សង្ខេបព្រឹត្តិការណ៍ឆ្នាំ ២០២០ ៖ បញ្ហាបំពុលបរិស្ថាន បញ្ហាប្រជាសាស្ត្រខ្មែរក្រោម និងកោះត្រល់
ដោយ យាង សុធារិន្ទ
នៅកម្ពុជាក្រោមក្នុងឆ្នាំ ២០២០ មានព្រឹត្តិការណ៍ផ្សេងៗជាច្រើនបានកើតឡើង ។ ព្រឹត្តិការណ៍ ទាំងនោះមានដូចជាបញ្ហារំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិកាន់កាប់ដីធ្លី ការចាប់ខ្លួន ការឃុំខ្លួន និងការកាត់ទោសពលរដ្ឋខ្មែរក្រោម ការបំបិទសិទ្ធិសេរីភាពមូលដ្ឋាននានា ព្រមទាំងព្រឹត្តិការណ៍ពាក់ព័ន្ធទៅនឹងវិស័យព្រះពុទ្ធសាសនា វត្តអារាម និងវប្បធម៌ ជាដើម ។ ក្រៅពីនោះ ក៏នៅមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួនទៀតបានកើតឡើងផងដែរ ដែលសំឡេង ខ្មែរកម្ពុជាក្រោម និងសារព័ត៌មាន ព្រៃនគរ រីករាយនឹងរម្លឹកឡើងខ្លះៗពីព្រឹត្តិការណ៍ទាំងនោះ ។

ខ្ញុំសូមបើកឆាកដោយរម្លឹកឡើងវិញនូវព្រឹត្តិការណ៍មួយពាក់ព័ន្ធទៅនឹងការបំពុលបរិស្ថាន ដែលបានកើតឡើងនៅក្នុងខេត្តមាត់ជ្រូក នៅដែនដីកម្ពុជាក្រោម ដែលជាខេត្តមានព្រំប្រទល់ ជាប់នឹងខេត្តតាកែវរបស់ប្រទេសកម្ពុជា ។
ពលរដ្ឋខ្មែរក្រោមនៅខេត្តមាត់ជ្រូក កាលពីពាក់កណ្តាលខែ មីនា ឆ្នាំ ២០២០ បានទទូចឱ្យក្រុមហ៊ុនអាជីវកម្មកិនថ្មភ្នំរបស់ជនជាតិយូន និងអាជ្ញាធរវៀតណាមនៅទីនោះ ដោះស្រាយអំពីផលប៉ះពាល់ដោយសារអាជីវកម្មកិនថ្មភ្នំដែលបានបង្កការរំខានដល់ការរស់នៅរបស់ពួកគេ ។
ការទទូចរបស់ប្រជាពលរដ្ឋខ្មែរក្រោម នៅស្រុកក្របៅ ឬយួនហៅថា ទិញបៀន (Tịnh Biên) នៃខេត្តមាត់ជ្រូក ក្នុងពេលដែលក្រុមហ៊ុនធ្វើអាជីវកម្មវាយកម្ទេចថ្មភ្នំរបស់ជនជាតិយួន ធ្វើសកម្មភាពវាយថ្មភ្នំបង្កឱ្យមានសំឡេងឮខ្លាំង ហើយអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។
ក្រុមហ៊ុនសំណង់ដែលធ្វើសកម្មភាពវាយកម្ទេចថ្មភ្នំនោះ ត្រូវបានគេដឹងថាឈ្មោះ «ក្រុមហ៊ុនសំណង់ទទួលខុសត្រូវលីមីតធីត MTV អានយ៉ាង» ។
តំណាងប្រជាពលរដ្ឋខ្មែរក្រោមឈ្មោះ គឹម ហិន (Kim Hinh) រស់នៅស្រុកក្របៅ បានសរសេរលិខិតមួយច្បាប់បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដើម្បីស្នើទៅក្រុមហ៊ុននេះ ជួយដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ ។
ខ្លឹមសារនៃលិខិតស្នើរបស់តំណាងពលរដ្ឋខ្មែរក្រោម ដែលហាក់ដូចអស់ជំនឿលើអាជ្ញាធរមូលដ្ឋាន ក្នុងការដោះស្រាយជូនពួកគាត់នោះ រៀបរាប់ថា ក្រុមហ៊ុនធ្វើអាជីវកម្មវាយបំបែកថ្មភ្នំ បានបាញ់បំផ្ទុះភ្នំចំនួនពីរដងក្នុងមួយថ្ងៃ ពោលនៅពេលថ្ងៃត្រង់ និងពេលរសៀល ហើយនៅពេលបាញ់បំបែកថ្មម្ដងៗ មានសំឡេងឮខ្ទរខ្លាំង ហើយកម្ទេចថ្មក៏ខ្ទាតទៅប៉ះនឹងដំបូលផ្ទះ និងរំញ័របានធ្វើឱ្យប្រេះផ្ទះរបស់ប្រជាពលរដ្ឋដែលនៅក្បែរជើងភ្នំជាញឹកញាប់ ។ ជាពិសេស វាបានធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សផងដែរ ។
ពលរដ្ឋខ្មែរក្រោមរូបនេះ ថាការធ្វើអាជីវកម្មថ្មភ្នំនេះ ពុំបានផ្ដល់ផលប្រយោជន៍អ្វីដល់ប្រជាពលរដ្ឋនៅតំបន់នោះឡើយ តែវាជាការរំខានដល់ការរស់នៅ ធ្វើឲ្យហិនហោចសម្បត្តិធនធានធម្មជាតិ និងបំផ្លិចបំផ្លាញផ្លូវថ្នល់ក្នុងភូមិសម្រាប់ប្រជាពលរដ្ឋ កូនចៅខ្មែរក្រោម ធ្វើដំណើរ ដោយសារតែឡានធំៗដឹកថ្មចេញចូលរបស់ក្រុមហ៊ុនមួយនេះ ។ ដូច្នេះ ពួកគេអាចជួបនឹងគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើរ នៅពេលឡានធំៗ ទាំងនេះ បើកប្រជែងគ្នាយ៉ាងលឿន ឬបញ្ចៀសគ្នាម្តងៗ ធ្វើឲ្យអ្នកដំណើរ និងពលរដ្ឋដែលរស់នៅតាមដងផ្លូវមានការភ័យខ្លាច ។
លើសពីនេះទៅទៀត នៅពេលឡានដឹកថ្មរាប់សិបគ្រឿង របស់ក្រុមហ៊ុននេះ បានបើកឆ្លងកាត់មុខផ្ទះរបស់ពលរដ្ឋម្តងៗ ធ្វើឲ្យដីហុយខ្លាំងមើលផ្លូវមិនឃើញ ពិបាកដកដង្ហើម ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់ ជាពិសេស គឺកុមារតូចៗ ដែលប្រឈម នឹងបញ្ហាសុខភាពយ៉ាងខ្លាំង ។
សូមបញ្ជាក់ថា ក្រុមហ៊ុនសំណង់ទទួលខុសត្រូវលីមីតធីត MTV អានយ៉ាង ទទួលបានអាជ្ញាប័ណ្ណជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែថ្ម នៅស្រុកក្របៅ ខេត្តមាត់ជ្រូក ចាប់តាំងពីឆ្នាំ ១៩៩២ មក ។ ក្រុមហ៊ុននេះ មានសិទ្ធិប្រកបអាជីវកម្ម ដូចជា បំផ្ទុះគ្រាប់ ជីកកកាយ យកថ្មភ្នំ ខ្សាច់ភ្នំ កិនថ្ម ។ល។ ក្រុមហ៊ុននេះ កំពុងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរក្រោមដែលរស់នៅក្បែជើងភ្នំ ប៉ុន្តែអាជ្ញាធរវៀតណាមមិនបានដោះស្រាយឡើយ ។
ឥលូវយើងងាកចេញពីបញ្ហាបំពុលបរិស្ថាន និង បំពុលសំឡេងនៅខេត្តមាត់ជ្រូកមក និយាយអំពីបញ្ហាចំនួនប្រជាពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោមវិញម្តង ។
ទាក់ទងនឹងរឿងនេះ ខ្មែរក្រោមបានចោទប្រកាន់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាមថាកំពុងតែលុបបំបាត់ចំនួនពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោម ។ ការចោទប្រកាន់នេះ ក្រោយពីរដ្ឋាភិបាលវៀតណាម បានផ្សព្វផ្សាយ របាយការណ៍ជំរឿនឆ្នាំ ២០១៩ ទៅលើប្រជាជនចំនួន ៥៣ ជនជាតិ ដែលវៀតណាមចាត់ទុកថា ជាជនជាតិភាគតិច នៅក្នុងប្រទេសវៀតណាម ។ របាយការណ៍បង្ហាញថា ចំនួនពលរដ្ឋខ្មែរក្រោម មានប្រមាណតែជាង ១ លាន ៣ សែននាក់ប៉ុណ្ណោះ ក្នុងចំណោមប្រជាជនទាំងអស់ នៅក្នុងប្រទេសវៀតណាម ដែលបច្ចុប្បន្នមានប្រមាណ ៩៦ លាននាក់ទៅហើយនោះ ។ ខ្មែរក្រោមចាត់ទុកចំនួនពលរដ្ឋខ្មែរក្រោម នៅក្នុងរបាយការណ៍នេះថា ជាតួលេខសិប្បនិម្មិត្ត ធ្វើឡើងក្នុងចេតនាបង្ហាញថា ខ្មែរក្រោមគ្រាន់តែជាជនជាតិភាគតិចតូចមួយនៅក្នុងប្រទេសវៀតណាម គឺមិនមែនជាជនជាតិដើមម្ចាស់ទឹកម្ចាស់ដីនោះទេ ។
របាយការណ៍ជំរឿនរបស់វៀតណាម បង្ហាញថា ចំនួនប្រជាជនសរុបនៃជនជាតិទាំង ៥៣ នៅក្នុងប្រទេសវៀតណាម មានចំនួន ប្រមាណ ៨ លាន ៦ សែន (៨,៦០៤,៨១៨) នាក់ ក្នុងនោះចំនួនពលរដ្ឋខ្មែរក្រោមមានជាង ១ លាន ៣ សែន (១,៣១៩,៦៥២) នាក់ ។ តួលេខនេះ បង្ហាញថា ចំនួនពលរដ្ឋខ្មែរក្រោមស្ថិតនៅលេខរៀងទី ៥ ដែលមានប្រជាជនច្រើនជាងគេក្នុងចំណោមជនជាតិទាំង ៥៣ បន្ទាប់ពីជនជាតិតាយ (Tày) ជនជាតិថៃ (Thái) ជនជាតិមឿង (Mường) និងជនជាតិម៉ុង (Mông) ។ ចំណែកឯជនជាតិចាមដែលជាអតីតម្ចាស់នៃនគរចំប៉ា ដែលវៀតណាមបានគ្រប់គ្រងតាំងពីឆ្នាំ ១៤៧១ នោះ គឺមានចំនួនមិនដល់ ២ សែន នាក់ផង នៅក្នុងពេលបច្ចុប្បន្ន ។
គួរបញ្ជាក់ថា នៅក្នុងប្រទេសវៀតណាមទាំងមូលបើបូកបញ្ចូលទាំងជនជាតិវៀតណាមទៀត ប្រជាជននៅវៀតណាមមានសរុបទាំងអស់ជិត ៩៦ លាន នាក់ ។ ដូច្នេះ បើផ្អែកលើតួលេខជំរឿនរបស់រដ្ឋាភិបាលវៀតណាមនៅពេលនេះ វាមានន័យថា ជនជាតិវៀតណាមមានចំនួនរហូតដល់ទៅជិត ៨៨ លាននាក់ ក្នុងចំណោមប្រជាជនជិត ៩៦ លាននាក់នៅក្នុងប្រទេសនេះ ។
ប៉ុន្តែ សម្រាប់សហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ថា UNPO វិញ ថាពលរដ្ឋខ្មែរក្រោមមានមិនតិចជាង ៧ លាននាក់នោះទេ នៅក្នុងពេលបច្ចុប្បន្ន ។
គួររម្លឹកផងដែរថា រដ្ឋាភិបាលវៀតណាមធ្លាប់បានអះអាងកាលពី ៣០ ឆ្នាំមុនថា ពលរដ្ឋខ្មែរក្រោមមានចំនួនជាង ១ លាននាក់ ។ ប៉ុន្តែ រហូតមកដល់ ៣០ ឆ្នាំក្រោយមក រដ្ឋាភិបាលវៀតណាម នៅតែអះអាងថា ពលរដ្ឋខ្មែរក្រោមមានចំនួនតែជាង ១ លាននាក់ដដែល ។ បន្ថែមពីលើនេះ វៀតណាមថាកាលពីឆ្នាំ ២០០៩ ខ្មែរក្រោមមានចំនួនតែជាង ១ លាន ២ សែន (១.២៦០.៦៤០) នាក់ ហើយមកដល់ឆ្នាំ ២០១៩ វៀតណាមអះអាងថា ខ្មែរក្រោមមានចំនួនតែជាង ១ លាន ៣ សែន (១,៣១៩,៦៥២) នាក់ ។ បើផ្អែកលើតួលេខនេះ បញ្ជាក់ថា ក្នុងរយៈពេល ១០ ឆ្នាំ ចុងក្រោយនេះ ខ្មែរក្រោមកើនមិនដល់ ៦ ម៉ឺន (៥៩.០១២) នាក់ផង ។
អនុប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម លោក ម៉ៅ មុនី ថ្លែងថា តួលេខរបស់រដ្ឋាភិបាលវៀតណាមនេះ គឺខ្មែរក្រោមមិនអាចទទួលយកបាននោះទេ ។ លោកថាចំនួនខ្មែរក្រោមមានជាង ១ លាន ៣ សែននាក់នោះ វាគ្រាន់តែជាតួលេខដែលរដ្ឋាភិបាលវៀតណាមបង្កើតឡើង ដើម្បីបង្គ្រប់កិច្ចឲ្យស្របនឹងគោលនយោបាយរបស់វៀតណាម ដែលថា “ខ្មែរក្រោមជាជនជាតិ ភាគតិច” តែប៉ុណ្ណោះ ។ ម្យ៉ាងទៀត លោកអះអាងថា ពលរដ្ឋខ្មែរក្រោមមិនដែលបានបំពេញបែបបទលើ «ទម្រង់ធ្វើជំរឿនប្រជាជន និងលំនៅឋាន» របស់រដ្ឋាភិបាលវៀតណាម នោះឡើយ ។
លោក ម៉ៅ មុនី មានប្រសាសន៍ថា ការណ៍ដែលរដ្ឋាភិបាលវៀតណាម បង្ហាញចំនួនពលរដ្ឋ ខ្មែរក្រោមមានចំនួនតិចនេះ វៀតណាមក៏មានចេតនាបន្សាបនូវឥទ្ធិពលនៃការទាមទាររបស់ ខ្មែរក្រោមនៅក្រៅប្រទេស ដែលកំពុងទាមទារឱ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិសេរីភាព និងសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯងរបស់ខ្មែរក្រោម ដែលជាម្ចាស់ស្រុក និងជាជនជាតិ ដើមនៅកម្ពុជាក្រោម ។ លោកថា ដើម្បីកុំឱ្យមានការរិះគន់ ឬដើម្បីធ្វើឱ្យការជំរឿនពលរដ្ឋខ្មែរក្រោមមានតម្លាភាព និងអាចទទួលយកបាន រដ្ឋាភិបាលវៀតណាមគួរអនុញ្ញាតិឱ្យសហព័ន្ធខ្មែរកម្ពុជាក្រោម ឬអង្គការក្រៅរដ្ឋាភិបាលដែលឯករាជ្យចូលរួមនៅក្នុងដំណើរការធ្វើជំរឿននេះ ។
រដ្ឋាភិបាលវៀតណាម អះអាងថា ជំរឿននេះធ្វើឡើងតាមរយៈការអនុញ្ញាតិឱ្យប្រជាជនខ្មែរក្រោម បំពេញទម្រង់ព័ត៌មាន និងកម្រងសំណួរ ដែលរដ្ឋាភិបាលបានរៀបចំចែកឱ្យពលរដ្ឋបំពេញ ។ ទោះជាយ៉ាងណា ពលរដ្ឋខ្មែរក្រោមឱ្យដឹងថា ពួកគេមិនធ្លាប់បានបំពេញទម្រង់ជំរឿននោះឡើយ ។
បច្ចុប្បន្ននេះ អង្គការ សមាគមខ្មែរកម្ពុជាក្រោម មិនមានលទ្ធភាពក្នុងការធ្វើជំរឿនប្រជាជនខ្មែរក្រោម នៅដែនដីកម្ពុជាក្រោមឡើយ ដោយហេតុថា រដ្ឋាភិបាលវៀតណាមមិនអនុញ្ញាតិ ។ ក្នុងពេលជាមួយគ្នា ខ្មែរក្រោមក៏មិនជឿទៅលើតួលេខ ដែលបង្ហាញដោយរដ្ឋាភិបាលវៀតណាមនោះដែរ ដោយពួកគេពិនិត្យឃើញថា តួលេខរបស់រដ្ឋាភិបាលវៀតណាម មិនឆ្លុះបញ្ចាំងទៅនឹងចំនួនពលរដ្ឋខ្មែរក្រោមជាក់ស្តែង និងមិនសមហេតុផលទៅតាមការគណនាកំណើនចំនួនប្រជាជនខ្មែរក្រោម ទៅតាមតួលេខខ្មែរក្រោមដែលរកឃើញក្នុងសម័យអាណានិគមបារាំង ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា តាមការសង្កេតរបស់លោក លោកថា ត្រឹមតែខេត្តព្រះត្រពាំងមួយ ក៏មានខ្មែរចន្លោះពី ១ លាន ៥ សែន ទៅ ២ លាននាក់ទៅហើយ ។
បច្ចុប្បន្ន នៅកម្ពុជាក្រោម មានវត្តខ្មែរចំនួន ៤៦១ វត្ត និងមានព្រះសង្ឃជិត ៩ ពាន់ (៨.៧៥០) អង្គ បើគិតត្រឹមឆ្នាំ ២០១៤ ។
ពេលនេះយើងក្រឡេកទៅមើលរឿងរ៉ាវដ៏សំខាន់មួយទៀត គឺរឿងកោះត្រល់ ហើយក៏ជារឿង ចុងក្រោយសម្រាប់ការសង្ខេបព្រឹត្តិការណ៍សំខាន់ៗរបស់ខ្ញុំផងដែរ ។ ជុំវិញរឿងកោះត្រល់នេះ ប្រទេសវៀតណាមគ្រោងអភិវឌ្ឍកោះនេះឱ្យក្លាយទៅជាទីក្រុងកោះដ៏ដំបូងគេបង្អស់នៅក្នុង ប្រទេសកុម្មុយនិស្តមួយនេះ ។
កាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២០ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមបានអនុម័តយល់ព្រមនូវផែនការដើម្បីអភិវឌ្ឍកោះនេះ ឱ្យក្លាយទៅជាទីក្រុងកោះដំបូងបង្អស់នៅក្នុងប្រទេស ។ ផែនការអភិវឌ្ឍន៍កោះត្រល់ នឹងដាក់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តក្រមួនស ដែលវៀតណាមហៅថា ខេត្តកៀងយ៉ាង (Kien Giang) ។
ផែនការអភិវឌ្ឍន៍កោះត្រល់ គ្រោងចាប់ផ្តើមដាក់ឱ្យដំណើរការជាធរមានចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ តទៅ ។
កោះត្រល់គឺជាកោះរបស់ខ្មែរតែត្រូវវៀតណាមប្តូរឈ្មោះទៅជាកោះ ភូក្វឹក (Phu Quoc) និងកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាម ។ កោះនេះមានផ្ទៃដីប្រមាណ ៥៨៩ គីឡូម៉ែត្រការ៉េ ដែលទំហំនេះប្រហាក់ប្រហែលទៅនឹងប្រទេសសឹង្ហបុរី ។ កោះនេះ ស្ថិតនៅប៉ែកខាងត្បូងប្រទេសកម្ពុជា មានចំងាយប្រមាណ ១២ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តកំពត និងមានចំងាយប្រមាណ ៤៥ គីឡូម៉ែត្រពីទីរួមខេត្តពាម ដែនដីកម្ពុជាក្រោម ដែលវៀតណាមបានប្តូរឈ្មោះទៅជាខេត្តហាទៀង ។
កោះត្រល់គឺជាកោះដែលសំបូរទៅដោយធនធានធម្មជាតិ ជីវចំរុះ ធនធនបាតសមុទ្រ មាន ព្រៃឈើ ឆ្នេរសមុទ្រស្រស់ស្អាតវែងអន្លាយ ឆ្នេរខ្សាច់សក្បុសស្រស់បំព្រង និងមានសហគមន៍ នេសាទ ដែលជាសម្បត្តិដ៏មានតំលៃ និងជាសក្តានុពលដ៏ធំធេងសម្រាប់វិស័យទេសចរណ៍ ។ កោះត្រល់ក៏មានឆ្នេរសមុទ្រទឹកជ្រៅដែលអំណោយផលដល់ការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រ និងការនេសាទសមុទ្រ ។ បច្ចុប្បន្ន រដ្ឋាភិបាលវៀតណាមក៏បានសាងសង់ព្រលានយន្តហោះនៅលើកោះនេះផងដែរ ។ ក្រៅពីនោះ កោះត្រល់មានសហគ្រាស ពាណិជ្ជកម្ម សាលារៀន និងគម្រោងវិនិយោគធំៗជាច្រើន ។
បើតាមសារព័ត៌មានវៀតណាម កោះត្រល់បានរក្សានូវអត្រាកំណើនសេដ្ឋកិច្ចខ្ពស់និងថេរ ក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ និងបានទាក់ទាញគម្រោងវិនិយោគចំនួន ៣២០ គម្រោង ដែលមានតំលៃវិនិយោគប្រមាណ ៣៤០ ទ្រីលានដុង ឬស្មើប្រមាណ ១៧ ពាន់លានដុល្លារ អាមេរិក ។ បើនិយាយពីវិស័យទេសចរណ៍វិញ កាលពីឆ្នាំ ២០១៩ កោះត្រល់បានទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងអន្តរជាតិប្រមាណ ៣ លាននាក់ឱ្យទៅទស្សនានៅទីនោះ ។
គួរបញ្ជាក់ថា ក្រៅពីសំណង់អាគារ និងហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ នៅលើកោះត្រល់ ក៏មានវត្តព្រះពុទ្ធសាសនាខ្មែរមួយត្រូវបានសាងសង់ឡើងចាប់តាំងពីខែឧសភា ឆ្នាំ ២០១៣ ផងដែរ ។ វត្តនោះ មានឈ្មោះថា ពោធិទីបារាម – កោះត្រល់ កសាងលើផ្ទៃដីដ៏ធំទូលាយ និងត្រូវបានផ្តួចផ្តើមគំនិតកសាងដោយសមាគមសាមគ្គីព្រះសង្ឃស្នេហាជាតិខេត្តក្រមួនស និងពុទ្ធបរិស័ទខ្មែរក្រោម ។
កោះត្រល់ គឺជាកោះមួយក្នុងចំណោមកោះធំ ២ នៅដែនដីកម្ពុជាក្រោម ។ កោះមួយទៀត គឺកោះត្រឡាច ដែលព្រះគ្រូអាចារ្យ ហែម ចៀវ ត្រូវបានអាណានិគមបារាំងចាប់ព្រះកាយយកទៅឃុំឃាំងរហូតដល់ព្រះអង្គសុគត់នៅទីនោះ ។
ទោះជាបែបនេះក្តី មកទល់ពេលបច្ចុប្បន្ននេះ កោះត្រល់នៅតែជាប្រធានបទក្តៅនិងរសើបមួយដែលភាគីខ្មែរលើកយកមកបកស្រាយអំពីភាពស្របច្បាប់និងមិនស្របច្បាប់នៃការគ្រប់គ្រងរបស់រដ្ឋាភិបាលវៀតណាមមកលើកោះខ្មែរមួយនេះ ។ ភាគីដែលមិនសុខចិត្ត ចង់ឃើញរដ្ឋាភិបាលកម្ពុជាយកករណីកោះត្រល់នេះប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ តទល់ជាមួយប្រទេសវៀតណាម ដូចដែលអតីតព្រះ មហាក្សត្រខ្មែរសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ បាននាំយកករណីប្រាសាទ ព្រះវិហារទៅតទល់ជាមួយប្រទេសថៃនៅតុលាការយុត្តិធម៌អន្តរជាតិ ហើយដែលនៅទីបំផុត ត្រូវបាន តុលាការពិភពលោកមួយនេះសម្រេចសេចក្តីឱ្យខ្មែរឈ្នះនិងប្រគល់ប្រាសាទ ព្រះវិហារមកឱ្យប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ ៕