ព្រឹទ្ធាចារ្យ ថាច់ សេ មួយជីវិត ដិតដាម​នឹង​កំណត់ត្រា កម្ពុជា​ក្រោម​

0 672

ដោយ លី ឈូ​ន​

ព្រឹទ្ធាចារ្យ ថាច់ សេ ជា​កុលបុត្រ​ខ្មែរក្រោម​មួយរូប​ដែល​ស្ទើរ​តែមួយជីវិត​របស់លោក​បាន​ចំណាយពេល​ចងក្រង​កំណត់ត្រា​កម្ពុជា​ក្រោម និង​ចូលរួម​ផ្ទាល់​ក្នុង​សកម្មភាព​តស៊ូ​ដើម្បី​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម ។​

លោក ថាច់ សេ – ប្រធានសភាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ថាច់ សេ – ប្រធានសភាតំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម

​បន្ទាប់ពី​របប​កុ​ម្មុយ​និ​ស្តុ​វៀតណាម​ឡើងកាន់​កាប់​អំណាច​ទាំងស្រុង​នៅ​វៀតណាម​ខាងត្បូង​គឺ​កម្ពុជា​ក្រោម ក្នុង​ឆ្នាំ ១៩៧៥ លោក​ត្រូវបាន​របប​នេះ​ចាប់​ដាក់ពន្ធនាគារ​អស់​រយៈពេល ៥ ឆ្នាំ ។​

​រីឯ​កំណត់ត្រា​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម មាន​កម្រាស់​ជាង ៥០០ ទំព័រ ដែល​លោក​បាន​ខិតខំ​ចងក្រង ក៏ត្រូវ​បាន​របប​កុ​ម្មុយ​និ​ស្តុ​វៀតណាម​កំទេចចោល​ដែរ​។​

​ក្រោយពី​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក មាន​លំនឹង​ក្នុង​គ្រួសារ​បន្តិច លោក​បាន​រំលឹក​ឡើងវិញ​នូវ​ព្រឹត្តិការណ៍​នានា​នៃ​កម្ពុជា​ក្រោម​ហើយ​បាន​ចងក្រង​បោះពុម្ព​ជា​សៀវភៅ​ដាក់​ចំណងជើង​ថា​ទុក្ខ​ខ្មែរក្រោម ដែលមាន​កម្រាស់​ជាង ៣០០ ទំព័រ​។​

​កំណត់ត្រា​កម្ពុជា​ក្រោម​របស់លោក​|​មួយ​ភាគ​ធំ​បាន ជា​មូលដ្ឋាន​សម្រាប់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​យក ចងក្រង​ជា​ឯកសារ​ក្នុងការ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង នៅ​កម្ពុជា​ក្រោម​។​

​ព្រឹទ្ធាចារ្យ ថាច់ សេ​យល់ឃើញថា​យុវជន​ខ្មែរក្រោម​គ្រប់រូប​គួរ តែ​ចេះដឹង​នូវ​ប្រវត្តិ​របស់ខ្លួន​ឲ្យ​បានច្បាស់លាស់​ទើប​ការតស៊ូ ដើម្បី​សិទ្ធិសេរីភាព​របស់​ខ្មែរក្រោម​បាន​ជោគជ័យ​តាម​បំណងប្រាថ្នា ។​

​រូបរាង​ស្គម កម្ពស់​សមសួន ភ្នែក​ជ្រៅ​បន្តិច ច្រមុះ​ស្រួច​ល្មម សក់ស​រួញ​អង្គាដី អង្គុយ​នៅ​ពីមុខ​កុំព្យូទ័រ ដៃ​ចុច​ក្ដា​ចុច លាន់ ប៉ិក​ប៉ក់ ៗ មួយ ៗ ពេលខ្លះ​មាន​មិត្ត​ភ​ក្កិ​ទៅលេង​ផ្ទះ​ម្ដង ៗ ស្រែកសួរ​លោក​ជួនកាល​លោក​ឆ្លើយតប​ដោយ​មិន​ងាកមើល​មុខ​ផង ។ ចំណែក​ភរិយា​របស់លោក​វិញ រអ៊ូ​ថា​ពេល​អញ្ជើញលោក​ពិសា​បាយ​ម្ដង ៗ ដូច​អូស​ឬ​ស្សី​បញ្ច្រាស់​ចុង ទំរាំ​តែ​បាន​លោក​ក្រោក​ចេញពី​កៅអី​កុំព្យូទ័​។​
​ភរិយា​របស់លោក​ថា​លោក​មិនមែនជា​មនុស្ស​មិន​រួសរាយ​ទេ តែដោយសារ​លោក​ងុប់ងុល​នឹង​កំណត់ត្រា​កម្ពុជា​ក្រោម របស់លោក លោក​ស្ទើរតែ​មិន​ចង់​ដក​ភ្នែក​ចេញពី​កញ្ចក់​កុំព្យូទ័រ​ឡើយ រាល់​ពេលដែល​គាត់​ទំនេរ​ពី​ការងារ​ក្រៅ​ផ្ទះ​។​

​បុរស​ចម្លែក​នេះ​គឺ​ព្រឹទ្ធាចារ្យ​ថាច់ សេ​ដែល​លោក​ហៅ​ខ្លួន​លោក​ថា​ស្មេរ នៅ​កម្ពុជា​ក្រោម​គេ​ហៅ​បុរស​វ័យ ៧៥ ឆ្នាំ​ម្នាក់នេះ​ថា​ជា​ព្រះសង្ឃ​បាតុករ​ដ៏ ក្លាហាន​ជា​លេខាធិការ​សង្ឃ​មួយអង្គ​ដ៏​ចំណាន​និង​ជា​ពិធីករ​សំបូរ​វោហា​។​

​ចំណែក​អ្នក​នៅ​អាមេរិក ហៅ​ព្រឹទ្ធាចារ្យ ថាច់ សេ​ថា ស្មេរ ឬ ក៏ កវី​ថាច់ សេ​វិ​ចិត្ត តាមរយៈ​កំណត់ត្រា​កម្ពុជា​ក្រោម​ជា​សៀវភៅ​ឈ្មោះ «​ទុក្ខ​ខ្មែរក្រោម» និង​តាមរយៈ​បទ​ចម្រៀង​មនោសញ្ចេតនា​ប្រវត្តិ​កម្ពុជា​ក្រោម ដូចជា​បទ​ «កំពង់​ខ្ទឹង​ស្ទឹង​លោហិត» បទ «​វត្ត​កំពង់​អន្លង់​ស្នេហ៍​កម្ម» និង​បទ​ «ស្វាយ​ទង​ជ្រលង​ទឹកភ្នែក» ជាដើម​ដែល​បង្ហូរ​សូរសៀង​ដ៏​ក្រអួន​ក្រអៅ​នៃ​កញ្ញា​ទូច ស៊ុន​និ​ច និង​តារាចម្រៀង​លាក់​ឈ្មោះ សយ វិវឌ្ឍន៍ ​។​

​លោក​ថាច់ សេ​ថា​ប្រាប់​វិទ្យុ​សំឡេងកម្ពុជា​ក្រោម និង​សារព័ត៌មាន​ព្រៃនគរ​ ថ្មី ៗ នេះ​ថា សៀវភៅ​ឈ្មោះ «​ទុក្ខ​ខ្មែរក្រោម» ដែល​បោះពុម្ព​នា​ឆ្នាំ ១៩៩៧ នៅ​អាមេរិក​នេះ គឺ​ការ​ចងក្រង​ជា​លើក​ទី ២ របស់លោក​ទេ ឯលើ​ក​ទី ១ គឺ​ចងក្រង​ឡើង​ក្នុងអំឡុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដែលមាន​កម្រាស ៥០០ ​ទំ​ពរ​ ។​

​ម្ចាស់​វណ្ណ​កម្ម ទុក្ខ​ខ្មែរក្រោម​បន្តថា ក្នុង​ឆ្នាំ ១៩៧៥ បន្ទាប់ពី​របប​កុ​ម្មុយ​និ​ស្តុ​វៀតណាម​ឡើងកាន់​កាប់​អំណាច​ទាំងស្រុង​នៅ​កម្ពុជា​ក្រោម លោក​ត្រូវបាន​របប​នេះ​ចាប់​ដាក់ពន្ធនាគារ​អស់​រយៈពេល​៥ ឆ្នាំ រីឯ​កំណត់ត្រា​ប្រវត្តិ​កម្ពុជា​ក្រោម មាន​កម្រាស់​ជាង ៥០០ ទំព័រ​នេះ ក៏ត្រូវ​របប​កុ​ម្មុយ​និ​ស្តុ​វៀតណាម​កំទេចចោល​ដែរ​។​
​លោក ថាច់ សេ​៖«​សៀវភៅ​ហ្នឹង​មិនមែន​សរសេរ​តែម្ដង​ទេ គឺ​សរសេរ​ពីរដង​ឯណោះ មួយដង​មុនដំបូង​មាន​កាត់ត​ឯកសារ និង​រូបភាព​ពី​កាសែត​នេះ​កាសែត​នោះ​អី​យកមក​ដាក់ ។​ដល់ពេល​តាំង​វ៉ាង​មានន័យថា​ត្រូវគេ​រឹបអូស​ហ្នឹង​គឺ​សម័យ​ដែល​គេ​ចាប់​លោក​ផ្សឹក​ហ្នឹង មាន​ព្រះតេជព្រះគុណ មេគណ​ថាច់ ង៉ោ​ស ព្រះតេជព្រះគុណ ថាច់ រាជ ព្រះតេជព្រះគុណ​ថាច់ ភោគ និង​ព្រះតេជព្រះគុណ​ថាច់ វ៉ា​យ​ជាដើម​ដែលជា​ថ្នាក់​មន្ត្រី​សង្ឃ​ខេត្ត​ព្រះ​ត្រពាំង​ហើយ​បន្ទាប់មក​គេ​បិទទ្វារ​សាលា​គណ នឹង​រឹបអូស​យក​អីវ៉ាន់ ដែលមាន​ទាំង​ង​ឯកសារ​របស់ខ្ញុំ​ទាំងអស់​ហ្នឹង​ទៅ​ផង​»​។​

​ព្រឹទ្ធាចារ្យ​ថាច់ សេ រំឭកថា​កម្រង​ប្រវត្តិ​កម្ពុជា​ក្រោម​មាន​កំរាស់ ៥០០ ទំព័រ​នេះ ក្រៅពី​ប្រវត្តិ​តស៊ូ​របស់​ដូនតា​ខ្មែរ ភាគច្រើន​លោក​កត់ត្រា​ប្រវត្តិ​តស៊ូ​របស់​ព្រះសង្ឃ​និង​ជនរួមជាតិ​ខ្មែរក្រោម ងើបឡើង​ធ្វើបាតុកម្ម​ទាមទារ​ឋានៈ​ជា​ជនជាតិភាគតិច​នៅ​កម្ពុជា​ក្រោម ពី​របប​វៀតណាម​សេរី ដែល​ធ្វើឡើង​តាំងពី​ឆ្នាំ​តាំងពី​ចុងឆ្នាំ ១៩៦៩ ដល់​ចុងឆ្នាំ ១៩៧០ នៅតាម​ខេត្ត​នានា និង​ទីក្រុង​ព្រៃនគរ ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា ហូ ជី​មី​ញ (Ho Chi Minh) |​នៃ​កម្ពុជា​ក្រោម​។​

​អ្នកនិពន្ធ​ចាស់វស្សា ថាច់ សេ រំឭក​បន្ថែមថា​ទំរាំ​តែ​បញ្ចប់​បាន​នូវ​ក្រង​ប្រវត្តិ​កម្ពុជា​ក្រោម​មាន​កំរាស់ ៥០០ ទំព័រ​នេះ លោក​ត្រូវ​ចំណាយពេល​សន្សំ​ឯកសារ​អស់​ជាច្រើន​ឆ្នាំ និង​មាន​ការជួយជ្រោមជ្រែង​ពី​រៀមច្បង និង​មិត្តភក្តិ​ជាច្រើន​នាក់​ទៀតផង​។​

លោក ថាច់ សេ​៖ «​រឿង​ឯកសារ​សេចក្ដីប្រកាស​អី​ហ្នឹង​ខ្ញុំ​សរសេរ​ឡើង​ចាំ​ដៃ​អស់ហើយ​បើ​ភាសា​បារាំង​បាន​លោកគ្រូ​គៀង សូក គាត់​ជួយ​បកប្រែ ហើយ​បើ​ភាសា​អង់គ្លេស​នៅ​ខ្ញុំ ចំណែកឯ​ភាសា​យួន​ភាសា​ខ្មែរ​អី​នឹង​យើង​ចាំ​ទាំងអស់​ហ្នឹង ។ ថា​ទៅ​អា​រឿង​ហ្នឹង​មិន​ពិបាក​ទេ​ចំពោះ​ខ្ញុំ ខ្ញុំ​ចាំ​ទាំងអស់​ហ្នឹង ខ្ញុំ​ធ្វើ​តែម្នាក់ឯង​តើ វា​មាន​របាយការណ៍​ហើយ​ស្រេច ពេលដែល​ខ្ញុំ​ធ្វើជា​លេខាធិការ​គណៈសង្ឃ គេ​រា​យក​រណ៍​មក​ខ្ញុំ​កត់​ត្រាទុក​ទាំងអស់​ហ្នឹង ដឹង​ទាំងអស់​រឿងហេតុ​កើត​នៅឯណា អ្នកណា​ឈ្មោះ​អី​ធ្វើ​អី ដឹង​ទាំងអស់​បានន័យថា​គឺជា​អ្នក​ចូលប្រឡូក​ក្នុង​រឿង​នឹង​តែម្ដង​» ។​

​ស្មេរ​ប៉ិន​ចងចាំ ថាច់ សេ រៀបរាប់​ឲ្យ​ដឹង​ទៀតថា រយៈពេល​ជិត ៤០ រស់​នៅលើ​ទឹកដី​អាមេរិក​នេះ ទោះ​ដេក ដើរ អង្គុយ និង​កំពុងធ្វើការ​ក្ដី លោក​តែងតែ​រំឭក​នូវ​រឿងរ៉ាវ​កម្ពុជា​ក្រោម​ទុក​ក្នុង​ខួរក្បាល​របស់លោក​ជាប់​ជានិច្ច​។​

​ស្មេរ​ខ្មែរក្រោម​ខ្ញី​ចាស់​រូបនេះ បន្តថា នៅ​ឆ្នាំ ១៩៩៧ លោក​សម្រេចចិត្ត​ចងក្រង​ប្រវត្តិ​កម្ពុជា​ក្រោម​ឡើងវិញ ដោយ​ស្ដារឡើងវិញ​នូវ​ប្រវត្តិ​តស៊ូ​របស់​ខ្មែរក្រោម​ទាំងពី​ដើម​រៀង​មកដល់​បច្ចុបន្ន ទាំង​ការតស៊ូ​របស់​ខ្មែរក្រោម​ក្នុងស្រុក និង​ក្រៅ​ស្រុក ហើយ​បោះពុម្ព​ជា​សៀវភៅ​មាន​មាន​កម្រាស់​ជាង ៣០០ ទំព័រ ដោយ​ដាក់ឈ្មោះថា​ «ទុក្ខ​ខ្មែរក្រោម» ។​

​ម្ចាស់​កំណត់ត្រា​ «ទុក្ខ​ខ្មែរក្រោម» បន្ថែមថា​លោក​ចំណាយ​ថវិកា​អស់ ៥.០០០ (​ប្រាំ ពាន់​) ដុល្លា​សម្រាប់​បោះពុម្ព​សៀវភៅ​ចំនួន ២.០០០ (​ពីរពាន់​) ក្បាល ហើយ​ទោះបីជា​មិនបាន​ទទួល​មកវិញ​នូវ​កម្រៃ​ថវិកា​ពេញលេញ​ក៏ដោយ ក៏​លោក​សប្បាយចិត្ត​ដែរ ព្រោះ​បាន​ផ្សព្វផ្សាយ​ទូលំទូលាយ ដល់​ជនរួមជាតិ​ខ្មែរ​ឲ្យ​ដឹង​អំពី​ប្រវត្តិ​តស៊ូ​និង​ទុក្ខលំបាក​របស់​ខ្មែរក្រោម ។​

​ឆ្លៀតឱកាស​នេះ ម្ចាស់​កំណត់ត្រា​ «ទុក្ខ​ខ្មែរក្រោម» បាន​ពញ្ញាក់​អារម្មណ៍​បន្ថែមថា ពេលនេះ​លោក​កំពុង​សរសេរ​បន្ថែមទៀត​នូវ​ប្រវត្តិ​កងពល​ស្ម័គ្រ​ស្លាប់​របស់លោក​សឺ​ង ង៉ុ​កថា​ញ់​ឈ្មោះថា​កងពល​ម៉ា​យ​ហ្វ​ក​ដែល​ស្ម័គ្រចិត្ត​ទៅ​ជួយ​កម្ពុជា​ដេញ​ពួក​វៀត​កុង​ឈ្លានពាន​កម្ពុជា ហើយ​ពួក​ទាហាន​ខ្មែរក្រោម​ទាំងនោះ​ជាច្រើន​នាក់​បាន​បូជាជីវិត​ក្នុង​សមរភូមិ តែ​គ្មាន​ខ្មែរ​កម្ពុជា​ណាមួយ​នឹកនា​ដល់ ឡើយ ។​

​លោក ថាច់ សេ​៖ «​នៅ​ខូ​ឡឹម​បឹ​ស ​(Columbus) នឹង​ខ្ញុំ​លេង​កុំព្យូទ័រ​មុនដំបូង​គេ​បង្អស់ ហើយ​នៅ​ឆ្នាំ ១៩៩៧ ហើយ​រឿងរ៉ាវ​អី​ខ្ញុំ​ចាំ​ទាំង​អស់ហ្នឹង ចំពោះ​កាសែត​អី​ដែល​យើង​អាន​កាល​នៅ​ស្រុក​នឹង នៅទីណា​មានរឿង​អី​ដែល​ខ្ញុំ​បានធ្វើ​ដូចជា​រឿង​បាតុកម្ម​អីហ្នឹង​ខ្ញុំ​នៅចាំ​ទាំង​អស់ហើយ​ឈ្មោះ​គណៈកម្មការ ឈ្មោះ​អ្នក​ចាត់តាំង​កម្មវិធី​អ្វី ៗ ខ្ញុំ​នៅចាំ ។ ព្រោះថា​ខ្ញុំ​ជា​លេខា​រាល់​អង្គរ​ប្រជុំ រាល់​សកម្មភាព​តស៊ូរ​បស់​ខ្មែរក្រោម ដូច្នេះហើយ​ខ្ញុំ​ចាំ​រឿង​ទាំងអស់​ដែល​កើតឡើង​ចំពោះ​ខ្មែរក្រោម​» ។​

​លោក ថាច់ សេ កើត​នៅ ថ្ងៃ​សៅរ៍ ខែ​អាសាធ ឆ្នាំរកា ស័ប្ត​ស័ក ព​. ស​.២៤៨៩ ត្រូវ​និង​ថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ​១៩៤៥ នា​ភូមិ​ចុង មិ​ស​ថ្មី ឃុំ​ដំបូក​បី ស្រុក​ផ្នោ​ដាច់ ខេត្ត​ព្រះ​ត្រពាំង ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី ត្រា​វិញ (Tra Vinh) កម្ពុជា​ក្រោម ។​

​ឪពុក​ឈ្មោះ ថាច់ ឈឹម ម្ដាយ​ឈ្មោះ កៀង ធី​ថៀក និង​មាន​បងប្អូន ៨ នាក់​គឺ (​ប្អូនប្រុស ៤​នាក់​គឺ សេង សឿ​ក សោម សាង និង​ប្អូនស្រី​៣​នាក់​គឺ ថេ ថួ​ក ថា​ង)​ ។​

​លោក ថាច់ សេ រៀបការ​ជាមួយនឹង​លោកស្រី ប៊ុន ថូ ឆ្នាំ ១៩៨៣ និង​មានកូន ៣ នាក់ គឺ ឈ្មោះ ចាន់ ថា (​ស្រី​) កើត ឆ្នាំជូត ១៩៨៤, ចន្ទ តារា (​ស្រី​) កើត​ឆ្នាំឆ្លូវ ១៩៨៥ និង វាសនា (​ប្រុស​) កើត​ឆ្នាំរោង ១៩៨៨ ។

​សព្វថ្ងៃ ព្រឺ​ទ្ធា​ចា​រ្យ ថាច់ សេ រស់នៅ​ទីក្រុង កូ​ឡុ​ម​ប៊ី (Columbus) រដ្ឋ​អូ​ហៃ​យោ (Ohio) សហរដ្ឋអាមេរិក ហើយ​លោក​ជា​ប្រធានសភា តំណាង នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល​មូលដ្ឋាន​នៅ​អាមេរិក ។​

​ការសិក្សា​៖

  • ​ឆ្នាំ ១៩៥៧ បាន​រៀន​ចប់ បឋមសិក្សា ។ ឆ្នាំ​១៩៧៣ -១៩៧៥ រៀន​ចប់​មហាវិទ្យាល័យ វ៉ាង​ហា​ញ់ នៅ​ក្រុង​ព្រៃនគរ ។​
  • ​ឆ្នាំ ១៩៨៣-១៩៨៥ បាន​រៀន​ចប់​នៅ​សហគមន៍​វិទ្យាល័យ ហ្វ​ក់​ឡែ​ន នៃ​រដ្ឋ​អូ​រេ​ហ្គិ​ន សហរដ្ឋ អាមេរិក Portland Community College of Oregon, the United State of American) ។​
  • ​ឆ្នាំ ១៩៥៩ ជា​កសិករ ។​

​ការ​សាង​ផ្នួស​៖

  • ​ឆ្នាំ ១៩៦២ បួសនេន ។ ឆ្នាំ ១៩៦៦ បួសភិក្ខុ​នៅ វត្ត​បទុម​ឈូកសរ ចុង​មិ​ស​ថ្មី ក្នុង​សំណាក់ ព្រះ​ឧ​ប​ជ្ឍា​យ៍ ថាច់ ថា​ញ់ នៃ​វត្ត​លាយ​លក្ខ​កង​ចក្ក (​ត្រពាំងវែង​) ។ មាន​នាម​បញ្ញត្តិ​ថា ថិ​រ​ចិ​ត្តោ​ភិក្ខុ ។​

​សមកម្ម​ភាព​តស៊ូ​នៅក្នុង​សង្គម​ខ្មែរក្រោម​៖

  • ​ថ្ងៃទី ២១ ខែតុលា ឆ្នាំ ១៩៦៤ អគ្គលេខាធិការ​សាលា​គណ នៃ គណៈ​ពុទ្ធសាសនា​ថេរវាទ ខេត្ត​ព្រះ​ត្រពាំង ។​
  • ថ្ងៃទី ១០ ខែតុលា ឆ្នាំ​១៩៦៩ សង្ឃា​ធិ​ការ​នៃ​ក្បួន​បាតុកម្ម​ទាមទារ​នាទី​ខ្មែរ​ជា​ជនជាតិភាគតិច នៅ​ខេត្ត ព្រះ​ត្រពាំង ។​
  • ថ្ងៃទី​១៣ ខែវិច្ឆិកា ១៩៦៩ សមាជិក​ក្រុម​សារព័ត៌មាន នៃ​គណៈកម្មាធិការ​កណ្តាល​ដឹកនាំ​ព្រះ សង្ឃ​ខ្មែរ​កំណើត​នៅ​យួន​ខាងត្បូង​តស៊ូ​ទាមទារ ដើម្បី​រក្សា​នូវ​នាទី​ជា​ជនជាតិភាគតិច ដឹកនាំ ដោយ ព្រះគ្រូ​ធម្ម​វិ​រិ​យោ គឹម សាង ។
  • ​ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​១៩៧០ លេខាធិការ​គណៈកម្មាធិកា​រ កណ្តាល នៃ​គណៈ​ពុទ្ធសាសនា ថេរវាទ​មជ្ឈមណ្ឌល​។​
  • ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧៣ លេខាធិការ នៃ​គណៈកម្មការ​សង្គ្រោះ​ជនភៀសខ្លួន​ខ្មែរ ដោយ សារ​សង្គ្រាម ។​
  • ថ្ងៃទី ២២ ខែ​ក​ញ្ញ ឆ្នាំ ១៩៧៤ អគ្គលេខាធិការ​គណៈកម្មាធិកា​រ កណ្តាល នៃ​គណៈ​ពុទ្ធសាសនា ថេរវាទ​មជ្ឈមណ្ឌល ។​
  • ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ១៩៧៥ អគ្គ​សង្ឃា​ធិ​ការ នៃ​ក្បួន​បាតុកម្ម​ទាមទារ​ឲ្យ អាជ្ញាធរ​យួន​ខេត្ត ព្រះ​ត្រពាំង (​វិញ​បិ​ញ​) ដោះលែង​ព្រះសង្ឃ​ខ្មែរ​ជាង​ពីរ​រយ​អង្គ​ត្រូវ​ចាប់​ផ្សឹក ហើយ​កំពុង​ត្រូវ​ឃុំឃាំង នៅក្នុង​មន្ទីរ​កំណែ​ពល​ខេត្ត ។​

​ជាប់គុក​យួន​៖

  • ថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ ១៩៧៥ ត្រូវ​យួន​កុ​ម្មុយ​និ​ស្ត​ចាប់​ដាក់គុក​នៅ​ខេត្ត​ព្រែក​ឫស្សី (Can Tho) ។ បាន​ចេញពី​គុក​វិញ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៨០ ។​

ភៀសខ្លួន​ចេញពី​កម្ពុជា​ក្រោម​៖

  • ​លោក​បាន​ភៀសខ្លួន​ទៅដល់​ជំរំ​ជនភៀសខ្លួន នៅ​ប្រទេស​ថៃ​ថ្ងៃ​នៅ ទី ០៩ នៅ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​១៩៨០ ហើយ​បាន​ទៅ​តាំង​ទីលំនៅ នៅ​សហរដ្ឋអាមេរិក នា​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ ១៩៨២ ។​

​សកម្មភាព​ខ្មែរក្រោម​នៅក្រៅ​ប្រទេស​៖

  • ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ១៩៨៣ លោក​បាន​ធ្វើជា​ប្រធាន​សមាគម​ខ្មែរក្រោម រដ្ឋ​អូ​រេ​ហ្គិ​ន សហរដ្ឋអាមេរិក ។​
  • ​ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ​១៩៨៣ ជា​និពន្ធ​នាយក​ព្រឹត្តិបត្រ សំឡេង​ខ្មែរក្រោម នៅ​សហរដ្ឋអាមេរិក និង​ជា​លេខាធិការ​នៃ​មហាសន្និបាត​សកល​ខ្មែរ​កម្ពុជា​ក្រោម លើក​ទី ៣ ទី ៤ និង ទី ៥ ។​
  • ​ឆ្នាំ ១៩៩៧ បាន​ចងក្រង និង​បោះពុម្ព​សៀវភៅ​ឯកសារ​ស្ដីអំពី​កម្ពុជា​ក្រោម​ដែលមាន​ឈ្មោះថា “​ទុក្ខ​ខ្មែរក្រោម​” ។​
  • ​នៅ​ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០០៤ មហាសន្និបាត​សកល​លើក​ទី ៧ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ប្រព្រឹត្តទៅ នៅ​ទីក្រុង ឃេ​ម​ឌិន រដ្ឋ​នី​វ​ឈឺ​ស៊ី សហរដ្ឋអាមេរិក ក្នុង​គោលបំណង ពិនិត្យ សកម្មភាព កន្លងមក កំណត់​បេសកកម្ម​ថ្មី និង​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី​នៃ​សហព័ន្ធ លោក ថាច់ សេ ត្រូវបាន​ជាប់ឆ្នោត​ជា​ប្រធានសភា​តំណាង​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ជួរ​ថ្នាក់​ដឹក នាំ ជា​គណៈកម្មការ​នាយក​សម្រាប់​អាណត្តិ​កាល​ទី ៣ ចាប់ពី​ឆ្នាំ ២០០៤ ដល់ ២០០៨ ។ ក្នុង​អាណត្តិ​ទី ៤ និង ទី ៥ ចាប់ពី​ឆ្នាំ ២០០៤ ដល់ ២០១៦ លោក​នៅតែ​ត្រូវបាន​គេ​បោះឆ្នោត ឲ្យ​ធ្វើជា​ប្រធានសភា តំណាង នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដដែល រហូតមកដល់​សព្វថ្ងៃ ។​

ទាក់ទិន​នឹង​រឿងរ៉ាវ​របស់លោក ថាច់ សេ នេះ ប្រធានសភា​ព្រឹទ្ធាចារ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គឺ​លោក​ចៅ រៀប​លោក​លើកឡើងថា លោក​ថាច់ សេ​ជា​សហ​ស្ថាបនិក​បង្កើតឡើង​នូវ​អង្គការ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ហើយ​លោក​ខ្លះ​ខ្នែង​ណាស់​ចំពោះ​ការរៀបចំ​ឯកសារ​នានា​ក្នុង​បុព្វហេតុ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។​

លោក​ចៅ រៀប បន្ថែមថា លោក​ថាច់ សេ​ថែមទាំង​ជា​កវី​ដ៏​ពូកែ​មួយរូប​ក្នុងការ​តែង​បទ​ចម្រៀង​មនោសញ្ចេតនា​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ទៀតផង ។​

លោក​ចៅ រៀប​៖ «​គោលដៅ​អី​បើ​យើង​ដាក់​ឲ្យ​ធ្វើ​អ្វី គាត់​ធ្វើ​ទាល់តែ​ហើយ ចំណែក​បញ្ហា​ច្បាប់ទម្លាប់​ឯកសារ​អ្វី​ទាក់ទង​នឹង​សហព័ន្ធ​ហ្នឹង​ណា គាត់​តែងតែ​ធ្វើ​ដោយ​ហ្មត់ចត់​មិន​បង់​ចោល​ទេ ។ គេ​ចូលចិត្ត​រឿង​រៀបចំ ឯកសារ​ច្បាប់ទម្លាប់​អ្វី ៗ ទាំងអស់​ហ្នឹង ហើយ​ក្រៅពី​ហ្នឹង​ការនិពន្ធ​បទ​ចម្រៀង​ហ្នឹង​គាត់​ធ្វើបាន ហើយ​ល្អ​ណាស់ រឿង​និពន្ធ​បទ​ចម្រៀង​ហ្នឹង គេ​និពន្ធ​ឱ្យ​ខ្ញុំ​បាន​ពីរ​បទ​ដែរ​»​ ។​

​ស្រដៀង​គ្នា​នេះដែរ​បុរស​ខ្មែរក្រោម​វ័យ ៧០ មួយរូប ឈ្មោះ ថាច់ ភឿន រស់នៅ​ទីក្រុង ភ្នំពេញ ប្រទេស​កម្ពុជា លោក​ជា​អ្នកស្រុក​ជាមួយនឹង​លោក ថាច់ សេ ។ លោក ភឿន ថា​លោក​ថាច់ សេ​ក្លាហាន​ណាស់ លោក​ចូលរួម​បាតុកម្ម​ទាមទារ​ឋានៈ​ជនជាតិភាគតិច​សម្រាប់​ខ្មែរក្រោម​ទាំងពី​ធ្វើ​នៅ​ខេត្ត​ព្រះ​ត្រពាំង រហូតដល់​ទីក្រុង​ព្រៃនគរ ។​

​បុរស​ខ្មែរក្រោម​វ័យ ៧០ ម្នាក់នេះ បន្ថែមថា លោក ថាច់ សេ មាន​តួនាទី​ជាច្រើន​នៅក្នុង​ស្ថាប័ន​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម គឺ​លោក​ជា​លេខាធិការ​សង្ឃ​ផង និង​ជា​អ្នកសារព័ត៌មាន​ផង​ក៏មាន ហើយ​លោក ថាច់ សេ​មិនដែល​បោះចោល​បង់​ការងា​រ​ជា​ប្រយោជន៍​ខ្មែរក្រោម​នោះទេ​។​

លោក ថាច់ ភឿន​៖ «លោក​ថាច់ សេ​នៅ​ចុង​មិ​ស គាត់​នៅ​ស្រុក​ជាមួយ​ខ្ញុំ នៅ​ចំណុះជើងវត្ត​ជាមួយគ្នា​បើ​នៅ​ធ្វើការ​នៅ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​គាត់​នៅ​ខាង​សភា​» ។ ថាច់ សេ គាត់​រៀន​នៅ​វត្ត​កំពង់​ជាមួយគ្នា គាត់​បួស​រហូត​ទៅ​នៅ​ទីក្រុង​ក៏​គាត់​បួស​ដែរ ។ ថាច់ សេ​ហ្នឹង​គាត់​ក្លាហាន​តើ ហើយ​រឿង​នយោបាយ​យើង​ធ្វើ​ជាមួយគ្នា​កាល​នៅ​កម្ពុជា​ក្រោម​ហ្នឹង គាត់​ធ្វើ​នយោបាយ​រហូត​ហ្នឹង​គាត់​មិនដែល​ឈប់​ទេ​» ​។​

លោក​ព្រឹទ្ធាចារ្យ​ថាច់ សេ ពោលថា ហេតុដែល​លោក​ខិតខំ​ចងក្រង​ប្រវត្តិ​កម្ពុជា​ក្រោម ព្រោះថា​វា​ឆន្ទៈ​ជួយ​ជំរុញ​ឲ្យ​ការតស៊ូ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​នៅ​កម្ពុជា​ក្រោម របស់​យុវជន​កុលបុត្រ​ខ្មែរក្រោម​នឹង​បាន​ទទួលបាន​ជោគជ័យ​តាម​បំណងប្រាថ្នា​ ៕

Leave A Reply

Your email address will not be published.