ឆ្នាំទី ៦៣ យួនផ្អើលពណ៌លឿង
ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២ | ដោយ សឺង សម្រេច
បើនិយាយពីវាសនាខ្មែរក្រោម គឺមិនមែន ទើបតែរងទុក្ខ វេទនាចំនួន ៦៣ ឆ្នាំចុងក្រោយនេះទេ តែ គឺរាប់រយឆ្នាំហើយ ដែលដំណក់ទឹកភ្នែកខ្មែរក្រោមហូរក្លាយជា ស្ទឹងបឹងទន្លេ ដោយសារស្នាដៃយួន គ្រប់របបនយោបាយ ។ សព្វថ្ងៃនេះ ជួនជារដ្ឋាភិបាលខ្មែរ មិនបានបង្ហាញការអើពើឈឺឆ្អាលនឹកគិត ដល់ឬក៏មានសេចក្តីក្លាហានហ៊ានងើបមុខតវ៉ាជាមួយរដ្ឋាភិបាលយួនដែលជិះជាន់ខ្មែរក្រោមទៀត នោះ ហាក់ដូចជាបើកដៃឱ្យយួនរំលោភបំពានខ្មែរក្រោមតាមអំពើចិត្ត ។ ទោះជាយ៉ាង ណាក៏ដោយ យើងជាខ្មែរក្រោម មិនដែលបានប្រកាសអំពីការបាត់បង់ទឹកដីរបស់ខ្លួនឡើយ ។
ទឹកដីកម្ពុជាក្រោម នៅតែជារបស់ខ្មែរក្រោម ។ ភូមិស្រុក ឈើព្រៃ វត្តអារាម វាលស្រែចំការ ទំនៀម ទម្លាប់ប្រពៃណីនិង សាសនា យើងជាខ្មែរក្រោមស៊ូខាំស្មៅក្រាញននៀល ការពារមរតកកេរដូនតារបស់ខ្លួនក្នុងចង្កោម មច្ចុរាជយួនដ៏កាចសាហាវ ។ ប៉ុន្តែអ្នកដែលត្រូវប្រកាសការបាត់បង់ទឹកដីនោះ គួរតែជារដ្ឋាភិបាល នៃប្រទេសកម្ពុជាទៅវិញទេ ប្រសិនបើរដ្ឋាភិបាលនេះមានមនសិការជាតិគ្រប់គ្រាន់និងមានមនុស្ស ធម៌ ចេះអាណិតអាសូដល់សាច់សារ លោហិតជាតិខ្មែររបស់ខ្លួន ។
ពួកបរទេសយួនបានរុករានទន្ទ្រានរំលោភបំពានយកដីខ្មែរ រួចក្រោយមកបានឃុបឃិតជាមួយ “បារាំងខ្លះ’’ ដែលមានអំណាច ប្លន់យកដីខ្មែរយ៉ាងអយុត្តិធម៌បំផុត។ យើងប្រើពាក្យថា ’’បារាំងខ្លះ’’ ពីព្រោះមិនមែន បារាំងទាំងអស់ទេ ដែលឃុបឃិតជាមួយយួន ក្នុងការពុះច្រៀកព្រំដែននៃប្រទេស កម្ពុជា ហើយប្រគល់ប្រជារាស្ត្រ ខ្មែរក្រោមទៅឱ្យយួន ដែលមិនខុសពីកាត់សាច់មួយដុំបោះឱ្យសត្វ ខ្លានោះ ។
នៅមុនការកាត់ផ្តាច់ទឹកដីខ្មែរជាផ្លូវ ការណ៍នៅឆ្នាំ១៩៤៩ អ្នកតំណាងរាស្ត្របារាំងដែល មានយុត្តិធម៌មួយចំនួន ក្នុងនោះមានលោក រ៉ឺណេ កាពីតង់ (Rene Capitant) បានខំតស៊ូការពារ ផលប្រយោជន៍ខ្មែរដោយពន្យ់ដល់រដ្ឋាភិបាលបារាំងថា ’’ជាងផល ប្រយោជន៍ទៅទៀត កម្ពុជាមាន សិទ្ធិនៅកូសាំងស៊ីន…ជនជាតិខ្មែរភាគតិច ចង់ថែរក្សានូវវិសេសនិយម (មានន័យ ថាចង់រស់ក្នុង ភាពថ្លៃថ្នូរដាច់ដោយឡែក ប្រកបដោយសេចក្តីស្ងប់ស្ងៀមក្នុងនាមពូជសាសន៍ខ្មែរ) ក្នុងស្វ័យភាព របស់គេ ។ បារាំងនិងសហភាពបារាំង ត្រូវតែបំពេញករណីយកិច្ចរបស់ខ្លួនចំពោះប្រទេសកម្ពុជា គឺ ករណីយកិច្ចការពារធានាភក្តី និងដឹងគុណដល់រដ្ឋមួយ ដែលបានបង្ហាញនូវភាពទៀងត្រង់ និង ស្មោះត្រង់ជានិច្ច ’’(១) ។
ចំណែកលោក ប៉ូល កុស្ត ផ្លូរ៉េ រដ្ឋមន្ត្រីក្រសួងនាយសមុទ្របារាំងបាន ធានាដល់គណប្រតិភូខ្មែរ ព្រមទាំងបានជូន ដំណឹងដល់ព្រះមហាក្សត្រខ្មែរ ពីកិច្ចព្រមព្រៀងរវាង លោក ប្រធានាធិបតីបារាំង វ៉ាំងសង់ អូរីយ៉ូល និងស្តេចយួន បាវ ដាយ ចុះថ្ងៃទី ៨ ខែមិនា ឆ្នាំ ១៩៤៨ ផង ដែលមានន័យថាៈ ’’ការត្រួតត្រាទៅលើជនជាតិ ដែលមិនមែនយួន ហើយដែលបាន រស់ នៅតាំងតែពីយូរយារណាស់មកហើយ នៅលើទឹកដីដែលទើបនឹងកំណត់ថ្មីថា ជាទឹកដីរបស់ វៀតណាមនោះ ហើយដែលឋិត នៅក្រោមការត្រួតត្រារហូតមករបស់អាណាចក្រ អណ្ណាម នឹងត្រូវ ផ្តល់ឱ្យមាន លក្ខន្តិកៈពិសេសចំពោះអ្នកទាំងនោះ ដោយអធិរាជ បាវដាយ។ លក្ខន្តិកៈនេះ នឹងត្រូវ កំណត់ឡើង ដោយមានការយល់ព្រមពីរដ្ឋាភិបាលបារាំងផង នៅក្នុងការ គោរពប្រពៃណី និង ទំនៀមទម្លាប់របស់គេ ។ ក្នុងការចរចារគ្នា រវាងកម្ពុជា-បារាំង គណប្រតិភូ បារាំងបានស្នើ សុំឱ្យ បញ្ចូលក្នុងសន្ធិសញ្ញា នូវខដែលមានសារសំខាន់មួយ គឺផ្នែក ខាងបារាំង រដ្ឋាភិបាលសូមបញ្ជាក់ថា ខសំខាន់នៃសន្ធិសញ្ញាបារាំង-វៀតណាម ស្តីពីជនភាគតិចនៅលើទឹកដី វៀតណាមក៏ត្រូវអនុវត្តដែរ ចំពោះជនជាតិខ្មែរភាគតិច (ខ្មែរក្រោម) ហេតុដូច្នេះ លក្ខន្តិកៈនេះ នឹងត្រូវធ្វើឡើងដោយមានការ យល់ព្រមពីរដ្ឋាភិបាលបារាំង ក្នុងការការពារប្រពៃណី និងទំនៀម ទម្លាប់របស់គេ ។ ម្យ៉ាងទៀតរដ្ឋា ភិបាលបារាំងសន្យាគាំទ្រប្រជាពលរដ្ឋខ្មែរ ចំពោះការប្រើប្រាស់ ដោយសេរីនូវទន្លេមេគង្គ និងកំពង់ ផែព្រៃនគរ (កិច្ចប្រជុំសភាបារាំង និតិកាលថ្ងៃទី២១ ឧសភាឆ្នាំ ១៩៤៩ ស្តីពីលក្ខន្តិកៈកូស័ងស៊ីន) (២) ។ (airmaniax.com)
ចំណែកលោក ម៉ាក រុកកាត(Mark Rucat) អ្នកនាំសារគណកម្មការបារាំងនាយសមុទ្រ បានជម្រាប ទៅសភាបារាំងថាៈ’’គណកម្មការបានបញ្ចូលក្នុងគម្រោងច្បាប់វិញ ពីការទាមទាររបស់ខ្មែរតាម គំនិតរបស់សភាសហភាពបារាំង ។
ការទាមទារនេះ វាមិនគ្រាន់តែទាមទារតាមច្បាប់ទេ លើសពី នេះទៅទៀត យើងយល់ថាវា មកពីប្រទេសមួយដែលស្មោះត្រង់នឹងយើងរហូត នៅពេលលំបាក ក៏ដូចជានៅពេលសប្បាយរីករាយ យើងកំពុង តែធ្វើឱ្យកម្ពុជាស្តាយខ្លួនមកពីការទុកចិត្តលើយើង និងបានស្ម័គ្រចិត្តចូលមុនគេ ជាសមាជិកសហភាព បារាំង…’’។
ការទាមទារតវ៉ារបស់បារាំង’’ចិត្តល្អ’’ គឺបានត្រឹមតែល្អមើលប៉ុណ្ណោះ ។ ទីបំផុត យួនត្រូវបានទទួលជោគលាភជាដី កម្ពុជាក្រោមក្នុងនាម ខ្លួនជាអ្នកឈ្លានពានល្បិចខ្ពស់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ ១៩៤៩ ។
ការរំឭកប៉ុណ្ណេះ អាចបញ្ជាក់ថា រវាងខ្មែរជាប្រទេសបាត់បង់ទឹកដី បារាំងជាអាជ្ញាកណ្តាលដ៏អយុតិ ធម៌ និងយួនជាចោរប្លន់ទឹកដី រដ្ឋាភិបាលខ្មែរនាពេលនោះ ក៏មានការគិតគូរដល់វាសនាខ្មែរក្រោម លះដែរទោះបីការ ទាមទារនោះ ធ្វើឡើងក្នុងន័យអស់សង្ឃឹមយ៉ាងណាក្តី ។
រហូតមកដល់ ឆ្នាំ ១៩៨៦ ព្រះមហាក្សត្រខ្មែរ នរោត្តម សីហនុ ក៏នៅតែបានបញ្ជាក់ដែរថា៖ “ខ្ញុំមិនដែលទទួលយក តាម ផ្លូវច្បាប់ ថាអំពើរបស់វៀតណាមទៅលើទឹកដី កម្ពុជាក្រោម ជារឿងមួយដែលមិនអាចវិលថយ ក្រោយមកវិញនោះទេ’’(៣) ។
ជាមួយព្រះមហាក្សត្រ ព្រមទាំង រដ្ឋាភិបាលខ្មែរដែលយកចិត្តទុក ដាក់ចំពោះខ្មែរក្រោម ក៏យួនមិនបានថយក្រោយសូម្បីតែមួយជំហាន ក្នុងផែនការបំបាត់ពូជ សាសន៍ខ្មែរនៅកម្ពុជាក្រោម ចុះទម្រាំដល់រដ្ឋាភិបាលខ្មែរបច្ចុប្បន្នវិញនោះ គឺគ្មានអ្វីក្រៅពីការសុខ ចិត្ត ’’ចោលសាច់ស្រវាឆ្អឹង’’នោះឡើយ បើនិយាយឱ្យស្រួលស្តាប់ គឺច្រានខ្មែរគ្នាឯងចោលហើយ ឱបយួនទើប មានផលប្រយោជន៍។
រឿងនេះ ខ្មែរក្រោមដែលភៀសខ្លួន រត់ចូលមក ប្រទេសកម្ពុជា ក៏បានដឹង ខ្មែរក្រោមនៅ ក្នុងស្រុកក៏បានទទួលចម្ហាយ ធ្វើឱ្យគេមានអារម្ភថា ពេលនេះ គឺខ្នងទល់ ជញ្ជាំងហើយ មានតែការតស៊ូ ខ្លួនទី ពឹងខ្លួន ដោយពឹងយោងលើច្បាប់អន្តរជាតិនិងប្រទេសនានា ដែលស្រឡាញ់របបប្រជាធិបតេយ្យ ការពារយុត្តិធម៌ក្នុងលោកជាបង្អែកតែ ប៉ុណ្ណោះ ។ គឺដោយការ សម្រេចចិត្ត ក្នុងការតស៊ូដើម្បី’’សិទ្ធិក្នុងការរស់នៅ’’ ដ៏ត្រឹមត្រូវ នេះឯង ដែលខ្មែរក្រោមមិនស្លាប់ជា ដាច់ខាតហើយដែលធ្វើឱ្យយួនកំពុងតែភ័យផ្អើលនឹងស្រមោលខ្លួនឯង ។
សព្វថ្ងៃនេះ នៅកម្ពុជាក្រោម អាជ្ញាធរយួនមិនខុសពីសត្វក្របី ដែលផ្អើលនឹងស្បង់ចីវរព័ណ៌ លឿង របស់ព្រះសង្ឃខ្មែរ ។ ដោយទង់ជាតិរបស់យួនក៏ពណ៌លឿងដែរ យួនក៏ចាប់ផ្តើមផ្អើលនឹងអំពើ ឧក្រិដដ៏ច្រើន ដែលកំពុងតែបក់ រវិចជាមួយទង់ពណ៌លើងនោះ ជានិម្មិតរូបនៃអំពើអាក្រក់ដែល ខ្លួនបានសាបព្រោះចំពោះ ខ្មែរក្រោមដ៏ស្លូតត្រង់។ កាន់តែផ្អើល កាន់តែរឹតបន្តឹងចំពោះ សេរីភាព សាសនាខ្មែរក្រោមយួនកាន់តែឈានលើ ផ្លូវខុស ផ្ទុយ នឹងច្បាប់អន្តរជាតិ ។
ចំពោះយើងជាខ្មែរក្រោម ការរំលឹកខួបឆ្នាំទី៦៣ ដែលបារាំងកាត់ដីពីខ្មែរ ហើយរុញយើងឱ្យទៅរស់ ក្រោមនឹមដែក របស់យួន ខ្មែរក្រោមយើងត្រូវតែប្តេជ្ញា រក្សាការពារកម្ពុជាក្រោមឱ្យបាន រួមជាមួយទំ នៀមទម្លាប់ ប្រពៃណី និងជំនឿ សាសនា ដែលយួនក៏បានសុខចិត្ត នៅពេលទទួលការផ្ទេរដីពី បារាំងហើយសេចក្តីប្រកាស របស់អង្គការសហ ប្រជាជាតិស្តីពីសិទ្ធិជនជាតិដើមក៏មានចែងដែរ ៕
កំណត់សំគាល់៖
(១) (២) (៣) យោងតាមសៀវភៅ’’កម្ពុជាក្រោម អំណាចគ្មានខ្មែរក្រោម’’ ឯកសារប្រវត្តិសាស្ត្រ រៀបរៀងចងក្រង ដោយលោក ត្រាំងឆាត ប៊ុត បោះពុម្ពនៅឆ្នាំ ២០០៥ ។