មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​កម្ពុជា ធ្វើ​មហាសន្និបាត​វិសាមញ្ញ ដើម្បី​បន្ត​និរន្តរភាព និង​ជំរុញ​វឌ្ឍនភាព​របស់​សមាគម​

264

ដោយ ស៊ឺន ចែងចើន l សារព័ត៌មាន ព្រៃនគរ

មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ប្រទេស​កម្ពុជា នៅ​ថ្ងៃអាទិត្យ ២១ កុម្ភៈ ម្សិលមិញ​នេះ បានរៀបចំ មហាសន្និបាត​វិសាមញ្ញ​របស់ខ្លួន​ក្រោម​ប្រធានបទ «​ពង្រឹង​ការងារ និង​បង្ហាញ​សកម្មភាព​សមាគម​» ។​

​អង្គ​មហាសន្និបាត​វិសាមញ្ញ ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្ថិតនៅ វត្ត​សាមគ្គី​រង្សី ភូមិ​ទ្រា ២ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយមាន​ការ​អ​ញ្ចើ​ញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​តំណាង​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សមាជិក សមាជិកា​នៃ​មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​អញ្ជើញ​មកពី​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ ពោធិ៍សាត់ តាកែវ ។​ល​។​

តាម​របាយការណ៍​បង្ហាញថា រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើសកម្មភាព​យ៉ាង​ខ្ជាប់ខ្ជួន ដើម្បី​ឆ្លើយតប​ទៅ នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរក្រោម ។ ជាពិសេស សហការ​ជាមួយ​អង្គការ​ជា​ដៃគូ ដើម្បី​រិះរក​គ្រប់​មធ្យោបាយ ជួយ​សម្រួល​នូវ​រាល់​បញ្ហា ដែល​ពលរដ្ឋខ្មែរក្រោម កំពុងតែ​ជួប​ប្រឈម ។

​របាយការណ៍ បាន​បញ្ជាក់ថា ចាប់តាំងពី​ឆ្នាំ ២០១៤ មកទល់ នឹង​ពេលនេះ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​សកម្មភាព​ជាច្រើន ដោយ​ក្នុងនោះ​សម្រេចបាន​នូវ​សមិទ្ធិផលមាន​ជាអាទិ៍ បញ្ជាក់ជូន​នូវ​លិខិតបទដ្ឋាន​ផ្សេងៗ ដល់​ពលរដ្ឋ​ខ្មែរក្រោម ដែល​កំពុង​រស់នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ដើម្បី​យកទៅ​ប្រើប្រាស់​តាម​សេចក្តី​តម្រូវការ​របស់​ខ្លួន បើ​គិត​តាំងពី​ឆ្នាំ ២០១៤ រហូតមកដល់​ដើមឆ្នាំ ២០១៦ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​លិខិត​បញ្ជាក់ជូន​ពលរដ្ឋ​ខ្មែរក្រោម បាន​ចំនួន ២០០ នាក់ ដែល​មកពី ១៦ តំបន់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ ការធ្វើសកម្មភាព​មនុ​ស្ស​ធម៌ ដោយ​ដោះស្រាយ​នូវ​រាល់​កង្វះ​ខាត់ ដែល​ពលរដ្ឋ​ខ្មែរក្រោម បាន​ជួប​ប្រឈម​ខ្លាំង ។

​សម្រាប់​គម្រោង​ផែនការ​ណ៍ និង​ទិសដៅ នៅពេល​ខាងមុខ មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានដាក់​ចេញ​នូវ​គោលការណ៍ ៩ ចំណុច ដើម្បី​អនុវត្ត មានដូចជា​៖

  • ​ផែន​ការណ៍​មូលនិធិ​មរណ​សង្គ្រោះ ។​
  • ​ផែន​ការណ៍​រៀបចំ​ធ្វើ​ប័ណ្ណសមាជិក និង​លិ​ខិ​យ​បញ្ជាក់​បទដ្ឋាន​ផ្សេងៗ ។​
  • បន្ត​ពង្រឹងសមត្ថភាព គុណភាព​ផ្ទៃក្នុង​របស់​សមាគម ។​
  • រៀបចំ​បង្កើត​សាខា និង​អនុសាខា​របស់​សមាគម​តាម​ទីក្រុង និង​តាម​បណ្តា​ខេត្ត តាម​ដែល​អាចធ្វើ​ទៅបាន ។​
  • រៀបចំ​ផែន​ការណ៍​អប់រំ ជួយ​ទ្រទ្រង់​សមាជិក សមាជិកា ដែល​ពុំមាន​មានលទ្ធភាព​គ្រប់គ្រាន់ ឲ្យ​កូនចៅ​បន្ត​ការសិក្សា ។​
  • បន្ត​ចលនា​វប្បធម៌ និង​ប្រពៃណី មាន​ជាអាទិ៍ គឺ រក្សា​ទូក ង «​ខ្មែរ​កម្ពុជា​ក្រោម​មានជ័យ​» ។​
  • រៀបចំ​សកម្មភាព​មនុស្សធម៌ ពិនិត្យ​ជម្ងឺ ដល់​សមាជិក សមាជិកា ក្នុងពេល​សមស្រប​ណាមួយ ។​
  • ប្តេជ្ញា​ប្រកាន់​គោលជំហរ​អព្យាក្រឹត ថែរក្សា​ប្រពៃណី​ល្អ​របស់​សមាគម សំដៅ​ពង្រឹង​ប្រសិទ្ធិភាពការងារ ដើម្បី​ឆ្លើ​យ​តប​ជូន​សមាជិក សមាជិកា ទៅតាម​តម្រូវការ ។​
  • មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​តម្កល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក​ថា ជា​អង្គការ​កំពូ​ល​តែមួយគត់ ដើម្បី​នាំយក​សិទ្ធិសេរីភាព និង​សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង មក​ជូន​ប្រជាពលរដ្ឋ​ខ្មែរក្រោម ។​

​សូមបញ្ជាក់ថា មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បង្កើតឡើង​មុនដំបូង​បង្អស់ នៅ​ឆ្នាំ ១៩៣៧ ក្រោម​ការផ្តួចផ្តើម​របស់លោក​ឧក​ញ៉ា ឡឹម ឯម និង​សហការី​របស់លោក នៅឯ​ដែនដី​កម្ពុជា​ក្រោម ។  ការបង្កើតមិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម នេះ​ឡើង គឺ​ដើម្បី​បំពេញ​នូវ​អត្ថប្រយោជន៍​ដល់​ជន​រួម​ឈាម​ខ្មែរក្រោម ក្នុង​គោលបំណង​ផ្សារភ្ជាប់​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា ។ សមគម​នេះ ធ្វើ​សកម្មភាព​រហូតដល់​ឆ្នាំ ១៩៧៥ ហើយក៏​ត្រូវ​ផ្អាក​មកវិញ ក្នុង​ចន្លោះ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​សម័យ​រដ្ឋ​កម្ពុជា ។​

លុះ​ក្រោយ​ថ្ងៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​របស់​ព្រះរាជាណាចក្រ​កម្ពុជា មិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម បានរៀបចំ​បង្កើតឡើង​វិញ ក្រោម​គំនិត​ជួយ​ផ្តួចផ្តើម​របស់លោក សឺ​ន យិន លោក គឹម ភៀន លោក ច័ន្ទ សុខា លោក ថាច់ សាង លោក គៀង សាំ​ថ​ឈើ​ន លោក គឺ​ម ញ៉ លោក អ៊ុយ សុភ័ក្ត្រ លោក ថាច់ សឿន លោក ហែម ឫទ្ធី អ្នកស្រី ហែម សោភា លោក ថាច់ ឡាង ព្រមទាំង​ឥស្សរជន​ខ្មែរក្រោម​មួយចំនួនទៀត ។​ល​។ បានធ្វើ​ឲ្យ​សមាគម​នេះ ប្រសូត​ឡើង​ពេញលក្ខណៈច្បាប់​សាជាថ្មី នៅ​ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ១៩៩៣ ៕

ខាងក្រោមជារូបថតខ្លះៗ ពី​អង្គ​មហាសន្និបាត​វិសាមញ្ញនៃមិត្តសមាគម​ខ្មែរ​កម្ពុជា​ក្រោម ៖ រូបថតៈ ស៊ឺន ចែងចើន

_DSC0100 _DSC0101 _DSC0102 _DSC0105 _DSC0111 _DSC0120 _DSC0124 _DSC0126 _DSC0132 _DSC0134 _DSC0142 DSC_0153 DSC_0154 DSC_0160 DSC_0161 DSC_0164 DSC_0170 DSC_0173 DSC_0180 DSC_0182 DSC_0183 DSC_0184 DSC_0189 DSC_0192 DSC_0200 DSC_0206 DSC_0215 DSC_0218 DSC_0223 DSC_0233 DSC_0238 DSC_0239 DSC_0247PingBack: SEO Expert Pakistan 2020

Comments are closed.