ទូតខ្មែរ នៅវៀតណាម រុញការទទួលខុសត្រូវដាក់គ្នា ករណីអាជ្ញាធរយួនដកហូតលិខិតឆ្លងដែនព្រះសង្ឃដើមកំណើតខ្មែរក្រោម
ដោយ ស៊ឺន ចែងចើន
ពីខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម នៅវេលាម៉ោង ៦ និង ៣០ នាទីរសៀល ថ្ងៃទី ១១ កម្ភៈនេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុង ហូ ជីម៉ិញ (ព្រៃនគរ) បានណែនាំឲ្យព្រះតេជព្រះគុណ សឺន ទី ទាក់ទងទៅស្ថានទូតកម្ពុជា នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម សុំរកកិច្ចអន្តរាគមន៍ទៅភាគីវៀតណាម ដើម្បីប្រគល់លិខិតឆ្លងដែនជូនព្រះអង្គ ដែលត្រូវអាជ្ញាធរវៀតណាម ដកហូត កាលពីថ្ងៃទី ២ កុម្ភៈ មក ។

ការធ្វើអន្តរាគមន៍ ពីស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ធ្វើឡើង បន្ទាប់ពីសហព័ន្ធខ្មែរកម្ពុជាក្រោម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី ១០ កុម្ភៈ ម្សិលមិញនេះ បានដាក់លិខិតអន្តរាគមន៍ទៅក្រសួងការបរទេសកម្ពុជា ក្រសួងការបរទេសសហរដ្ឋអាមេរិក ស្ថានទូតវៀតណាម ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) និងដាក់ទៅកាន់បណ្តាស្ថានទូតមួយចំនួនទៀត ប្រចាំនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដើម្បីសុំឲ្យជួយអន្តរាគមន៍ទៅលើព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលកាន់លិខិតឆ្លងដែនកម្ពុជា តែត្រូវបានដកហូតដោយអាជ្ញាធរខេត្តឃ្លាំង នៃដែនដីកម្ពុជាក្រោម ហើយបច្ចុប្បន្នស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ។
ព្រះតេជព្រះគុណ សឺន ទី ថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជាក្រោម ពីវត្តចតុមុខារតនារាម ពាមបួន (កូនក្អែក) ដែលជាវត្តកំណើតរបស់ព្រះអង្គកំពុងគង់នៅជាបណ្តោះអាសន្នថា នៅរសៀលថ្ងៃទី ១១ កុម្ភៈ ថា ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម បានទាក់ទងមកព្រះអង្គដោយផ្ទាល់ ដើម្បីសួរនាំអំពីមូលហេតុ នៃការដកហូតលិខិតឆ្លងដែន ពីអាជ្ញាធរយួនខេត្តឃ្លាំង ។ ព្រះតេជព្រះគុណ សឺន ទី បន្តថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុង ព្រៃនគរ បានណែនាំឲ្យព្រះអង្គសរសេរលិខិតស្នើសុំធ្វើអន្តរាគមន៍ដោយផ្ទាល់ខ្លួនព្រះអង្គ ហើយផ្ញើទៅស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ ។
គួរជម្រាបជូនថា ព្រះតេជព្រះគុណ សឺន ទី បាននិមន្តទៅស្រុកកំណើតរបស់ព្រះអង្គ ដើម្បីសួរសុខទុក្ខសាច់ញាតិ នៅខេត្តឃ្លាំង ទឹកដីកម្ពុជាក្រោម កាលពីថ្ងៃទី ២៤ មករា ។ លុះដល់ថ្ងៃទី ២ ខែកុម្ភៈ ព្រះអង្គក៏ត្រូវអាជ្ញាធរយួននៃខេត្តឃ្លាំង កោះហៅទៅសួរចម្លើយ ជុំវិញការប្រើប្រាស់បណ្ដាញសង្គម និងចែកចាយព័ត៌មាន ស្តីពីសកម្មភាពរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដោយអាជ្ញាធរវៀតណាម ចាត់ទុកថា ជាករណីខុសច្បាប់ នៅក្នុងប្រទេសរបស់ខ្លួន ។ ក្រោយចំណាយពេលមួយល្ងាចពេញ ដើម្បីសួរនាំករណីពាក់ព័ន្ធរួចមក ព្រះអង្គត្រូវបាននគបាលដកហូតលិខិតឆ្លងដែន និងថែមទាំងមានលក្ខ័ណ្ឌផេ្សងៗ ដែលជាការបង្គាប់ និងបង្ខំឲ្យព្រះអនុវត្តតាម ។ ដោយយល់ថា ព្រះអង្គជាប្រជាពលរដ្ឌខ្មែរ និងកាន់លិខិតឆ្លងដែន ដែលចេញដោយសមត្ថកិច្ចកម្ពុជា ពោលគឺព្រះអង្គជាជនបរទេស មិនមែនជាជនជាតិវៀតណាម ទេ ។ ដូច្នេះ ព្រះអង្គមិនបានអនុវត្តតាម ជាហេតុនាំអាជ្ញាធរខេត្តឃ្លាំង នៅតែបន្តរក្សាទុកលិខិតឆ្លងដែនរបស់ព្រះអង្គ រហូតមកដល់បច្ចុប្បន្ន ។
ក្រោយពីករណីនេះ កើតឡើងភ្លាមៗ ព្រះតេជព្រះគុណ សឺន ទី ក៏បានស្វះស្វែងរកកិច្ចអន្តរាគមន៍ ពីស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុង ព្រៃនគរ និងស្ថានទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយនៃប្រទេសវៀតណាម ដែរ ។ ប៉ុន្តែ មិនទទួលបានលទ្ធផលឡើយ ដោយសារតែលេខទូរស័ព្ទ និងអ៊ីមែល ដាក់នៅលើគេហទំព័រផ្លូវការរបស់ស្ថានទូក ហៅមិនចូល និងសរសេរអ៊ីម៉ែលផ្ញើទៅ តែគ្មានការលើកឆ្លើយតប ។ ដោយអស់លទ្ធភាព ទើបព្រះអង្គ សុំរកកិច្ចអន្តរាគមន៍ ពីសមាគមខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេស ។
ជារឿយៗ ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោម តែងតែត្រូវអាជ្ញាធរនៃអាណានិគមយួន កោះហៅទៅសួរចម្លើយជាបន្តបន្ទាប់ ដោយចោទពីបទប្រឆាំង នឹងរដ្ឋាភិបាល ឬមានទំនាក់ទំនង នឹងខ្មែរក្រោម នៅក្រៅប្រទេស ៕