សមាគមខ្មែរកម្ពុជាក្រោម ស្នើឲ្យអាជ្ញាធរកម្ពុជា ស៊ើបអង្កេតករណីឃាតកម្ម និងបាត់ខ្លួនខ្មែរក្រោម
ដោយ យន់ សាមៀន | RFA Khmer
អង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្នើឲ្យសមត្ថកិច្ចនៃរដ្ឋាភិបាលទីក្រុងភ្នំពេញ ស៊ើបអង្កេត ករណីឃាតកម្ម និងបាត់ខ្លួន ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ សំណើនេះ ដោយសារតែសមាគមខ្មែរកម្ពុជាក្រោម សង្កេតឃើញថា អាជ្ញាធររបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មិនសូវយកចិត្តដាក់លើករណីឃាតកម្ម និងបាត់ខ្លួន របស់ពលរដ្ឋខ្មែរក្រោម នៅកម្ពុជា ។

លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម នៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមសំដែងក្តីបារម្ភ ពីសុវត្ថិភាពខ្មែរក្រោម ដែលកំពុងរស់នៅកម្ពុជា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការសមស្របណាមួយ ដើម្បីស្វែងរកជនសង្ស័យ ពាក់ព័ន្ធ នឹងករណីឃាតកម្ម និងបាត់ខ្លួនរបស់ពលរដ្ឋខ្មែរក្រោម ។ សេចក្ដីថ្លែងការណ៍ចេញ កាលពីថ្ងៃទី ១៥ តុលា ឲ្យដឹងថា ករណីគួរឲ្យសង្ស័យមួយចំនួនមានដូចជា ពលរដ្ឋខ្មែរក្រោម លោក ថាច់ ភារម្យ ស្លាប់ដោយសារតែលង់ទឹក ដោយមានខ្នោះជាប់នៅ នឹងដៃ កាលពីថ្ងៃទី ៣ ខែកញ្ញា និងករណីលោក សុខ សុធន ត្រូវមន្ត្រីប៉ូលិសបាញ់សម្លាប់ កាលពីថ្ងៃទី ២៦ កញ្ញា ព្រះតេជព្រះគុណ កៀង សាងសទ្ធា ត្រូវរថយន្តបុក រហូតដល់សុគត កាលពីថ្ងៃទី ៤ តុលា ។ អង្គការខ្មែរកម្ពុជាក្រោមថា ករណីទាំងនេះ នៅមិនទាន់មានសមត្ថកិច្ចដោះស្រាយ និងនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសនៅឡើយទេ ។
ដោយឡែក ករណី ព្រះតេជព្រះគុណ អ៊ាង សុខធឿន ដែលត្រូវឃាតកសម្លាប់ទាំងអាថ៌កំបាំង កាលពីឆ្នាំ ២០០៧ ហើយត្រូវសមត្ថកិច្ចយកសពទៅបញ្ចុះទាំងយប់ ដោយមិនឲ្យគ្រួសារគាស់យកសពទៅធ្វើបុណ្យ នៅមិនទាន់រកឃើញឃាតកនៅឡើយទេ ។ ចំណែក ព្រះសង្ឃខ្មែរក្រោម ព្រះតេជព្រះគុណ មាស វិចិត្រ ក៏បានបាត់ព្រះកាយ កាលពីឆ្នាំ ២០១៧ ដោយមិនដឹងមូលហេតុ មកទល់សព្វថ្ងៃនេះ ។ លេខាធិការដ្ឋាន អង្គការ សមាគមខ្មែរកម្ពុជាក្រោម ស្នើឲ្យសមត្ថកិច្ចស៊ើបអង្កេត ឃាតកម្ម និងបាត់ព្រះកាយព្រះសង្ឃខ្មែរក្រោម ដើម្បី ផ្តល់យុត្តិធម៌ដល់ពួកគេ ។ ទាក់ទង នឹងសំណើសុំរកយុត្តិធម៌ដល់ខ្មែរក្រោមនេះ ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា មានថេរដីកាថា អាជ្ញាធរមូលដ្ឋានខ្មែរ ហាក់មិនសូវយកចិត្តទុកដាក់ខ្មែរក្រោម ដោយសារតែពួកគេ ជាជនងាយរងគ្រោះ និងក្រីក្រក្នុងសង្គម៖ «ដោយសារតែពលរដ្ឋខ្មែរក្រោម គាត់បានភៀសខ្លួន ពីអាជ្ញាធរវៀតណាម ធ្វើបាបនៅកម្ពុជាក្រោមហ្នឹង បានជារត់ទៅជ្រកកោនរកស៊ី ជួញដូរនៅក្នុងប្រទេសកម្ពុជា គឺពួកគាត់ហ្នឹងមានមុខរបរបន្តិចបន្តួច ហើយអត់មានខ្នង អត់មានជំរក ដូច្នោះអាជ្ញាធរកម្ពុជាមើលស្រាល មិនសូវយកចិត្តទុកដាក់ខ្មែរក្រោម ដែលរងគ្រោះ បញ្ហាករណីខ្មែរក្រោមត្រូវគេបាញ់សម្លាប់ក្តី ហើយមិនសូវសង្កេតឃើញថា មិនសូវមានយុត្តិធម៌ដល់ពលរដ្ឋខ្មែរក្រោមជាជនរងគ្រោះនោះទេ» ។
ទោះបីយ៉ាងណា ព្រះតេជព្រះគុណ ស៊ឺង យ៉ឹងរតនា ស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច យកចិត្តដាក់លើពលរដ្ឋខ្មែរក្រោម ពីព្រោះខ្មែរក្រោម ក៏ជាពលរដ្ឋខ្មែរដែរ៖ «តាមច្បាប់សញ្ជាតិកម្ពុជាហ្នឹង គឺថា ខ្មែរនៅទីណា ក៏នៅតែជាពលរដ្ឋខ្មែរ ដូច្នោះ ខ្មែរក្រោមរស់នៅលើទឹកដីកម្ពុជា ក៏ជាខ្មែរជាពលរដ្ឋខ្មែរ ដូច្នោះហើយអាជ្ញាធរត្រូវតែរកយុត្តិធម៌ និងផ្តល់ភាពកក់ក្ដៅដល់ពលរដ្ឋខ្មែរ ដែលរស់នៅកម្ពុជាផង» ។
ចំណែកប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា លើកឡើងថា សមត្ថកិច្ចកម្ពុជា មិនសូវអើពើខ្វល់ខ្វាយផ្តល់យុត្តិធម៌ដល់ខ្មែរក្រោម នោះទេ ។ លោកថា ទង្វើនេះ ហាក់បីដូចចេតនា របស់សមត្ថកិច្ចតែម្ដង៖ «ករណីខ្មែរក្រោមហ្នឹង ធ្វើឲ្យការសង្ស័យកាន់តែខ្លាំង ពីព្រោះវាតែងតែពាក់ព័ន្ធជាមួយនឹងយួនអ៊ីចឹង ។ អ៊ីចឹងវាអាចទៅជាករណីមួយផ្សេងទៀត បើអាជ្ញាធរ ព្រងើយកន្តើយស្វែងរកជនដៃដល់អី ធ្វើឲ្យមានមន្ទិលសង្ស័យ ពាក់ព័ន្ធជាមួយយួនហ្នឹងទៀតហើយ» ។
ឆ្លើយតប នឹងសំណើរបស់អង្គការខ្មែរកម្ពុជាក្រោមនេះ មន្ត្រីនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា អាជ្ញាធរខ្មែរមិនរើសអើងពលរដ្ឋខ្មែរក្រោមនោះទេ ។ លោកថា ខ្មែរក្រោម មានសិទ្ធិសេរីភាព ទទួលបានយុត្តិធម៌ ចំពោះមុខច្បាប់ដូចពលរដ្ឋដទៃទៀតដែរ៖ «កាលណានិយាយហ្នឹងធ្វើឲ្យមានភាពរើសអើង អត់ទទួលយកបានទេ កាលណាគាត់និយាយអ៊ីចឹង ពីព្រោះទាំងអស់គ្នា ស្មើគ្នាចំពោះមុខច្បាប់ ។ បើបៀតបៀនរាងកាយអ្នកណាមួយ ដោយអំពើហិង្សា ឬដោយអំពើអ្វីមួយ ដោយខុសច្បាប់អ្នកហ្នឹង ត្រូវតែទទួលទោសតាមច្បាប់ ។ ហើយបើគ្មានអ្នកមានចំណាត់ការផ្លូវច្បាប់ត្រូវប្ដឹង ហើយបើប្ដឹងអត់មានអ្នកណាធ្វើដឹង ធ្វើរាយការណ៍ជាបណ្ដឹងទៅវិញ» ។
ទោះបីមានការអះអាងរបស់មន្ត្រីរដ្ឋាភិបាលដូច្នោះក្តី អង្គការសមាគមខ្មែរកម្ពុជាក្រោម បន្តទទូចឲ្យអាជ្ញាធរបន្តស៊ើបអង្កេត ករណីឃាតកម្ម និងបាត់ខ្លួនពលរដ្ឋខ្មែរក្រោម ដើម្បីឲ្យជនរងគ្រោះទទួលបានយុត្តិធម៌ ។ នេះមិនមែនជាលើកទីមួយ ដែលអង្គការខ្មែរកម្ពុជាក្រោម ទទូចឲ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សិទ្ធិស្មើភាពដល់ពលរដ្ឋខ្មែរក្រោមនៅកម្ពុជា ។ កាលពីដើមខែតុលា តំណាងក្រុមអង្គការខ្មែរក្រោម និងអង្គការក្នុងស្រុកចំនួន ១០ ប្រាប់ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា រដ្ឋាភិបាលខ្មែរ មិនបានយកចិត្តទុកដាក់ខ្មែរក្រោម ឲ្យបានពេញលេញនោះទេ ហើយការអនុវត្តច្បាប់លើពលរដ្ឋខ្មែរក្រោម មានលក្ខណៈមិនច្បាស់លាស់ពិសេស ការផ្តល់សញ្ជាតិឲ្យខ្មែរក្រោម ដែលរស់នៅកម្ពុជា ។ បញ្ហានេះហើយ បណ្ដាលឲ្យពួកគេមិនអាចទទួលបានអត្តសញ្ញាណប័ណ្ណ ប្លង់ដី និងឯកសារផ្សេងៗ បណ្ដាលឲ្យពួកគេមិនទទួលបានសិទ្ធិពេញលេញ ជួបប្រទះការរើសអើង និងបាត់បង់ផលប្រយោជន៍ក្នុងសង្គមជាដើម ៕