ជីវិតតស៊ូរបស់យុវជន យឿង ខាយ
ដោយ គឹម សាវតា
បន្ទាប់ពីធ្វើកិច្ចការសង្គមជាច្រើន នៅដែនដីកម្ពុជាក្រោម ក្នុងបំណងឲ្យពលរដ្ឋខ្មែរក្រោម បានយល់ដឹងពីសិទ្ធិផ្សេងៗ របស់ខ្មែរក្រោម ។ យុវជនខ្មែរក្រោម មួយរូប ឈ្មោះ យឿង ខាយ បានទទួលរងការគំរាមកំហែង និងធ្វើទុក្ខបុកម្នេញជាបន្តបន្ទាប់ ។ តើយុវជន ដែលស្នេហាជាតិរូបនេះ មានប្រវត្តិយ៉ាងណា? ។

យុវជន យឿង ខាយ កើតនៅនៅឆ្នាំ ១៩៩៤ ក្នុងស្រុកជ្រោយញ ខេត្តឃ្លាំង លុះដល់វ័យ ៥ ឆ្នាំ បានចូលសិក្សាថ្នាក់បឋម ព្រមទាំងបន្តសិក្សាភាសាខ្មែរដល់ថ្នាក់ទី ៩ និងវៀតណាម ដល់ថ្នាក់ទី ១០ ក៏បានឈប់រៀនក្នុងវ័យ ១៥ ឆ្នាំ ។
ក្រោយឈប់សិក្សា យុវជន យឿង ខាយ បានទៅធ្វើការស៊ីឈ្នួលគេជាបន្តបន្ទាប់ ដូចជាអ្នកដួសបង្គា និងបានដូរកាងារជាបន្តបន្ទាប់ដោយសារតែប្រាក់ចំណូល ។ មិនបានប៉ុន្មាន ម្ដាយរបស់យុវជន យឿង ខាយ បានហៅខ្លួនមករស់នៅខេត្តដូនណៃវិញ រហូតមកដល់បច្ចុប្បន្ន ។
យុវជន យឿង ខាយ «ម៉ែ ឪខ្ញុំ នាំខ្ញុំ និងបងប្អូនខ្ញុំមកមកដុងណាយ មកដុងណាយ លើកនេះ មកត្រាំងបងវិញ ក្នុងភូមិ ១ ឃុំសុងត្រូវ ស្រុកត្រាំងបង ខេត្តដុងណាយ ។ មកបោះទីតាំងហ្នឹង ធ្វើកម្មករតាំងពីខែ ៩ ថ្ងៃ ១១ ឆ្នាំ ២០១៥ មកដល់ពេលនេះ» ។
បន្ទាប់ពីបានមកធ្វើការ នៅខេត្តត្រពាំងចង្វា យួនហៅថា ដុងណាយ វិញហើយនោះ យុវជន យឿង ខាយ បានយល់ដឹងពីសិទ្ធិការងារ ហើយក៏មើលឃើញថា កម្មករជាច្រើនត្រូវបានថៅកែរើសអើង និងរំលោភសិទ្ធិការងារជាបន្តបន្ទាប់ព្រមទាំងទទួលរងការជេរប្រមាថជាច្រើន ។
យុវជនរូបនេះ បន្តថា នៅក្នុងឆ្នាំ ២០១៧ យួនដែលជាកម្មករដូចគ្នា បានព្រួតគ្នាវាយធ្វើបាបខ្មែរ ហើយក៏ត្រូវបានសមត្ថកិច្ចវៀតណាម ចោទថារារាំងការអនុវត្តច្បាប់ ។
យុវជន យឿង ខាយ «កនយួនគ្នាវាហ្នឹងវាមកវាយធ្វើបាបយើង គ្នាវាច្រើនដែរ ហើយកនខ្ញុំឃើញ ខ្ញុំ បងខ្ញុំ ប្អូនខ្ញុំចូលអន្តរាគមន៍ គ្រាន់តែអន្តរាគមន៍ហ្នឹងវាចោទយើង នគរបាលវាចោទយើង ថាយើងរារាំងការអនុវត្តច្បាប់ ហើយវាមកចាប់យើងវិញ ដល់យួនគ្នាវាវាយខ្មែរយើង វាមិនចាប់ វាចាប់យើងយកទៅគំរាមកំហែងចឹងទៅ» ។
និយាយពីការចូលរួមក្នុងកិច្ចការសង្គមផ្សេងទៀត ដែលយុវជន យឿង ខាយ ជួយដល់ដល់ខ្មែរក្រោម គឺយុវជនរូបនេះ បានចូលរួមតាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក ដែលមានដូចជាចែករំលែកអត្ថបទ សហព័ន្ធខ្មែរ កម្ពុជាក្រោម និងបានបញ្ចេញមតិផ្សេងៗ ទាក់ទងនឹងរឿងជាតិមាតុភូមិ ។ ក្នុងការតវ៉ាបង្ហាត់បង្ហាញពីសិទ្ធិ និងចំណេះដឹងផ្សេងៗ របស់យុវជន យឿង ខាយ គឺជារឿយៗ ទទួលរងការគំរាមកំហែង ការកោះហៅទៅសួរនាំជាបន្តបន្ទាប់ ។
យុវជន យឿង ខាយ «រឿងខ្ញុំចែករំលែកអត្ថបទសហព័ន្ធខ្មែរកម្ពុជាក្រោម ហ្នឹង ហើយចែករំលែកប្រវត្តិសាស្ត្រ នៅដែនដីកម្ពុជាក្រោម ហ្នឹង ភូមិសាស្ត្រ ប្រវត្តិសាស្ត្រដូចម៉េច ហើយខ្ញុំបានពាក់អាវមានទង់ជាតិខ្មែរកម្ពុជាក្រោម ខៀវ លឿង ក្រហម ម្ខាងទង់ជាតិសាសនានៅឆ្នាំ ២០១៧ ហើយទូរសព្ទខ្ញុំ មាន Page កុលបុត្រកម្ពុជាក្រោម ត្រូវខាងការិយាល័យគេរឹមអូស រឹមអូសឆ្នាំ ២០២០» ។
មូលហេតុដែលយុវជន យឿង ខាយ មិនចោលការតស៊ូ ព្រោះថា ការឈឺចាប់ដែលខ្មែរក្រោមត្រូវយួនជិះជាន់ខណៈដែលខ្លួនជាម្ចាស់ទឹកដី ។
យុវជន យឿង ខាយ «យើងស្ដាប់ភូមិសាស្រ្តប្រវត្តិសាស្ត្រ យើងមិនស្តាប់តែម្ខាង យើងស្រាវជ្រាវទៀត ថាមិនពិតអញ្ចឹងទេ ។ ប្រវត្តិសាស្ត្រ បូករួមកសិណសាក្សី មានជាវត្តអារាម វប្បធម៌ តំបន់ដែនដីហ្នឹងនៅទាំងអស់ យើងស្រាវជ្រាវមកយើងដឹងថាដែនដីហ្នឹង ដែនដីរបស់ខ្មែរក្រោមយើង ហើយយើងនៅក្រោមការត្រួតត្រារបស់គេ ហើយគេជិះជាន់ ធ្វើទុក្ខបុកម្នេញយើងរាប់សិបទស្សវត្សមក សតវត្សមក យើងពិបាកដែរ ហើយកំសត់ច្រើន ហើយយើងស៊ូទ្រាំច្រើន ឈឺចាប់ច្រើន ហើយភាពឈឺចាប់ហ្នឹងធ្វើឲ្យយើងរឹងមាំដើម្បីតស៊ូ ធ្វើឲ្យខ្ញុំមានកំលាំងតស៊ូរហូតមកដល់បច្ចុប្បន្ន» ។
យុវជន យឿង ខាយ ក៏បានបង្ហាញពីក្តីស្រមៃកាលពីក្មេងថា ចង់ធ្វើជានគរបាល តែនៅពេលដែលឃើញអ្វី ដែលនគរបាល អាជ្ញាធរធ្វើមកលើខ្លួនយ៉ាងដូច្នេះ ក៏បោះបង់ចោលក្តីស្រម៉ៃនោះទៅវិញ ហើយបន្តការតស៊ូមតិ ដើម្បីឲ្យពលរដ្ឋខ្មែរក្រោម ដែលរស់នៅស្រុកកំណើតបានដឹងពីសិទ្ធិរបស់ខ្លួន បើទោះជាជីវភាពមិនបានល្អប្រសើរ ហើយរងការគំរាមកំហែងជាបន្តបន្ទាប់ក្តី ៕