ការបោះឆ្នោត​ជ្រើសរើស​ថ្នាក់ដឹកនាំ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose

69

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

(San Jose, CA) ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក នៅ​ថ្ងៃទី ២២ ខែ​កម្ភៈ ឆ្នាំ ២០១៥ នេះ បានរៀបចំ​ការ​ឆ្នោត​ប្រកបដោយ​លទ្ធិប្រជាធិបតេយ្យ​មួយ នៅក្នុង បរិវេណ​វត្ត​ខេមររ​ង្សី ដើម្បី​ជ្រើស រើស​ប្រធាន​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose ។ ពិធី​នេះ មានការ​ចូលរួម​ពី​ពលរដ្ឋ ខ្មែរ​អាមេរិក​នៅ​ទីក្រុង San Jose យ៉ាងច្រើន​កុះករ ក្រោម​អធិបតីភាព​ព្រះ តេជ​ព្រះ​គុណ សឺ​ង យ៉ឹ​ង រតនា ព្រះ​ចៅ​ធិ​ការ​វត្ត​ខេ​មរ​ង្សី និង​ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម និង​មានការ​ចូលរួម​ពី​ចាស់ ព្រឹទ្ធាចារ្យ​ជាច្រើនរូប​ធ្វើជា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត ។ លទ្ធផល លោក លឹម ភី​លី​ប ត្រូវ​ជាប់ឆ្នោត​ធ្វើជា​ប្រ ធាន​ក្រុម​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose មួយ អាណត្តិ​បន្តទៀត បន្ទាប់ពី​អ្នកចូលរួម​បោះ ឆ្នោត​ជូន​រូបលោក​ដ៏​ច្រើន​លើសលប់​ចំនួន ៥៧ សំឡេងគាំទ្រ​ថា  “Yes” និង ២ សំឡេង​មិន​គាំទ្រ​ថា “No” ។

ថ្នាក់ដឹកនាំក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ក្រោយពីការបោះឆ្នោត ។
ថ្នាក់ដឹកនាំក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំទីក្រុង San Jose ក្រោយពីការបោះឆ្នោត ។

​មុនពេល​បោះឆ្នោត អ​តី​តៈ​គណៈកម្មការ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose ដឹកនាំ​ដោយ លោក លឹម ភី​លី​ប បាន​ឡើង​បកស្រាយ និង​ធ្វើ​បទ​បង្ហាញ​អំពី​សមិទ្ធផល​ដែល​ក្រុម​របស់ខ្លួន​បានធ្វើ​នាពេល​កន្លងមក ដើម្បី​គាំទ្រ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន​,  អំពី​មូលហេតុ​នាំ​ឲ្យ​មានការ​បោះ ឆ្នោត​,  ទិសដៅ​ទៅ​អនាគត  និង​សំនួរចម្លើយ​ទៅកាន់​ថ្នាក់ដឹកនាំ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose ។ តាម​ការបញ្ជាក់​របស់ លោក តាំង ឆូ​យ ហេរញ្ញិក នៃ​គណៈកម្មការ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose ដែល​បាន​ឡើង​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ថា ចាប់តាំងពី​ឆ្នាំ ២០១៣ ដល់ ខែមេសា ឆ្នាំ ២០១៤ ក្រុម​របស់លោក​បាន​រៃអង្គាសប្រាក់​ជូនទៅ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កម្ពុជា បាន​ចំនួន ១០ ម៉ឺន ៥ ពាន់ ៤៨ និង ៧៧ សែន ដុល្លារ សហរដ្ឋអាមេរិក ដែលជា​ចំនួន​ប្រាក់ឧបត្ថម្ភ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ខ្មែរ ច្រើនជាងគេ​ទាំងអស់​នៅក្នុង​ពិភពលោក ។

​កាល​ខែ ៤ ពី​ឆ្នាំ ២០១៣ ដល់ ខែ ៤ ឆ្នាំ ២០១៤ នេះ ហើយ​ចំនួន​លុយ​ទាំងអស់ ១០ ម៉ឺន ៥ ពាន់ ៤៨ និង ៧៧ សែន ។​

​ថ្លែង​នៅក្នុង​អង្គប្រជុំ លោក លឹម ភី​លី​ប បានបញ្ជាក់​អំពី​មូលហេតុ​នាំ​ឲ្យ​មានការ​បោះឆ្នោត​ថា សាខា​គណបក្ស សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង សាន ហូ​ស្សេ (San Jose) មាន​គម្រោង​រៀបចំ​ការបោះ​នេះ​តាំងពី​ខែមិថុនា ឆ្នាំ ២០១៤ មកម្ល៉េះ ក្រោយពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កម្ពុជា ចេញ​បទបញ្ជា​មួយ​ឲ្យ​អ្នកគាំទ្រ​នៅក្រៅ​ប្រទេស ធ្វើការ​បោះឆ្នោត ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹក​នៅតាម​តំបន់​នីមួយៗ ។
​លោក លឹម ភី​លីម ថ្លែងថា​៖

ខ្ញុំ​ចង់​រៀបរាប់​បន្តិច​ពី​ការបោះឆ្នោត ។ កាលពី​ខែ ៦ គណបក្ស​សង្គ្រោះ​ជាតិ​បាន ចេញ​បទបញ្ជា​មួយ​ឲ្យ​អ្នកគាំទ្រ នៅក្រៅ​ប្រទេស ធ្វើការ​បោះឆ្នោត ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​ប្រតិបត្តិ នៅ​គ្រប់​តំបន់ ។ យើង​នៅ​សា​ហូ​សេ ក៏បាន​ចាប់ផ្តើម​ប្រជុំ​គណកម្មការ​បោះឆ្នោត គ​.​ជ​.​ប ហ្នឹង ។ ប្រជុំ​ខែ ១០ យើង​ក៏បាន​ជួបជុំគ្នា ចឹ​ង​ទៅ​មាន​គណៈកម្មការ​មួយចំនួន គាត់​សុំលាលែង ។

បន្ទាប់ពី​ការធ្វើ​បទ​បង្ហាញ​គណៈកម្មការ​ចាស់ និង​ការ​ចោទសួរ​ពី​អ្នកចូលរួម កម្មវិធី​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅដោយ យុត្តិធម៌  លទ្ធិប្រជាធិបតេយ្យ និង​តម្លាភាព​ក្រោម​អធិបតី​របស់​ព្រះសង្ឃ និង​អ្នកសង្កេតការ ។ គណៈកម្មការ​រៀបចំ ការបោះឆ្នោត​បានផ្ដល់​ឱកាស​ចំហ​ឲ្យ​អ្នកចូលរួម​មកពី​គ្រប់ភាគី​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធាន​ក្រុម​អ្នកគាំទ្រ​គណ  បក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose តែ​គ្មាន​បេក្ខជន​ណា​ឈរឈ្មោះ​ឡើយ ។ ទីបំផុត អ្នកចូលរួម​ក៏​សម្រេច បោះឆ្នោត​តាមរបៀប “Yes” គាំទ្រ និង  “No” មិន​គាំទ្រ ឲ្យ​លោក លឹម ភី​លី​ប ធ្វើជា​ប្រធាន ។ ក្រោយពី​ការបោះ ឆ្នោត​រួច លោក បៃ សារិត ប្រធាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​ជាមួយនឹង លោក ហៀក សុខុម បាន​ដឹកនាំ​ធ្វើការ​រាប់​សន្លឹកឆ្នោត​ដោយមាន​ព្រះសង្ឃ និង​អ្នកចូលរួម​ធ្វើជា​សាក្សី ។  លទ្ធផល លោក លឹម ភី​លី​ប ទទួលបាន ៥៧ សំឡេងគាំទ្រ និង ២ សំឡេង​មិន​គាំទ្រ ។​

ការរាប់សន្លឹកឆ្នោត ។
ការរាប់សន្លឹកឆ្នោត ។

​លោក ហៀក សុខុម ក្រុម​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​បានបញ្ជាក់​ថា​៖

​គិត​ឃើញថា ពេលនេះ ជា​ជោគជ័យ​មួយ​សំខាន់​សម្រាប់​សាន​ហូ​សេ​យើង ដែល​យើង​បោះឆ្នោត​ពេញ​សោយ​លទ្ធិប្រជាធិបតេយ្យ ដោយ​ប្រជាជន​បោះឆ្នោត​ឲ្យ មិនមែន​ដោយ​លើកតម្កើង​គ្នា​យើង​ទេ ។ Register ដូ​ប​មាន ៥៧ ឆ្នោត សរសេរថា «YES» ហើយ ២ សំឡេង​ថា «NO» ។ ដូច្នេះ លក្ខណៈ​ប្រជាធិបតេយ្យ​នេះ វា​ពេញលក្ខណៈ​បរិបូណ៌​មែនទែន ។​

​អ្នកចូលរួម​បោះឆ្នោត​សម្ដែង​ក្ដីសប្បាយ​រីករាយ​ចំពោះ​លទ្ធផល​ឆ្នោត​ថា ប្រប​កដោយ​លទ្ធិប្រជាធិបតេយ្យ និង​តម្លា ភាព ហើយ​បាន​បញ្ជាក់ថា ខ្លួន​បាន​បោះឆ្នោត​ជូន លោក លឹម ភី​លី​ប ព្រោះ​លោក​ជា​មនុស្ស​ស្មោះត្រង់​នឹង​ជាតិ ជា​អ្នក​អធ្យាស្រ័យ​ល្អ  មានចំណេះដឹង​ខ្ពង់ខ្ពស់​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ដឹកនាំ​សង្គម​ខ្មែរ​នៅក្នុង​ទីក្រុង San Jose ជាដើម ។​
​បន្ទាប់ពី​បាន​ជាប់ឆ្នោត​ជា​ប្រធាន លោក លឹម ភី​លី​ប បាន​ថ្លែង​អំពី​ការយល់ឃើញ​របស់ខ្លួន​ថា​៖

បានទទួល​លទ្ធផល​បោះ​ឆ្នោត ដោយមាន​សំឡេងគាំទ្រ​ជាច្រើន ឲ្យ​ខ្ញុំ​បន្តការងារ​ទៅមុខទៀត ។ ខ្ញុំ​មានចិត្ត​រំ​ភប​ណាស់ ពីព្រោះ នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញថា អ្វីដែល​ខ្ញុំ​ធ្វើ​មក ភាគច្រើន​អ្នកគាំទ្រ​ពេញចិត្ត មិន​ខុសឆ្គង​អី​ធំដុំ​ទេ ហើយ​ទៅ​អ​នា​គត់​ទៀត ចឹ​ង​ខ្ញុំ​ខំ​បន្តការងារ​ខ្ពស់​ដដែល កិច្ចការ​អ្វីៗ ត្រូវតែ​ពិភាក្សា​ជាម​យ​យ​គណៈកម្មការ អ្នកគាំទ្រ ។ អ្វីៗ ខ្ញុំ​មិនអាច​ធ្វើទៅ​រួច​តែ​ឯកឯង​ទេ ម្ល៉ោះហើយ ការដែល​មាន​គេ​គាំទ្រ​ហ្នឹង គេ​ឃើញ​មក​ថា អ្វីដែល​ខ្ញុំ​ធ្វើ​ហ្នឹង​គឺ​ល្អ គឺ​ត្រឹមត្រូវ ហើយ​បើ​គេ​មិន​ចូលចិត្ត​កន្លែង​ណាមួយ គេ​អាច​សួរ​ខ្ញុំ​ពេលណា​ក៏បាន​ដែរ ។ ចឹ​ង​! ខ្ញុំ​អរ​ណាស់ ដែលមាន​សំឡេងឆ្នោត​ជាច្រើន​គាំទ្រ​ខ្ញុំ ។​

​ចំណែក លោក ឡោ ឡៃ​សូរ ដែល​ទើបតែ​ត្រូវបាន លោក លឹម ភី​លី​ប តែងតាំង​ឲ្យ​ធ្វើជា​អនុប្រធាន បាន​ថ្លែង អំពី​ការយល់ឃើញ​របស់ខ្លួន​ថា​៖

​ថ្ងៃនេះ យើង​បាន​បោះឆ្នោត​ចប់​ហើយ លទ្ធផល​ឃើញថា អ្នក​បាន​ជួយសង្គ្រោះ​ជាតិ​ល្អ​នោះ បាន​ជាប់​បន្តទៅទៀត ។ យើង​ចង់​រៀបចំ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទីក្រុង​សាន​ហុ​សេ​ហ្នឹង ឲ្យ​ជា​គំរូ​មួយ ធ្វើការ​ដើម្បី​ជាតិ​សុទ្ធសាធ ដោយ​ពុំ​គិតគូ​ពី​រឿង​បុគ្គល​ក្រុម​ណាមួយ​ទាល់តែសោះ ។ ហើយ​យើង​ធ្វើ​ម៉េច​ប្រជា​ធិ​បេ​យ្យ​នេះ មិនមែន​ចាំតែ​ដូចគ្នា​ទេ ។ ពាក្យ​ថា ប្រជាធិបតេយ្យ​គឺជា​របប់​មួយ ដែល​យើង​ជ្រើសរើស​យកមកប្រើ ដើម្បី​ជៀសវាង​កុំ​ឲ្យ​ឈ្លោះ​គ្នា កុំ​ឲ្យ​ច្បាំង​គ្នា ។ ដូច្នេះ យើងទាំងអស់គ្នា​ហ្នឹង ដឹកនាំ​ទាល់តែ​ភាគច្រើន​គេ​យល់ព្រម ថា​នេះ វា​ត្រូវ នេះ​វា​ខុស ឲ្យ​គេ​បោះឆ្នោត​ទៅ ឲ្យ​គេ​ជ្រើសរើស​ទៅ ថា​នេះ ចង់​ឲ្យ​ធ្វើ ឬ​មិន​ចង់ កន្លែង​ហ្នឹង​ឲ្យ​យក​ភាគច្រើន​ទៅ ហើយ​អ្នក​ដែល​មតិ​ភាគតិច​ត្រូវតែ​គាំទ្រ​មតិ​ភាគច្រើន ។ នៅ​កន្លែង​ណាក៏ដោយ​ក្ន​ងុ​ពិភពលោក បើកាលណា​ឲ្យ​ភាគច្រើន​បាន​សុខ ភាគច្រើន​ហ្នឹង​គាំទ្រ​គឺ​អ្នកដឹកនាំ​ហ្នឹង​ល្អ ហើយ​ចង់​នាំ​លទ្ធិប្រជាធិបតេយ្យ​ចូល​ប្រទេស​យើង ស្គាល់​ថា​ប្រជារាស្ត្រ​ជាធំ ។​

​លោក វីលាម តាន អ្នកគាំទ្រ ដែល​បាន​បោះឆ្នោត​ជូន លោក លឹម ភី​លី​ប មានប្រសាសន៍ថា​៖

គោលបំណង​មក​ទីនេះ គឺ​មក​រើស​ប្រធាន CNRP នៅ​សាន​ហូ​សេ ។ ការបោះឆ្នោត​នេះ មាន​លក្ខណៈ​ត្រឹមត្រូវ ។ ប្រជាជន​នៅ​សាន​ហូ​សេ​ហ្នឹង មក​រើស​ប្រធាន​លោក លឹម ភី​លី​ប ដែល​គាត់​ជាប់ឆ្នោត​នៅថ្ងៃនេះ ។ លទ្ធផល​របស់គាត់​ហ្នឹង តាំងពីដើម​មក​គឺ ជួយ​ខ្មែរ​ច្រើនណាស់ ។​

​អ្នកស្រី ស៊ី​វិ​ន ទេព មានប្រសាសន៍ថា​៖

បោះ​ឲ្យ ភី​លី​ប លឹម ។ ពីព្រោះ ភី​លី​ប លឹម ជា​អ្នកដឹកនាំ​ល្អ មានការ​ព្យាយាម​អំណត់ ចេះ​ទាក់ទង​ចាស់​ក្មេង ប្រជាជន​នៅក្នុង​សហគមន៍​ខ្មែរ នៅ​សាន​ហូ​សេ​នេះ ហើយ​មានចិត្ត​អំណត់​មិន​ប្រកាន់ មិនចេះ​ខឹង ចេះ​រួបរួមគ្នា ហើយ​ជាពិសេស អត់​មាន​អ្នកណា​មាន​លក្ខណ​ល្អ​ដែល​បង្ហាញ​ដូច​គាត់​នៅឡើយ​ទេ ។​

​លោក កែវ វាសនា មានប្រសាសន៍ថា​៖

មក​ថ្ងៃនេះ គឺ​មក​រួបរួម​បងប្អូន​ខ្មែរ​យើងទាំងអស់គ្នា ដែល​នៅ​សាន​ហូ​សេ​នេះ ហើយ នឹង​មក​បោះឆ្នោត​ជ្រើសរើស​គណកម្មការ​ថ្មី នៅ​ទីក្រុង​សាន​ហូ​សេ ដែល​យើងទាំងអស់គ្នា​ហ្នឹង​ជួយ​បន្ត​ខាង CNRP ។ បាន​បោះឆ្នោត​ជូន​លោក ភី​លី​ប ។ ព្រោះថា លោក ភី​លី​ប បាន​លះបង់​ច្រើន​មកហើយ ៗ ឃើញ​ការ​ស្អាតស្អំ ចិត្ត​ទូ​លុះ​ទូលាយ ដែលថា ខ្មែរ​យើង​ត្រូវការ​មនុស្ស​របៀបនេះ​ភាគច្រើន ។​

​មុនពេល​ការបោះឆ្នោត  មានការ​ចូលរួម​ជំទាស់​ពី​ក្រុម​អ​តី​តៈ​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស និង​ជា​អ​តី​តៈ អនុប្រធាន ទី ១ នៃ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង San Jose  លោក ជុំ សុជាតិ ផងដែរ ។​

ការរាប់សន្លឹកឆ្នោត ។
ការរាប់សន្លឹកឆ្នោត ។

​លោក ជុំ សុជាតិ ដែលជា​មនុស្សម្នា​ក់បាន​លាលែង​តំណែង​ចេញពី​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose ហើយ​បែរជា​បច្ចុប្បន្ន​អះអាងថា ខ្លួន​ជា​ប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose សហរដ្ឋ អាមេរិក ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា SAN JOSE – CNRP – USA ដែល​មិនមាន​ការបោះឆ្នោត​ចំហ​នោះ បានបញ្ជាក់​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ក្រុម​លោក​មិនអាច​ចូលរួម​ឈរឈ្មោះ​បោះឆ្នោត​ជាមួយ​គេ នៅថ្ងៃនេះ​បាន  ដោយសារ នាពេល​កន្លងមក គាត់​តូច​ចិត្តនឹង​គណៈកម្មកា​រ​ចាស់​ចំពោះ​បញ្ហា​មួយចំនួន ដូចជា​កិច្ចប្រជុំ​ម្ដងៗ មិនមាន​អ្នក​ជូនដំណឹង​ដល់​គាត់​តាម​អ៊ីមែល​ដល់​ទៅ​បួន​ដង និង តូចចិត្ត​នៅពេលដែល លោក សម រង្ស៊ី មក​ទស្សនកិច្ច​នៅ San Jose ម្ដងៗ​មាន​គេ​ឧបត្ថម្ភ​លុយ​ច្រើន តែ​ដល់ លោក កឹម សុខា វិញ​បែរជា​បាន​លុយ​តិច ជាដើម ទើប​លោក​សម្រេចចិត្ត​ទៅ​បង្កើត​គណៈកម្មការ​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ទីក្រុង San Jose ថ្មី​មួយទៀត ដែលមាន​ឈ្មោះ​កាត់​ជា​ភាសា​អង់គ្លេស​ថា SAN JOSE – CNRP – USA  តាមរយៈ​បណ្ដាញ​របស់ លោក គា រី ដែល​តាំងខ្លួន​ថា​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​សហរដ្ឋអាមេរិក ឬ CNRP-USA ។​

លោក ជុំ សុជាតិ បាន​ថ្លែង​ទៅកាន់​អ្នកចូលរួម​ដែល​សម្ដី​របស់គាត់​ត្រូវបាន​គេ​មើលឃើញថា ហាក់ដូចជា​លំអៀង ទៅរក លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ជា​អនុប្រធានរដ្ឋសភា​នៃ​ប្រទេស​កម្ពុជា យ៉ាងនេះ ថា​៖

​ពេលដែល​ប្រជុំ​ណា អត់​មាន​អ៊ី​ម៉ែ​ល​មក​ខ្ញុំ​សោះ ៤ ដង ក្នុងការ​ប្រជុំ ។ ហេតុអ្វី​បាន​បងប្អូន​មិន​អញ្ជើញ​រូបខ្ញុំ ។ តែ​រឿង​ដែល​សំខាន់បំផុត​នោះ បញ្ហា​ដែល​ចោទឡើង គឺ​បង្កើត​បក្ស NA ។​

​បញ្ហា​នេះ អ្នកគ្រូ បៃ សុ​ផានី បាន​ឡើង​បកស្រាយ​ឆ្លើយតប​នឹង លោក ជុំ សុជាតិ ថា អ្នកស្រី និង​អ្នកចូលរួម​ទាំង អស់​ដែលមាន​វត្ត​មានមក​បោះ​ឆ្នោត​នេះ សុទ្ធតែជា​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយ​ទេ  ដោយ​គ្មាន​អ្នក​ម្នាក់​ជា​គណ បក្ស សម រង្ស៊ី ឬ ជា គណបក្ស​សិទ្ធិមនុស្ស ទៀត​ទេ ។

​អ្នកគ្រូ សុ​ផានី បាន​បញ្ជាក់ថា​៖

ដូច​ខ្ញុំ​ស្តាប់​លោក​មិញ​អ៊ីចឹង លោក​ហាក់ជា ចាប់​តែ​កំហុស ។ ដូច្នេះ ការចាប់​កំហុស​នេះ មិនអាច​រក​ផ្លូវ​ដោះស្រាយ​ឃើញ​ទេ ។ ខ្ញុំ​សូមជម្រាបថា កាលណោះ ខ្ញុំ​ជា​សមាជិក​គណបក្ស សម រ​ង្ស៉ី តាំងពី​គណបក្ស​ជាតិខ្មែរ រហូតដល់​គណបក្ស​ស​ង្គ្រោះ​ជាតិ ។ ហេតុអ្វី បានជា​ខ្ញុំ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីព្រោះ​ក្នុង​គោលដៅ​ចង់​រួបរួម​ជាតិ រួបរួមគ្នា ។ ដូច្នេះ វា​គ្មាន​អ្នក​ទៅ​ស្រឡាញ់ រ​ង្ស៉ី ជាងគេ គ្មាន​អ្នក​ទៅ​ស្រឡាញ់​លោក កិ​ម សុខា ជាងគេ អត់​ទេ គឺ​ដូចគ្នា ។​

​ចំណែក​អនុប្រធាន​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ San Jose សហរដ្ឋអាមេរិក (SAN JOSE – CNRP – USA ) ដែល​ទើបតែ​ត្រូវបាន​គេ​តែងតាំង​ថ្មីៗ លោក ថាច់ ចួន បាន​ឡើង​ចោទសួរ លោក លឹម ភី​លី​ប ប្រធាន ក្រុម​អ្នក​គាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose ជាប់ឆ្នោត​ថា ហេតុអ្វី​បានជា គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose មិន​ព្រម​រំលាយ CNRP-NA ដែលមាន​យូរហើយ​ចោល ហើយ​មក​ចូលរួម​ជាមួយ CNRP-USA ដែល​ទើបតែ​បង្កើត​ថ្មី​តែមួយ ។  សំនួរ​នេះ ត្រូវបាន លោក ឡោ ឡៃ​សូរ អនុប្រធាន អ្នកគាំទ្រ​គណបក្ស សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose ដែល​ទើបតែ​ត្រូវបានតែងតាំង​ដោយ លោក លឹម ភី​លី​ប ប្រធាន​ជាប់ឆ្នោត ឆ្លើយថា បើ​ចង់​លុប CNRP-NA ចោល មានតែ​លុប CNRP-USA ចោល​ដែរ ទើប​ត្រឹមត្រូវ ។​

​វា​ដូច​យក​ទំនាស់​បញ្ហា​យក​ដាក់ ។ យើង​ធ្វើ​ដើម្បី​សង្គ្រោះ​ជាតិ អត់​មាន​គិតពី​ក្រុម​ណា​ទេ ។ ប៉ុន្តែ សូមកុំ​ឲ្យ​ថា ជួប​បុគ្គល​នោះ កុំ​ទទួលស្គាល់​អ្នកនេះ បុគ្គល​នេះ កុំ​ទទួលស្គាល់​អ្នកនោះ ជា​លេស​ដើម្បី​បង្កើត​ជម្លោះ ។ ខ្ញុំ​យល់ថា នេះ​ជា​រឿង​បុគ្គល ៗ មួយណា​ខុស គឺ​រឿង​បុគ្គល កុំ​បំផ្លាញ់​ជាតិ​ទាំងមូល ។​

​គណៈកម្មការ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ទីក្រុង San Jose ដែល​បានកើត​ចេញពី​ការបោះឆ្នោត​នៅ​ថ្ងៃ នេះ ជា​ក្រុម​មួយ​ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ  បើកចំហ​ឲ្យ​មានការ​ចូលរួម​ដោយ​លទ្ធិប្រជាធិបតេយ្យ និង​ជា​ក្រុម​មួយ​ឯករាជ្យ មិន​ឋិត​នៅក្រោម​ការបញ្ជា​ពី​បុគ្គល ឬ ក្រុម​ណាមួយ​នៅក្រៅ​ប្រទេស​ឡើយ ។ ក្រុម​នេះ បង្កើតឡើង​ដើម្បី​ជួយឧបត្ថម្ភ​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កម្ពុជា និង​សម្រាប់​ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន នៅក្នុង​សហគមន៍​ខ្មែរ នាទី​ក្រុង San Jose តែម្ដង ។ អ្នក​ធ្វើជា​ប្រធាន និង​អ្នកគាំទ្រ​គ្រាន់តែ​ជា​អ្នក​ស្ម​គ្រ​ចិត្ត និង មិន​ទទួលបាន​កម្រៃ​អ្វី​សម្រាប់​ផ្ទាល់ខ្លួន​ឡើយ ៕

Comments are closed.