បក្សជម្លោះទាំងពីរនៅកម្ពុជាមិនទាន់ឯកភាគគ្នាក្នុងកិច្ចចរចា
ជំនួបបិទទ្វារជាង ៣ ម៉ោងរវាងក្រុមការងារពិសេសមកពីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកាលពីថ្ងៃអង្គារ ទី ០៥ ខែវិច្ឆិកា ម្សិលមិញ មិនទទួលបានលទ្ធផលតាមការរំពឹងទុកទេ ។ ក្រុមការងារនៃគណបក្សដែលមានជម្លោះទាំងពីរសន្យាថា នឹងរកពេលវេលាជួបគ្នាសារជាថ្មីនៅចុងសប្តាហ៍នេះ ។

ក្រុមការងារពិសេសដែលមានម្ខាងៗចំនួន ៥ រូបបានជួបគ្នាសារជាថ្មីនៅមន្ទីររដ្ឋសភាជាតិដើម្បីរកវិធីសាស្ត្រទម្លុះទម្លាយភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ។
ក្រុមអ្នកកាសែតត្រូវបានអនុញ្ញាតឱ្យចូលថតយករូបភាពរយៈពេលប្រមាណ ៣ នាទី ប៉ុណ្ណោះបន្ទាប់មកមិនត្រូវអនុញ្ញាតឱ្យចូលស្តាប់ខ្លឹមសារនៃការចរចារវាងគណបក្សទាំងពីរទេ ។
អ្នកតំណាងមកពីគណបក្សសង្គ្រោះជាតិមានលោក យឹម សុវណ្ណ និងគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ព្រំ សុខា បានបញ្ជាក់ប្រាប់ក្រុមអ្នកកាសែតដែលឈររង់ចាំលទ្ធផលនៃជំនួបនេះថា ជំនួបគ្នានេះបាននិយាយច្រើនទៅលើកំណែទម្រង់ ប្រព័ន្ធបោះឆ្នោត ។
ក្រុមការងារពិសេសមកពីគណបក្សទាំងពីរបានអះអាងថា នឹងរាយការណ៍អំពីលទ្ធផលជំនួបនេះទៅកាន់ថ្នាក់ដឹកនាំកំពូល រៀងៗខ្លួនជាអ្នកសម្រេច ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថា គណបក្សទាំងពីរបានជជែកគ្នាច្រើនពាក់ ព័ន្ធនឹងចំណុច «នយោបាយ» ដែលផ្តោតទៅលើកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗ ។
លោកនិយាយថា៖ «តាមធម្មតាការជជែកគ្នាវាមានការឯកភាពគ្នាខ្លះហើយវាមានការមិនឯកភាពគ្នាខ្លះ ។ អ៊ីចឹងហើយខ្ញុំសុំមិនបញ្ចេញជាសាធារណៈទេ ប៉ុន្តែគ្រាន់តែថា យើងខ្ញុំនឹងរាយការណ៍ជូនថ្នាក់ដឹកនាំកំពូលដើម្បីធ្វើការសម្រេច»។
លោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកដឹកនាំគណៈប្រតិភូមកពីគណបក្សប្រជាជនបានឱ្យដឹងថាគណបក្សទាំងពីរបានព្រមព្រៀងគ្នាថានឹងប្រឹងប្រែងធ្វើកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ ។
លោកនិយាយថា៖ «យ៉ាងហោចណាស់ការជួបគ្នានេះជាយន្តការមួយដែលយើងបានឯកភាពគ្នា ប្រជុំកំពូលនោះគឺថាចំណុចទីពីរថាបង្កើតយន្តការដើម្បីកំណែទម្រង់ការបោះឆ្នោតនាពេលខាងមុខ។ ដូច្នេះការជួបគ្នានេះគឺជារូបភាពមួយនៃយន្តការ ជួបគ្នាដើម្បីជជែកគ្នាអំពីការកែទម្រង់»។
ក្រោយការបោះឆ្នោតកាលពីថ្ងៃទី ២៨ ខែកក្កដាបានបង្ហាញឱ្យឃើញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈចំណែកឯគណបក្សសង្គ្រោះជាតិទទួលបាន ៥៥ អាសនៈ ។
គណបក្សដែលទទួលបានសំឡេងគាំទ្រទាំងពីរកំពុងមានជម្លោះវិបត្តិនយោបាយ ដោយសារតែមិនបានបែងចែកឱ្យមាន តុល្យភាពនៃអំណាច ។
គណបក្សសង្គ្រោះជាតិបានទាមទារកាន់កាប់មុខតំណែងប្រធានរដ្ឋសភា និងបែងចែកឱ្យបានស្នើគ្នានូវតួនាទីជាសមាជិក គណៈកម្មាធិការអចិន្ត្រៃយ៍ទាំង ១២ នៃរដ្ឋសភា ។
គណបក្សសង្គ្រោះជាតិក្រោយមកបានទាមទារឱ្យបែងចែកអំណាចក្នុងថា្នក់មូលដ្ឋានមានន័យថាខេត្ត ក្រុងមួយចំនួនដែល គណបក្សសង្គ្រោះជាតិបានឈ្នះឆ្នោតត្រូវបានកាន់តួនាទីជាអភិបាលខេត្តក្រុងនិងស្រុក ខណ្ឌតែការលើកឡើងនេះ ត្រូវបានមន្ត្រីគណបក្សប្រជាជនចាត់ទុកថាផ្ទុយទៅនឹងច្បាប់ ។
សមាសភាពមន្ត្រីចូលចរចាកាលពីម្សិលមិញ មានម្ខាង ៥ រូប ។ មន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា មានលោក ព្រំ សុខា រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា លោក កើត រិទ្ធ លោក សំ សឿន និងលោក ឡេង វី ។ ចំណែកឯមន្ត្រីបក្សសង្គ្រោះជាតិ រួមមានលោក សុន ឆ័យ លោក គួយ ប៊ុនរឿន លោក អេង ឆៃអ៊ាង លោក យឹម សុវណ្ណ និងលោក យ៉ែម បុញ្ញឫទ្ធិ ។
ក្នុងកិច្ចចរចានេះ គណបក្សសង្គ្រោះជាតិ បានឡើងរបៀបវារៈ ៣ ចំណុច រួមមាន ការស៊ើបអង្កេតឯករាជ្យ លើភាពមិនប្រក្រតីនៃការបោះឆ្នោត កំណែទម្រង់ការបោះឆ្នោត ផ្អែកតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាល និងស្នើឲ្យសមាជិកទាំង ៩ រូបនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលាលែងពីតំណែង ។
ការបោះឆ្នោត កាលពីថ្ងៃទី ២៨ កក្កដា ដែលគណបក្សសង្គ្រោះជាតិ អះអាងថា មានការលួចបន្លំ និងទាមទារឲ្យសើរើ រកភាពមិនប្រក្រតី ព្រមទាំងទាមទារឲ្យកែទម្រង់ ។
ឧបការីរងសហរដ្ឋអាមេរិកអាមេរិក លោក Scot Marciel ពេលបញ្ចប់ការបំពេញទស្សកិច្ចរបស់ខ្លួននៅកម្ពុជា នៅថ្ងៃចន្ទ ទី ០៤ ខែវិច្ឆិកា បានជំរុញគណក្សទាំងពីរដែលមានសំឡេងនៅក្នុងរដ្ឋសភា បន្តពិភាក្សាដោយសន្តិវិធី ដោះ ស្រាយ បញ្ហាដោយផ្អែកលើផលប្រយោជន៍ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតជាធំ ៕