សមត្ថកិច្ចខ្មែរបាញ់រះគ្រាប់ពិត បណ្ដាលឲ្យបាតុករ ៣ នាក់ស្លាប់ និងរបួសជាច្រើន
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
ក្រុមសមត្ថកិច្ចខ្មែរ នៅថ្ងៃសុក្រនេះ បានបាញ់រះគ្រាប់ពិតជាច្រើនគ្រាប់ ក្នុងការបង្ក្រាបលើក្រុមអ្នកតវ៉ានឹង សមត្ថកិច្ច នៅសួន ឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េងស្រេង បណ្ដាលឲ្យមានមនុស្សស្លាប់ និង របួសជាច្រើននាក់ ។ អង្គការ សង្គមស៊ីវិល មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែអាក្រក់ទៅៗ ។

មន្ត្រីអង្គការសង្គមស៊ីវិល ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤ នាក់ស្លាប់ ៣៧ នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាខ្លាំង មួយរវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ា នៅសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េងស្រេង ។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យ ស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ ថា តាមព័ត៌មានពីក្រុមការងាររបស់លោកចុះទៅស្រាវជ្រាវនៅតាមមន្ទីរពេទ្យធំ ចំនួន ៣ គឺមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យ រុស្ស៊ី និងមន្ទីរពេទ្យលោកសង្ឃ ឲ្យដឹងថា មានមនុស្ស ៤ នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីអាយុ ១៧ ឆ្នាំជាសិស្ស ម្នាក់ផង និងមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន ៣៧ នាក់ កំពុងសម្រាកព្យាបាល ។
លោកសោកស្ដាយចំពោះអំពើហិង្សាឃោរឃៅរបស់សមត្ថកិច្ចទៅលើក្រុមអ្នកតវ៉ា ហើយថា ស្ថានភាពតានតឹងផ្នែក នយោ បាយ ដែលទាល់រកច្រកមិនចេញ និងការប្រើហិង្សារបស់សមត្ថកិច្ច បណ្ដាលឲ្យពលរដ្ឋស្លាប់ជាបន្តបន្ទាប់ កំពុងធ្វើឲ្យ ស្ថាន ភាព សិទ្ធិមនុស្សនៅកម្ពុជា រឹតតែអាក្រក់ទៅៗ ។


អ្នករងរបួសដោយគ្រាប់កាំភ្លើង ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ហៅមន្ទីរពេទ្យរុស្ស៊ី នោះមានដូចជា ប្រជាពលរដ្ឋអ្នកលក់ដូរ សិស្សសាលា និងអ្នករត់រ៉ឺម៉កកង់បី ។
ក្រុមបាតុករបានឡោមព័ទ្ធ និងគប់បំបែកកញ្ចក់ផ្ទះល្វែងមួយខ្នង ដែលគេសង្ស័យថា មានសមត្ថកិច្ចពួនសម្ងំដើម្បី បាញ់រះ មកលើក្រុមបាតុករ ។
ការតវ៉ារបស់កម្មករ នៅមុខសួនឧស្សាហកម្មកាណាឌីយ៉ានេះ តាំងពីព្រឹកម្សិលមិញ រហូតមកដល់ថ្ងៃត្រង់ថ្ងៃសុក្រ ទី ៣ មករា នេះ បានឈានដល់ការផ្ទុះហិង្សាសារជាថ្មីទៀត ក្រោយពីបានផ្ទុះកាលពីយប់រំលង អាធ្រាត្រ ដែលបាន បណ្តាល ឲ្យរងរបួសទាំងកម្លាំងចម្រុះ និងកម្មករមួយចំនួន ក្នុងនោះ ក៏មានការឃាត់ ខ្លួនកម្មករ ២ នាក់ផងដែរ ។
ការផ្ទុះហិង្សាជាថ្មីនៅថ្ងៃទី ៣ មករា ដែលឈានដល់ការបាញ់គ្រាប់ពិត លើក្រុមបាតុករ ដែលបានបន្តការបិទផ្លូវមុខសួន ឧស្សាហកម្មកាណាឌីយ៉ា លើកំណាត់ផ្លូវវេងស្រេង បានឈរតវ៉ាមុខរោងចក្ររៀងៗខ្លួន ទាមទារការដំឡើងប្រាក់ឈ្មួល អប្បរមាចំនួន ១៦០ ដុល្លារក្នុងមួយខែ ប៉ុន្តែខាងកម្លាំងសមត្ថកិច្ច ចោទថា ក្រុមកម្មករ បានវាយកម្ទេចទ្រព្យសម្បត្តិរោងចក្រ ដុតម៉ូតូ និងឡាន ទើបសមត្ថកិច្ចបើកប្រតិបត្តិការបំ បែក ។
លោក ជួន ណារិន ស្នងការរងរាជធានីភ្នំពេញ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា “មនុស្ស ៣ នាក់ ស្លាប់ និង ២ នាក់រងរបួស” ។
លោក ចន្ទ សាវេត សកម្មជនការពារសិទ្ធិមនុស្ស Adhoc បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា កងកម្លាំងសន្តិសុខបាន “ប្រើកាំភ្លើង និងឧបករណ៍ផ្សេងទៀតដើម្បីបង្ក្រាបលើបាតុករ” ។
អ្នកនាំពាក្យនគរបាលជាតិ លោក ខេង ទីតូ បានប្រាប់ទីភ្នាក់ព័ត៌មាន AFP ថា កម្លាំងសមត្ថកិច្ច បានបើកយុទ្ធនាការ បង្ក្រាបលើបាតុករ ក្រោយពេលក្រុមប៉ូលិសរបស់លោក ៩ នាក់ ត្រូវរបួសដោយដុំថ្ម និងជំពាមកៅស៊ូ ក្នុងការប៉ះទង្គិច ជាមួយបាតុករ ។ លោកបានបន្តទៀតថា បាតុករ ២ នាក់ត្រូវបានចាប់ខ្លួន ។
លោក ខេង ទីតូ បានថ្លែងទៀតថា “យើងបារម្ភអំពីសន្តិសុខ ទើបយើងបង្ក្រាបលើពួកគេ”
បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ ផ្ទះពលរដ្ឋ និងមន្ទីរពេទ្យមួយត្រូវបានក្រុមបាតុករវាយកម្ទេច ដោយខាង បាតុករ អះអាងថា មន្ទីរពេទ្យនេះ មិនព្រមព្យាបាលអ្នករបួសដែលត្រូវគ្រាប់កាំភ្លើងបាញ់ដោយកងកម្លាំងសមត្ថកិច្ចឡើយ ។
ស្ថានការណ៍នៅតាមបណ្តោយផ្លូវវេងស្រេងនៅថ្ងៃត្រង់នេះ ដែលជាតំបន់សំបូររោងចក្រ នៅតែមានកម្តៅនៅឡើយ ខណៈ ប្រ ជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវនោះ នាំគ្នារត់គេចចេញពីផ្ទះរៀងៗខ្លួន ។
គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ នៅថ្ងៃទី ៣ មករានេះ ដោយថ្កោលទោស ចំពោះការប្រើ ប្រាស់ កងកម្លាំងប្រដាប់អាវុធ បាញ់បង្ក្រាបមកកម្មករ កម្មការិនីខ្មែរ និងប្រជាពលរដ្ឋស្លូតត្រង់ ដែលកំពុងធ្វើបាតុកម្ម ដោយអហិង្សា ។
គណបក្សនេះបានអំពាវនាវ សូមឲ្យអាជ្ញាធរមានសមត្ថកិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បញ្ឈប់ជា បន្ទាន់ នូវការប្រើអំពើឃោរឃៅ បង្ក្រាបមកកម្មករ កម្មការិនីខ្មែរ និងប្រជាពលរដ្ឋស្លូតត្រង់ និងបានស្នើឲ្យសហគមន៍អន្តរ ជាតិ ជួយតាមដាន និងឃ្លាំមើល ៕ ប្រភពព័ត៌មាន៖ អាស៊ីសេរី, AFP