តុលាការបដិសេធសំណើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី
ដោយ ខាន់ លក្ខិណា | VOD Khmer
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបដិសេធសំណើរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) ដែលស្នើសុំលិខិតឆ្លងដែន ដើម្បីយកមកប្រើប្រាស់ ស្របពេលតុលាការមិនបានដាក់ឱ្យស្ថិតនៅក្រោមតាមត្រួតពិនិត្យ និងក្នុងកម្រិតនីតិវិធីជាបន្តទៀតនោះឡើយ ។

ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីអតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) លោក យាង សុធារិន្ទ បានដាក់សំណើទៅកាន់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២ ដើម្បីស្នើសុំលិខិតឆ្លងដែនទៅប្រើប្រាស់ ។
ក្នុងលិខិតឆ្លើយតបរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២ ដែលវីអូឌីទើបទទួលបានឱ្យដឹងថា តុលាការសម្រេចបដិសេធពាក្យសុំចុះថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២២ របស់លោក យាង សុធារិន្ទ ដែលស្នើសុំលិខិតឆ្លងដែនរបស់ខ្លួន ។ ប៉ុន្តែ លិខិតរបស់តុលាការមិនបានបញ្ជាក់ពីមូលហេតុឡើយ ។
វីអូឌី មិនអាចសុំការបំភ្លឺពីចៅក្រមសាសាលាដំបូងរាជធានីភ្នំពេញ លោក ពេជ្រ វិជ្ជាធរ បានទេ ជុំវិញការបដិសេធការស្នើសុំលិខិតឆ្លងដែនរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) លោក យាង សុធារិន្ទ នាថ្ងៃអង្គារនេះ ។ ចំណែកអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល សុំមិនធ្វើអត្ថាធិប្បាយ ដោយឱ្យទៅសួរអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញវិញ ។
លោក ប្លង់ សុផល ៖ «សូមសួរទៅអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ ខ្ញុំជាអ្នកនាំពាក្យខាងអយ្យការប៉ុណ្ណោះ» ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនបានឆ្លើយតបយ៉ាងណាទេ ដោយថា ក្នុងលិខិតរបស់ចៅក្រមបានបញ្ជាក់ពីមូលហេតុរួចហើយ ។
កាលពីថ្ងៃទី ៣ ខែមេសា អតីតបុគ្គលិកវិទ្យុអាស៊ីសេរី (RFA) លោក យាង សុធារិន្ទ បានដាក់ពាក្យស្នើសុំលិខិតឆ្លងដែនពីតុលាការយកទៅប្រើប្រាស់ ដើម្បីទៅចូលរួមក្នុងកម្មវិធីមួយនៅសហរដ្ឋអាមេរិក នាខែឧសភា ឆ្នាំ ២០២២ ខាងមុខនេះ ក្រោយពីមានការអញ្ជើញពី សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីខែមីនា ។
ក្នុងលិខិតដាក់ទៅចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី ៣ ខែមេសា លោក យាង សុធារិន្ទ បានឱ្យដឹងថា កន្លងមក ចៅក្រមសាលាដំបូងរាជធានីភ្នំពេញមិនបានសម្រេចដាក់រូបលោកឱ្យបន្តស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយដីកាសម្រេចដោយឡែកនោះទេ ចាប់តាំងពីចៅក្រមចេញដីកាដំណោះស្រាយបញ្ជូនសំណុំរឿងជំនុំជម្រះ ។
លិខិតដដែលថា ហេតុដូច្នេះ ទើបរូបលោកស្នើសុំចៅក្រមផ្ដល់លិខិតឆ្លងដែនយកមកប្រើប្រាស់តាមភាពចាំបាច់ ដើម្បីបម្រើឱ្យជីវភាពប្រចាំថ្ងៃ និងមុខរបរផ្ទាល់ខ្លួន។
បន្ថែមពីនេះ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២២ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅសហរដ្ឋអាមេរិក បានអញ្ជើញរូបគាត់ទៅចូលរួមកម្មវិធីមួយនៃមហាសន្និបាតពិភពលោក នាថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ខែឧសភា ខាងមុខនេះ ដោយសារបច្ចុប្បន្ន រូបលោកជាអ្នករាយការណ៍ព័ត៌មានឱ្យវិទ្យុសំឡេងកម្ពុជាក្រោម និងអ្នកសារព័ត៌មានព្រៃនគរ ដែលជាបណ្ដាញផ្សព្វផ្សាយរបស់ខ្មែរកម្ពុជាក្រោម ទទួលស្គាល់ដោយក្រសួងព័ត៌មាន ។
លោក យាង សុធារិន្ទ ៖ «ខ្ញុំពិតជាត្រូវការលិខិតឆ្លងដែន ដើម្បីធ្វើដំណើរទៅសួរសុខទុក្ខក្រុមគ្រួសារ នៅប្រទេសវៀតណាមដែរ ក្នុងពេលដែលប្រទេសវៀតណាម អនុញ្ញាតឱ្យជនបរទេសចូលប្រទេសឡើងវិញ បន្ទាប់ពីមានការហាមឃាត់នៅក្នុងអំឡុងមានការរាតត្បាតនៃជំងឺកូវីដ-១៩កន្លងមក» ។
អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ ស្នើទៅចៅក្រមឱ្យផ្ដល់លិខិតឆ្លងដែនដល់រូបលោក ។ អតីតអ្នកសារព័ត៌មានអាស៊ីសេរីរូបនេះ សង្ឃឹមថា ដើម្បីរក្សាតុល្យភាព ព្រមទាំងចៀសវាងផលអវិជ្ជមានផ្សេងៗ ក្នុងដំណើរការក្ដី និងជួយសម្រួលដល់ការងារប្រចាំថ្ងៃ ដែលការផ្ដល់លិខិតឆ្លងដែនដល់រូបលោកសម្រាប់ប្រើប្រាស់ គឺជាកិច្ចការដែលមិនប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍យុត្តិធម៌នៃរឿងក្ដីឡើយ ។
លោក យាង សុធារិន្ទ ចាត់ទុកការបដិសេធនេះ បង្ហាញឱ្យឃើញថា សិទ្ធិសេរីភាពរបស់គាត់ និងលោក អ៊ួន ឈិន នៅតែត្រូវបានរឹតត្បិត និងធ្វើទុក្ខបុកម្នេញពីសំណាក់តុលាការ រួមទាំងអាជ្ញាធរ ដោយសារពួកគាត់ជាអតីតបុគ្គលិកវិទ្យុអាស៊ីសេរី ។
លោកថា ៖ «ខ្ញុំគិតថា ខាងតុលាការ ដូចជាគាត់ នៅតែចង់ព្យាបាទរូបខ្ញុំបាទ ក៏ដូចជាលោក អ៊ួន ឈិន ដែរ ។ រឿងលិខិតឆ្លងដែនដែលខ្ញុំស្នើទៅ គ្រាន់តែស្នើសុំ ដើម្បីធ្វើការងារសង្គមខ្មែរក្រោម ដោយសារខ្ញុំជាអ្នកធ្វើការឱ្យខាងខ្មែរក្រោម អ៊ីចឹង ។ គាត់ [តុលាការ] ហាក់គិតគូរព្រួយបារម្ភពេករឿងរបស់ខ្ញុំ ហាក់ដូចជាមានការរើសអើងលើរូបខ្ញុំបាទធ្ងន់ធ្ងរ» ។
លោកបន្តថា ការស្នើសុំលិខិតឆ្លងដែនមិនមែនសំដៅចង់តែទៅសហរដ្ឋអាមេរិកនោះទេ តែដោយសារចង់ធ្វើដំណើរទៅកម្ពុជាក្រោម ដើម្បីសួរសុខទុក្ខឪពុកម្ដាយនិងសាច់ញាតិ ដោយថា ចាប់តាំងពីតុលាការដកយកលិខិតឆ្លងដែនមក រូបគាត់មិនបានទៅជួបឪពុកម្ដាយទៀតឡើយ ។ លោកចាត់ទុកការបដិសេធរបស់តុលាការជាការផ្ដាច់ទំនាក់ទំនង ឬមនោសញ្ចេតនាជាមួយគ្រួសារ និងជាការបំភិតបំភ័យរូបលោក ដោយសារបច្ចុប្បន្នគាត់ក៏ជាអ្នកសារព័ត៌មានមួយរូបដែរ ។
លោកថា ៖ «ខ្ញុំស្នើឱ្យរដ្ឋាភិបាល សមត្ថកិច្ច ភាគីពាក់ព័ន្ធ អាជ្ញាធរទាំងអស់ មេត្ដាពិចារណាមើលថា រឿងរ៉ាវខ្ញុំអូសបន្លាយយូរហើយ គួរណាទម្លាក់ចោលបទចោទប្រកាន់ បើគ្មានភស្តុតាងអីបញ្ជាក់ថា ខ្ញុំបានប្រព្រឹត្ត ។ ហើយណាមួយពួកខ្ញុំមិនទាន់មានកំហុសផង យកពួកខ្ញុំមកដាក់ពន្ធនាគារអស់រយៈពេល ១ ឆ្នាំ ។ រហូតដល់ពេលហ្នឹង ពួកខ្ញុំមិនមានសេរីភាពដើរហើរគ្រប់គ្រាន់ ហើយនៅតែមានបញ្ហាដក់ជាប់នឹងការព្រួយបារម្ភ គួរតែផ្ដល់សេរីភាពពេញឡើងវិញ ដូចពលរដ្ឋទូទៅ» ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកការមិនផ្ដល់លិខិតឆ្លងដែនទៅលោក ធារិន្ទ ពីសំណាក់តុលាការនេះ ថា ជាការបន្តធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មានទាំងពីររូបតែម្តង ។ លោកបន្តថា បើសិនជារដ្ឋាភិបាល និងតុលាការនៅតែមិនផ្ដល់សម្ភារ ហើយមិនទម្លាក់ចោលបទចោទប្រកាន់លើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនាក់នោះទេ នឹងធ្វើឱ្យប៉ះពាល់មុខមាត់រដ្ឋាភិបាល ជាពិសេសប្រព័ន្ធយុត្តិធម៌បន្ថែមទៀត ។
លោកថា ៖ «បញ្ហាទាំងអស់នេះ អាចបង្ហាញឱ្យគេឃើញច្បាស់ថា តុលាការមិនអនុវត្តច្បាប់ឱ្យត្រឹមត្រូវទេ ក្នុងការធ្វើបាប ធ្វើទុក្ខ ធ្វើទោសដល់ពួកគាត់ទាំងពីររូបហ្នឹងទៅវិញ ។ ទាំងការធ្លាប់យកទៅដាក់ក្នុងពន្ធនាគារ ហើយចេញក្រៅពន្ធនាគារក៏មិនមានសេរីភាពគ្រប់គ្រាន់ក្នុងការប្រកបមុខរបររបស់ខ្លួន វិជ្ជាជីវៈរបស់ខ្លួន ក្នុងការក្រេបជញ្ជក់ចំណេះដឹងនិងបទពិសោធន៍ផ្សេងៗ ដែលពួកគាត់ត្រូវធ្វើ ដើម្បីយកមកបំពេញវិជ្ជាជីវៈរបស់ខ្លួន និងជីវភាពរបស់គាត់ទៅទៀត ។ នេះជាគឺអ្វីដែលមិនគួរកើតឡើងទេ គួរតែបញ្ឈប់ការធ្វើទុក្ខបុកម្នេញលើពួកគាត់ទាំងពីរនាក់ហើយ» ។
លោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ ២០១៧ ហើយក្រោយមក ពួកគេត្រូវបានបញ្ជូនទៅដាក់ឃុំនៅពន្ធនាគារព្រៃស ក្រោមបទចោទ «ធ្វើចារកម្មឱ្យរដ្ឋបរទេស» ហើយក្រោយមក ត្រូវបានតុលាការចោទប្រកាន់មួយករណីទៀតពីបទ «ផលិតនិងកាន់កាប់រូបភាពអាសអាភាស» ។
អ្នកទាំងពីរត្រូវបានតុលាការដោះលែងឱ្យស្ថិតនៅក្រៅឃុំបណ្ដោះអាសន្ន និងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ចាប់តាំងពីខែសីហា ឆ្នាំ ២០១៨ ៕