ក្រុមគ្រួសារអះអាងថា អាជ្ញាធរវៀតណាម ចាប់ខ្លួនលោក ថាច់ រ៉ីន ដោយសារតែផ្សព្វផ្សាយច្បាប់សិទ្ធិជនជាតិដើម មិនមែនចែករំលែករូបកាត់តលោក ហោ ជីមិញ ដូចការចោទនោះទេ
ដោយ លី ឈូន
ក្រុមគ្រួសារលោក ថាច់រ៉ីន អះអាងម្ដងហើយម្ដងទៀតថា លោក ថាច់ រីន ត្រូវអាជ្ញាធរវៀតណាម ចាប់ខ្លួន ព្រោះតែលោកបានផ្សព្វផ្សាយសៀវភៅច្បាប់ជនជាតិដើម និងពាក់អាវមានរូបសញ្ញាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង ១៧ ចំណុចរបស់អង្គការសហប្រជាជាតិ ដែលហៅកាត់ថា អេសឌីជី (SDGs) មិនមែនចាប់ខ្លួនលោក ព្រោះតែលោកបានផ្សព្វផ្សាយរឿងរូបលោក ហូ ជីមិញ ដែលគេបានកែច្នៃជារូបបិសានោះទេ ។ ព្រោះរឿងចែករំលែករូបលោក ហូ ជីមីញ កែច្នៃជាបិសាចនោះ លោក ថាច់ រ៉ីន បានធ្វើលិខិតសុំទោស និងធ្វើកិច្ចសន្យាមិនផ្សាយរូបនេះ តទៅទៀតទេ តាំងងពីថ្ងៃទី ១៣ កក្កដាជា ថ្ងៃដែលនគរបាលស្រុកថ្កូវ ខេត្តព្រះត្រពាំង បានចាប់លោកនាំទៅសួរចម្លើយអស់ជាង ៥ ម៉ោងនោះម្លេះ ។ ក្រុមគ្រួសារលោក ថាច់ រ៉ីន អះអាងទៀតថា ក្នុងការសួរចម្លើយ និងគំរាមលោកថាច់ រីន ជាង ៥ ម៉ោងនៅពេលនោះ អាជ្ញាធរមិនមែនសួរសង្កត់ធ្ងន់រឿងលោកចែករំលែករូបលោក ហូ ជីមិញ នោះទេ គឺសួរលោកស៊ីជម្រៅទៅនឹងរឿង ដែលលោកផ្សព្វផ្សាយសៀវភៅច្បាប់ជនជាតិដើម និងពាក់អាវមានរូបសញ្ញាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព តែប៉ុណ្ណោះ ។ ក្រុមគ្រួសារលោក ថាច់ រ៉ីន អះអាងដូច្នេះ នៅក្នុងវេទិកាសាធារណៈមួយ ផ្សាយលើកម្មវិធី Khmer K21 រៀបចំឡើងដោយក្រុមយុវជនខ្មែរក្រោម មានទីតាំងនៅទីក្រុងភ្នំពេញ កាលពីយប់ថ្ងៃទី ២០ ខែតុលា ម្សិលមិញនេះ ។ អង្គការសង្គមស៊ីវិលខ្មែរកម្ពុជាក្រោម ថា ការផ្សព្វផ្សាយច្បាប់សិទ្ធិជនជាតិដើម ឬច្បាប់នានារបស់អង្គការសហប្រជាជាតិនោះវាមិនខុសនឹងច្បាប់ជាតិ ឬអន្តរជាតិនោះទេ តែការផ្សព្វផ្សាយនូវច្បាប់ទាំងនេះ វាមិនជាទីពេញចិត្ត ចំពោះអាជ្ញាធរវៀតណាមឡើយ ដូច្នេះហើយទើបវៀតណាម យករឿងលោក ថាច់ រ៉ីន ចែករំលែករូប លោក ហូ ជីមិញ ដែលកែច្នៃធ្វើជាលេស ដើម្បីចាប់ដាក់ទោសដល់លោក ថាច់ រ៉ីន ។ ចំណែកបណ្ដាញយុវជនខ្មែរក្រោម ទាំងក្នុង និងក្រៅប្រទេស សុំឲ្យអាជ្ញាធរវៀតណាម ផ្ដល់ភាពស្អាតស្អំសងលោក ថាច់ រ៉ីន វិញ ព្រោះគេមើលឃើញការអនុវត្តច្បាប់របស់អាជ្ញាធរវៀតណាមចំពោះករណីនេះ គឺប្រាស់ចាកទាំងច្បាប់ជាតិផង និងច្បាប់អន្តរជាតិផង ។ បើដូច្នោះ ទេពួកគេនឹងធ្វើការតស៊ូមតិស្វែងរកយុត្តិធម៌ឲ្យលោក ថាច់ រ៉ីន ទាល់តែបានសម្រេច ដោយពឹងលើសហគមន៍អន្តរជាតិ ។

លោកស្រីថាច់ ជាភរិយារបស់លោកថាច់ រីន លើកឡើងថា លោកស្រីរស់នៅជាមួយប្ដីលោកស្រីរាល់ថ្ងៃ លោកស្រីដឹងថា ប្ដីលោកស្រីត្រូវចាប់ខ្លួនព្រោះតែគាត់ផ្សព្វផ្សាយឯកសារនានា របស់អង្គការសហប្រជាជាតិ មានច្បាប់សិទ្ធិជនជាតិដើមជាដើម ។ ពីព្រោះរឿងចែករំលែករូបលោកហូជីមិញកែច្នៃនោះបានដោះស្រាយដោយលោកថាច់ រីន បានសុំទោស និងសន្យាមិនចែករំលែកទៀតឡើយ គឺចប់សព្វគ្រប់ហើយតាំងពីថ្ងៃទី ១៣ កក្កដាកន្លង នៅពេលនគរបាលស្រុក ស្រុកថ្កូវចាប់ខ្លួន លោកថាច់ រីនទៅគំរាមកំហែង សួរចម្លើយអស់រយៈពេលជាង ៥ ម៉ោងម្ល៉េះ៖ «គាត់ តែងតែពោលថាគាត់ខុសអី គាត់គ្មានកំហុសអីទេ ហើយកោះហៅគាត់ទៅសាលាឃុំ សាលាស្រុក ២ ៣ ដង ហើយ គាត់មិនមានធ្វើខុសអី ដល់ហើយសួរតែដដែល ៗ តែអារឿងពាក់អាវយឺតអីហ្នឹង ហើយរឿងកំហុសអីអស់ហ្នឹងបានធ្វើលិខិតទទួលស្គាល់នឹងធើកិច្ចសន្យាស្រេចអស់ហើយតែនៅតែកោះហៅដដែលៗ » ។
ស្រដៀងគ្នានេះដែរកូនស្រីពៅរបស់លោកថាច់ រីនគឺអ្នកនាងថាច់ ធីកេវ អាយុ ២១ ឆ្នាំ ប្រាប់ថាបន្ទាប់ពីអាជ្ញាធរចាប់ឪពុកអ្នកនាងគំរាមកំហែងសួរចម្លើយអស់ជាង ៥ ម៉ោងនោះ ពេលនោះអាជ្ញាធរ ហាមមិនឲ្យឳពុកអ្នកនាងផ្សព្វផ្សាយឯកសារនានារបស់អង្គការសហប្រជាជាតិមានច្បាប់សិទ្ធិជនជាតិដើម ជាដើមបន្តទៀតទេ តែលុះពេលអាជ្ញាធរដោះលែងឲ្យមកផ្ទះវិញឪពុករបស់អ្នកនាងកាន់តែផ្សព្វផ្សាយលើសដើម ។
ស្ត្រីជាកូនស្រីពៅ លោកថាច់ រីន បន្តទៀតថា នៅថ្ងៃទី ១០ កញ្ញាកន្លង នគរបាលស្រុកថ្កូវ បានកោះហៅឪពុករបស់អ្នកនាងម្ដងទៀត ដោយចោទប្រកាន់លោកទៅនឹងស្ថានទម្ងន់ទោសព្រហ្មទណ្ឌ តែលោកមិនចូលខ្លួន ដោយសារម្ដាយអ្នកមានជំងឺជាប្រចាំបានជាឪពុកអ្នកនាងមិនហ៊ានទៅណាឆ្ងាយ ចោលម្ដាយអ្នកនាង ទើបឈានដល់រឿងនគរបាលស្រុកចាប់ខ្លួនឪពុកអ្នកនាងយ៉ាងនេះ៖ «ប៉ុន្តែពេលឪអូនមកដល់ផ្ទះវិញហើយ ឪប្អូនបានបង្ហោះបន្ថែមទៀតហើយពាក់អាវមានអក្សរខ្មែរក្រោមហ្នឹងទៀត គាត់ទៅណាមកណាគឺគាត់ពាក់អាវមានសញ្ញាអក្សរខ្មែរយើងហ្នឹង ហើយនិងគាត់បានបង្ហោះសៀវភៅច្បាប់ជនជាតិដើម និងអានផ្សាយផ្ទាល់ជាច្រើនដងទៅ ទើបពួកវាមកកោះហៅទៀត តែដោយបារម្ភពីម៉ែអូន ម៉ែរបស់ឈឺហ្នឹង ឪពុកអូនក៏មិនបានទៅតាមការកោះរបស់គេ ដូច្នេះហើយគេក៏មកចាប់បណ្ដោយ» ។
ចំណេះកូនប្រុសលោកថាច់ រីនម្នាក់ទៀត ឈ្មោះថាច់ ង៉ុក ឡាញ់ អយុ ៣៤ ឆ្នាំ លោកប្រាប់ថា លោកមានបងប្អូនបង្កើតទាំងអស់ ៥ នាក់ បងប្អូនលោកមានការព្រួយបារម្ភជាខ្លាំងក្រោយពីអាជ្ញាធរចាប់ខ្លួនឪពុករបស់លោក ព្រោះឪពុកលោកចាស់ហើយ ហើយ ឪពុកលោកជាមនុស្សចិត្តធម៌ សូម្បីតែសត្វស្រមោចមួយមិនចង់ហ៊ានញិចផង ។
លោក ថាច់ ង៉ុកឡាញ់ បន្តថា អាជ្ញាធរវៀតណាម មិនមែនត្រឹមចងគំនុំ ចំពោះឪពុកលោក រឿងសព្វផ្សាយឯកសារនានាពាក់ព័ន្ធនឹងរឿងខ្មែរក្រោមប៉ុណ្ណោះទេ គឺអាជ្ញាធរវៀតណាមបានគុំ និងធ្វើបាបឪពុកលោក២ ៣ ឆ្នាំមកហើយ គឺក្រោយពីឪពុកលោកបានចូលសាសនាយេស៊ូគ្រឹស្តម្លេះ៖ «កាលនោះគឺឪខ្ញុំទើបចូលសាសនាដំណឹងល្អ (យេស៊ូគ្រឹស) បានពីរបីខែអីចឹង គឺថានៅពេលកណ្ដាលយប់ក៏ពួកនគរបាលឃុំឬជួនកាលពួកឈ្លបភូមិហ្នឹងក៏មកគោះទ្វារទាំងកណ្ដាលយប់ដែរ ។ ព្រោះគោលបំណងគេចង់យកសៀវភៅ គម្ពីរសាសនាយេស៊ូគ្រិស្តដំណឹងល្អហ្នឹង អីចឹងពួកគេមករហូតថ្ងៃក៏មកយប់ក៏មក កាលនោះខ្ញុំចំណាំមុខពួកវាមិនបានទេ គ្រាន់តែដឹងថាពួកវាមកដដែលៗទាមទារយកសៀវភៅយេស៊ូគ្រិស្តនឹងឯង» ។
ការលើកឡើងរបស់គ្រួសារលោកថាច់ រីននេះធ្វើឡើងនៅក្នុងវេទិកាសាធារណៈមួយស្ដីអំពីរឿងរ៉ាវរបស់លោកថាច់ រីននេះឯង រៀបចំឡើងដោយក្រុមយុវជនខ្មែរក្រោមនៅកម្ពុជាដែលហៅកាត់ថាខ្មែរ(Khmer K21) កាលពីយប់ម្សិលមិញនេះ។
លោក ថាច់ រីន សកម្មជនតស៊ូមតិខ្មែរក្រោម វ័យ ៦១ ឆ្នាំ រស់នៅភូមិថ្កូវ ឃុំជ្រោយទន្សា ស្រុកថ្កូវ ខេត្តព្រះត្រពាំង ត្រូវបានអាជ្ញាធរវៀតណាម នៅខេត្តព្រះត្រពាំង ដែលវៀតណាមដាក់ឈ្មោះថ្មី ថាត្រាវិញ ចូលទៅចាប់ខ្លួនដល់ក្នុងផ្ទះ កាលពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ រួចបញ្ជូនទៅឃុំខ្លួន និងសួរចម្លើយ ដោយចោទប្រកាន់លោកថាធ្វើខុសនឹងមាត្រ ៣៣១ ក្រមព្រហ្មទណ្ឌនៃប្រទេសវៀតណាម ព្រោះតែលោកចែករំលែករូបលោកហូជីមិញ ដែលបានកែច្នៃជាទម្រង់បិសាច ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអតីតខ្មោចមេដឹកនាំរបបកុម្មុយនិស្ដុវៀតណាមមួយនេះ។
ឆ្លើយតបនឹងការចាប់ខ្លួនលោកថាច់ រីននេះប្រធានក្រុមប្រឹក្សាយុវជនខ្មែរក្រោមដែលមានទីតាំងនៅទីក្រុងភ្នំពេញ លោក ថាច់ ច័ន្ទ្រា លើកឡើងថា ការផ្សព្វផ្សាយច្បាប់សិទ្ធិជនជាតិដើម ឬ ច្បាប់នានារបស់អង្គការសហប្រជាជាតិនោះវាមិនខុសនឹងច្បាប់ជាតិ ឬ អន្តរជាតិនោះទេ ហើយដែលលោកថាច់ រីបានបង្ហោះរូបកែច្នៃរបស់លោកហូជីមិញជាបិសាច និងសរសេរពាក្យថា ហោ ជី មិញជាចោរនោះ ក៏មិនខុសអ្វីដែរ ព្រោះបើយោងទៅតាមប្រវត្តិសាស្ត្រគឺលោកហូជីមិញជាចោរក្នុងផែនការលួចប្លន់ដីខ្មែរចុងក្រោយនេះមែន ៖ «ហូជីមិញដាក់រូបប៉ុណ្ណឹងវាជារឿងតិចទេ ព្រោះនេះជារូបកែឆ្នៃតុក្កតា តាមពិតគឺជាចោរជាមហាចោរស្រាប់ហើយ ពេលណាគេនិយាយពីប្រវត្តិសាស្ត្រ គឺត្រូវតែនិយាយរឿងពិត ។ ដូច្នេះហូជីមិញគាត់មានមហិច្ឆតាចង់លេបត្របាក់យកទឹកដីកម្ពុជាក្រោមពិតមែន វាជារឿងពិត គឺហូជីមិញជាមហាចោរប្រវត្តិសាស្ត្រ ។ ដូច្នេះបងប្អូនយើងត្រូវកត់ចំណាំឲ្យមែនទែន បើប្រសិនជាគេចោទប្រកាន់យើងយ៉ាងមេច យ៉ាងម៉ា យើងត្រូវឆ្លើយតាមប្រវត្តិសាស្ត្រ» ។
បណ្ដាញយុវជនខ្មែរក្រោមទាំងក្នុងនិងក្រៅប្រទេស មើលឃើញការអនុវត្តច្បាប់របស់អាជ្ញាធរវៀតណាមចំពោះករណី លោកថាច់ រីន នេះ គឺប្រាស់ចាកទាំងច្បាប់ជាតិ និងច្បាប់អន្តរជាតិទាំងស្រុង ហេតុនេះអាជ្ញាធរវៀតណាមត្រូវផ្ដល់ភាពស្អាតស្អំសងលោក ថាច់រីនវិញ បើដូច្នោះទេពួកគេនឹងធ្វើការតស៊ូមតិស្វែងរកយុត្តិធម៌ឲ្យលោកថាច់ រីនទាល់តែបានសម្រេច ដោយពឹងលើសហគមន៍អន្តរជាតិ៕