អ្នកប្រើបណ្ដាញសង្គម Facebook រំឭកខួប ៥ ឆ្នាំ ថ្ងៃយួនរំលាយខ្លោងទ្វារខេត្តព្រះត្រពាំង
ដោយ ថាច់ ប្រីជា គឿន
ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ជាខួប ៥ ឆ្នាំ ដែលពលរដ្ឋខ្មែរក្រោមចាត់ទុកថា ជាថ្ងៃដែលអាជ្ញាធរយួន នៃ ខេត្តព្រះត្រពាំង បានរំលាយខ្លោងទ្វារ ខេត្តព្រះត្រពាំង ជាសំណង់បុរាណមួយមានរចនាបទ្មខ្មែរ ឋិតនៅក្នុងខេត្តព្រះត្រពាំង ។

នៅក្នុងឱកាសខួប ៥ ឆ្នាំនេះ ទំព័រ Facebook ឈ្មោះ Indigenous Khmer live in Vietnam បានបង្ហោះបដាពាក្យស្លោក ដើម្បីរំឭកដល់ថ្ងៃដែលខ្លោងទ្វារនេះត្រូវយួនអាជ្ញាធរយួនរំលាយថា “ ខួប ៥ ឆ្នាំ នៃការបាត់បង់ខ្លោងទ្វារ ខេត្តព្រះត្រពាំង ២៧ វិច្ឆិកា ២០១៤ – ២៧ វិច្ឆិកា ២០១៩” ។ អ្នកប្រើបណ្ដាញសង្គម Facebook ផ្សេងទៀត បានចែករំលែក (Share) នូវដំណឹងនេះ ហើយបានសម្ដែងនូវការសោកស្ដាយរៀងៗខ្លួន ។
ខ្លោងទ្វារខេត្តព្រះត្រពាំង ឋិតនៅលើបណ្ដោយផ្លូវជាតិលេខ ៥៣ ចូលទៅកាន់ផ្សារខេត្តព្រះត្រពាំង ឬ ផ្សារកំពង់ បានកសាងឡើងដោយបុព្វបុរសខ្មែរនៅកម្ពុជាក្រោម តាមលំនាំរចនាបទ្មខ្មែរជាយូរលង់មកហើយ ។ ក្រោយមក ខ្លោងទ្វារនេះ ត្រូវរដ្ឋាភិបាលយួននៃរបបសាធារណរដ្ឋវៀតណាម កម្ទេចចោលជាលើកទីមួយ ហើយបានសាងសង់ឡើងវិញតាមលំនាំរចនាបទ្មកាត់បីសាសន៍ ខ្មែរ ចិន និង យួន បន្ទាប់ពីមានការតវ៉ាពីពលរដ្ឋខ្មែរក្រោមជំនាន់នោះ ។ នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ អាជ្ញាធរយួនខេត្តព្រះត្រពាំង បានកម្ទេចខ្លោងទ្វារនេះជាលើកទីពីរ ហើយបានសន្យាថា នឹងធ្វើថ្មីតាមលំនាំរចនាបទ្មខ្មែរមកវិញ តែមកដល់ពេលនេះ គេនៅមិនទាន់ឃើញសាងសង់ឡើងវិញនៅឡើយ ។
ក្រៅពីមានការតវ៉ាតិចតួចនៅលើបណ្ដាញសង្គម Facebook រហូតមកទល់ពេលនេះ គេនៅមិនទាន់ឃើញមានព្រះសង្ឃ, ពលរដ្ឋ និង តំណាងរាស្ត្រដើមកំណើតខ្មែរក្រោម ដែលធ្វើការនៅក្នុងរដ្ឋាភិបាលបក្សកុម្មុយនិស្តយួន នៅកម្ពុជាក្រោម ហ៊ានចេញមុខតវ៉ាជាសាធារណៈទៅរដ្ឋាភិបាលវៀតណាមនៅឡើយ ។
កន្លងមក រដ្ឋាភិបាលវៀតណាម ក៏ធ្លាប់បានកោះហៅយុវជនខ្មែរក្រោម ទៅសួរចម្លើយ និង គំរាមកំហែង ផងដែរ ចំពោះអ្នកដែលហ៊ានបង្ហោះពាក្យតវ៉ារឿងខ្លោងទ្វារនេះតាមបណ្ដាញសង្គម Facebook ។ ចំណែក សហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្រៅប្រទេសវិញ ក៏បានយកសំណុំរឿងនេះ ទៅជម្រាបដល់ក្រសួងការបរទេសមហាអំណាចនានា និងអង្គការសហប្រជាជាតិ ដើម្បីដាក់គំនាបលើរដ្ឋាភិបាលវៀតណាម អំពីការ លុបបំបាត់វប្បធម៌ខ្មែររបស់ជនជាតិដើមខ្មែរក្រោម ផងដែរ ។