អតីត​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​ប្រទេស​ជប៉ុន បានទទួល​មរណភាព ក្នុង​ជន្មាយុ ៨0 ឆ្នាំ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី ១៥ ខែធ្នូ ឆ្នាំ ២០១៨ នៅ​ប្រទេស​បារាំង ដោយ​ជរាពាធ ។

​នៅក្នុង​ឱកាស​នោះ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង សារៈ ដែល​ដឹកនាំ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​ពិធីបុណ្យ​ទក្ខិណានុប្បទាន ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​លោក ទ្រឿ​ង មាលី បាន​ថ្លែង​រៀបរាប់​ពី​ជីវិត​នយោបាយ និង​ការងារ​សង្គមជាតិ​ផ្សេងៗ ក្នុង​ឆាកជីវិត​របស់លោក ទ្រឿ​ង មាលី ។

​លោក ទ្រឿ​ង មាលី ដែល​កាលពី​ឆ្នាំ ១៩៨៧ ដល់ ១៩៩១ គឺជា​សមាជិក​គណៈប្រតិភូ​កម្ពុជា​មួយរូប ក្នុងចំណោម​សមាជិក​ជាច្រើនរូប ដែល​បានរួម​ចំណែក​ក្នុង​ការជួយ​ការងារ​ដល់​ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដើម្បី​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា តាមរយៈ​សន្ធិសញ្ញា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ ២៣ តុលា​ឆ្នាំ ១៩៩១ ។​

​គួរ​ជម្រាបជូន​ថា លោក ទ្រឿ​ង មាលី កាលពី​នៅមាន​ជីវិត លោក​បាន​ចូលរួម​បម្រើ​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ដោយ​លោក​ធ្លាប់​កាន់តំណែង​ជា​ឯកអគ្គរាជទូត​ខ្មែរ ប្រចាំ​នៅ​ប្រទេស​ជប៉ុន និង​ជា​អតីត​នាយក​ព្រះរាជ​ខុទ្ទកាល័យ​ព្រះ​បរម​រតន​កោដ្ឋ ហើយ​មុន​ទទួលអនិច្ចកម្ម លោក ជាទី​ប្រឹក្សា​នៃ​រដ្ឋសភាជាតិ​កម្ពុជា ។ បន្ថែម​ពីលើ​នេះ លោក​ក៏បាន​ចូលរួមចំណែក​យ៉ាងច្រើន​ធ្វើ​ការងារ​សង្គម មាន​ជាអាទិ៍ លោក​ធ្លាប់ជា​អតីត​សាស្ត្រ​ចា​រ្យ​វិទ្យាល័យ Khmero Anglais សម័យ​សង្គមរាស្ត្រនិយម អតីត​អគ្គលេខា​សមាគម​ខ្មែរ​ទូទៅ នៅ​ប្រទេស​បារាំង ដឹកនាំ​ដោយ​លោកតា សឺ​ន សាន និង​អតីត​សមាជិក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច (FUNCINPEC) ធ្វើការ​នៅ​ប្រទេស​ថៃ ប្រឆាំង​ពួកវា​តទី​និយម​វៀតណាម ៕

Leave A Reply

Your email address will not be published.