ពិធី​ប្រកាស​លទ្ធផល ​ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ និងទុតិយភូមិ នៅ​ដែនដី​កម្ពុជាក្រោម​

0 114

ដោយ ស៊ឺន ចែងចើន

នៅ​រាត្រី​ថ្ងៃទី​ ២ ខែកុម្ភៈ​ ឆ្នាំ​ ២០២០​ នេះ​ គណៈកម្មការ​ប្រឡង​ បាន​រៀបចំ​ពិធី​ប្រកាស​លទ្ធផល​ ប្រឡង​យក​សញ្ញាបត្រ​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​-ទុតិយភូមិ​ នា​សម័យ​ប្រឡង​ផ្នែក​ពុទ្ធិក​សិក្សា​ នៅ​មណ្ឌល​ប្រឡង​វត្ត​ពិ​សី​វរា​រាម​ (ពិសី​) ដែល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធី​ប្រលង​រួម​ថ្នាក់​ខេត្ត​ ។ ពិធី​ប្រកាស​លទ្ធផល​នេះ​ មានការ​និមន្ត​ និង​អញ្ចើញ​ចូលរួម​ពី​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ នៅ​ចំណុះជើងវត្ត​នានា​ នៃ​ខេត្ត​ព្រះត្រពាំង​ ។ នៅ​រាត្រី​ថ្ងៃ​ដដែល​នោះ​ដែរ​ គណៈកម្មការ​រៀបចំ​កម្មវិធី​ប្រឡង​ នឹង​ប្រកាស​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​ប្រគេន​ និង​ជូន​ដល់​បេក្ខ​សមណ​សិស្ស​-សិស្ស​ ព្រមទាំង​ផ្តល់ជា​​រង្វាន់​លើកទឹកចិត្ត​ដល់​បេក្ខ​សមណ​សិស្ស​-សិស្ស​ ទៅតាម​លំដាប់​លេខរៀង​ ចាប់ពី​លេខ​ ១ រហូតដល់​លេខ​ចុងបញ្ចប់​ ។

ទិដ្ឋភាពសមណសិស្សនិមន្តឡើងវេទិការប្រកាសទ្ធផល ដើម្បីទទួលសញ្ញាបត្រ ។ រូបៈ​ Camera​ Huy​
ទិដ្ឋភាពសមណសិស្សនិមន្តឡើងវេទិការប្រកាសទ្ធផល ដើម្បីទទួលសញ្ញាបត្រ ។ រូបៈ​ Camera​ Huy​

គួរ​ជម្រាប​ជូន​ថា​ គណៈ​មន្ត្រី​សង្ឃ​ គណៈកម្មការ​មេប្រយោគ​ គ្រូបង្រៀន​ និង​បេក្ខ​សមណ​សិស្ស​-សិស្ស​ទាំង​ ២ ថ្នាក់​ នៃ​សាលា​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី​ ៤ ឬថ្នាក់​បាលី​រង​ និង​សាលា​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី​ ៣ ឬថ្នាក់​គរុកោសល្យ​ទី​ ៣ នៅ​ទូទាំង​ខេត្ត​ព្រះត្រពាំង​ ដែល​បាន​និមន្ត​មក​សិក្សា​ នៅ​តាម​វត្តអារាម​នានា​ ក្នុង​ខេត្ត​មួយ​នេះ​ បាន​មក​ជួបជុំគ្នា​ នៅ​វត្ត​មណ្ឌល​ប្រឡង​ វត្ត​ពិ​សី​វរា​រាម​ (ពិសី​) ស្រុក​កន្លង់​ ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ខេត្ត​ ​ប្រព្រឹត្តទៅ​រយៈពេល​ ៣ ថ្ងៃ​ ចាប់ពី​ថ្ងៃ​ ៧ កើត​ ដល់​ថ្ងៃ​ ៩ កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវ​ នឹង​ថ្ងៃទី​ ៣១​ ខែមករា​ ដល់​ថ្ងៃទី​ ២ ខែកុម្ភៈ​ គ.ស​ ២០២០​ ក្រោម​ការចាត់តាំង​របស់​អាគារ​សិក្សាធិការ​នៃ​គណៈ​មន្ត្រី​សង្ឃ​ថ្នាក់​ខេត្ត​ព្រះត្រពាំង​ ។

យោង​តាម​គណនី​ហ្វេ​សប៊ុ​ករបស់​ព្រះតេជព្រះគុណ​ ថាច់​ ឌី​ណេ​ ដែល​ជាស​មា​ជិ​កគណៈកម្មការ​រៀបចំ​កម្មវិធី​ប្រឡង​ផ្នែក​ពុទ្ធិក​សិក្សា​ បាន​បង្ហោះ​ជា​សាធារណៈ​ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក នៅ​ថ្ងៃទី​ ៣១​ ខែមករា​ ឲ្យដឹង​ថា​ សមណ​សិស្ស​ទាំង​ ២ ថ្នាក់​ ដែល​បាន​ចូល​ប្រឡង​រួម​បញ្ចប់​ថ្នាក់​ ក្នុង​ឆ្នាំ​សិក្សា​ពុទ្ធសករាជ​ ២៥៦៣​ នេះ​ សរុប​ទាំងអស់​មាន​ចំនួន​ ៤៥៣​ អង្គ​ និង​រូប​ ក្នុង​នោះ​ ក៏​មាន​មាន​យុវ័ន​ យុវតី​ ចូលរួម​ប្រឡង​ផង​ ។ ចំណែក​គណៈកម្មការ​មេប្រយោគ​ ដែល​បាន​និមន្ត​ និង​អញ្ជើញ​មក​ពី​វត្ត​នានា​ ដើម្បី​កែ​វិញ្ញាសា​ និង​សម្រេច​លទ្ធផល​ប្រឡង​ មាន​ចំនួន​ ២១២​ អង្គ​ និង​រូប​ ។ សរុប​បេក្ខ​សមណ​សិស្ស​-សិស្ស​ទាំង​ ២ ថ្នាក់​ និង​គណៈកម្មការ​មេប្រយោគ​ មាន​ចំនួន​ ៦៦៥​ អង្គ​ និង​រូប​ ។

ទិដ្ឋភាពនារាត្រីប្រកាសលទ្ធផល ប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ។ រូបៈ​ Camera​ Huy​
ទិដ្ឋភាពនារាត្រីប្រកាសលទ្ធផល ប្រឡងយកសញ្ញាបត្រពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ។ រូបៈ​ Camera​ Huy​

គណនី​ហ្វេ​សប៊ុ​ករបស់​ព្រះតេជព្រះគុណ​ ថាច់​ ឌី​ណេ​ បាន​បញ្ចាក់​ទៀត​ថា​ សិស្សានុសិស្ស​ ដែល​រៀន​ផ្នែក​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ និង​ទុតិយភូមិ​ទូទាំង​ខេត្ត​ព្រះត្រពាំង​ មាន​ទាំងអស់​ ២១​ បន្ទប់​ ដោយ​ក្នុង​នោះ​ ថ្នាក់​ពុទ្ធិ​កម្យ​មសិ​ក្សា​បឋមភូមិ​ មាន​ ១៧​ បន្ទប់​ និង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ មាន​ ៤ បន្ទប់​ ។

ចំពោះ​វិញ្ញាសា​ប្រឡង​ សម្រាប់​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​បឋមភូមិ​ឆ្នាំទី​ ៤ មាន​ចំនួន​ ១២​ គឺ​ព្រះ​វិន័យ​ តែងសេចក្ដី​ សរសេរ​តាម​អាន​ ធម្មបទ​ វេយ្យាករណ៍​បាលី​ ភាសាខ្មែរ​ ព្រះ​គាថា​ ព្រះអភិធម្ម​ ទស្សនៈ​ពុទ្ធសាសនា​ អង់គ្លេស​ ទូ​រេ​និទាន​ គណិតវិទ្យា​ និង​ថ្នាក់​ពុទ្ធិក​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំទី​ ៣ មាន​ចំនួន​ ១០​ វិញ្ញាសា​ គឺ​សរសេរ​តាម​អាន​ ព្រះ​បាតិមោក្ខ​ បរមាធិប្បាយ​ សាសនា​សកលលោក​ កំណាព្យ​ខ្មែរ​ ភាសាខ្មែរ​ សម្ព័ន្ធ​ មង្គល​ត្ថ​ទីប​នី​ អង់គ្លេស​ គណិតវិទ្យា​ ។

កម្មវិធី​សិក្សា​ថ្នាក់​ពុទ្ធិក​សិក្សា​ នៅ​ខេត្ត​ព្រះត្រពាំង​ ជា​កម្មវិធី​សិក្សា​មួយ​ ផ្ដោត​លើ​ការ​រៀនអក្សរ​សាស្ត្រ​ខ្មែរ​ និង​ភាសាបាលី​ ក្រោម​ការចាត់តាំង​របស់​គណៈ​មន្ត្រី​សង្ឃ​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​មានឈ្មោះ​ថា​ “សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​” ។ សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​ បាន​បង្កើត​ឡើង​ នៅក្នុង​ឆ្នាំ​ ១៩៦៥​ ដោយ​ព្រះតេជព្រះគុណ​ សឺង​ វង់​ (Son​ Vong​) អតីត​ព្រះ​បា​ឡា​តគណ​ខេត្ត​ព្រះត្រពាំង​ ។ សមាគម​មួយ​នេះ​ ដើរតួ​នាទី​បណ្ដុះបណ្ដាល​វិស័យ​អប់រំ​ដល់​ពលរដ្ឋ​ និង​ព្រះសង្ឃ​ខ្មែរក្រោម​ បាន​សិក្សា​រៀនសូត្រ​ទាំង​ផ្នែក​ពុទ្ធចក្រ​ និង​អាណាចក្រ​ ។

ទស្សនារូបភាពជាច្រើនទៀត…

Leave A Reply

Your email address will not be published.