អត្ថប្រយោជន៍​សុខភាព​នៃ​ការ​ទទួលទាន​ទឹកដូង​ខ្ចី​

538

​ទឹក​ដូងខ្ចី​ត្រូវបាន​គេ​និយាយថា ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​សុខភាព​រាប់​ចាប់ពី​ផ្តល់​ជាតិ​ទឹក​ដែល​ បាត់បង់ បង្កើន​ការរំលាយ​អាហារ និង​ជួយ​សម្រក​ទម្ងន់​ជាដើម ។ ដោយមាន​កាឡូរី​ត្រឹម ៥០ ក្នុង​មួយ​ពែង ដូច្នេះ​គេ​មិនគួរ​មើលរំលង​ភេសជ្ជៈ​បង្កើន​ថាមពល​ពី​ធម្មជាតិ​នេះ​ទេ ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ផ្សេងទៀត​ដែល​បានមកពី​ការ​ទទួលទាន​ទឹកដូង ៖

អត្ថប្រយោជន៍សុខភាពនៃការទទួលទានទឹកដូងខ្ចី
អត្ថប្រយោជន៍សុខភាពនៃការទទួលទានទឹកដូងខ្ចី

១-​ផ្តល់​អត្ថប្រយោជន៍​ជា​អាហារូបត្ថម្ភ​ដល់​រាងកាយ ៖

ជា​ធម្មជាតិ​របស់​ទឹកដូង​គឺមាន​សារធាតុ​កាបូ​អ៊ី​ដ្រា​ត​ក៏ដូចជា សារធាតុ​ស្ករ​កម្រិត​ទាប​ខណៈ សារធាតុ​ខ្លាញ់​សេរី​គឺមាន ៩៩ ភាគរយ ។ វា​មាន តុល្យភាព​ធម្មជាតិ​នៃ​សូ​ដ្យូ​ម កាល់ស្យូម​និង​ម៉ាញេស្យូម ។ លើសពីនេះ​ទៀត ទឹកដូង​ផ្ទុក​ទៅដោយ​រ៉ែ​ប៉ូ​តា​ស្យូ​ម​ក្នុង​បរិមាណ​ដ៏​ច្រើន ។ ប៉ូ​តា​ស្យូ​ម​មាន​ប្រសិទ្ធភាព​ជួយ​រក្សា​ឱ្យ​ដំណើរ​លោត​របស់​បេះដូង​មាន​ ភាពទៀងទាត់​និង​ត្រឹមត្រូវ ហើយ​ក្នុងនាម​ជា​ភេសជ្ជៈ​បំពេញ​ជាតិ​ទឹក​ដែល​បាត់បង់ ទឹកដូង​ខ្ចី​បាន​ជួយ​ឱ្យ​សាច់ដុំ បណ្តា​សរសៃប្រសាទ និង​តម្រងនោម​មានដំណើរ​កា​រ ។​

​យោងតាម​ទិន្នន័យ​អាហារ​រូប​ត្ថ​ម្ភ​របស់ ​ក្រសួងកសិកម្ម​សហរដ្ឋ​អា​មេរ​រីក​ឱ្យដឹងថា ក្នុង​ទឹកដូង​មួយ​ផ្លែ​មាន​ផ្ទុក​សារធាតុ​រ៉ែ​ប៉ូ​តា​ស្យូ​ម​ប្រហែលជា​៥១៥​ មិ​ល្លី​ក្រាម​ពោលគឺ​ប្រហែល ២២ ភាគរយ ច្រើនជាង​ចេក​មួយ​ផ្លែ​ដែលមាន​ប៉ូ​តា​ស្យូ​ម ៤២២ មិ​ល្លី​ក្រាម ។​

២-​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ៖

ដោយ​វត្តមាន​អាស៊ីត​ឡូ​រិច​នាំឱ្យ​ការទទួល​ទាន​ទឹកដូង​អាចជួយ​ពង្រឹង​ ប្រព័ន្ធ​ការពារ​រាងកាយ​ដ្បិត​អាស៊ីត​ឡូ​រិច​មាន​កម្លាំង​ប្រឆាំង​វីរុស បាក់តេរី និង​ពពួក​ផ្សិត ។ ជាមួយ​លក្ខណសម្បត្តិ​ទាំងនេះ​នាំឱ្យ​ការទទួល​ទាន​ទឹកដូង​អាចជួយ​ពង្រឹង​ដល់​ ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​ក៏​ដូច​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ប៉េ​ស​ និង​ជំងឺ​គ្រុនក្តៅ ។​

៣-​ជួយ​បង្គ្រប់​ជាតិ​ទឹក​ដែល​បាត់បង់ ៖

ទឹកដូង​មាន​សមត្ថភាព​ស្ដារឡើងវិញ​នូវ​វត្ថុ​រាវ​របស់​រាងកាយ​ដែល​បាត់បង់ ។ រាប់​សតវត្ស​មកហើយ វា​ត្រូវបាន​គេ​ប្រើ​ជា​ភេសជ្ជៈ​អូ​រ៉ា​លី​ត​ធម្មជាតិ ។ ចូរ​បំភ្លេចចោល​នូវ​បណ្តា​ភេសជ្ជៈ ប៉ូវ​កម្លាំង​ដែល​ផ្អែម​ដោយ​ស្ករ ហើយ​ជំនួស​មកវិញ​នូវ​ទឹក​ដូងខ្ចី​ដែលមាន​គុណប្រយោជន៍​ជា​អាហារូបត្ថម្ភ​ដល់​ រាងកាយ ។ វា​ជា​ជម្រើស​ភេសជ្ជៈ​ធម្មជាតិ​ដ៏​សមស្រប​ដែល​អាច​ជំនួស​បណ្តា​ភេសជ្ជៈ​មាន​ កាឡូរី​ខ្ពស់ ។​

ទឹកដូង​ខ្ចី​ផ្ទុក​ទៅដោយ​សារធាតុ​ស្ករ​កើត​ពី​ធម្មជាតិ ​ក្នុង​ចំនួន​មួយ​ដែល​រាងកាយ​ងាយស្រួល​ក្នុងការ​ស្រូបយក ។ អ្នក​ដែលមាន​ជំងឺ​រាករូស និង​ការខ្វះ​ជាតិ​ទឹក​អាច​ផឹកទឹក​ដូងខ្ចី​បាន​ដោយ​ដាក់​អំបិល​តិចតួច ។​

៤-​ការពារ​ប្រឆាំងនឹង​ការ​រលាក​ផ្លូវ​ទឹកនោម​៖

ដោយសារតែ​ទឹកដូង​គឺជា​ភេសជ្ជៈ​ដែល​បង្កើន​ការផលិត​ទឹកនោម ដូច្នេះ​វា​ជួយ​គ្រប់គ្រង​លំហូរ​ទឹកនោម​ដោយ​បង្កើន​ការបង់​ជើង​តូច ។  ដោយ​មូល​ហេតុនេះ នាំឱ្យ​វា​ក្លាយជា​ភ្នាក់ងារ​ជួយ​សម្អាត​ផ្លូវ​ទឹកនោម ទប់ស្កាត់បាន​នូវ​ការ​រលាក ៕

Comments are closed.