តុលាការដោះលែងព្រះសង្ឃខ្មែរក្រោមក្រោយពីឃុំព្រះកាយរយៈពេល ២ ឆ្នាំ
ដោយ ស៊ឺន ចែងចើន| VOKK
ព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានសមត្ថកិច្ចខ្មែរ ចាប់ព្រះកាយផ្សឹក កាលពីថ្ងៃទី ១ ខែសីហា ២០១៥ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៣ សីហា ២០១៧ នេះ ត្រូវបានតុលាការដោះលែង ឲ្យមានសេរីភាពវិញហើយ ក្រោយពីជាប់ពន្ធនាគារអស់រយៈពេល ២ ឆ្នាំ ។

ព្រះសង្ឃខ្មែរក្រោម ដែលត្រូវបានតុលាការដោះលែងពេលនេះ គឺព្រះនាម ដាវ ទេព្យ ។ ព្រះអង្គត្រូវបានសមត្ថកិច្ចខ្មែរចាប់ខ្លួន កាលពីខែសីហា ឆ្នាំ ២០១៥ ជាមួយព្រះសង្ឃខ្មែរក្រោម ១ អង្គផ្សេងទៀត ព្រះនាម ជា វណ្ណដា ។
បន្ទាប់ពីចេញមកដល់ខាងក្រៅពន្ធនាគារ ព្រះតេជព្រះគុណ ដាវ ទេព្យ បានស្រែក ដោយចាត់ទុកថា ការសម្រេចរបស់តុលាការ គឺជាអំពើអយុត្តិធម៌សម្រាប់ព្រះអង្គ និងជាចេតនារបស់ក្រុមបាតដៃប្រឡាក់ឈាម ដែលព្រះអង្គចង់សំដៅទៅលើក្រុមបាតដៃទីបី ពោលគឺយួន ជាអ្នកនៅពីក្រោយ និងបញ្ជារដ្ឋាភិបាលខ្មែរឲ្យចាប់ខ្លួនព្រះអង្គផ្សឹក និងដាក់គុក ។
ជាងនេះទៅទៀត ព្រះអង្គបានមានសង្ឃដីកាបន្ថែមថា តុលាការបានប្រឌិតវត្ថុតាងយកមកដាក់បន្ទុកធ្វើជាមូលដ្ឋាន ដើម្បីដាក់ទោសកំហុស និងលាបពណ៌មកលើព្រះអង្គ ដើម្បីជាលេសក្នុងការចាប់ខ្លួន ។
ព្រះតេជព្រះគុណ ដាវ ទេព្យ បានបញ្ជាក់ថា រដ្ឋាភិបាលយួនប៉ុនប៉ងចាប់ខ្លួនព្រះអង្គ និងព្រះតេជព្រះគុណ ស៊ឺន ហាយ ។ ដូច្នេះ ពួកគេបានរកគ្រប់មធ្យោបាយ ដើម្បីទម្លាក់កំហុសលើព្រះអង្គ ។ ដោយសារតែព្រះអង្គ ធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការតវ៉ានានា ដូចជាការធ្វើបាតុកម្មប្រឆាំងស្ថានទូតវៀតណាម នៅទីក្រុងភ្នំពេញ និងការចូលរួមទៅពិនិត្យមើលតំបន់ព្រំដែនជាដើម ។
កាលពីថ្ងៃទី ១ ខែមេសា ២០១៦ សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសព្រះសង្ឃខ្មែរក្រោមទាំង ២ អង្គ ឲ្យជាប់ពន្ធនាគារពី ៣ ខែ ដល់ ២ ឆ្នាំ ពីបទគំរាមសម្លាប់ និងរក្សាសារធាតុញៀន ។
ព្រះតេជព្រះគុណ ដាវ ទេព្យ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ២ ឆ្នាំ ។ ចំណែក ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវបានកាត់ឲ្យជាប់ទោសចំនួន ៣ ខែ ដោយកែប្រែបទចោទ ពីការប្រើប្រាស់ឯកសារសាធារណៈក្លែង ទៅជាបទស្លៀកដណ្តប់បែបព្រះពុទ្ធសាសនា ដោយគ្មានសិទ្ធិ ។ រីឯបទគំរាមសម្លាប់ និងការរក្សាទុកសារធាតុញៀន ត្រូវបានតុលាការ ទម្លាក់ចោលវិញ ។
នៅថ្ងៃទី ១៦ មេសា ២០១៦ ព្រះតេជព្រះគុណ ជា វណ្ណដា ត្រូវបានតុលាការដោះលែងវិញ ក្រោយឃុំខ្លួន ៨ ខែ ។ ប៉ុន្តែ ក្នុងពេលរង់ចាំប្រកាសសាលក្រមផ្តន្ទាទោស ព្រះអង្គត្រូវបានឃុំខ្លួនលើសចំនួន ៥ ខែហើយ បើគិតចាប់តាំងពីខែសីហាឆ្នាំ ២០១៥ មក ។
ក្រោយពីរួចទោស ចេញពីពន្ធនាគារ ព្រះតេជព្រះគុណ ជា វណ្ណដា ក៏បានបួសជាព្រះសង្ឃឡើងវិញ នៅវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រហូតមក ។
គួររំឭកថា កាលពីថ្ងៃទី ១ ខែសីហា ២០១៥ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ក្រុង និងមន្ត្រីធម្មការ បានចុះទៅត្រួតពិនិត្យរដ្ឋបាល នៅក្នុងវត្តអង្គតាម៉ិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ក្នុងប្រតិបត្តិការនោះ អាជ្ញាធរបានឃាត់ខ្លួនព្រះសង្ឃពីរអង្គ ដែលជាព្រះខ្មែរក្រោម បន្ទាប់មកអាជ្ញាធរចម្រុះ ក៏បានរកឃើញនៅក្នុងកុដិព្រះសង្ឃទាំងពីរអង្គនេះ នូវគ្រឿងញៀនមួយកញ្ចប់តូច ដាវសាំមារ៉ៃ ១ កូនកាំបិត ១ ប៉័ងតោ ១ ស្រោមអនាម័យ ១ កញ្ចប់ និងសម្ភារៈមួយចំនួនទៀត ។
ទាក់ទិន នឹងករណីចាប់ព្រះកាយព្រះសង្ឃខ្មែរក្រោមផ្សឹកនេះដែរ កន្លងមកសង្គមស៊ីវិលបានរិះគន់ទៅលើចំណាត់ការរបស់សមត្ថកិច្ច និងតុលាការចំពោះករណីព្រះសង្ឃទាំង ២ អង្គ ។ ពួកគេថា វត្ថុតាងដែលតុលាការយកមកដាក់បន្ទុក មិនអាចយកធ្វើជាមូលដ្ឋានច្បាប់បានឡើយ ដោយហេតុថា ក្នុងពេលសមត្ថកិច្ចស្វែងរកវត្ថុតាង ព្រះសង្ឃទាំង ២ អង្គមិនឋិតនៅកន្លែងឡើយ ហើយក្រោយមកត្រូវបានសមត្ថកិច្ចចាប់បង្ខំឲ្យផ្តិតមេដៃទទួលស្គាល់ វត្ថុតាងទៅវិញ ។ លើសពីនេះ យុវជនដែលជាដើមបណ្ដឹងប្ដឹងព្រះអង្គទាំងពីរ ពីបទគំរាមសម្លាប់ ក៏ត្រូវសមត្ថកិច្ចបង្ខំឲ្យផ្ដិតមេដៃលើពាក្យបណ្ដឹង ហើយក្រោយមកយុវជនរូបនោះថែមទាំងបានដកពាក្យបណ្ដឹងវិញទៀតផង ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែល ព្រះតេជព្រះគុណ ដាវ ទេព្យ ក៏បានសាងផ្នួសឡើងវិញ នៅវត្តសាមគ្គីរង្សី ស្ថិតនៅភូមិទ្រា ០២ សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ព្រះអង្គបានតាំងចិត្ត និងប្តេជ្ញាថា នឹងនៅតែបន្តចូលរួមកិច្ចការងារសង្គម ដើម្បីឲ្យមានការកែប្រែ សង្គមកម្ពុជា ទៅរកប្រជាធិបតេយ្យពេញលេញ ។
ចាប់តាំងពីចុងឆ្នាំ ២០១៤ មក មានព្រះសង្ឃខ្មែរក្រោម ចំនួន ៥ អង្គហើយ ត្រូវបានសមត្ថកិច្ចខ្មែរចាប់ខ្លួន ក្នុងនោះមានអតីតព្រះសង្ឃ សឺន ហាយ ឃិន វណ្ណៈ សាន កុសល ព្រមទាំងព្រះសង្ឃ ដាវ ទេ ព្យ និងជា វណ្ណដា ។ ពួកគេត្រូវបានតុលាការចោទប្រកាន់ពីបទប្រើប្រាស់ឯកសារសាធារណៈក្លែង បទប្រឆាំងអ្នករាជការសាធារណៈ បទចូលរួមសមាគមទុច្ចរិត បទគម្រាមសម្លាប់ និងការរក្សាសារធាតុញៀន ៕
ខាងក្រោមនេះ ជារូបថតខ្លះៗ នៃការដោះលែងចេញពីពន្ធនាគារ និងការសាងផ្នួសឡើងវិញ របស់ព្រះតេជព្រះគុណ ដាវ ទេព្យ ។ រូបថត និងវីដេអូៈ ស៊ឺន ចែងចើន
Comments are closed.