ចៅ ហេន អ្នកធ្វើដំណើរ​ចូល​មាត់​ខ្លា​ដើម្បី​លាតត្រដាង​ការរំលោភ​សិទ្ធិ​លើ​ខ្មែរក្រោម​

237

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​លោក ចៅ ហេន (Châu Hên) កើត​ឆ្នាំ ១៩៥៤ នៅ​ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ត្រូវបាន​នគរបាល​វៀ​ត​ណា​ម​ចាប់​ដាក់គុក កាលពី​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ និង​ត្រូវ​តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម​ផ្ដន្ទាទោស​នៅ​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ ឲ្យ​ជាប់គុក ២ ឆ្នាំ ពីបទ “​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សា​ធា    រណៈ និង​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា​ទី ១៤៣ និង ២៤៥ នៃ​ក្រមព្រហ្មទណ្ឌ​របស់​វៀត​ណា​ម ។ ការចាប់ខ្លួន​នេះ​ធ្វើឡើង ពេលដែល​លោក​បានធ្វើ​មាតុភូមិ​និវត្ត​ពី​ប្រទេស​ថៃ​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ បន្ទាប់ពី​អង្គការ UNHCR បដិសេធ​ឋានៈ​ជា​ជនភៀសខ្លួន​របស់លោក ។ ពេល​ចេញពី​គុក លោក​និង​ភរិយា បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ជា​លើក​ទី ២ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង​អង្គការ UNHCR ហើយ​ត្រូវបាន​អង្គការ​មួយ​នេះ​បញ្ជូន​ឲ្យ​ទៅ​តាំងទី​លំនៅ នៅ​សហរដ្ឋអាមេរិក ក្នុង​ខែ​ច្ឆិ​កា ឆ្នាំ ២០១៤ ។

វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៩: លោក ចៅ ហេន កំពុងបង្ហាញឯកសារដែលអាជ្ញាធរវៀតណាមរឹបយកដីធ្លី របស់ខ្លួននៅកម្ពុជាក្រោម ។ រូបថត៖ ថាច់ ប្រីជា គឿន
វត្តអង្គតាមិញ ជាយក្រុងភ្នំពេញ ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០០៩: លោក ចៅ ហេន កំពុងបង្ហាញឯកសារដែលអាជ្ញាធរវៀតណាមរឹបយកដីធ្លី របស់ខ្លួននៅកម្ពុជាក្រោម ។ រូបថត៖ ថាច់ ប្រីជា គឿន

លោក ចៅ ហេន (Châu Hên) កើត​ឆ្នាំ ១៩៥៤ នៅ​ក្រុមទី ១ ភូមិ​អាង​ឡើយ ឃុំ​ចៅ​ឡាំង ស្រុក​ស្វាយ​ទង ខេត្ត​មាត់ជ្រូក ( Tổ I ấp An Lợi xã Châu Lăng huyện Tri Tôn tỉnh An Giang ) ជា​អ្នក​ដែល​ហ៊ាន​ចេញមុខ​ដឹកនាំ​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ស្រុក​ស្វាយ​ទង ធ្វើ​បា​តុ កម្ម​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម​សង​ដី​កេរ​ដូនតា របស់ខ្លួន​មកវិញ ។  ឪពុក​របស់លោក​ឈ្មោះ ចៅ ហ៊ាន (Chau Hien) និង ម្ដាយ​ឈ្មោះ នាង ញ៉ា​ញ់ ( Neang Nhanh) ។ ភរិយា​របស់លោក​ឈ្មោះ នាង ភឿន (Neang Phuon) កើត​ឆ្នាំ ១៩៥៤ អ្នកស្រុក​ស្វាយ​ទង​ដូច​រូបលោក​ដែរ ហើយ​បាន​ស្លាប់​នៅ​ខេត្ត​ន​ន្ទ​បុរី ប្រទេស​ថៃ កាលពី​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤ ។

​ដឹកនាំ​ធ្វើបាតុកម្ម​ទាមទារ​ដីធ្លី ៖

កាលពី​ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០០៨ លោក ចៅ ហេន បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជាង ៦០០ នាក់ ធ្វើបាតុកម្ម​ទាមទារ​ដីស្រែ​ចម្ការ ដែល​អាជ្ញាធរ​វៀតណាម​រឹបអូស​ក្នុងអំឡុងពេល ឆ្នាំ    ១៩៨០ ។ បន្ទាប់ពី​បាន​ដឹកនាំ​ធ្វើបាតុកម្ម នៅ​យប់​ថ្ងៃ​ដដែល វេលា​ម៉ោង ៣ ជិត​ភ្លឺ លំនៅឋាន​របស់គាត់ ត្រូវបាន​គេ​គប់​គ្រាប់បែក​ចូលក្នុង​ផ្ទះ  ក្នុង​គោលបំណង​គម្រាម​ដល់​អាយុជីវិត​របស់គាត់ និង​គ្រួសារ ។​

​ភៀសខ្លួន​នយោបាយ​ទៅ​ប្រទេស​ថៃ​លើក​ទី ១៖

​បន្ទាប់ពី​មានការ​គម្រាមកំហែង​ដល់​សន្តិសុខ​ផ្ទាល់ខ្លួន លោក ចៅ ហេន និង​គ្រូ​សារបាន​រត់គេចខ្លួន​ទៅកាន់​អង្គការ UNHCR នៅ​ប្រទេស​ថៃ​ឲ្យ​ជួយ​អន្តរាគមន៍ ក្នុងនាម​ជា​ជនភៀសខ្លួន តែ​ត្រូវ​អង្គការ​នេះ​មិន​ទទួលស្គាល់ ហើយ​បាន​ណែនាំ​ពួកគាត់​ឲ្យ​វិល​ទៅផ្ទះ​នៅ​កម្ពុជា​ក្រោម​វិញ ដោយ​អះអាងថា មិនមាន​ការចាប់ខ្លួន​នោះ   ទេ ។
​យោងតាម​លិខិត​បដិសេធ​ឋានៈ​ជនភៀសខ្លួន ជា​ភាសា​អង់ គ្លេ​ស​មួយច្បាប់​របស់​អង្គការ UNHCR ប្រចាំ​ប្រទេស​ថៃ ចុះ​ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១០ ជូន​ចំពោះ លោក ចៅ ហេន ដោយ​ផ្ទាល់ដៃ បាន​បញ្ជាក់ថា អំពី​មូលហេតុ​នៃ​ការ​បដិសេធថា​៖

“​លោក​មិនអាច​ត្រូវបាន​គាំពារ​ក្នុងឋានៈ​ជា​ជនភៀសខ្លួន ក្នុងបន្ទុក​របស់​អង្គការ UNHCR ទៀត​ទេ​” ។​

ដំណើរ​មាតុភូមិ​និវត្ត​ចូល​មាត់​ខ្លា​៖

ពេល​បាន​លិខិត​បដិសេធ​នេះ លោក ចៅ ហេន និង ភរិយា​បាន​ទ្រាំ​បន្ត​រស់នៅ​ក្នុងប្រទេស​ថៃ ដោយ​មិនមាន​លិខិតស្នាម​ពី​អង្គការ UNHCR អស់​រយៈពេល ៨ ខែ ទើបបាន​សម្រេចចិត្ត​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​នៅក្នុង​ខែធ្នូ ឆ្នាំ ២០១៤ ។  មុនពេល​ត្រឡប់​ចូល​ស្រុក លោក ចៅ ហេន បាន​មានប្រសាសន៍ថា លោក​ដឹង​ច្បាស់​ណាស់​ថា ពេល​ដល់​ស្រុកកំណើត រដ្ឋាភិបាល​វៀតណាម​ប្រាកដ​នឹងមិន​ឲ្យ​រូបលោក​បាន​រួចខ្លួន​នោះទេ  គឺ​លោក​នឹងត្រូវ​ចូល​គុក​យួន​ជា មិន​ខាន ។ តែដោយសារ​លោក​ចង់​បញ្ជាក់​ឲ្យ​អង្គការ UNHCR ដឹងថា     រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម បាន​រំលោភបំពាន​លើ​សិទ្ធិសេរីភាព​ខ្មែរក្រោម​ដល់​កម្រិតណា លោក​ត្រូវតែ​ប្ដេជ្ញាចិត្ត​ដើរចូល​មាត់​ខ្លា​ទាំង​សេចក្ដីក្លាហាន ។​

ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១១: លោក ចៅ ហេន ដេកព្យាបាលជំងឺទាំងជើងជាប់ខ្នោះ បន្ទាប់រង ទារុណកម្មក្នុងគុក ។
ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១១: លោក ចៅ ហេន ដេកព្យាបាលជំងឺទាំងជើងជាប់ខ្នោះ បន្ទាប់រង ទារុណកម្មក្នុងគុក ។

​ដូច​អ្វីដែល លោក ចៅ ហេន បាន​រំពឹងទុក ពេលដែល​រូបលោក​និង​ភរិយា​ទៅដល់​ផ្ទះ​ភ្លាម នគរបាល​យួន​បានមក​ឡោមព័ទ្ធ​ចាប់​លោក​តាំង​តក់ក្រហល់​យក​ឃុំឃាំង នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ។

ក្រោយពេល​ចាប់ខ្លួន លោក ចៅ ហេន  នៅ​ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ការិយាល័យ​នគរបាល​ស៊ើបអង្កេត​ស្រុក​ស្វាយ​ទង (Co Quan Canh Sat Dieu Tra Huyen Tri Ton) នៃ​រដ្ឋាភិបាល​វៀតណាម បានចេញ​សេចក្ដីជូនដំណឹង​មួយ​ដល់​គ្រួសារ លោក ចៅ ហេន ថា ពួកគេ​បាន​ឃុំខ្លួន​លោក ចៅ ហេន ជា​បណ្ដោះអាសន្ន​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី ១៧ ដល់ទី ២០ ខែធ្នូ ឆ្នាំ ២០១០ នៅ​មន្ទីរឃុំឃាំង​បណ្ដោះអាសន្ន​របស់​នគរ​បាល​ស្រុក​ស្វាយ​ទង (Nha Tam Giu  Cong An huyen Tri Ton) ។ មូលហេតុ​នៃ​ការចាប់ខ្លួន​នេះ សេចក្ដីជូនដំណឹង​បាន​បញ្ជាក់់ថា ដោយសារ លោក ចៅ ហេន បាន “​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បង្ក​អសន្តិសុខ​ទីសាធារណៈ​“ ។ បន្ទាប់មក នៅ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១០ ការិយាល័យ​នគរបាល​ដដែល បានចេញ​សេចក្ដីជូនដំណឹង​មួយ​ទៀតថា ពួកគេ​នឹង​បន្ត​ឃុំខ្លួន លោក ចៅ    ហេន ជា​បណ្ដោះអាសន្ន​រយៈពេល ៨៧ ថ្ងៃ​ថែមទៀត គឺ​ចាប់ពី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១០ តទៅ  អំពី​ការ​ណី​ដូចគ្នា ។​

​បន្ទាប់ពី​ឃុំឃាំង លោក ចៅ ហេន ជា​បណ្ដោះអាសន្ន​អស់​រយៈពេល ៣ ខែ​រួចមក នៅ​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១១ តុលាការ​បក្សកុម្មុយនិស្ត​វៀតណាម នៃ​ខេត្ត​មាត់ជ្រូក (An Giang ) បានប្រកាស​សាលក្រម​ផ្ដន្ទាទោស​ឲ្យ​លោក​ឲ្យ​ជាប់គុក ២ ឆ្នាំ ពីបទ “​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ និង​បង្ក​អសន្តិសុខ​ទីសាធារណៈ​” តាម​មាត្រា ទី ១៤៣ និង ២៤៥ នៃ​ក្រមព្រហ្មទណ្ឌ​របស់​ប្រទេស​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

​ភៀសខ្លួន​នយោបាយ​ទៅ​ប្រទេស​ថៃ​លើក​ទី ២៖

​បន្ទាប់ពី​ជាប់គុក និង​រង​ទារុណកម្ម​អស់ពីរ​ឆ្នាំ លោក ចៅ ហេន ត្រូវបាន​រដ្ឋាភិបាល​វៀ​ត​ណា​ម​ដោះលែង​វិញ នៅ​ឆ្នាំ ២០១២ ។

នៅ​ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១២ មន្ទីរ ៨ (Tong Cuc VIII)  នៃ​គុក​ដិ​ន​ទ័ន (Trai Giam Dinh Thamh)  បានចេញ​សេចក្ដីសម្រេច​ដោះលែង លោក ចៅ ហេន ឲ្យ​ចេញពី​ពន្ធនាគារ វិញ ។​

​ពេល​បាន​ចេញពី​ពន្ធនាគារ លោក ចៅ ហេន និង ភរិយា ឈ្មោះ នាង ភឿន បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ជា​លើក​ទី ២ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ក្នុងនាម​ជា​ជនភៀសខ្លួន​នយោបាយ ក្នុង​អង្គការ   UNHCR ហើយ​បាន​អង្គការ​មួយ​នេះ​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ​តែប៉ុណ្ណោះ ។ ចំណែក​កូនៗ​របស់គាត់ ត្រូវបាន​អង្គការ UNHCR ពិចារណា​ឡើងវិញ​ពី​ឋានៈ​ជា​ជនភៀសខ្លួន​របស់​ពួកគេ ។​

ខណៈដែល​លោក និង ក្រុមគ្រួសារ​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ  និង​កំពុង​រងចាំ​ឱកាស​ចេញទៅ​ប្រទេស​ទី ៣  អ្នកស្រី នាង ភឿន បានទទួល​អនិច្ចកម្ម​ដោយ​ជំងឺ​នៅក្នុង​ផ្ទះជួល នា​ផ្សារ​ស៊ី​ម៉ុង​មឿង  ខេត្ត​ន​ន្ទ​បុរី  នៅ​ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០១៤  ។

ទីបំផុត នៅ​ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៤ លោក ចៅ ហេន  ត្រូវ បាន​អង្គការ UNHCR បញ្ជូនទៅ​តាំង​ទីលំនៅ​ក្នុងនាម​ជា​ជនភៀសខ្លួន របស់​អង្គការសហប្រជាជាតិ នៅ​សហរដ្ឋអាមេរិក ដោយ​សុវត្ថិភាព ៕​

Comments are closed.