តើ ហូ ជី មិញ ពិតជាសម្លាប់ខ្លួនដើម្បីប្តូរយកទឹកដីកម្ពុជាក្រោមមែនឬ ?
ដោយ យាង សុធារិន្ទ
មេចលនាកុម្មុយនិស្តវៀតណាម ហូ ជី មិញ ត្រូវបានបក្សកុម្មុយនិស្តវៀតណាមដែល លោកបានបង្កើតឡើងនៅឆ្នាំ ១៩៣០ និងកំពុងគ្រប់គ្រងអំណាចនៅក្នុងប្រទេសវៀតណាម នាពេលបច្ចុប្បន្ន លើកកំពស់កប់ពពកប្រៀបបានដូចជាអាទិទេព ជាបុគ្គលអច្ឆរិយៈ និង វីរបុរសដ៏អស្ចាររបស់វៀតណាម ។ បក្សកុម្មុយនិស្តវៀតណាមបង្ហាញតិចតួចណាស់ពីជីវិតពិតឯកជនរបស់ ហូ ជី មិញ ។ មានការ និយាយតៗគ្នាថា ហូ ជី មិញ ជាមនុស្សមិនល្មោភស្រី មិនមានប្រពន្ធ កូន ហ៊ានលេបថ្នាំ សម្លាប់ខ្លួនឯងដើម្បីប្តូរយកទឹកដីខ្មែរ ឬជាមនុស្សដែលក្តាប់អំណាចកំពូលក្នុងបក្សមានមនុស្ស ស្តាប់បង្គាប់ និងគោរពកោតខ្លាចច្រើន ជាដើម ។ ប៉ុន្តែជាកស្តែង ហូ ជី មិញ ពិតជាបុគ្គលអស្ចារ្យដូចដែលបក្សកុម្មុយនិស្តវៀតណាមខំប្រឹង លើកកំពស់មែនឬទេ ? តើ ហូ ជី មិញ ពិតជាសម្លាប់ខ្លួនដើម្បីប្តូរយកទឹកដីកម្ពុជាក្រោមមែនឬ ? ។
តើ ហូ ជី មិញ ពិតជាសម្លាប់ខ្លួន ដើម្បីប្តូរយកទឹកដីកម្ពុជាក្រោម មែនឬ ?
កើតនៅឆ្នាំ ១៨៩០ នៅក្នុងខេត្ត ង៉េ អាន (Nghệ An) ដែលស្ថិតនៅភូមិភាគខាងជើង នៃ ប្រទេសវៀតណាម ហូ ជី មិញ គឺជាមេចលនាកុម្មុយនិស្ត ដែលបានបង្កើតបក្សកុម្មុយនិស្ត វៀតណាមនៅក្នុងឆ្នាំ ១៩៣០ ។
ហូ ជី មិញ ចាប់កំណើត ចំពេលដែលប្រទេសវៀតណាម ទាំងមូលបានស្ថិត នៅក្រោមអាណានិគមបារាំង ។
ក្នុងការតស៊ូ ដើម្បីបណ្តេញបារាំងចេញពីប្រទេស ហូ ជី មិញ បានបង្កើតបក្សកុម្មុយនិស្តវៀតណាម នៅឆ្នាំ ១៩៣០ ហើយនៅឆ្នាំ ១៩៤១ បានបង្កើតចលនាមួយទៀត ដោយមានការគាំទ្រពីបក្សកុម្មុយនិស្តវៀតណាម គឺសហព័ន្ធឥស្សរៈវៀតណាម ឬហៅកាត់ថា វៀតមិញ ដើម្បីបណ្តេញអាណានិគមបារាំងផង និងបណ្តេញកងទ័ពជប៉ុនចេញពីប្រទេស នៅក្នុងសម័យសង្រ្គាមលោកលើកទី ២ ផង ។
នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ ដែលជាថ្ងៃបិទបញ្ចប់នៃសង្រ្គាមលោកលើកទី ២ នៅឯទីលាន បាឌិញ នៃរដ្ឋធានីហាណូយ ហូ ជី មិញ បានធ្វើសេចក្តីថ្លែងការណ៍ប្រកាសឯករាជ្យ ប្រទេសវៀតណាមចេញពីអាណានិគមបារាំង ។ ទោះជាយ៉ាងណា គេត្រូវរង់ចាំរហូតដល់ឆ្នាំ ១៩៥៤ ទើបបារាំងចាញ់សង្រ្គាម នៅឥណ្ឌូចិន ដែលជាការបិទបញ្ចប់អាណានិគមកិច្ចរបស់បារាំងនៅ ក្នុងភូមិភាគនេះ ។
យ៉ាងនេះក្តី ប្រទេសវៀតណាម ត្រូវបែងចែកចេញជាពីរត្រង់ខ្សែស្របទី ១៧ ខាងជើងគ្រប់គ្រងដោយយួនកុម្មុយនិស្ត នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ខាងត្បូង គ្រប់គ្រងដោយយួនសេរី នៃរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមរបស់លោក ង៉ូ ឌិញ យេម និង ង្វៀន វ៉ាំងធីវ ។ ប៉ុន្តែគេត្រូវរង់ចាំរហូតដល់ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ទើបយួនកុម្មុយនិស្ត ខាងជើងទទួលជ័យជំនះលើយួនសេរីខាងត្បូង ក្រោយពីសហរដ្ឋអាមេរិកបានសម្រេចដកខ្លួន ចេញពីសង្រ្គាម នៅវៀតណាមចាប់ពីឆ្នាំ ១៩៧៣ មក ។
ក្រោយទទួលជ័យជំនះលើយូនសេរី ពួកកុម្មុយនិស្តបានគ្រប់គ្រងអំណាចទាំងស្រុង នៅទូទាំងប្រទេសវៀតណាម ក្នុងនោះក៏រួមបញ្ចូលទាំងដែនដីកម្ពុជាក្រោម នៅប៉ែកខាងត្បូង និងបានប្តូរឈ្មោះប្រទេសទៅជា សាធារណរដ្ឋសង្គមនិយមវៀតណាម រហូតមកដល់បច្ចុប្បន្ន ។
បើនិយាយពីតួអង្គ ហូ ជី មិញ វិញ ហូ ជី មិញ បានស្លាប់តាំងពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៦៩ ក្នុងវ័យ ៧៩ ឆ្នាំ គឺ ៦ ឆ្នាំ មុនពេលដែលពួកកុម្មុយនិស្តបានទទួលជ័យជំនះ លើពួកយួនសេរី ។
ហូ ជី មិញ ដែលមានឈ្មោះជាច្រើនផ្សេងទៀត ដូចជា ង្វៀន សិញ គុង ង្វៀន តឹក ថាន់ ង្វៀន អាយ ហ្វឹក មិនត្រឹមតែមានប្រវត្តិជីវិតមិនច្បាស់លាស់ នៅពេលមានជីវិតនោះទេ សូម្បីតែព័ត៌មាននៃការស្លាប់របស់លោកក៏មានភាពអាថ៍កំបាំងដែរ ។
គេដឹងថា ហូ ជី មិញ ជាមនុស្សជក់បារីច្រើន ហើយឯកសារខ្លះនិយាយថា ហូ ជី មិញ បានបោះបង់អំណាចតាំងពីឆ្នាំ ១៩៦៥ ដោយសារតែលោកមានបញ្ហាសុខភាព ។ ប៉ុន្តែ នៅតែមានមនុស្សខ្លះនិយាយថា ហូ ជី មិញ បានស្លាប់ដោយសារលេបថ្នាំពុលសម្លាប់ខ្លួនឯង ដើម្បីប្តូរយកទឹកដីកម្ពុជាក្រោម ដែលលោកបានសន្យាជាមួយ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ថានៅពេលវាយយកបានភូមិភាគ ខាងត្បូងហើយ នឹងប្រគល់ទឹកដីកម្ពុជាក្រោមម កឱ្យកម្ពុជាវិញ ។ អ្នកខ្លះសរសើរថា ហូ ជី មិញ សុខចិត្តសម្លាប់ខ្លួនឯង ដើម្បីបានទឹកដីខ្មែរ ។
តើនេះ ជារឿងពិតដែរឬទេ ? បើផ្អែកលើព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ការនិយាយបែបនេះ មិនសមហេតុផលនោះទេ ។ ហូ ជី មិញ ស្លាប់នៅឆ្នាំ ១៩៦៩ ។ យួនកុម្មុយនិស្តឈ្នះសង្រ្គាម នៅឆ្នាំ ១៩៧៥ ។ មិនទាន់ទាំងដឹងថា តើសង្គ្រាមត្រូវឈ្នះ ឬចាញ់ផង តើវាសមហេតុផលទេ ដែលតួអង្គបក្សកុម្មុយនិស្តថា មានឥទ្ធិពលនៅក្នុងជួរកងទ័ពត្រូវសម្លាប់ខ្លួនឯងដល់ទៅ ៦ ឆ្នំា មុនក្រុមខ្លួនទទួលជ័យជំនះបែបនេះ ? ។
សម្រាប់ លោក ទៀ ថេន ដែលជាទីប្រឹក្សា នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចាត់ទុកការលើកឡើងបែបនេះ វាមិនសមហេតុផលទាល់តែសោះ ទៅនឹងព្រឹត្តិការណ៍ជាក់ស្តែង ។ លោកកត់សំគាល់ថា ៖
លោក ទៀ ថេន យល់ថា មូលហេតុដែលគេចេះតែនិយាយតៗ គ្នានូវវីរភាពក្លែងក្លាយរបស់ ហូ ជី មិញ នេះ គឺគេមានចេតនាបន្តុះបង្អាប់នូវព្រះកិត្តិនាមរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ តែប៉ុណ្ណោះ ។ លោកមានប្រសាសន៍ថា តាមពិតទៅ ហូ ជី មិញ មិនមែនជាអច្ឆរិយបុគ្គលអ្វីនោះទេ ។
បើនិយាយអំពីជ័យជំនះ ដែលយួនកុម្មុយនិស្តខាងជើងឈ្នះលើយួនសេរីខាងត្បូងដែលគាំទ្រ ដោយអាមេរិកវិញ ពួកយួនកុម្មុយនិស្តតែងតែអួតអាង និងមានមោទនភាពសម្បើមអស្ចារ្យ ថា ខ្លួនមានសមត្ថភាពអាចធ្វើសង្រ្គាមឈ្នះមហាអំណាចធំៗ លើលោក អស់ពីអាណានិគមបារាំង ដល់ចក្រពត្តិអាមេរិកាំង ។ ត្រង់នេះ លោក ទៀ ថេន ថាបើអាមេរិកមិនមានផែនការដកកងទ័ពចេញពីវៀតណាមតាំងពីឆ្នាំ ១៩៧៣ នោះទេ ពួកយួនកុម្មុយនិស្តកុំសង្ឃឹមថា អាចវាយ ឈ្នះយួនសេរីខាងត្បូងបានឱ្យសោះ ។
គេនៅមិនទាន់ឃើញមានឯកសារប្រវត្តិសាស្រ្តណា លើកឡើងថា ហូ ជី មិញ បានលេបថ្នាំ សម្លាប់ខ្លួននោះទេ ហើយក៏មិនទាន់ឃើញមានឯកសារនិយាយថា ហូ ជី មិញ បានសន្យា ជាមួយព្រះបាទសម្តេចព្រះនរោត្តម សីហនុ ថា នឹងប្រគល់ទឹកដីកម្ពុជាក្រោមឱ្យកម្ពុជាវិញ ក្រោយពេលវាយយកបានទឹកដីពីការគ្រប់គ្រងរបស់អាមេរិក ឬយួនសេរីខាងត្បូងនោះដែរ ។
ដូច្នេះ ហើយទើបលោក ត្រឹង ម៉ាន់រិន្ទ ដែលជាប្រធានផែនការ នៃសហព័ន្ធកម្ពុជាក្រោម ចាត់ ទុកការនិយាយតៗ គ្នាបែបនេះ គ្រាន់តែជាការឃោសនា និងជាពាក្យចចាមអារាមតែប៉ុណ្ណោះ ។ លោក ត្រឹង ម៉ាន់រិន្ទ បញ្ជាក់បន្ថែមថា ៖
ទាក់ទងនឹងជ័យជំនះរបស់យួនកុម្មុយនិស្តលើកងទ័ពយួនសេរីខាងត្បូងនេះ ពួកយូន កុម្មុយនិស្ត និងបក្សកុម្មុយនិស្តវៀតណាម និយាយតិចតួចណាស់អំពីគុណបំណាច់របស់កម្ពុជា ចំពោះពួកគេ ។
ដូចបានលើកឡើងខាងដើម មិនទាន់ឃើញមានទេឯកសារថា ហូ ជី មិញ ផឹកថ្នាំបំពុលសម្លាប់ខ្លួន មិនទាន់ឃើញមានទេ ឯកសារថា ហូ ជី មិញ មានកិច្ចសន្យាប្រគល់ដីឱ្យខ្មែរ ប៉ុន្ តែមានឯកសារដែលអះអាងថា នៅក្នុងឆ្នាំ ១៩៦៤ កម្ពុជាបានអនុញ្ញាតឱ្យកងទ័ពវៀតកុងកសាងមូលដ្ឋានទ័ព នៅក្នុងប្រទេសកម្ពុជា ។ កម្ពុជាអនុញាតឱ្យវៀតណាមខាងជើងប្រើប្រាស់ កំពង់ផែក្រុងព្រះសីហនុធ្វើជាចំណុចចាប់ផ្តើមដឹកជញ្ជូនសព្វាវុធ និងទំនិញផ្សេងៗ រវាងវៀតណាមខាងជើង និងប្រទេសចិន ។ ជាការឆ្លើយតប វៀតណាមខាងជើងបាន ឯកភាពនូវកិច្ចចរចាទ្វេភាគី ដើម្បីទទួលស្គាល់ព្រំដែនរបស់ប្រទេសកម្ពុជា ហើយនឹងឯកភាព តំរង់ព្រំដែន តាមការស្នើសុំរបស់កម្ពុជា ក្រោយពេលបញ្ចប់សង្រ្គាម នៅក្នុងប្រទេសវៀត ណាម ។
បន្ថែមពីលើនេះ វៀតណាមខាងជើងក៏បានឯកភាពផងដែរ ក្នុងការទូទាត់ឱ្យកម្ពុជា ចំពោះការប្រើប្រាស់កំពង់ផែ និងទឹកដីរបស់កម្ពុជា និងបានឯកភាពផ្តល់ការប៉ះប៉ូវដល់កម្ពុជា ចំពោះការខូចខាតនៃសង្រ្គាម ក្រោយពេលបញ្ចប់សង្រ្គាមនៅវៀតណាម ។ មិនច្បាស់ថា តើវៀតណាម បានអនុវត្តតាមការសន្យារបស់ខ្លួនបានកម្រិតណានោះទេ ? ។
យើងងាកមកនិយាយពីជីវិតឯកជន ស្នេហា គ្រួសារ ប្រពន្ធ កូន របស់ ហូ ជី មិញ វិញម្តង ។ បក្សកុម្មុយនិស្តវៀតណាម តែងបានឃោសនាថា ហូ ជី មិញ ជាមនុស្សស្អាតស្អំ គ្មានស្រីញី ប្រពន្ធ កូន អ្វីនោះទេ គឺមួយជីវិតរបស់ ហូ ជី មិញ លោកបានបូជា ដើម្បីជាតិវៀតណាម ដែលសូម្បីតែសេចក្តីសុខ សុភមង្គលផ្ទាល់ខ្លួន ក៏ ហូ ជី មិញ មិនគិតគូរដល់ផង ហើយនៅ ទីបំផុត រហូតដល់ហ៊ានលេបថ្នាំសម្លាប់ខ្លួន ដើម្បីប្តូរយកទឹកដីខ្មែរថែមទៀត ។ ស្តាប់មើលទៅ តួអង្គ ហូ ជី មិញ ហាក់ដូចជាមនុស្សអស្ចារ្យ ល្អបរិសុទ្ធ ឥតខ្ចោះខ្លាំងណាស់ ។
ប៉ុន្តែ បើតាមការសិក្សាស្រាវជ្រាវរបស់ប្រធានផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ត្រឹង ម៉ាន់រិន្ទ លោកថា ហូ ជី មិញ មានប្រពន្ធ មានស្រីស្នេហ៍ជាច្រើន និងមានកូនទៀតផង ។ លោកថា ប្រពន្ធ និងស្រីស្នេហ៍របស់ ហូ ជី មិញ មានតាំងពីជនជាតិចិន ជនជាតិរុស្សី ជនជាតិ បារាំង ជនជាតិយួន និងជនជាតិតៃ ដែលជាជនជាតិភាគតិច នៅវៀតណាម ។

ស្រីស្នេហ៍ជនជាតិបារាំងរបស់ ហូ ជី មិញ ឈ្មោះ ម៉ារី ព្យែរ (Marie Bière) ជនជាតិរុស្សីឈ្មោះ វេរ៉ា វ៉ាស៊ីល លីអេវ៉ា (Vera Vasiliéva) ។ ចំណែកប្រពន្ធផ្លូវការជាជនជាតិចិនរបស់ ហូ ជី មិញ ឈ្មោះ តាំង ទៀក មិញ (Tăng Tuyết Minh) ។
លោក ត្រឹង ម៉ាន់រិន្ទ ឱ្យដឹងដែរថា ក្រោយមកមាននិពន្ធនាយកកាសែតវៀតណាមម្នាក់ឈ្មោះ មិញ ហាន់ (Minh Hanh) នៅហាណូយ បានផ្សព្វផ្សាយលិខិតរបស់ ហូ ជី មិញ ដែលផ្ញើទៅឱ្យ ប្រពន្ធជាជនជាតិចិន នៅលើសារព័ត៌មានយុវជនឈ្មោះ ទូយត្រែ ប៉ុន្តែ ត្រូវបានបក្សកុម្មុយនិស្ត វៀតណាមបញ្ជាឱ្យដកការផ្សាយមកវិញ រួចបណ្តេញលោក មិញ ហាន់ ចេញពីការងារ ។
លើសពីនេះ ហូ ជី មិញ ក៏មានប្រពន្ធ ស្រីស្នេហ៍ និងកូនៗ ផ្សេងៗ ទៀតជាច្រើនផងដែរ ។
លោក ត្រឹង ម៉ាន់រិន្ទ មានប្រសាសន៍ថា តាមពិតទៅ ហូ ជី មិញ មិនមែនមនុស្សល្អឥតខ្ចោះ ដូចបក្សកុម្មុយនិស្តវៀតណាមឃោសនានោះទេ ។ លោកថា សូម្បីតែផ្នូរឪពុករបស់ ហូ ជី មិញ ដែលស្ថិតនៅក្នុងខេត្តផ្សារដែក ដែនដីកម្ពុជាក្រោម ក៏ ហូ ជី មិញ មិនទាំងទៅមើលផ្នូររបស់ ឪខ្លួនឯងផង ។
ត្រង់កន្លែងនេះ អាចមានអ្នកងឿងឆ្ងល់ថា ហូ ជី មិញ មានស្រុកកំណើតនៅខេត្ត ង៉េ អាន ប៉ែក ខាងជើងប្រទេសវៀតណាមទេ ចុះហេតុដូចម្តេចបានជាផ្នូរឪពុករបស់ ហូ ជី មិញ បែរជាស្ថិត នៅឯដែនដីកម្ពុជាក្រោម ឯណេះទៅវិញ ។ លោក ត្រឹង ម៉ាន់រិន្ទ បានពន្យល់ត្រង់ចំណុចនេះថា ៖
ប៉ុន្តែ លោក ត្រឹង ម៉ាន់រិន្ទ ថា បក្សកុម្មុយនិស្តវៀតណាម មិនបានលាតត្រដាងរឿងមិនល្អរបស់ ឪពុក ហូ ជី មិញ នោះទេ ។ ផ្ទុយទៅវិញ គេបាននិយាយឃោសនាលើកតម្កើង ឪពុករបស់ ហូ ជី មិញ ថាមិនសុខចិត្តធ្វើការឱ្យអាណានិគមបារាំងទើបលាលែងពីតំណែងរបស់ខ្លួន មិនមែន ដោយសារផឹកស្រាស្រវឹងវាយសម្លាប់អ្នកភូមិ ហើយត្រូវបារាំងបណ្តេញចេញពីរដ្ឋការអី នោះទេ ។
ចំណែកផ្នូរម្តាយរបស់ ហូ ជី មិញ វិញ លោក ត្រឹង ម៉ាន់រិន្ទ ថា ហូ ជី មិញ ក៏មិនដែលបានទៅ ដល់នោះដែរ ។ លើសពីនេះ នៅពេលដែល ហូ ជី មិញ កំពុងធ្វើជាប្រមុខរដ្ឋ នៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម នៅពេលបងស្រីបង្កើតមកសុំជួប ហូ ជី មិញ មិនព្រមឱ្យជួបផង ។
សរុបសេចក្តីមកវិញ តួអង្គ ហូ ជី មិញ មិនសុទ្ធតែល្អឥតខ្ចោះ ដូចដែលយើងធ្លាប់បានឮ ឬបក្សកុម្មុយនិស្តវៀតណាម តែងឃោសនាលើកកំពស់ និងជនជាតិយួនចេះតែនិយាយតៗ គ្នានោះទេ ។
ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ទៀ ថេន មានប្រសាសន៍សង្កត់ធ្ងន់ថា ៖