លោក សឺន ថាយ ធន ទៅតាំលំនៅថ្មីនៅសហរដ្ឋអាមេរិក
លោក សឺន ថាយ ធន សហការី សារព័ត៌មាន ព្រៃនគរ និង វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK) ជាមួយ នឹងគ្រួសារ មានភរិយា និងកូន ៣ នាក់ ត្រូវបានអគ្គស្នងការ អង្គការ សហប្រជាជាតិទទួលបន្ទុកជន ភៀសខ្លួន (UNHCR) ប្រចាំប្រទេសថៃ បញ្ជូនទៅតាំងទីលំនៅថ្មី នៅសហរដ្ឋអាមេរិក នៅថ្ងៃ ១២ ខែកក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ ។ ការបានមកតាំងទីលំនៅសហរដ្ឋអាមេរិក នាពេលនេះ បន្ទាប់ពី លោក និង គ្រួសារ បានភៀសខ្លួន មកសុំសិទ្ធិជ្រកកោនក្នុងនាមជាជនភៀសខ្លួននយោយបាយ នៅក្នុងអង្គការសហ ប្រជាជាតិ អស់រយៈពេល ៧ ឆ្នាំកន្លងមក ។

អាមេរិក នៅថ្ងៃ ១២ ខែកក្កដា ឆ្នាំ ២០១៦ ។
មុនពេលចេញដំណើរទៅសហរដ្ឋអាមេរិក នៅព្រលានយន្តហោះសុវណ្ណភូមិ នាទីក្រុងបាងកក លោក សឺន ថាយ ធន បានថ្លែងប្រាប់ សារព័ត៌មាន ព្រៃនគរ ថា លោកនឹងបន្តកិច្ចការសង្គមកម្ពុជាក្រោម តទៅទៀត ពេលដែលលោកបានមករស់នៅទឹកដីសហរដ្ឋអាមេរិក នេះ ។
លោក សឺន ថាយ ធន បានបញ្ជាក់ថា៖
ថ្ងៃនេះ គឺជាវាសនាមួយ ដែលខ្ញុំបាទ បានធ្វើការតស៊ូបម្រើសង្គមជាតិមាតុភូមិកម្ពុជាក្រោម រហូតដល់ប្រឈមមុខជាមួយ នឹងការធ្វើការប្រមាញ់ចាប់ខ្លួន ដោយរដ្ឋាភិបាលវៀតណាម រហូតមកទល់ពេលនេះ ហើយជាសំណាងល្អ ដែលខ្ញុំបាទបានគេចផុតពីការប៉ុនបង៉ចាប់ខ្លួន ពីសំណាក់រដ្ឋាភិបាលវៀតណាម ។ ខ្ញុំបាទ បានស្ទុះស្ទារមកទាន់កាន់ទឹកដៃថៃនេះ ដើម្បីសុំសិទ្ធិជ្រកកោនក្នុងនាមជាជនភៀសខ្លួន ហើយក្នុងនោះ ក៏បាន UNHCR បង្អែកទៅលើគោលការណ៍ច្បាប់ គឺសន្ធិសញ្ញា ១៩៥១ ហើយគេធ្វើការពិចារណាទៅលើសំណុំរឿងបែបបទនៃសំណើរសុំសិទ្ធិជ្រកកោនរបស់ខ្ញុំបាទ ពេលនេះក៏គេបានផ្តល់តម្លៃក្នុងឋានៈជាជនភៀសខ្លួនដល់ខ្ញុំបាទ ហើយថ្ងៃនេះ គេបញ្ជូនខ្ញុំបាទ ទៅតាំងទីលំនៅថ្មី នៃទឹកដីសហរដ្ឋអាមេរិក ។ ដូច្នេះ ជាមោទនភាពមួយ សម្រាប់រូបខ្ញុំ ដែលបានគេចចេញផុតពីក្រញ៉ាំដៃចាប់ខ្លួន ដោយរដ្ឋាភិបាលវៀតណាម ។ បាទដូច្នេះ ខ្ញុំសូមតាំងចិត្តថា នៅតែឆ្លៀតឱកាស ដើម្បីបម្រើការងារសង្គម ហើយដូចដែលខ្ញុំបាទ បានបញ្ជាក់ពីខាងដើមថា ខ្ញុំឃ្លាតពីកម្ពុជាក្រោម គឺដើម្បីកម្ពុជាក្រោម ។ អ៊ីចឹង អនាគត ឬនៅថ្ងៃណាមួយ ខ្ញុំ នឹងធ្វើមាតុភូមិនិវត្តន៍ទៅកាន់ដែនដីកម្ពុជាក្រោម ជាទីស្រឡាញ់របស់យើង ។
លោក សឺន ថាយ ធន មានដើមកំណើតនៅភូមិពោធិ៍បឹង ឃុំក្រសាំង (Hoa An) ស្រុកកំពង់ស្ពាន (Cau Ke) ខេត្តព្រះត្រពាំង ដែនដីកម្ពុជាក្រោម ។ លោកបានភៀសខ្លួនចេញពីស្រុកកំណើត ទៅប្រទេសថៃ ដោយ លើកហេតុផលថា មានការរំលោភបំពានផ្នែកសិទ្ធិមនុស្សលើគ្រួសារលោកពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយ និស្តវៀតណាម ។ ពេលកំពុងតែឋិតនៅក្នុងឋានៈជាជនភៀសខ្លួន នៅប្រទេសថៃ លោក សឺន ថាយ ធន បានស្ម័គ្រចិត្តធ្វើការឲ្យ សារព័ត៌មាន ព្រៃនគរ និង វិទ្យុ សំឡេងកម្ពុជាក្រោម (VOKK) ផងដែរ ។
តាមការបញ្ជាក់របស់ លោក សឺន ថាយ ធន លោកនឹងក្រុមគ្រួសារ នឹងត្រូវបានអង្គការសហប្រជាជាតិ បញ្ជូនទៅនៅរដ្ឋការ៉ូឡាញណា (North Carolina) ។
សព្វថ្ងៃ មានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមជាជនភៀសខ្លួនជាច្រើនគ្រួសារកំពុងតែសុំសិទ្ធិជ្រកកោន នៅក្នុង ការិយាល័យអគ្គស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នាទីក្រុងបាងកក ។ ជនភៀសខ្លួនទាំងនេះ បានលើកហេតុផលថា ហេតុដែលនាំឲ្យពួកគេភៀសខ្លួនទៅប្រទេសថៃ ដោយសារ មានការគំរាមកំហែងដល់សុវត្តិភាពពួកគេពីសំណាក់រដ្ឋាភិបាលបក្សកុម្មុយនិស្តវៀតណាម ដែលកំពុងតែធ្វើ អាណានិគមលើដែនដីកម្ពុជាក្រោម សព្វថ្ងៃ ។
សព្វថ្ងៃ ព្រះសង្ឃខ្មែរក្រោម ពីរអង្គ គឺ ព្រះតេជព្រះគុណ ថាច់ ធឿន និង ព្រះតេជព្រះគុណ លីវ នី នៃវត្ត សិរីតាសេក ឋិតនៅក្នុងខេត្តឃ្លាំង កំពុងតែឋិតនៅក្នុងពន្ធនាគារយួននៅឡើយ ។ ព្រះសង្ឃទាំងពីរអង្គនេះ រួមជាមួយពលរដ្ឋខ្មែរក្រោមមួយចំនួនទៀត ត្រូវតុលាការយួនចាប់ផ្សឹក និងកាត់ទោសកាលពីឆ្នាំ ២០១៣ ពីបទទាក់ទងពលរដ្ឋខ្មែរក្រោមនៅក្រៅប្រទេស និងផ្ដល់បទសម្ភាសដល់វិទ្យុសំឡេងកម្ពុជាក្រោម ៕
Comments are closed.