ប្រេ​​សិត​​អង្គ​ការ​សហ​ប្រជា​ជាតិ​​លាត​ត្រ​ដាង​​ការ​ពិត ​ស្ដី​ពី​​ការ​រំ​លោភ​​សិទ្ធិ​​សាស​នា​ នៅ​​កម្ពុ​ជា​​ក្រោម​

61

ដោយ ថាច់ ប្រជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ចូលរួម​នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​សេរីភាព​ជំនឿ​សាសនា​នៅ​អង្គការសហប្រជាជាតិ ដែល ប្រព្រឹត្តទៅ​រយៈពេល ២ ថ្ងៃ គឺ នៅ​ថ្ងៃទី ១១ និង ១២ ខែមីនា នេះ នាទី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ។ នៅក្នុង​កិច្ច ប្រជុំ​នេះ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បានធ្វើ​កិច្ចសន្ទនា​ដោយផ្ទាល់​ជាមួយនឹង​ប្រេសិត​អង្គការ សហប្រជាជាតិ​ទទួលបន្ទុក​ខាង​សេរីភាព​ជំនឿ​សាសនា ស្ដីអំពី​សេរីភាព​ជំនឿ​សាសនា​នៅក្នុង​ពិភពលោក ក្នុងនោះ មាន​វៀតណាម ជា​ប្រទេសមួយ​ដែលមាន​ប្រវត្តិ​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​អួរ​អាប់ ផងដែរ ។​

លោក Heiner Bielefeldt​ ។
លោក Heiner Bielefeldt​ ។

នៅក្នុង​ព្រឹត្តិការណ៍​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​រៀបចំ​កិច្ចប្រជុំ​នៅ​ខាងក្រៅ​មួយ​ដែលមាន​ឈ្មោះថា “Side Event” ដើម្បី​ជម្រាប​អំពី​បញ្ហា​សេរីភាព​ជំនឿ​សាសនា​របស់​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ដោយមាន​ការ ចូលរួម​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយចំនួន ដូចជា បណ្ឌិត Joshua Cooper ទីប្រឹក្សា​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម និង​ជានា​យក​វិទ្យាស្ថាន​សិទ្ធិមនុស្ស​រដ្ឋ​ហា​វ៉ៃ (Hawaii Institute for Human Rights) , អ្នកនាង កៀង សុធី ប្រធាន គណៈកម្មការ​ធិ​ការ​យុវជន សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា KKFYC , លោក ឡឹម ដន និង នាង គឹម ធី​វណ្ណដា សមាជិក​នៃ KKFYC មកពី​ប្រទេស​បារាំង និង សហរដ្ឋអាមេរិក ។​

​ប្រេសិត​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សេរីភាព​ជំនឿ​សាសនា លោក Heiner Bielefeldt ដែលជា អ្នក​ធ្លាប់បាន​ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ដែនដី​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ២០១៤ នោះ បាន​ឡើង​ថ្លែង​បើក​កម្មវិធី នៃ​កិច្ចប្រជុំ Side Event របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្ដីអំពី “​សេរីភាព​សាសនា​នៅ​វៀតណាម និង​នៅ​ដែន ដី​កម្ពុជា​ក្រោម​” ។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ជា​ភាសា​អង់គ្លេស​មួយ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បានចេញ​ផ្សាយ​នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​នៅ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៥ នេះ ។​

​លោក Heiner Bielefeldt បាន​ថ្លែង​នៅក្នុង​ប្រជុំ​បញ្ជាក់​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ជីវភាព​ការប្រតិបត្តិ​សាសនា​នៅ​ប្រទេស​វៀតណាម និង​ពុទ្ធសាសនា​នៅ​កម្ពុជា​ក្រោម​ថា ឋិត​នៅក្រោម​ការចាត់តាំង​យ៉ាង​តឹងរ៉ឹង​ពី​បក្សកុម្មុយនិស្ត វៀតណាម ហើយ​បរិស័ទ​គ្រប់​សាសនា​កំពុង​តែង​ប្រឈម​នឹង​បញ្ហា​ទុក្ខលំបាក​យ៉ាងខ្លាំង ។

បណ្ឌិត  Joshua Cooper និង លោក Heiner Bielefeldt  នៅក្នុងអង្កការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៥ ។
បណ្ឌិត Joshua Cooper និង លោក Heiner Bielefeldt នៅក្នុងអង្កការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៥ ។

លោក Heiner Bielefeldt ថ្លែងថា​៖ “​ជីវិត​សាសនា​អាច​នឹង​ប្រព្រឹត្តិទៅបាន​ចំពោះតែ​អ្វីដែល​គេ​បង្កើតឡើង ដោយ មានកំណត់​តែប៉ុណ្ណោះ ។ ការបង្កើត​នេះ វា​មាន​លក្ខណៈ​ចង្អៀត​ខ្លាំងណាស់ និង​សហគមន៍​សាសនា​ត្រូវ​ប្រឈម នឹង​បញ្ហា​ទុក្ខលំបាក​យ៉ាងច្រើន​” ។​

​មាន​ចម្ងល់​ថា ប្រទេស​វៀតណាម កំពុង​តែមាន​បញ្ហា​ខាង​សេរីភាព​សាសនា​មែនឬ ? លោក Heiner Bielefeldt បាន​បញ្ជាក់ថា វា​ជា “​បញ្ហា​ធំ​” ជាមួយនឹង​ជំនឿ​សាសនា និង​សេរីភាព ។ ដើម្បី​ការប្រតិបត្តិ​សាសនា​មាន​យុត្តិធម៌ និង​សេរីភាព រដ្ឋាភិបាល​ត្រូវ​បើកចំហ​ឲ្យ​ប្រជាជន​ធ្វើ​ដោយ​ខ្លួន​របស់​ពួកគេ តែ​ផ្ទុយទៅវិញ ប្រជាពលរដ្ឋ​ធ្វើ​អ្វី​ត្រូវ​ឋិត នៅក្រោម​ការចាត់តាំង និង​កំណត់​បង្គាប់បញ្ជា​ពី​រដ្ឋាភិបាល តែប៉ុណ្ណោះ ។ ឧទាហរណ៍​ដូចជា​ការរៀបចំ​ពិធី សាសនកិច្ច​ម្ដងៗ ត្រូវសុំ​ច្បាប់​ជាមុន ទើប​អាច​ប្រព្រឹត្តទៅបាន និង​មាន​កន្លែង​ខ្លះ បាន​ត្រូវ​រដ្ឋាភិបាល​បដិសេធ ដោយ​ចោទប្រកាន់ថា​មាន “​គំនិត​បះបោរ​” ប្រឆាំងនឹង​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​បាន​ឆ្លើយតប​ចំពោះ​ប្រជា​ពល រដ្ឋ​វិញ ដោយ​ការបង្ក្រាប​ពី​កម្លាំង​សមត្ថកិច្ច ។​

​លោក Heiner Bielefeldt បាន​បន្តទៀតថា ខណៈដែល​ប្រទេស​វៀតណាម​មាន​គោលនយោបាយ​បើកចំហ​ឲ្យ មាន​សេរីភាព​ខាង​ជំនឿ​សាសនា “​ការ​ធ្វើទុក្ខបុកម្នេញ​យ៉ាង​ព្រៃផ្សៃ​ក្រោម​ច្បាប់ព្រហ្មទណ្ឌ​” នៅតែមាន សម្រាប់​ក្រុម ដែលមាន​បំណង​ចង់បាន​ស្វ័យភាព​សាសនា​” នៅឡើយ ។​

​ព្រះសង្ឃ​ត្រូវ​គាបសង្កត់​យ៉ាង​តឹងរ៉ឹង​ដោយ “​គំនាប​របស់​រដ្ឋាភិបាល​” ។ សាសនា​ក៏បាន​ត្រូវ​បង្កើតឡើង ដើម្បី​រៀន​នូវ វគ្គ​សិក្សា​ស្ដីពី​ទ្រឹស្ដី​ម៉ា​កឡេ​នី​ន (Marxist Leninism) ផងដែរ ។ វា​មិន​ត្រឹមតែ​ឋិត​នៅក្រោម​ការគ្រប់គ្រង​តែប៉ុណ្ណោះ ទេ ប៉ុន្តែ​ថែមទាំង​ត្រូវ​រដ្ឋាភិបាល​កេង​ប្រ​វញ្ច​លើ​សាសនា ទៀតផង ។ ការពិត ជីវិត​សាធារណៈ និង​សាសនា កំពុង តែ​ត្រូវ​កាន់កាប់​ផ្ដាច់មុខ​ដោយ​បក្សកុម្មុយនិស្ត​វៀតណាម ។​

​មុន​ពេញ​បញ្ចប់​កថា លោក Heiner Bielefeldt បាន​ថ្លែងអំណរគុណ​ដល់​ពលរ​ដ្ឋ និង ព្រះសង្ឃ​នៅ​កម្ពុជា ក្រោម​ដែលមាន​សេចក្ដីក្លាហាន​ទៅ​ជួប​រូបលោក​ផ្ទាល់ ដើម្បី​ធ្វើ​របាយការណ៍​អំពី​បញ្ហា​ជាក់ស្ដែង​នៅ​កម្ពុជា​ក្រោម តាមរយៈ​ការ​ឧទ្ទេសនាម​ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងពេលដែល​លោក​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​វៀត ណា​ម និង​ដែនដី​កម្ពុជា​ក្រោម កាលពី​ឆ្នាំ ២០១៤ កន្លងទៅនេះ ។ លោក​ថា ព្រះសង្ឃ និង​ពលរដ្ឋ​ដែល​លោក​បាន ជួប មាន​សេចក្ដីក្លាហាន​យ៉ាងខ្លាំង ទោះបី​មានការ​យាយី និង​គំរាមកំហែង​ពី​រដ្ឋាភិបាល​វៀតណាម ដើម្បី​រារាំង ដំណើរ មិន​ឲ្យ​អ្នក​ទាំងនោះ​មកជួប​លោក​យ៉ាងណាក៏ដោយ ។​

ទាក់ទង​នឹង​របាយការណ៍​សិទ្ធិមនុស្ស​របស់​អង្គការក្រៅរដ្ឋាភិបាល ជូនទៅ​ប្រេសិត​អង្គការសហប្រជាជាតិ​ទទួល បន្ទុក​សេរីភាព​សាសនា លោក Heiner Bielefeldt បាន​បញ្ជាក់ថា របាយការណ៍​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) និង អង្គការ​តំណាង​ឲ្យ​ជនជាតិ​ម៉ុង​តៃ​ញ៉ា ជា​របាយការណ៍​ដែល​គួរ​ឲ្យ​ទុកចិត្ត​បំផុត​។​

​បណ្ឌិត Joshua Cooper បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​អំពី​កិច្ចសហប្រតិបត្តិការ​គ្នា​រវាង​ក្រុម​សាសនា ដើម្បី​ធ្វើ​របាយ ការណ៍​ស្ដីពី​ការរំលោភ​សិទ្ធិ​លើ​ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង​គ្រិស្តសាសនា​របស់​ជនជាតិ​ម៉ុង​តៃ​ញ៉ា​នៅ តំបន់​ខ្ពង់រាប​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម ទៅ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក ខាង​សេរីភាព​ជំនឿ​សាសនា នៅពេល​ខាងមុខ ។ លោក​បានលើកឡើង​អំពី​តួនាទី​សំខាន់​របស់​អ្នកការពារ​សិទ្ធិ មនុស្ស​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅក្រៅ​ប្រទេស​ថា ពួកគេ​មិន​ត្រឹម​ត្រឹមតែ​ធ្វើ​ឲ្យ​ព័ត៌មាន នៃ​ការរំលោភ​សិទ្ធិមនុស្ស​ពី​រដ្ឋាភិបាល​វៀតណាម បាន​ត្រូវ​សហគមន៍​អន្តរជាតិ​ដឹងឮ​តែប៉ុណ្ណោះ​ទេ វា​ថែមទាំង​បាន ជួយ​គាំពារ​ដល់​ជនរងគ្រោះ​ដែល​បាន​ធ្វើទុក្ខបុកម្នេញ​ពី​បក្សកុម្មុយនិស្ត​វៀតណាម​ទៀតផង ។ លោក​បាន​លើកយក ករណី ភិក្ខុ លី ចិន្តា ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ នៃ​ខេត្ត​ពល​លាវ ដែល​ត្រូវ​រដ្ឋាភិបាល​វៀតណាម​ចាប់​ផ្សឹក និង​ធ្វើ ទារុណកម្ម កាលពី​ឆ្នាំ ២០១៣ មក​បញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើការ​ជាមួយនឹង​មន្ត្រី​អគ្គស្នងការ អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) នៅ​ប្រទេស​ថៃ ដើម្បី​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់ ភិក្ខុ លី ចិន្តា ឲ្យ​បាន​ទៅ​តាំង​ទីលំនៅ នៅ​ប្រទេស​ទី​បី បន្ទាប់ពី​ព្រះអង្គ​បាន​ភៀសខ្លួន​ទៅសុំ​សិទ្ធិ​ជ្រកកោន​នៅក្នុង អង្គការ​មួយ​នេះ នៅ​ប្រទេស​ថៃ ។​

​ប្រធាន​គណៈកម្មាធិការ​យុវជន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នាង កៀង សុធី មកពី​សហរដ្ឋអាមេរិក បាន​ថ្លែង​អំពី សេរីភាព​ខាង​វប្បធម៌​ដែល​ពលរដ្ឋ​ខ្មែរក្រោម​កំពុងតែ​ត្រូវ​ប្រឈម ។ បញ្ហា​នេះ នាង​បាន​បញ្ជាក់ថា ការរក្សា​អត្ត សញ្ញាណ​វប្បធម៌​ជាតិ ត្រូវ​គំរាមកំហែង​ពី​រដ្ឋាភិបាល​ដោយ​ចោទ​ការប្រកាន់​ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ថា ជា​ក្រុម “​បំបែក​រដ្ឋ​” ដោយ​គ្រាន់តែ​ពួកគេ​ប្រើពាក្យ​ថា “​ខ្មែរក្រោម​” ឬ “​កម្ពុជា​ក្រោម​” សម្រាប់​ហៅ​សម្គាល់​ខ្លួនឯង​ថា ជា​ក្រុម ប្រជាជាតិ​មួយ និង​ដែនដី​មួយ​ភាគ​ដែល​ឋិត​នៅ​ភាគ​ខាងក្រោម​នៃ​ប្រទេស​កម្ពុជា តែប៉ុណ្ណោះ ។ នាង​ថា ពាក្យ “​ក្រោម​” មិនមែន​មានន័យថា “​បំបែក​” ទេ វា​គ្រាន់តែ​បញ្ជាក់​អំពី​ឈ្មោះ​ភូមិសាស្ត្រ​របស់ខ្លួន​ថា “​កម្ពុជា​ក្រោម​” ជា​អ​តី​តៈ​ដែនដី​មួយ​ភាគ បាន​ត្រូវ​កាត់ផ្ដាច់​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា ។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​សហស​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដដែល តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បក ស្រាយ​អំពី​ការត្រួតត្រា​លើ​ស្ថាប័ន​ព្រះពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដោយ​រដ្ឋាភិបាល​វៀតណាម​ថា មុន​ឆ្នាំ ១៩៧៥ ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ជា​ស្ថាប័ន​ឯករាជ្យ មិនបាន​នៅក្រោម​ការត្រួតត្រា​របស់​រដ្ឋាភិបាល​វៀត ណា​ម​ឡើយ ។ តែ​ផ្ទុយ​ពីនេះ នៅពេល​បច្ចុប្បន្ន ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម បែរជា​ត្រូវ​ឋិត​នៅក្រោម​ការ​ត្រូ​ត ត្រា​របស់​សមាគម​ពុទ្ធសាសនា​វៀតណាម​និកាយ​មហាយាន​យួន​ទៅវិញ ។ សកម្មភាព​នេះ បាន​ត្រូវ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម​លើកឡើងថា រដ្ឋាភិបាល​វៀតណាម​បាន​យក​សមាគម​ពុទ្ធសាសនា​វៀតណាម​ធ្វើជា​ឧបការ​ណ៍​សម្រាប់ ត្រួតពិនិត្យ​តាមដាន​បង្គាប់បញ្ជា​រាល់​កិច្ចការ​សាសនា​របស់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដើម្បី​ប្រលេះ ចេញ​នូវ​មេដឹកនាំ ឬ​បុគ្គល​ខ្មែរក្រោម​រូប​ណា​ចេះ​ការពារជាតិ និង សាសនា ដែល​យួន​ចាត់ទុកថា មាន​ឥទ្ធិពល​ធ្វើ​ឲ្យ ប៉ះពាល់​ដល់​នយោបាយរ​បស់​បក្សកុម្មុយនិស្ត​វៀ​ត​ណា​ម ។ ករណីនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា ព្រះសង្ឃ​វត្ត​តាសេក គឺ ភិក្ខុ ថាច់ ធឿន និង ភិក្ខុ លីវ នី ព្រមទាំង​ព្រះសង្ឃ​វត្ត​ព្រៃ​ជាប់ ភិក្ខុ លី ចិន្ដា ជា​ឧទាហរណ៍ ជាក់ស្ដែង​ស្ដីពី​ការរំលោភបំពាន​យ៉ាង​ធ្ងន់​លើ​ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម ពី​រដ្ឋាភិបាល​វៀតណាម សព្វថ្ងៃ ។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម កិច្ចប្រជុំ​បានបញ្ចប់​ទៅ​ដោយ​ការចូលរួម​តាមដាន​យ៉ាង យកចិត្តទុកដាក់​ពី​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើ​ឲ្យ​ពួកគេ​បាន​ជ្រាប​អំពី​ស្ថានភាព​ការរំលោភ​សិទ្ធិ​លើ សាសនា និង​វប្បធម៌​ខ្មែរ​នៅ​កម្ពុជា​ក្រោម តាមរយៈ​របាយការណ៍​របស់​ប្រេសិត​អង្គការសហប្រជាជាតិ ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​វាយតម្លៃ​ខ្ពស់​អំពី​របាយការណ៍រ​បស់​ប្រេសិត​អង្គការសហប្រជាជាតិ​ដែល​បាន​ទៅ បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្រោម ដែល​បានធ្វើ​ឲ្យ​បញ្ហា​ជាក់ស្ដែង​របស់​ពលរដ្ឋ​ខ្មែរក្រោម និង​ក្រុម​ប្រជាជាតិ​ដទៃ ទៀត​ក្នុងប្រទេស​វៀតណាម បាន​ត្រូវគេ​ដឹងឮ និង​បានទទួល​ស្គាល់​នូវ​អ្វីដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ របាយការណ៍​នាពេល​កន្លងមក ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រេសិត​អង្គការ​សហ ប្រជាជាតិ​ទទួលបន្ទុក​ផ្នែក​វប្បធម៌ លោកស្រី Farida Shaheed អំពី​របាយការណ៍​ដែល​លោកស្រី​បានធ្វើ​ទាក់ទិន នឹង​វប្បធម៌​ខ្មែរ​នៅ​កម្ពុជា​ក្រោម និង​បានផ្ដល់​អនុសាសន៍​ទៅ​រដ្ឋាភិបាល​វៀតណាម នាពេល​កន្លងមក ។ ម្យ៉ាងទៀត សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ប្រេសិត​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ខាង​សេរីភាព សាសនា លោក Heiner Bielefeldt ផងដែរ ដែល​លោក​បាន​ចំណាយ​ពេលវេលា​របស់ខ្លួន និង​ធ្វើ​របាយការណ៍​ដ៏ ក្បោះក្បាយ​អំពី​ទិដ្ឋភាព​ជាក់ស្ដែង​នៃ​ការប្រតិបត្តិ​សាសនា​នៅ​កម្ពុជា​ក្រោម និង​នៅក្នុង​ប្រទេស​វៀតណាម សព្វថ្ងៃ ដើម្បី​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ការពិត​ផ្ទុយ​នឹង​សម្បក​ខាងក្រៅ​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​លាតត្រដាង ។​

​សេចក្ដីប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បានបញ្ចប់​ដោយ​បញ្ជាក់ថា ខ្លួន​នឹង​ព្យាយាម​ធ្វើការ​ជាមួយ នឹង​ក្រុម​អង្គការក្រៅរដ្ឋាភិបាល និង​ក្រុម​អ្នកជំនាញ​ដែល​ធ្វើការ​នៅ​វៀតណាម ដើម្បី​ជំរុញ​ឲ្យ​មាន​ការគោរព​សិទ្ធិ មនុស្ស​នៅ​កម្ពុជា​ក្រោម ពី​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម កាន់តែ​ប្រសើរឡើង និង​ឲ្យ​មានការ​ទទួលស្គាល់ ខ្មែរក្រោម ថា​ជា​ជនជាតិដើម​មួយ ដូចជា​ជនជាតិ​នានា​ក្នុង​តំបន់ ដែរ ។​

​វៀតណាម​មិនមាន​ការរំលោភបំពាន​លើ​សេរីភាព​ខាង​សាសនា​៖

​យោងតាម​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​នៅលើ​គេ​ទំព័រ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​ស្រង់​របាយការណ៍​របស់​ប្រទេស​វៀតណាម ដើម្បី​ឆ្លើយតប​នឹង​របាយការណ៍​របស់​ប្រេសិត​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ខាង​សេរីភាព​ជំនឿ​សាសនា​ថា ៖

“​ប្រទេស​វៀតណាម​មានកា​រ​ព្រួយបារម្ភ និង​សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​របាយការណ៍​នេះ ដែល​បាន​រាយការណ៍ ដោយ​មិន​ប្រាកដប្រជា​ក្នុងការ​ធ្វើ​បទ​បង្ហាញ​ពី​ស្ថានភាព​ពិត​នៅក្នុង​ប្រទេស​វៀតណាម ។ សព្វថ្ងៃនេះ ៩៥ ភាគរយ​នៃ​ចំនួន​ប្រជាជន​នៅ​វៀតណាម បាន​ប្រតិបត្តិ​តាម​ជំនឿ​សាសនា​យ៉ាង​រស់​រវើក ។ សេរីភាព ខាង​ជំនឿ​សាសនា មាន ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ និង​បាន​ការពារ​ដោយ​ច្បាប់ ។ រដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត ដើម្បី​ជួយ​សម្រួល​ដល់​ការអនុវត្ត​ការលើកកម្ពស់ ការឯកភាព​សាសនា ការរស់នៅ​ជាមួយគ្នា​ដោយ​សុខដុម សមភាព និង​មិនមាន​ការរើសអើង ។ មិនមាន​ករណី​នៃ​ការគំរាមកំហែង​យាយី ឬ ការ​សងសឹក​ប្រឆាំងនឹង​បុគ្គល​ដែល​បាន​ជួប​ជាមួយនឹង​អ្នករាយការណ៍​ពិសេស ក្នុងពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​នោះទេ ។ មាន​កន្លែង​ខ្លះ រដ្ឋាភិបាល​បានធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​ផង ។ វៀតណាម​មានជំនឿថា កិច្ចខិតខំ​ប្រឹងប្រែង​និង​សមិទ្ធផល​ក្នុងការ​លើកកម្ពស់​សេរីភាព​ជំនឿ​សាសនា គួរតែ​បាន​ត្រូវ​ឆ្លុះបញ្ចាំង​នៅក្នុង​របាយការណ៍​ប្រកបដោយ​សុភ​វិនិច្ឆ័យ និង​មាន​លក្ខណៈ​ទូលំ ទូលាយ ។ ប្រទេស​វៀតណាម​ខកចិត្ត ចំពោះ​ខ្លឹមសារ​នៃ​របាយការណ៍​ថា គ្មាន​តុល្យភាព និង​មិនអាច​គាំទ្រ​ដល់​អនុសាសន៍​របស់​ប្រេសិត​អង្គការសហប្រជាជាតិ​បានឡើយ​”៕

 

Comments are closed.